អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ចាប់​ខ្លួន​តំណាង​អ្នក​តវ៉ា​ជន​ពិការ​៥​នាក់

គណៈកម្មការ​សមាគម​អភិវឌ្ឍន៍​ជន​ពិការ ៥​នាក់ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ចាប់​ខ្លួន​នៅ​តាម​ផ្លូវ ពេល​ដែល​ពួក​គាត់​វិល​ទៅ​ស្រុក​ស្នួល ខែត្រ​ក្រចេះ ដែល​ជា​ស្រុក​កំណើត​វិញ ដោយ​ចោទ​ថា បាន​ដឹក​នាំ​អតីត​យុទ្ធជន និង​យោធិន​ពិការ​ធ្វើការ​ទាមទារ​ដី និង​ធ្វើ​បាតុកម្ម​ខុស​ច្បាប់។
ដោយ ទីន ហ្សាការីយ៉ា
2010.07.13
ជន​ពិការ​ក្រចេះ​៣០៥ ១៣-កក្កដា-២០១០: ក្រុម​អតីត​យុទ្ធជន និង​យោធិន​ពិការ​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ឡើង​មក​តវ៉ា​នៅ​មុខ​វត្ត​បទុមវតី ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ផ្ដល់​ដី​សង្គមកិច្ច​ជូន​ពួកគាត់។
RFA/Tin Zakariya

អនុ​ប្រធាន​សមាគម និង​គណៈកម្មការ​សមាគម​អភិវឌ្ឍន៍​ជន​ពិការ​ចំនួន ៥​នាក់ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ចាប់​ខ្លួន​តាម​ផ្លូវ​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា​នេះ ក្រោយ​ពេល​ក្រុម​អតីត​យុទ្ធជន និង​យោធិន​ពិការ​ជិត ២០០​នាក់ បាន​វិល​ត្រឡប់​ទៅ​ស្រុក​ស្នួល ខែត្រ​ក្រចេះ​វិញ បន្ទាប់​ពី​បាន​នាំ​គ្នា​មក​ធ្វើការ​តវ៉ា​នៅ​មុខ​ភូមិ​គ្រឹះ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នា​រាជធានី​ភ្នំពេញ អស់​រយៈ​ពេល ២​ថ្ងៃ​កន្លង​មក។

ប្រធាន​សមាគម​អភិវឌ្ឍន៍​ជន​ពិការ លោក យ៉ាន យឹត បាន​មាន​ប្រសាសន៍​ថា អ្នក​ទាំង ៥​រូប​នោះ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ចាប់​ខ្លួន ដោយសារ​ពួកគាត់ និង​អតីត​យុទ្ធជន​មួយ​ចំនួន​ផ្សេង​ទៀត មិន​ព្រម​ផ្ដិត​មេដៃ​ឲ្យ​លោក លឹម លាងសែ នាយ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ៖ «អត់​ព្រម​ផ្ដិត​មេដៃ​ទៅ​ជាមួយ​គេ​ហ្នឹង ដោយសារ​ភូតភរ​បី​បួន​លើក​ហើយ»

លោក យ៉ាន យឹត បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​មាន​ឈ្មោះ ផាន់ សុផល, ឆាន់ សារុំ អ្នក​ទាំង​ពីរ​ជា​អនុ​ប្រធាន​សមាគម និង​ឈ្មោះ នុត រ៉ាឌី, ឈឿន ឈុន និង​ឈ្មោះ ជៀប ពេញ ជា​គណៈកម្មការ​សមាគម។

លោក ឈឿន ឈុន បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ពួក​លោក​ទាំង ៥​នាក់ គឺ ៤​នាក់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ម្ដុំ​វត្ត​ភ្នំ ហើយ​លោក​និង​ឈ្មោះ នុត រ៉ាឌី គេ​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌ​ដូនពេញ រី​ឯ​ពីរ​នាក់​ទៀត​ឈ្មោះ ផាន់ សុផល និង ជៀប ពេញ គេ​បញ្ជូន​ទៅ​ប៉េអឹម​ក្រុង និង​ឈ្មោះ ឆាន់ សារុំ ត្រូវ​សមត្ថកិច្ច​ក្រុង​ចាប់។

ស្នងការ​រាជធានី​ភ្នំពេញ លោក ទូច ណារ៉ុថ បាន​មាន​ប្រសាសន៍​ថា អ្នក​ទាំង​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ដោះ​លែង​វិញ​ហើយ បន្ទាប់​ពី​ធ្វើការ​សាក​សួរ​រួច​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​កក្កដា​នេះ។ លោក​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នោះ​ដោយសារ​តែ​ប្រជាពលរដ្ឋ និង​អតីត​យុទ្ធជន​ស្ទើរ​តែ​ទាំង​អស់ បាន​វិល​ត្រឡប់​ទៅ​ស្រុក​ស្នួល​វិញ ប៉ុន្តែ​ពួកគាត់​ប៉ុន្មាន​នាក់​នោះ មិន​ព្រម​ទៅ គឺ​ធ្វើ​ឲ្យ​ខូច​សណ្ដាប់​ធ្នាប់​ក្រុង។ រីឯ​ឈ្មោះ ឆាន់ សារុំ សមត្ថកិច្ច​បាន​ចាប់​ដោយសារ​បើក​បរ​រថយន្ត​មាន​ស្លាក​លេខOI ក្លែងក្លាយ ចំពោះ​ករណី​នេះ សមត្ថកិច្ច​ចរាចរណ៍​នឹង​ដោះស្រាយ​តាម​ច្បាប់​ចរាចរណ៍។

