អ្នកភូមិ​៦​នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​កាប់​ឆ្ការ​ព្រៃ​ខុស​ច្បាប់

មន្រ្តី​ជលផល​ស្រុក​ពួក​ខែត្រ​សៀមរាប​បាន​ចាប់ខ្លួន​ប្រជាកសិករ​៦​នាក់​បញ្ជូន​ទៅ​កាន់​រដ្ឋបាល​ខែត្រ​កាលពី​រសៀល​ថ្ងៃ​សុក្រ ទី២៥ ខែមេសា ដោយ​ចោទប្រកាន់​ប្រជាពលរដ្ឋ​ទាំងនោះ​ថា​បាន​កាប់​ឆ្ការ​រំលោភ​ចូល​ដែន​ព្រៃ​លិចទឹក​តំបន់​ត្រី​ពងកូន​ដែល​ជា​ដែន​ការពារ ។

0:00 / 0:00

ប្រធាន​ផ្នែក​ជលផល​ស្រុក​ពួក លោក សំ ផាន់ណា បាន​មាន​ប្រសាសន៍​ថា​ប្រជាកសិករ​ទាំង​៦​រូបនោះ​រស់នៅ​ភូមិ​ផ្លាំង ឃុំ​ព្រៃជ្រូក ត្រូវ​បាន​មន្ត្រី​ជលផល​ចាប់​ខ្លួន​ខណៈ​ពេល​ដែល​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្ដែង​កាប់​ឆ្ការ​ព្រៃ​លិចទឹក តំបន់​ត្រី​ពងកូនដើម្បី​ពង្រីក​យក​ដី​ស្រែនៅ​តំបន់ក្រោម​ឈ្មោះ​ថា​ត្រពាំង​ពង​ត្រី ។

លោក សំ ផាន់ណា បាន​ឲ្យ​ដឹង​ថា ៖ «បទល្មើស​ជាក់ស្ដែង​នៅ​តំបន់​ហាមឃាត់​ដែន​នេសាទ ។ ដី​នោះ​យើង​បាន​ចុះ​ពិភាក្សា​ប៉ុន្មាន​ដង​ហើយ ជា​តំបន់​ការពារ​របស់​សមត្ថកិច្ច​ជលផល»

បើតាម​មន្ត្រី​ជលផល​បាន​ឲ្យ​ដឹង​ទៀត​ថា​ព្រៃ​លិចទឹក​ប្រមាណ​២០ហិកតា​ត្រូវ​ក្រុម​កសិករ​ទាំងនោះ​កាប់​បំផ្លាញ​ហើយ​សមត្ថកិច្ច​ព្យាយាម​ហាម​ឃាត់​ជា​ច្រើន​លើក​មកហើយ​ដែល​ជន​ទាំងនោះ​អាច​ប្រឈមមុខ​នឹង​ការកសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

ចំណែកឯ​អភិបាល​ស្រុក​ពួក លោក ពេជ សុខាល័យ បាន​មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​សុក្រ​ថា ការ​ចាប់​ខ្លួន​គឺ​ដោយសារ​ប្រជាពលរដ្ឋ​ទាំងនោះ​រំលោភ​ទៅលើ​តំបន់​ការពារ​និង​រំលោភ​ទៅលើ​បំរាម​របស់​អាជ្ញាធរ​ដែលបាន​ណែនាំ​ជា​ច្រើន​លើក​មកហើយ ។

លោក ពេជ សុខាល័យ បាន​បញ្ជាក់​ថា ៖ «ប្រជាជន​គាត់​បាន​ទៅ​រំលោភ ហើយ​យើង​បាន​ធ្វើការ​អប់រំ​គាត់​ជា​ច្រើន​លើក​ច្រើន​គ្រា​ហើយ ប៉ុន្តែ​គាត់​មិន​ព្រម​ស្ដាប់ អ៊ីចឹង​ទេ​យើង​គ្រាន់តែ​អញ្ជើញ​គាត់​ឲ្យ​ទៅ​ជួប​ជាមួយ​នឹង​ការិយាល័យ​រដ្ឋបាល​ជលផល​ខែត្រ​ណែនាំ​ឲ្យ​បាន​ច្បាស់លាស់»

