អាជ្ញាធរ​គ្រោង​បណ្ដេញ​អាជីវករ​៧០​តូប​ចេញ​ពី​ឆ្នេរ​អូរត្រេះ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​កំពុង​មាន​ផែនការ​មួយ​ក្នុង​ការ​បណ្តេញ​អាជីវករ​ចំនួន ៧០​តូប​មិន​ឲ្យ​បន្ត​លក់​ដូរ​នៅ​ឯ​ឆ្នេរ​អូរត្រេះ​ទៀត​ទេ នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ ដើម្បី​យក​ទីតាំង​នោះ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​មួយ​ឈ្មោះ ទ្បូសុគន្ធ ដែល​នឹង​ធ្វើ​ឲ្យ​គ្រួសារ​ទាំង​នោះ​បាត់បង់​មុខ​របរ​ប្រចាំ​ថៃ្ង។
ដោយ សុខ សេរី
2010-01-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១០-មករា-២០១០: ទេសចរ​អង្គុយ​កម្សាន្ត​នៅ​ឯ​ឆ្នេរ​សមុទ្រ ក្នុង​ខែត្រ​ព្រះសីហនុ។
១០-មករា-២០១០: ទេសចរ​អង្គុយ​កម្សាន្ត​នៅ​ឯ​ឆ្នេរ​សមុទ្រ ក្នុង​ខែត្រ​ព្រះសីហនុ។
RFA Photo

អាជីវករ​ម្នាក់​នៅ​ក្នុង​ចំណោម​អាជីវករ​ចំនួន ៧០​គ្រួសារ​ស្មើ​នឹង ៧០​តូប​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​មក​ថា អាជីវករ​មាន​ចំនួន​សរុប​ជាង ១០០​តូប ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​មាន​ផែនការ​បណ្តេញ​អាជីវករ​ចំនួន ៧០​តូប​នៅ​ចន្លោះ​កណ្តាល។

អាជីវករ​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «លក់​ដូរ​នៅ​មាត់​សមុទ្រ​អូរត្រេះ​វា​សង្ឃឹម លក់​នៅ​កន្លែង​ហ្នឹង​បាន​កូន​រៀន​សូត្រ បាន​កន្លែង​ហូប​ចុក។ អ្វីៗ​ចាយវាយ​នៅ​ឆ្នេរ​សមុទ្រ​អូរត្រេះ​ហ្នឹង បាន​ចាយវាយ​ដូច​ថា មធ្យម អាច​រស់​បាន។ តែ​ឥឡូវ​ដល់​រដ្ឋ​ឬ​មួយ​ក្រុមហ៊ុន​ដេញ​អ៊ីចឹង គ្នា​គ្មាន​អ្វី​ក្រៅ​ពី​ជម្រើស​ដេក​អត់​ឃ្លាន។ ក្រុមហ៊ុន​និង​រដ្ឋ​ដេញ​នេះ គ្នា​គ្មាន​អ្វី​ជា​ទីពឹង​ទេ»

អាជីវករ​ម្នាក់​ទៀត​បាន​ថែ្លង​ថា ក្រុម​អាជីវករ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ៖ «ឥឡូវ​មិន​ដឹង​ធ្វើ​ម៉េច​ទេ មាន​តែ​សុំ​ទៅ​សម្ដេច​នាយក​ដើម្បី​ឲ្យ​គាត់​ជួយ​អន្តរាគមន៍​ថា ធ្វើ​ម៉េច​ឲ្យ​អាជីវករ​ទាំង​អស់​ហ្នឹង ទាំង​គេ ទាំង​ខ្ញុំ​អី​ហ្នឹង​បាន​នៅ​លក់​ដូរ​ធម្មតា​ដូច​សព្វ​ថ្ងៃ​អ៊ីចឹង​វិញ!»

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ពុំ​មាន​ទីតាំង​ថ្មី​ណា​មួយ​សម្រាប់​ដោះដូរ​ជា​ថ្នូរ​នឹង​ការ​បណ្តេញ​នោះ​ទេ។ អាជ្ញាធរ​ខេត្ត​នៅ​មិន​ទាន់​បាន​កំណត់​ថៃ្ង​ណា​ជាក់លាក់​នៅ​ទ្បើយ​ទេ​ក្នុង​ការ​បណ្តេញ​នោះ គឺ​គ្រាន់តែ​បាន​ជួប​ប្រជុំ​គ្នា​ប្រាប់​ដោយ​ផ្ទាល់​មាត់ កាល​ពី​ថៃ្ង​ទី​១១ ខែ​មករា កន្លង​ទៅ​នេះ ថា ក្រុមហ៊ុន​ឈ្មោះ ទ្បូសុគន្ធ បាន​ទទួល​សិទ្ធិ​ពី​រដ្ឋាភិបាល​និង​ខេត្ត ដើម្បី​កែ​លម្អ​ឆ្នេរ​និង​សោភ័ណភាព​នៅ​ក្នុង​ខេត្ត។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន ទ្បូសុគន្ធ នោះ បាន​នៅ​ទ្បើយ​ទេ។

លោក ផៃ ផាន ជា​អភិបាល​រង​ខេត្ត​ព្រះសីហនុ​ទទួល​បន្ទុក​ទេសចរណ៍ ដែល​កំពុង​តែ​កាន់​សំណុំរឿង​នេះ បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន ទ្បូសុគន្ធ នោះ បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)។

លោក ផៃ ផាន បាន​មាន​ប្រសាសន៍​ថា ៖ «អា​ហ្នឹង​ខ្ញុំ​ឃើញ​តាម​លិខិត​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី និង​លិខិត​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​មាន​ខ្លឹមសារ​ថា ឆ្នេរ​ទាំង​ពីរ​នេះ​គឺ​ជា​ទីតាំង​សាធារណៈ ហើយ​ជា​ឆ្នេរ​របស់​ខេត្ត​ព្រះសីហនុ​ដែល​យើង​ចាំបាច់​ត្រូវ​រៀបចំ​សួន​ច្បារ​ឲ្យ​បាន​សមរម្យ ដើម្បី​ទាក់ទាញ​សក្ដានុពល​ទេសចរណ៍ ដែល​មិន​អាច​ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​តាម​បែប​អនាធិបតេយ្យ​ទេ»

មន្រ្តី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស អាដហុក នៅ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​មាន​ប្រសាសន៍​ថា ៖ «ការ​ផ្ដល់​ការ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ហ្នឹង វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​លើ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ដែរ ព្រោះ​កន្លង​មក​ខេត្ត​ព្រះសីហនុ ជា​ពិសេស​អ្នក​នៅ​ទីក្រុង គាត់​អត់​មាន​ដី​ស្រែ​ធ្វើ​ទេ មុខរបរ​របស់​គាត់​ហ្នឹង​ក្រៅ​តែ​ពី​ការ​លក់​ដូរ​កំប៉ិក​កំប៉ុក​នៅ​តាម​តំបន់​ឆ្នេរ ឬ​នៅ​តាម​ទី​សាធារណៈ គឺ​ការ​ចុះ​នេសាទ ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ​បញ្ហា​ផល​នេសាទ​មាន​ការ​ថយ​ចុះ​ដែរ»

ប្រភព​ពី​មន្ត្រី​ខេត្ត​ក្រុង​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ដី​នៅ​តាម​មាត់​ឆ្នេរ​កន្លង​មក​ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​ធ្វើ​ការ​វិនិយោគ​សាងសង់​អ្វី​ដែល​បិទ​បាំង​ឆ្នេរ​សមុទ្រ​ឡើយ ហើយ​ត្រូវ​បាន​គេ​រក្សា​គ្រប់គ្រង​ជា​សម្បត្តិ​រដ្ឋ៕

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

អាជ្ញាធរក៏មិនចេះតែដេញប្រជាពលរដ្ធដោយឥតបានគិតមុននោះដែរគឺប្រជាពលរដ្ធខ្លះលោកមិនបានយល់ថាកន្លែងណាខ្លះដែលលោកបានដាក់ទូបលក់ដួរហើយកន្លែងខ្លះមិនឲ្យដាក់លក់ដួរដួច្នេះពលរដ្ធទាំងនោះត្រូវតែដឹង។អ្នកដែលបាននិយាយនោះទាល់តែដួចនៅសហរដ្ធអាមេរិកទើបបានដឹងខ្លួន។នៅសហរដ្ធអាមេរិកបើប្រជាពលរដ្ធណាមួយដែលបានរស់នៅមិនគោរពច្បាប់គេនឹងដាក់ពិន័យពិតជាមិនខាន។

Jan 17, 2010 11:22 AM

អ្នក​អាន​អនាមិក

all shore should belong to the public not to any one.

Jan 17, 2010 10:45 AM

គេហទំព័រ​ទាំងមូល