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក អ៊ូច ឡេង បាន​មា​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​តំណាង​អតីត​យុទ្ធជន​ទាំង ៥​នាក់​នេះ ជា​ការ​រើស​អើង និង​គាប​សង្កត់​មិន​ឲ្យ​ពួក​គាត់​ឡើង​មក​ទាមទារ​ដី​ចម្ការ​ពី​លោក​នាយក​រដ្ឋមន្ត្រី ដែល​លោក​ចាត់​ទុក​ទង្វើ​នេះ​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស។

លោក អ៊ូច ឡេង មាន​ប្រសាសន៍​ដូច្នេះ ៖ «នេះ​ជា​ការ​រើស​អើង​មួយ​រវាង​ប្រជាពលរដ្ឋ​ជា​ជន​ពិការ​ក្រីក្រ​អត់​មាន​ដីធ្លី ជាមួយ​អាជ្ញាធរ ដែល​ហាម​គាត់​មិន​ឲ្យ​ជួប​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល»

នាយ​រង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក លឹម លាងសែ បាន​មាន​ប្រសាសន៍​ទៅ​កាន់​អតីត​យុទ្ធជន និង​យោធិន​ពិការ​នៅ​មុខ​វត្ត​បទុមវតី មុន​ពេល​អ្នក​ទាំង​នោះ វិល​ទៅ​ស្រុក​ស្នួល​វិញ​ថា នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា​នេះ លោក​នឹង​ចាត់​ឲ្យ​គណៈកម្មការ​របស់​លោក​ចុះ​ទៅ​ពិនិត្យ​ដី​ជាក់​ស្តែង​នៅ​ស្រុក​ស្នួល​នោះ ដើម្បី​រក​ដី​សង្គមកិច្ច​ផ្ដល់​ជួន ហើយ​លោក​នឹង​ធ្វើ​ជំរឿន​ពិត​ប្រាកដ​ថា តើ​អ្នក​ដែល​ខ្វះ​ខាត​ដី​នោះ​មាន​ចំនួន​ប៉ុន្មាន​នាក់?

លោក លឹម លាងសែ មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​យក​សំណូមពរ​បង​ប្អូន​យក​មក​ពិចារណា​ហើយ បង​ប្អូន​ត្រូវ​យក​សំណូមពរ​ខ្ញុំ​វិញ គឺ​វិល​ទៅ​វិញ។ នៅ​ថ្ងៃ​ព្រហស្បតិ៍ (១៥ កក្កដា) ម៉ោង ៨​ព្រឹក ជួប​គ្នា​នៅ​សាលា​ស្រុក​ស្នួល ទាំង​អស់​គ្នា​ជា​សាក្សី​ទាំង​អស់​គ្នា។ បើ​អ្នក​ណា​ខក​ខាន​មិន​បាន​ទៅ​ចូល​រួម​នៅ​ថ្ងៃ​នោះ ចាត់​ទុក​ថា បោះ​បង់​ការ​តវ៉ា​នេះ​ហើយ»

កាល​ពី​ខែ​មិថុនា កន្លង​ទៅ នៅ​ក្នុង​ឱកាស​បិទ​មហា​សន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​សមាគម​អតីត​យុទ្ធជន​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​រក​ដី​សង្គមកិច្ច​ចែក​ជូន​អតីត​យុទ្ធជន និង​យោធិន​ពិការ​ផង​ដែរ។

លោក ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ ៖ «តាម​ខេត្ត​នីមួយៗ​ត្រូវ​មាន​គោលដៅ ទុក​ដី​នៅ​កន្លែង​ណា​មួយ​សម្រាប់​អតីត​យុទ្ធជន និង​យុទ្ធជន​ពិការ​របស់​យើង មិន​អាច​យក​បង​ប្អូន​ទៅ​ដាក់​លើ​កំពូល​ភ្នំ​ក្នុង​ស្ថានភាព​ជា​អ្នក​ដែល​មិន​អាច​បង្ក​បង្កើន​ផល​បាន​ទេ»

អតីត​យុទ្ធជន និង​អតីត​យោធិន​ពិការ បាន​ឲ្យ​ដឹង​ទៀត​ថា ពួកគាត់​មាន​ជីវភាព​លំបាក ដោយសារ​គ្មាន​ដី​ធ្វើ​ចម្ការ ហើយ​ពួកគាត់​បាន​ឡើង​មក​ភ្នំពេញ ដើម្បី​សុំ​ដី​ធ្វើ​ចម្ការ​ពី​រដ្ឋាភិបាល​ចំនួន​បី​លើក​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​ក្រុម​សមត្ថកិច្ច៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។