អ្នកភូមិនៅខេត្តកំពង់ធំ ត្អូញត្អែរអំពីទំនប់ ៦មករា បំផ្លាញកសិផល
2010.05.12
បុរសម្នាក់ ដែលអះអាងថា ជាតំណាងប្រជាពលរដ្ឋឈ្មោះ វ លឹមហេង បាននិយាយថា អ្នកភូមិបាន ទាមទារយកដីស្រែរបស់ពួកគាត់វិញ ដោយសុំឲ្យអាជ្ញាធរ បើកផ្លូវបង្ហូរទឹកចេញពីទំនប់ ៦មករា នៅរដូវប្រាំង ដើម្បីឲ្យពួកគាត់ធ្វើស្រែប្រាំង សុំឲ្យធ្វើស្ពានឆ្លងពីឃុំបឹងល្វា ទៅឃុំទីពោ ដើម្បីឲ្យក្មេងៗ ងាយស្រួលទៅរៀន ប៉ុន្តែត្រូវបានលោកអភិបាលស្រុកបដិសេធ។
លោក វ លឹមហេង មានប្រសាសន៍បន្តថា ៖ «ប្រជាពលរដ្ឋដែលអត់ដីស្រែធ្វើរយៈពេលពីរឆ្នាំនេះ មានការលំបាកខ្លាំងណាស់ ព្រោះទី ១ជួបបញ្ហាអត់អង្កហូប ខ្វះខាតស្រូវ ទី២ គោក្របីអត់មានស្មៅដែរ វាលិចលង់អស់ហើយ អត់ស្មៅទេ គោក្របីនោះសព្វថ្ងៃនេះ»។
តំណាងប្រជាពលរដ្ឋមួយរួបទៀត បានឲ្យដឹងទៀតថា ដីស្រែដែលទឹកទំនប់ ៦មករា បានជន់លិចនោះ ប្រជាពលរដ្ឋបានធ្វើស្រែលើដីនោះ ខ្លះតាំងពីឆ្នាំ១៩៧៩ និងខ្លះទៀតតាំងពីឆ្នាំ១៩៨២។ តំណាងប្រជាពលរដ្ឋរួបនេះ បានបញ្ជាក់ថា ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋមានការលំបាក គ្មានដីធ្វើស្រែ ហើយក៏គ្មានមុខរបរអ្វីផ្សេងដែរ។
តំណាងប្រជាពលរដ្ឋមានប្រសាសន៍បន្តថា ៖ «ប្រជាពលរដ្ឋកំពុងតវ៉ារឿងដីធ្លីនេះ គាត់មិនព្រមទេ គាត់ទាមទារយកដីវិញទាល់តែបានហ្នឹង»។
អភិបាលស្រុកសន្ទុក លោក ពេជ សុធា បានមានប្រសាសន៍ជាគោលការណ៍របស់រដ្ឋាភិបាល ក្នុងការធ្វើទំនប់ ៦មករា ទប់ទឹកធ្វើស្រែប្រាំងសម្រាប់ប្រជាពលរដ្ឋចំនួនពីរស្រុក គឺស្រុកសន្ទុក និងស្រុកបារាយណ៍ ហើយរដ្ឋាភិបាលគ្មានគោលការណ៍ផ្ដល់ជាសំណាងដល់ប្រជាពលរដ្ឋ ដែលមានដីលិចទឹកនេះទេ ប៉ុន្តែខាងអាជ្ញាធរខែត្រកំពុងពិចារណាក្នុងការរកដីសម្បទានសង្គមកិច្ច ដើម្បីផ្ដល់ជួនប្រជាពលរដ្ឋ។
លោក ពេជ សុធា មានប្រសាសន៍បន្តថា ៖ «ឥឡូវនេះខ្ញុំប្រាប់គាត់ហើយ ទោះជាយ៉ាងណាស្រុកនឹងពិចារណារកដីសង្គមកិច្ចជូនពួកគាត់វិញ»។
មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក លោក ម៉ែន សុធី បានបញ្ជាក់ថា ប្រជាពលរដ្ឋគ្រោងនឹងដាក់ ពាក្យបណ្ដឹងទៅស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យជួយដោះស្រាយអំពីករណីនេះ។
តំណាងរាស្ត្រគណបក្សសមរង្ស៊ី ខែត្រកំពង់ធំ លោក ម៉ែន សុថាវិរិន្ទ ដែលបានចុះទៅជួបប្រជាពលរដ្ឋ នៅទំនប់ ៦មករា កាលពីថ្ងៃទី១១ ឧសភា បានមានប្រសាសន៍ថា ការទប់ទឹកទំនប់ ៦មករា ធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋ ដែលពួកគាត់បានបង្កបង្កើនផលស្រូវ និងចម្ការបានជារៀងរាល់ឆ្នាំ ប៉ុន្តែក្រោយពេលទឹកទំនប់ ៦មករា ជន់លិចដីស្រែរបស់ពួកគាត់ ធ្វើឲ្យពួកគាត់ប្រឈមនឹងបញ្ហាដាច់ស្បៀង។ លោក ម៉ែន សុថាវិន្ទ បានអះអាងទៀតថា លោកបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋរួច ដើម្បីយកមកដាក់ជួនប្រធានរដ្ឋសភា ដើម្បីឲ្យជួយដោះស្រាយអំពីបញ្ហានេះ។
ទោះជាយ៉ាងណា មេឃុំបឹងល្វា លោក ប៉ែន លឿ បានឲ្យវិទ្យុអាស៊ីសេរីដឹងកាលពីពេលថ្មីៗនេះថា ការទប់ទំនប់ ៦មករា បានលិចដីស្រែរបស់ប្រជាពលរដ្ឋ រាប់ពាន់ហិកតារ តែលោកបញ្ជាក់ថា ដីព្រៃនៅក្នុងឃុំរបស់លោកនៅមានច្រើន បើសិនជារដ្ឋាភិបាលសម្បទានដីព្រៃមួយចំនួន ជួនប្រជាពលរដ្ឋនោះ ជាការដោះស្រាយបញ្ហា៕