ប៉ុន្តែ​ទោះយ៉ាងណា​ក្រុម​អ្នកភូមិ​បាន​បដិសេធ​ចោល​ថា ការ​ចាប់​ខ្លួន​នោះ​ពុំត្រឹមត្រូវ​ទេ ។

បុរសឈ្មោះ ដោក រី នៅភូមិផ្លាំង ឃុំព្រៃជ្រូក ដែល​កូន​និង​ក្មួយ​របស់​គាត់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ បាន​មាន​ប្រសាសន៍​ថា​ទី​នោះ​ជា​ដី​ស្រែ​កេរដំណែល​របស់​គាត់​ជា​យូរ​មកហើយ ដោយ​គ្រាន់តែ​គាត់​ទុកចោល​មួយ​រយៈ​ប៉ុណ្ណោះ ។ លោក​ពុំ​បាន​កាប់​ឆ្ការ​ព្រៃ​ដូច​ការ​អះអាង​របស់​អាជ្ញាធរ​ឡើយ ។

លោក ដោក រី បាន​ឲ្យ​ដឹង​ថា ៖ «ជលផល​ហើយ​និង​ប៉ូលិស​គេ​ទៅ​ចាប់​ខ្ញុំ គេ​ថា​ខ្ញុំ​កាប់​ព្រៃ​ជលផល ព្រៃ​សម្បទាន ប៉ុន្តែ​ស្រែ​ហ្នឹង​ស្រែ​កំណើត​របស់​ខ្ញុំ ខ្ញុំ​ធ្វើ​មក»

ក្រុម​អ្នក​ភូមិ​ជា​ច្រើន​បាន​ធ្វើការ​តវ៉ា​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ការ​ចាប់​ខ្លួន​នេះ​ដោយ​អ្នក​ភូមិ​ខ្លះ​បាន​តាម​ជាប់​នៅ​ជាមួយ​នឹង​កូន​ចៅ​របស់​គេ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ​ផង ។

មេ​ឃុំ​ព្រៃជ្រូក លោក អ៊ឹម អឿម បាន​មាន​ប្រសាសន៍​ថា​តំបន់​ត្រពាំង​ត្រីពង​នោះគឺ​ជា​តំបន់​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ក៏​ប៉ុន្តែ​ត្រូវ​បាន​កសិករ​បោះបង់​ចោល​តាំងពី​ឆ្នាំ​១៩៨៤​មក​ម្ល៉េះ ។ ថ្មីៗ​នេះកសិករ​បាន​ចាប់ផ្ដើម​ចូល​ទៅ​ចាប់​យក​ដី​ស្រែ​របស់​គេ​វិញ ហើយ​លោក​ធ្លាប់​ស្នើ​សុំ​តំបន់​នោះ​ប្រគល់​ទៅ​ឲ្យ​ប្រជាកសិករ​វិញ​ដែរ ក៏​ប៉ុន្តែ​ត្រូវមន្ត្រី​ជលផល​និង​មន្ត្រីស្រុក​ពុំ​យល់ព្រម ។

មន្ត្រី​ស្រុក​ពួក បានអះអាងថាតំបន់​នោះ​ធ្លាប់​ជា​ដី​ស្រែ​មែន​កាលពី​សម័យ​សង្គម​រាស្ត្រ​និយម ហើយ​ចាប់​ពី​សម័យ​ក្រោយៗ​មក​មិនមាន​កសិករ​ធ្វើ​ស្រែ​ទេ​រហូតដល់​ព្រៃ​ដុះ និង​ត្រូវ​បាន​ចាត់ទុក​ជា​ជម្រក​ត្រី​ពង​កូន​ដែល​ត្រូវ​ការពារ ៕