ខួប​៨​ឆ្នាំ​នៃ​ការ​គ្រង​រាជ​សម្បត្តិ​របស់​ព្រះមហាក្សត្រ​ព្រះ​នរោត្តម សីហមុនី

ស្ថាប័ន​ជាតិ អន្តរជាតិ ព្រម​ទាំង​អង្គទូត​នានា បាន​ចេញ​សារ​លិខិត​ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ ព្រះករុណា សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​ត្រូវ​ជា​បុត្រា​របស់​សម្ដេចឪ ក្នុង​ឱកាស​ខួប​លើក​ទី​៨ នៃ​ការ​ឡើង​គ្រងរាជ្យ​របស់​ព្រះអង្គ។
ដោយ សេក បណ្ឌិត
2012.10.30
សីហមុនី305 ព្រះ​មហាក្សត្រ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី យាង​ចូលរួម​ក្នុង​ទិវា​ដាំ​កូន​ឈើ​នៅ​ខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​៩ កក្កដា ២០០៩។
RFA Photo/Mom Sophon

ការ​ថ្វាយ​ព្រះពរ​ព្រះមហាក្សត្រ នៅ​ឆ្នាំ​នេះ បាន​ធ្វើ​ឡើង​ចំ​ពេល​នឹង​សារ​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ត្រូវ​ជា​ព្រះ​បិតា​របស់​ព្រះមហាក្សត្រ ដែល​ប្រជារាស្ត្រ​ខ្មែរ​នៅ​កាន់​មរណទុក្ខ​នៅ​ឡើយ។

ទោះ​បី​ព្រះមហាក្សត្រ​ទ្រង់​កំពុង​កាន់​ព្រះរាជ​មរណទុក្ខ​យ៉ាង​ណា​ក្តី ក៏​ប្រមុខ​រដ្ឋាភិបាល មន្ត្រី​រាជការ ព្រម​ទាំង​ប្រជាពលរដ្ឋ​ទូទៅ បាន​ឆ្លៀត​ឱកាស​ថ្វាយ​ព្រះពរ​ដល់​ព្រះអង្គ ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​ខួប​លើក​ទី​៨ នៃ​ការ​យាង​គ្រង​សិរី​រាជសម្បត្តិ នៅ​ថ្ងៃ​ទី២៩ តុលា ឆ្នាំ​២០១២។

សារ​ថ្វាយ​ព្រះពរ មាន​ខ្លឹម​សារ​ប្រហាក់​ប្រហែល​គ្នា គឺ​សុំ​ឲ្យ​ព្រះអង្គ​ប្រកប​ដោយ​ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍ ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា វាងវៃ ព្រះ​កាយពល​មាំមួន ខ្លាំងក្លា ព្រះជន្ម​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​ព្រះអង្គ​ទ្រង់​គង់​ក្នុង​ព្រះ​បរម​សិរី​រាជសម្បត្តិ បន្ត​ពី​ព្រះរាជ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​ពី​ព្រះករុណា ព្រះ​មហា​វីរក្សត្រ ជា​ព្រះវ​រាជបិតា ដើម្បី​សុខដុម​រមនា​សម្បូរ​សប្បាយ ថ្កុំថ្កើង រុងរឿង យូរ​អង្វែង សម្រាប់​មាតុភូមិ និង​ប្រជារាស្ត្រ​ត​រៀង​ទៅ។

ស្រប​ពេល​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​មាន​ក្តី​រំពឹង​ថា ព្រះអង្គ​នឹង​មាន​ទសពិធរាជធម៌ ទ្រង់​គង់​ជា​ម្លប់​ដល់​កូន​ចៅ​ដូច​ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ទ្រង់​ទើប​នឹង​សោយ​ទិវង្គត កាល​ពី​ពាក់​កណ្ដាល​ខែ​តុលា នេះ។

ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កំពង់ចាម លោកតា មាស លី មាន​ប្រសាសន៍​ថា សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​បច្ចុប្បន្ន មាន​ទសពិធរាជធម៌​សម្រាប់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ពេញ​បរិបូរណ៍៖ «ជា​ព្រះមហាក្សត្រ​ដ៏​ល្អ​សម្រាប់​ការ​គ្រប់គ្រង​រាជ​របស់​ព្រះ​បរមនាថ សីហមុនី។ ព្រះអង្គ​ញ៉ាំង​ដល់​ពពួក​ជន​ជា​ប្រជារាស្ត្រ​របស់​ព្រះអង្គ ឲ្យ​នៅ​ក្រោម​ម្លប់​ពោធិ៍ បង្ក​ឲ្យ​មាន​សេចក្តី​សុខ​សេចក្តី​ចម្រើន។ ព្រះអង្គ​តែង​តែ​រំពឹង​មើល​នូវ​អាណាចក្រ​របស់​ព្រះអង្គ ហើយ​កន្លែង​ណា​ដែល​ប្រជារាស្ត្រ​អត់​ឃ្លាន ព្រះអង្គ​ត្រូវ​ចុះ​ដោះ​ទុក្ខ​របស់​ប្រជារាស្ត្រ​ជា​ភារៈ​របស់​ជាតិ»

នៅ​ពេល​ទៅ​មុខ​ទៀត លោក​សុំ​ទ្រង់​មាន​ព្រះរាជបូជនីយកិច្ច​ប្រមើល​មើល​បន្ថែម​ទៀត​លើ​បញ្ហា​សង្គម​កិច្ច ការ​អប់រំ ភាព​យុត្តិធម៌​ក្នុង​សង្គម សម្រាប់​កូន​ចៅ​របស់​ព្រះអង្គ៖ «ការ​អប់រំ ដូច​ជា​ព្រះ​បរម​ក្សត្រ​ដែល​ព្រះអង្គ​ចូល​ទិវង្គត​ទៅ ព្រះអង្គ​អប់រំ គឺ​ក្នុង​អាស៊ី​ទាំង​អស់​ហ្នឹង មាន​តែ​ព្រះអង្គ​ទេ​ដែល​គ្រូ​បង្រៀន​ប្រាក់​ខែ​ខ្ពស់​លើស​គេ មាន​សុជីវធម៌ មាន​សីលធម៌ ការ​ប្រតិបត្តិ​ទៅ​មក​ស្គាល់​តូច​ស្គាល់​ធំ ហើយ​សុជីវធម៌​ក្តី សីលធម៌​ក្តី យុត្តិធម៌​ក្នុង​សង្គម​ក្តី កើត​ឡើង​ពី​ការ​អប់រំ ដូច្នេះ​សូម​ព្រះអង្គ​ប្រឹងប្រែង»

ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រៃវែង វិញ លោក ថន សុន ក៏​មាន​ការ​ចាប់​អារម្មណ៍​ដែរ​ថា ព្រះមហាក្សត្រ​សព្វ​ថ្ងៃ ចាប់​តាំង​ពី​ទ្រង់​បាន​គ្រងរាជ​អស់​រយៈពេល ៨ឆ្នាំ​កន្លង​មក ព្រះអង្គ​បាន​ជួយ​សម្រាល​នូវ​ទុក្ខ​លំបាក​ជាច្រើន​ដល់​ប្រជារាស្ត្រ៖ «ព្រះអង្គ​បាន​ដាក់​តម្លៃ​របស់​ព្រះអង្គ ឬ​ឋានៈ​របស់​ព្រះអង្គ​ស្មើ​នឹង​រាស្ត្រ​សាមញ្ញ។ ព្រះអង្គ​បាន​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​ឆ្ងាយៗ ជាពិសេស​ប្រជាពលរដ្ឋ​ខ្សត់ខ្សោយ​ខ្វះ​ស្បៀង នេះ​ជា​កាយវិការ​មនុស្សធម៌​ដ៏​ល្អ ដែល​ព្រះអង្គ​យក​លំអាន​តាម​ព្រះបិតា​របស់​ព្រះអង្គ គឺ​សម្ដេច​ព្រះ នរោត្តម ស៊ីហនុ»

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា ចាំបាច់​ណាស់​នូវ​ស្ថាប័ន​រាជបល្ល័ង្ក ដែល​មាន​អង្គ​ព្រះមហាក្សត្រ​គ្រងរាជ​ជា​បង្គោល​គ្រឹះ​យ៉ាង​រឹងមាំ ឬ​ជា​ចំណង​ចង​ខ្មែរ​ឲ្យ​មាន​សាមគ្គីភាព ឯកភាព​ជាតិ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ភាព​សុខសាន្ត៖ «យើង​បាន​រួបរួម​គ្នា យើង​បាន​កសាង​ឯកភាព​បាន​យ៉ាង​ច្រើន។ ហើយ​តាំង​ពី​ជំនាន់​អ៊ុនតាក់​មក បាន​កសាង​នូវ​មូលដ្ឋាន​លទ្ធិប្រជាធិបតេយ្យ មាន​ការ​គោរព​សិទ្ធិ​មនុស្ស ហើយ​នឹង​ការ​កសាង​សង្គម​មួយ​បើក​ចំហ ហើយ​ក៏​មាន​ការ​ចម្រុង​ចម្រើន​ជា​បន្ត​បន្ទាប់»

លោក​បន្ត​ថា ជាង​នេះ​ទៅ​ទៀត ប្រជារាស្ត្រ​ចង់​ឃើញ​ព្រះអង្គ​ពង្រឹង​ព្រះរាជ​តួនាទី​របស់​ទ្រង់​បន្ថែម​ទៀត ដូច​អ្វី​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ជាតិ៖ «ព្រះអង្គ​ជា​ព្រះ​ប្រធាន​នៃ​សមាជ​ជាតិ ក្នុង​រដ្ឋធម្មនុញ្ញ​ថា​ខែ​ធ្នូ ហើយ​មួយ​ឆ្នាំ​ម្តងៗ ហើយ​ព្រះអង្គ​ជា​ព្រះអធិបតី ហើយ​អត់​មាន​អាហ្នឹង​ផង នេះ​ជា​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ប្រជាពលរដ្ឋ។ ហើយ​ឥឡូវ​មិន​ទាន់​បង្កើត​ផង ជាច្រើន​ឆ្នាំ ហើយ​ព្រះអង្គ​ជា​ព្រះ​ប្រធាន ជា​អ្នក​ធានា​ឲ្យ​មាន​ឯករាជ្យ​របស់​តុលាការ ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស អ្នក​ធានា​ឲ្យ​មាន​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ​នានា ទាំង​ហ្នឹង​ត្រូវ​ឲ្យ​ព្រះអង្គ​ចូល​រួម ហើយ​សកម្ម ប៉ុន្តែ​មិន​សកម្ម​ឲ្យ​ទៅ​ចាត់​ចែង​ជួស​ទេ គឺ​គ្រាន់​ថា​មាន​ព្រះ​តម្រិះ​ដូច​ជា​រឿង​តុលាការ​អត់​ឯករាជ្យ កាត់​ទោស​អយុត្តិធម៌ អាហ្នឹង​គឺ​ព្រះអង្គ​អាច​សើរើ​ហើយ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ»

ឧត្តម​ក្រុម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ មាន​ប្រសាសន៍​ថា ព្រះករុណា​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី ជា​ក្សត្រ​មួយ​ព្រះអង្គ​ដែល​គោរព​ច្បាប់​បាន​ល្អ ទ្រង់​បាន​បំពេញ​ព្រះរាជ​តួនាទី​តាម​អតីត​ព្រះមហាក្សត្រ គឺ​ការ​បង្រួម​បង្រួម​ជាតិ​ជុំវិញ​ព្រះរាជបល័្លង្ក និង​ការ​យក​ព្រះទ័យ​ទុក​ដាក់​លើ​រាស្ត្រ​ក្រីក្រ​ជា​សំខាន់៖ «ការ​ខ្វះ​ខាត​របស់​ប្រជាពលរដ្ឋ ជាពិសេស​ផ្ទះ​ខ្ទម​ខ្លះ​លោក​យាង​ចូល​ទៅ​បើក​ឆ្នាំង​មើល​អី ហើយ​ផ្តល់​អំណោយ​ផ្តល់​អី តាម​ប្រពៃណី​ខ្មែរ​យើង នេះ​ជា​តួនាទី​របស់​ព្រះរាជា​ខ្មែរ​យើង​តាំង​ពី​ណា​នៃ​មក យ៉ាង​ហោច​ណាស់​តាំង​ពី​ព្រះបាទ ជ័យវរ្ម័ន​ទី៧ មក ដែល​លោក​មាន​បន្ទូល​ថា ទុក្ខ​វេទនា​របស់​ប្រជារាស្ត្រ ជា​ទុក្ខ​វេទនា​របស់​ព្រះរាជា»

ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះអង្គ​យាង​គ្រង​សិរី​រាជសម្បត្តិ​នៅ​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០០៤។

រដ្ឋធម្មនុញ្ញ​កម្ពុជា ជំពូក​២ ស្ដីពី​ព្រះមហាក្សត្រ ត្រង់​មាត្រា​៧ មាន​ចែង​ថា ព្រះមហាក្សត្រ​កម្ពុជា ទ្រង់​គ្រង​រាជសម្បត្តិ ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ។ ព្រះមហាក្សត្រ​ទ្រង់​ជា​ព្រះ​ប្រមុខ​រដ្ឋ​មួយ​ជីវិត។ រីឯ​មាត្រា​៨ មាន​ចែង​ថា ព្រះមហាក្សត្រ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​និរន្តរភាព​ជាតិ។

ក្នុង​ឱកាស​រាជាភិសេក​នា​ឆ្នាំ​២០០៤ នោះ ព្រះមហាក្សត្រ​ព្រះបាទ ព្រះ​បរមនាថ នរោត្ដម សីហមុនី ទ្រង់​បាន​សច្ចា​ថា​នឹង​ប្រព្រឹត្ត​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ទាំង​ឡាយ​នៃ​ព្រះរាជាណាចក្រ ហើយ​នឹង​តាំង​ព្រះទ័យ​ធ្វើ​ផល​ប្រយោជន៍​ដល់​រដ្ឋ និង​ប្រជារាស្ត្រ។ ព្រះអង្គ​ប្រកាស​ទៀត​ថា នឹង​មិន​គង់​នៅ​ឆ្ងាយ​ពី​ប្រជានុរាស្ត្រ​ជា​ទី​ស្នេហា​របស់​ព្រះអង្គ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។