អាជ្ញាធរ​ខ្មែរ​ទាមទារ​សំណង​ជូន​ពល​រដ្ឋ​ខ្មែរ​រង​គ្រោះ​នៅ​ថៃ

ប្រជា​ពល​រដ្ឋ​ខ្មែរ​ចំនួន​៧​នាក់ ដែល​ជា​កម្មករ​ស៊ី​ឈ្នួល​ឆ្លង​ដែន​ធ្វើ​ចម្ការ​ឲ្យ​គេ ដែល​រង​គ្រោះ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ស្រុក​ថៃ​នោះ បច្ចុប្បន្ន​កំពុង​ដេក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ។
ដោយ សួន សុផល មុន្នី
2010-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជា​ពល​រដ្ឋ​ខ្មែរ​ចំនួន​៧​នាក់ ដែល​រង​គ្រោះ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្រឡាប់​រថ​យន្ត នៅ​ស្រុក​ថៃ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​សីហា ឥឡូវ​កំពុង​សម្រាប់​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​ស្រះ​កែវ​។

លោក ពេជ្រ សារ៉េន អធិការ​នគរបាល​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ ទី​២៧ ខែ​សីហា​ថា សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​ប្រជា​ពល​រដ្ឋ​ខ្មែរ​៤​នាក់ ដែល​របួស​ធ្ងន់​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ​ខេត្ត​ស្រះ​កែវ ចំណែក​បី​នាក់​ទៀត ដែល​រង​របួស​ស្រាល កំពុង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ស្រុក​ខ្លង​ហាត។

ប្រជា​ពល​រដ្ឋ​ខ្មែរ​៤​នាក់ ដែល​រង​របួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ខេត្ត​ស្រះ​កែវ​នោះ មានឈ្មោះ ដា អាយុ​២៥​ឆ្នាំ ឈ្មោះ ធឿន អាយុ​២៥​ឆ្នាំ ឈ្មោះ ប៊ុន ដន អាយុ​៤៨​ឆ្នាំ និង​អ្នក​របួស​ស្រាល​បី​នាក់​ទៀត មាន​ឈ្មោះ យ៉ម ចាន់​ឈឿន អាយុ​២៥​ឆ្នាំ ឈ្មោះ ឡាម ប្រុស អាយុ​២៦​ឆ្នាំ និង​ឈ្មោះ ឆយ ឆម អាយុ​២៦​ឆ្នាំ។

ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​៧​នាក់ រស់​នៅ​ឃុំ​អូរ​សំព័រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឆ្លង​ដែន​ពី​ទឹក​ដី​ខ្មែរ តាម​ច្រក​បឹង​បេង ជាប់​ស្រុក​ម៉ាឡៃ រួច​ជិះ​រថ​យន្ត​ថៃ​មួយ​បាំង​កន្លះ ក្នុង​គោល​បំណង​ទៅ​ស៊ី​ឈ្នួល​ធ្វើ​ការ​ឲ្យ​គេ​ក្នុង​ប្រទេស​ថៃ។ នៅ​ពេល​ជិះ​ទៅ​ដល់​ភូមិ​មួយ ក្នុង​ឃុំ​ខ្លង​ហាត ស្រុក​ខ្លង​ហាត ខេត្ត​ស្រះ​កែវ រថ​យន្ត​នោះ បាន​បើក​ជៀស​គ្នា​ជា​មួយ​រថ​យន្ត​មួយ​ផ្សេង​ទៀត បណ្ដាល​ឲ្យ​រត់​ខុស​ផ្លូវ​ក្រឡាប់​រង​គ្រោះ។ មេឃុំ​អូរ​សំព័រ លោក ព្រំ ស្រៀន បាន​មាន​ប្រសាសន៍​ថា ប្រជា​ពល​រដ្ឋ​ទាំង​៧​នាក់ រស់​នៅ​ក្នុង​ឃុំ​អូរ​ព័រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ។ លោក​មេ​ឃុំ​បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន​កំពុង​គិត​គូ​ជុំ​វិញ​បញ្ហា​ខាង​លើ​នេះ។

លោក អាន សារ៉ាយ មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​ខ្មែរ-ថៃ បាន​ឲ្យ​ដឹង​ថា មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​នឹង​ធ្វើ​ការ​ងារ​បន្ត​ជា​មួយ​ភាគី​អាជ្ញាធរ​ថៃ ដើម្បី​ទាមទារ​ឲ្យ​ម្ចាស់​រថ​យន្ត​ថៃ​ទទួល​ខុស​ត្រូវ​ចំពោះ​គ្រោះ​ថ្នាក់​ខាង​លើ​នេះ។

កាល​ពី​ដើម​ឆ្នាំ​២០០៩ កន្លង​ទៅ ប្រជា​ពល​រដ្ឋ​ខ្មែរ​ជាង​១០​នាក់ នៅ​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ក៏​ធ្លាប់​ទទួល​រង​គ្រោះ​ថ្នាក់​បាក់​ដៃ​បាក់​ជើង ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដូច​គ្នា​នេះ​ដែរ។ ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​នោះ ក្រោយ​ពី​រង​គ្រោះ​ត្រូវ​បាន​សមត្ថ​កិច្ច​ថៃ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​ថៃ ក្រោយ​មក​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​នោះ​ទទួល​បាន​សំណង​ខ្លះ​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​របស់​ប្រទេស​ថៃ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល