ពលករ​ចំណាក​ស្រុក​ខ្មែរ​៥​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​នាំ​មក​កម្ពុជា​វិញ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​២១ កក្កដា​នេះ​ថា អាជ្ញាធរ​កម្ពុជា សហការ​គ្នា​ជាមួយ​អាជ្ញាធរ​ឥណ្ឌូណេស៊ី និង​អង្គការ IOM បាន​សង្គ្រោះ​ពលករ​ចំណាក​ស្រុក​ខ្មែរ ៥​នាក់​ទៀត ហើយ​នឹង​ត្រូវ​ដឹក​តាម​ជើង​យន្តហោះ​មក​ដល់​កម្ពុជា​វិញ នៅ​យប់​ថ្ងៃ​ទី​២១ ខែ​កក្កដា​នេះ។
ដោយ សុខ សេរី
2010-07-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ​កំពុង​ចុះ​ឈ្មោះ​សុំ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​នៅ​ការិយាល័យ​ក្រុមហ៊ុន​មួយ​នា​ទីក្រុង​ភ្នំពេញ រូបថត ខែ​កុម្ភៈ ២០០៩។
ពលករ​ខ្មែរ​កំពុង​ចុះ​ឈ្មោះ​សុំ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​នៅ​ការិយាល័យ​ក្រុមហ៊ុន​មួយ​នា​ទីក្រុង​ភ្នំពេញ រូបថត ខែ​កុម្ភៈ ២០០៩។
RFA/Zakariya

ពលករ​ខ្មែរ​ចំណាក​ស្រុក​ចំនួន ៥​នាក់​នោះ​មាន​ឈ្មោះ​ទី​១ យាន យួន នៅ​ក្នុង​ខេត្ត​តាកែវ ទី​២ ឈ្មោះ ឈួន ឆីន នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ទី​៣ ឈ្មោះ ផែន ឈឿន នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ទី​៤ ឈ្មោះ អៀន ពិន នៅ​ក្នុង​ខេត្ត​សៀមរាប និង​ទី​៥ ឈ្មោះ វ៉ាន់ សាវុធ នៅ​ក្នុង​ខេត្ត​តាកែវ។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង និង​ជា​អនុ​រដ្ឋលេខាធិការ​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា​ថា ៖ «ប្រជាជន​ទាំង​អស់​មាន​ការ​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​ចាញ់​បោក​មេ​ខ្យល់​ទាំង​អស់​នេះ ពីព្រោះ​គេ​បោកប្រាស់​ដើម្បី​យក​បង​ប្អូន​យក​ទៅ​លក់​ទេ ដូច្នេះ​កុំ​ឲ្យ​ចាញ់​បោក​គេ​ថា​ទៅ​ធ្វើការ​នៅ​ប្រទេស​គេ​ខុស​ច្បាប់​នោះ បាន​ងាយ​ស្រួល​នោះ»

ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​តាម​ដាន​សំណុំ​រឿង​នេះ​ពណ៌នា​ថា ពលករ​ចំណាក​ស្រុក​ចំនួន ៥​នាក់​នេះ បាន​ចាញ់​បោក​មេ​ខ្យល់​នាំ​យក​ទៅ​ក្នុង​ប្រទេស​ថៃ តាម​ច្រក​ប៉ោយប៉ែត កាល​ពី​ឆ្នាំ​២០០៧ កន្លង​ទៅ ដើម្បី​រក​ការងារ​ធ្វើ​ជា​កម្មករ​សំណង់ ទទួល​ប្រាក់​ខែ​ច្រើន ប៉ុន្តែ​ពលករ ៥​នាក់​នេះ​ត្រូវ​បាន​ជន​ជាតិ​ថៃ លក់​កម្លាំង​ពលកម្ម​ឲ្យ​ទៅ​ជន​ជាតិ​ថៃ ផ្សេង​ទៀត ធ្វើ​ជា​កម្មករ​នេសាទ​សមុទ្រ​ក្នុង​ភាព​ជា​ទាសករ​នៅ​លើ​ទូក​ថៃ ជាង ២​ឆ្នាំ​កន្លង​មក។ អាជ្ញាធរ​ឥណ្ឌូណេស៊ី បាន​ចាប់​ឃាត់​ទូក​នេសាទ​ថៃ​នោះ នៅ​ពេល​ដែល​បាន​អណ្ដែត​ចូល​ក្នុង​ដែន​សមុទ្រ​ឥណ្ឌូណេស៊ី កាល​ពី​ខែ​តុលា ឆ្នាំ​២០០៩ កន្លង​ទៅ។

ក្រោយ​មក​មន្ត្រី​ស្ថានទូត​កម្ពុជា នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បាន​សហការ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូណេស៊ី និង​អង្គការ IOM នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បញ្ជូន​ជន​រង​គ្រោះ​មក​កម្ពុជា​វិញ នៅ​យប់​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១០​នេះ។

ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ដែល​បាន​តាម​ដាន​ស្ថានការណ៍​ពលករ​ចំណាក​ស្រុក​កន្លង​មក បាន​មាន​ប្រសាសន៍​ថា ៖ «ស្វាគមន៍​នូវ​ការ​ជួយ​សង្រ្គោះ​ដល់​ពលករ​យើង ក៏​ប៉ុន្តែ​យើង​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​ខំ​ប្រឹងប្រែង​បន្ត​ទៅ​ទៀត ដើម្បី​ជួយ​សង្រ្គោះ​ពលករ​យើង​ទាំង​ឡាយ​ដែល​កំពុង​តែ​រង​គ្រោះ ហើយ​កំពុង​តែ​ជាប់ ដែល​អ្នក​ខ្លះ​កំពុង​តែ​ជាប់​ក្នុង​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ឬ​ក៏​ប្រទេស​ម៉ាឡេស៊ី​អី​ជា​ដើម ជា​បន្ត​ទៅ​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ជន​រង​គ្រោះ​ទាំង​អស់​ហ្នឹង​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា យើង​វិញ​ផង»

លោក​បាន​លើក​ឡើង​ថា មូលហេតុ​សំខាន់​ដែល​នាំ​ឲ្យ​មាន​ពលករ​ចំណាក​ស្រុក​ទៅ​រក​ការងារ​នៅ​ក្នុង​ប្រទេស​នានា​នោះ គឺ​ដោយសារ​ភាព​ក្រីក្រ ភាព​អត់​ការងារ​ធ្វើ និង​ការ​បាត់​បង​ដី​ស្រែ​ចម្ការ បាន​ជំរុញ​ឲ្យ​គាត់​ប្រថុយប្រថាន​ក្នុង​ជីវិត។

កាល​ពី​ខែ​មិថុនា កន្លង​ទៅ​ថ្មីៗ​នេះ អាជ្ញាធរ​កម្ពុជា បាន​សង្គ្រោះ​ពលករ​ចំណាក​ស្រុក​ខ្មែរ​បាន​ចំនួន ៨​នាក់​ពី​ប្រទេស​ឥណ្ឌា ៥​នាក់​ពី​ប្រទេស​ទីម័រខាងកើត កាល​ពី​ខែ​មិថុនា និង ៥​នាក់​ពី​ប្រទេស​ឥណ្ឌូណេស៊ី។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ កាល​ពី​ខែ​មិថុនា កន្លង​ទៅ​ថ្មីៗ​នេះ​ដែរ បាន​សង្គ្រោះ​ពលករ​ចំណាក​ស្រុក​ចំនួន ៨​នាក់​ពី​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ខែ​មីនា កន្លង​ទៅ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល