តុលាការ​កោះ​ហៅ​សកម្មជន​ការពារ​ព្រៃឈើ​​​៨​នាក់​ទៅ​សួរ​ចម្លើយ

ខណៈ​ដែល​សកម្មជន​ការពារ​ព្រៃ​ឈើ​ម្នាក់​បាន​រង​ការ​បាញ់​ឲ្យ​របួស​កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​មិន​ទាន់​បាន​ព្យាបាល​ឲ្យ​ជា​សះ​ស្បើយ​នៅ​ទ្បើយ​នោះ បែរ​ជា​មាន​សកម្មជន​៨​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ស្ពឺ​កោះ​ហៅ​ទៅ​សាក​សួរ​ចម្លើយ។
ដោយ សុខ សេរី
2010-01-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សកម្មជន​ការពារ​ព្រៃឈើ​ចំនួន​៨​នាក់​នៃ​អង្គការ​ឃ្លាំ​មើល​និង​ការពារ​សម្បតិ្ត​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ស្ពឺ បាន​កោះ​ហៅ​ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​ជា​បន្ត​បន្ទាប់​គ្នា​នៅ​ថៃ្ង​២៧ និង​ថៃ្ង​២៨ មករា​ឆាប់ៗ​នេះ ក្រោម​បទ​ចោទ​ប្រកាន់​ថា បាន​កាប់​រាន​ព្រៃ​ឈើ​ខុស​ច្បាប់ ជំរិត​ទារ​ប្រាក់​ពី​ឈ្មួញ​រក​ស៊ី​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​និង​បទ​រំលោភ​ដែន​ការពារ​ព្រៃ​ឈើ​របស់​ក្រសួង​បរិស្ថាន។

សកម្មជន​ចំនួន​៨​នាក់​នោះ​មាន​ឈ្មោះ គុយ សំអាង, ទ្បោះ វិត, ហឹម រិទ្ធ, រស់ ឆែម, សម សារិទ្ធ, ឈន សាម៉ាឌី, ភី ចាន់ឌី និង​ឈ្មោះ សុខ រដ្ឋា។ ដើម​បណ្ដឹង​នៃ​សំណុំ​រឿង​នេះ គឺ​លោក ឈុន ជាហេង ដែល​ជា​ប្រធាន​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល ខេត្ត​កំពង់ស្ពឺ។

លោក ជា ហ៊ាន ជា​ប្រធាន​នៃ​អង្គការ​ឃ្លាំ​មើល​និង​ការពារ​សម្បតិ្ត​ធនធាន​ធម្មជាតិ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ៖ «ករណី​ចោទ​ប្រកាន់​របស់​មន្រ្តី​ឧទ្យានុរក្ស​ហ្នឹង គឺ​ជា​ការ​ប្រឌិត​រឿង»

សកម្មជន​ការពារ​ព្រៃ​ឈើ​ម្នាក់​នៅ​ក្នុង​ចំណោម​៨​នាក់ ដែល​កំពុង​រង​ការ​កោះ​ហៅ​ឲ្យ​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​​តុលាការ​ខេត្ត​កំពង់ស្ពឺ នៅ​ថៃ្ង​ពុធ ទី​២៧ ខែ​មករា​នេះ បាន​ថែ្លង​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​អំពី​ចាប់​ឃុំ​ខ្លួន​ក្រោយ​ពី​ការ​សាក​សួរ​នោះ ៖ «ព្រួយ​បារម្ភ​ពី​រឿង​ដែល​ខ្ញុំ​មិន​បាន​ធ្វើ​ហើយ​មាន​ដីកា​កោះ​អ៊ីចឹង។ ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាច​គេ​ធ្វើ​អ្វី​មិន​គប្បី​មក​លើ​រូប​ខ្ញុំ។ ...គេ​ចោទ​ពី​បទ​ទន្រ្ទាន​កាប់​ព្រៃ​យក​ដី​ចូល​ដែន​សមត្ថកិច្ច​និង​បទ​ជំរិត​ទារ​ប្រាក់។ ខ្ញុំ​អត់​ដែល​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​នោះ​ទេ ធ្លាប់​ចូល​ជាមួយ​ព្រះរាជ​អាជ្ញា​ម្ដង ហើយ​ចូល​លើក​ក្រោយ​នេះ គ្រាន់​តែ​ចូល​ដល់​ភូមិ​គេ គេ​ដក​ហូត​ម៉ូតូ​៤​គ្រឿង»

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​ព្រះរាជ​អាជ្ញា​រង​នៃ​តុលាការ​ខេត្ត​កំពង់ស្ពឺ លោក មុត ដារ៉ា បាន​ទេ​នៅ​ថៃ្ង​អង្គារ ២៦ មករា​នេះ ដើម្បី​បញ្ជាក់​ថា តើ​នឹង​មាន​ការ​ចាប់​ឃុំ​ខ្លួន​ឬ​យ៉ាង​ណា​នៅ​ជុំវិញ​សំណុំ​រឿង​នោះ ដោយ​លោក​កំពុង​តែ​ជាប់​រវល់​នៅ​ក្នុង​សវនាការ ប៉ុន្តែ​ក្រទ្បា​បញ្ជី​របស់​លោក​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ច្បាស់​ទេ​អំពី​ការ​ចាប់​ឃាត់​ខ្លួន​ឬ​ក៏​អត់​ទេ​ក្រោយ​ពី​ការ​សាកសួរ​រួច​ហើយ​នោះ ៖ «អត់​ទាន់​ដឹង​ថា​ម៉េច​ទេ គ្រាន់​តែ​ហៅ​មក​សួរ​ចម្លើយ​ឲ្យ​ដឹង​ថា​ម៉េចៗ​សិន»

លោក ជា ហ៊ាន ប្រធាន​អង្គការ​ឃ្លាំ​មើល​និង​ការពារ​សម្បតិ្ត​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​សកម្មជន​ចំនួន​៨​នាក់​នោះ​បាន​រង​ការ​ប្តឹង​ដូច​គ្នា ដោយ​លោក ឈុន ជាហេង ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ បាន​ប្តឹង​ពួកគាត់​ទៅ​តុលាការ​ក្រុង​ភ្នំពេញ ប៉ុន្តែ​តុលាការ​នេះ​បាន​បង្វិល​សំណុំ​រឿង​នោះ​ឲ្យ​ទៅ​តុលាការ​ខេត្ត​កំពង់ស្ពឺ​ជា​អ្នក​ចាត់ការ​វិញ។

ការ​ប្តឹង​នោះ​បាន​ធ្វើ​ទ្បើង​កាល​ពី​ថៃ្ង​ទី​១២ ខែ​មករា ឆ្នាំ​២០០៩ ក្រោយ​ពី​លោក ជា ហ៊ាន និង​សកម្មជន​របស់​លោក​បាន​ចូល​ទៅ​ស៊ើប​អង្កេត​និង​តាម​ដាន​អំពើ​កាប់​រាន​ព្រៃឈើ​ខុស​ច្បាប់​និង​ដឹក​ឈើ​ខុស​ច្បាប់​នៅ​តំបន់​នោះ កាល​ពី​ថៃ្ង​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០០៨​កន្លង​ទៅ ដែល​លោក ជា ហ៊ាន បាន​អះអាង​ថា ព្រៃឈើ​ចំនួន​៣.០០០​ហិកតា​បាន​រង​ការ​កាប់​រាន​ដើម្បី​ចាប់​យក​ដីធ្លី​នៅ​ទី​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល