អ្នក​ភូមិ​៥​នាក់​នៅ​ពោធិ៍សាត់​ស្លាប់​ដោយសារ​ផឹក​ស្រា

មនុស្ស ៥​នាក់​បាន​ស្លាប់​ជា​បន្តបន្ទាប់​នៅ​ឯ​ភូមិ​ដាច់​ស្រយាល​មួយ ឈ្មោះ​ភូមិ​ក្សេត្របូរី ស្ថិត​ក្នុង​ឃុំ​សន្ទ្រែ ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍សាត់ ដោយសារ​តែ​ការ​ផឹក​ស្រា។
ដោយ មណ្ឌលកែវ
2010-07-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទេសភាព​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់
ទេសភាព​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់
Photo courtesy of chanbokeo.com

មេ​ភូមិ​ក្សេត្របូរី លោក រស់ ពេញ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​កក្កដា​ថា អ្នក​ភូមិ ៥​នាក់​បាន​ស្លាប់​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ភូមិ ដោយសារ​តែ​ពួកគាត់​បាន​ហូប​ស្រា។

លោក រស់ ពេញ មាន​ប្រសាសន៍​ដូច្នេះ ៖ «គាត់​ហូប​តាំង​ពី​ក្បាល​ល្ងាច​នោះ​វា​អត់​អី ដល់​ព្រលឹម​ឡើង​គាត់​អត់​ហូប​បាយ​ហូប​អី គាត់​ថែម​(ស្រា)​ទៀត ទៅ​តែម្ដង (ស្លាប់)។ ខ្ញុំ​ភ័យ​ដែរ ខ្លាច​ក្រែង​មាន​រោគ​អី​រាតត្បាត។ មាន​ពេទ្យ​គេ​មក​ពិនិត្យ​ដល់​ថា អត់​មាន​បញ្ហា​អី​ក៏​គេ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ផ្ទះ​ទៅ»

ប្រភព​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ដែល​ស្លាប់​នោះ​មាន​ស្ត្រី​ចំនួន ៤​រូប និង​បុរស ១​រូប។ អ្នក​ទាំង​នោះ គឺ​១​ស្ត្រី​ឈ្មោះ ភួង គីម អាយុ ៤៩​ឆ្នាំ ២​ស្ត្រី​ឈ្មោះ ម៉ន យុន អាយុ ៥១​ឆ្នាំ ៣​ស្ត្រី​ឈ្មោះ វិន រ័ត្ន អាយុ ៤៨​ឆ្នាំ និង​៤​ស្ត្រី​ឈ្មោះ រិន ពៅ អាយុ ៥០​ឆ្នាំ។ ឯ​បុរស​ម្នាក់​ដែល​ស្លាប់​នោះ​ឈ្មោះ នឹម អាយុ ៤៩​ឆ្នាំ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​ម្នាក់​នាក់ និង​បុរស​ម្នាក់​បាន​ស្លាប់​កាល​ពី​ចុង​ខែ​មិថុនា។ ឯ​ស្ត្រី​ពីរ​នាក់​ចុង​ក្រោយ​នេះ បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ថ្មីៗ​នេះ។ ការ​ស្លាប់​របស់​អ្នក​ភូមិ​ទាំង ៥​រូប​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​មាន​ការ​ភ័យ​តក់​ស្លុត បារម្ភ​ក្រែង​មាន​ជំងឺ​ចម្លែក​រាតត្បាត​ក្នុង​ភូមិ។

តែ​មេ​ឃុំ​សន្ទ្រែ គឺ​លោក សេក សារឿន មាន​ប្រសាសន៍​ថា តាម​ការ​សន្និដ្ឋាន​របស់​គ្រូពេទ្យ ប្រចាំ​មណ្ឌល​សុខភាព​ស្រុក​ភ្នំក្រវាញ អ្នក​ភូមិ ៥​នាក់​នេះ​គឺ​ស្លាប់​ដោយសារ​តែ​ការ​ពុល​ស្រា។

លោក សេក សារឿន មាន​ប្រសាសន៍​ដូច្នេះ ៖ «ប្រធាន​មណ្ឌល​សុខភាព​បាន​ហៅ​ខ្ញុំ​ទៅ​ជួយ​មើល​ដែរ ព្រោះ​អ្នក​ជំងឺ​ហាក់​មិន​ស្រួល។ គាត់​ប្រាប់​ខ្ញុំ​ថា​ពុល ដល់​អ៊ីចឹង​ល្ងាច​ម្សិល​ក៏​ស្លាប់​ទៅ។ គេ​បាន​យក​ស្រា​ទៅ​ពិនិត្យ​ហើយ តែ​មិន​ទាន់​ដឹង​យ៉ាង​ម៉េច»

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​សុំ​ការ​ពន្យល់​ពី​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ពោធិ៍សាត់ គឺ​លោក ខ្លឹម សុគន្ធ បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែ​កក្កដា​នេះ ដោយ​ទូរស័ព្ទ​លោក​ពុំ​អាច​ទាក់​ទង​បាន។

យ៉ាង​នេះ​ក្តី អធិការ​នគរបាល​ស្រុក​ភ្នំក្រវាញ គឺ​លោក ពេជ្រ សុភាព បាន​មាន​ប្រសាសន៍​ថា ការ​ស៊ើប​អង្កេត​បឋម​បញ្ជាក់​ថា មនុស្ស​ទាំង ៥​នាក់​នោះ​ពិត​ជា​បាន​ស្លាប់​ដោយសារ​ការ​ពុល​ស្រា ពុំ​មែន​ជា​អំពើ​ឃាតកម្ម​ណា​មួយ​នោះ​ទេ។

លោក ពេជ្រ សុភាព បញ្ជាក់​ដូច្នេះ ៖ «អ្នក​ដែល​ពុល​ហ្នឹង​មាន​អាការៈ​ដូចៗ​គ្នា ហើយ​យើង​បាន​ស្រាវជ្រាវ​ទៅ​ឃើញ​ថា គាត់​បាន​ផឹក​ស្រា ប៉ុន្តែ​យើង​មិន​ដឹង​ជា​ស្រា​ហ្នឹង​មាន​ជាតិ​ពុល ឬ​យ៉ាង​ណា​នោះ ព្រោះ​ថា ស្រា​ហ្នឹង​យើង​បាន​យក​វា​ទៅ​ធ្វើការ​ពិសោធន៍​ហើយ»

លោក​អធិការ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ស្នងការ​នគរបាល​ខេត្ត​បាន​យក​ស្រា​ដែល​សល់​ពី​ការ​ផឹក​របស់​អ្នក​ភូមិ​ដែល​ស្លាប់​នោះ ផ្ញើ​ទៅ​ឲ្យ​ផ្នែក​ជំនាញ​ធ្វើការ​វិភាគ​ហើយ តែ​លទ្ធផល​យ៉ាង​ណា​នៅ​ពុំ​ទាន់​ទទួល​បាន​នៅ​ឡើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល