អ្នក​វិភាគ​អះអាង​ថា​ការ​មិន​យក​ពន្ធ​ដី​ជា​ការ​ខាត​ប្រយោជន៍​ជាតិ​ធ្ងន់ធ្ងរ

ការ​ប្រកាស​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ថា​នឹង​មិន​យក​ពន្ធ​ដីធ្លី​របស់​កសិករ​ឡើយ ក្នុង​គោល​បំណង​លើក​កម្ពស់​ជីវភាព​កសិករ។ ប៉ុន្តែ​អ្នក​វិភាគ​សង្គម និង​អ្នក​នយោបាយ​មួយ​ចំនួន បាន​អះអាង​ថា ការ​មិន​យក​ពន្ធ​នេះ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ធ្វើ​ឲ្យ​បាត់​បង់​ចំណូល​ជាតិ ទំនាស់​ដីធ្លី រួម​ទាំង​បង្ក​ឲ្យ​មាន​ភាព​អសកម្ម​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម។
ដោយ អាន ស៊ីថាវ
2013-01-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កសិករ​កំពុង​ច្រូត​ស្រូវ។
កសិករ​កំពុង​ច្រូត​ស្រូវ។
RFA/Mom Sophon

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា កំឡុង​ពេល​ដែល​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី លោក​នឹង​មិន​យក​ពន្ធ​លើ​ដីធ្លី​ពី​កសិករ​ឡើយ។ ប៉ុន្តែ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ជំរុញ​រាជ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន ឲ្យ​យក​ពន្ធ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ស្រប​ពេល​ដែល​ប្រទេស​លើ​ពិភពលោក​តិច​ណាស់​ដែល​មិន​យក​ពន្ធ​ដី។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយ​តប​ថា ការ​យក​ពន្ធ​ដី គឺ​ជា​ការ​សង្កត់​ទៅ​លើ​កសិករ ហើយ​បច្ចុប្បន្ន​មិន​ត្រឹម​តែ​មិន​យក​ពន្ធ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ត្រូវ​ជួយ​លើក​កម្ពស់​កសិករ​តាម​រយៈ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ ដើម្បី​លើក​កម្ពស់​ជីវភាព​របស់​កសិករ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​បន្ថែម​ថា ពិត​ហើយ​ថា​ការ​ប្រមូល​ពន្ធ​ជា​ចំណូល​ថវិកា​ជាតិ សម្រាប់​យក​ទៅ​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ ផ្លូវ​ថ្នល់ សាលា​រៀន ឬ​មន្ទីរពេទ្យ ត្រឡប់​ទៅ​វិញ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ចាំ​បាច់​យក​ពី​កសិករ​ទេ ដោយ​ចាត់​ទុក​ថា​ការ​មិន​យក​ពន្ធ​នេះ​ជា​ការ​ឧបត្ថម្ភ​ធន​របស់​រដ្ឋាភិបាល​បន្ថែម។

អ្នក​វិភាគ​សេដ្ឋកិច្ច​បាន​អះអាង​ថា ការ​ឧបត្ថម្ភ​ធន​ពិត​ជា​មាន​សារសំខាន់ ដែល​ជា​ជំនួយ​ហិរញ្ញវត្ថុ​របស់​រដ្ឋ ឬ​ស្ថាប័ន​សាធារណៈ ជួយ​ចំពោះ​បុគ្គល ដើម្បី​លើក​ស្ទួយ ឬ​ទ្រទ្រង់​សកម្មភាព​ឲ្យ​មាន​ដំណើរ​ការ​ទៅ​មុខ។ ប៉ុន្តែ​ប្រទេស​មួយ​អាច​រីក​ចម្រើន​ទៅ​បាន គឺ​ដោយ​សារ​ការ​យក​ពន្ធ ហើយ​បើ​រដ្ឋ​បោះពុម្ព​លុយ​បន្ថែម​ដើម្បី​ចំណាយ គឺ​មាន​ហានិភ័យ​ទាក់​ទង​នឹង​អតិផរណា។ បន្ថែម​ពី​លើ​បញ្ហា​នេះ ការ​មិន​យក​ពន្ធ គឺ​ធ្វើ​ឲ្យ​ប្រទេស​មួយ​កាន់​តែ​ពឹង​លើ​កម្ចី​បរទេស​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត សម្រាប់​អភិវឌ្ឍ​ប្រទេស។

អ្នក​វិភាគ​ឯករាជ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ប្រទេស​មួយ​មិន​យក​ពន្ធ មាន​ន័យ​ថា​ប្រជាជន ជា​ពិសេស​កសិករ​ក្នុង​ប្រទេស​នោះ​កាន់​តែ​ខ្ជិល ព្រោះ​ថា​កសិករ​គិត​ថា​ដី​នោះ​គ្មាន​តម្លៃ។ ដូច្នេះ​ការ​យក​ពន្ធ ធ្វើ​ឲ្យ​ប្រជា​កសិករ​ខិតខំ​ប្រឹងប្រែង​បង្ក​បង្កើន​ផល ហើយ​បញ្ហា​សំខាន់​ផ្សេង​ទៀត​នៃ​ការ​មិន​យក​ពន្ធ គឺ​អាច​ធ្វើ​ឲ្យ​មាន​ជម្លោះ​ដីធ្លី​កើន​ឡើង​ដែរ។

លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​បន្ថែម​ថា ប្រសិន​បើ​ចង់​ជួយ​កសិករ គឺ​ត្រូវ​កំណត់​ថា​ទំហំ​ដី​កសិកម្ម​ប៉ុណ្ណា​ដែល​ត្រូវ​យក​ពន្ធ ឬ​ទំហំ​ក្រោម​បី​ហិកតារ គឺ​ត្រូវ​លើក​លែង​ពន្ធ ប៉ុន្តែ​ទំហំ​ដី​ច្រើន​ជាង​នេះ គឺ​ត្រូវ​យក​ពន្ធ​ដើម្បី​ចំណូល​ថវិកា​ជាតិ។

ការ​អង្កេត​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច បាន​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​មាន​ក្បាល​ដី​ចំនួន​ជាង ២​លាន ៨​សែន ជា​ដី​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ហើយ​តាម​តួលេខ​បញ្ជាក់​ថា កសិករ​មាន​ដី​កសិកម្ម​ជា​មធ្យម​ប្រមាណ ១​ហិកតារ។ ផ្ទុយ​ទៅ​វិញ ការ​ស្រាវជ្រាវ​ថ្មី​នានា​បាន​បង្ហាញ​ថា គ្រួសារ​មាន​ដីធ្លី​មាន​ប្រមាណ​កន្លះ​ហិកតារ ដែល​បាន​បង្ហាញ​អំពី​អសមត្ថភាព​នៃ​ការ​កាន់​កាប់​ដី​នៅ​ប្រទេស​កម្ពុជា។

របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​បណ្ដុះ​បណ្ដាល​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា គ្រួសារ​ចន្លោះ​ពី ១២% ទៅ ១៥% នៃ​ចំនួន​គ្រួសារ​នៅ​ជនបទ គឺ​គ្មាន​ដី​កសិកម្ម​ទេ ហើយ​អ្នក​ដែល​គ្មាន​ដីធ្លី នឹង​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ប្រមាណ ២%។ តាម​ការ​ប៉ាន់​ស្មាន​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ បាន​បង្ហាញ​ថា ទំនាស់​ដីធ្លី​មាន​កើន​ឡើង​លើស​ពី ២០% រៀង​រាល់​ឆ្នាំ។

លោក សុខ ទូច បាន​បញ្ជាក់​ទៀត​ថា ការ​យក​ពន្ធ​ដី គឺ​ធ្វើ​ឲ្យ​អ្នក​មាន​ដី​ច្រើន​រាប់​រយ​ហិកតារ ដែល​ទុក​បង្កក​សម្រាប់​យក​ផល​ចំណេញ ត្រូវ​បង្វែរ​ជួល​ដី​នោះ​ឲ្យ​កសិករ ឬ​បង្ក​បង្កើន​ផល​ដោយ​ខ្លួន​ឯង​ផ្ទាល់ ហើយ​កត្តា​នេះ ជា​យន្តការ​បង្កើត​ការងារ​ដើម្បី​បង្កើន​សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស។

ទោះ​ជា​យ៉ាង​ណា ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ការ​មិន​យក​ពន្ធ​ដីធ្លី​ជា​មធ្យោបាយ​មួយ​ល្អ​សម្រាប់​ជួយ​ប្រជា​កសិករ ប៉ុន្តែ​ការ​មិន​ពន្ធ​ដី​នេះ ហាក់​ដូច​ជា​បើក​ឱកាស​ឲ្យ​មន្ត្រី​មួយ​ចំនួន​ទៅ​រំលោភ​ដីធ្លី​ប្រជាពលរដ្ឋ ដែល​គ្មាន​ឯកសារ​បញ្ជាក់​លើ​ដីធ្លី​ប៉ុណ្ណោះ ហើយ​ការ​មិន​យក​ពន្ធ​លើ​ដី​ស្រែ​ប្រជាពលរដ្ឋ​នេះ ហាក់​ដូច​ជា​លេស​មួយ​ដើម្បី​ទុក​លទ្ធភាព​ដល់​ការ​មិន​យក​ពន្ធ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​មាន​ចំនួន​រាប់​លាន​ហិកតារ ដែល​នាំ​ឲ្យ​បាត់​បង់​ផល​ប្រយោជន៍​ដល់​ប្រទេស​ជាតិ។

លោក សុន ឆ័យ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា គ្រួសារ​អ្នក​មាន​អំណាច​ប្រមាណ​ជិត ៣០០​គ្រួសារ បាន​កាន់​កាប់​ដី​ស្មើ​នឹង​ដី​របស់​ប្រជាជន ១០​លាន​នាក់។

លោក សុន ឆ័យ បញ្ជាក់​ទៀត​ថា ការ​យក​ពន្ធ​លើ​ដី​ធំៗ​របស់​អ្នក​មាន​អំណាច ឬ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច គឺ​ជា​ប្រភព​ចំណូល​សំខាន់​សម្រាប់​ជួយ​ដល់​ការ​ដំឡើង​ប្រាក់​ខែ​របស់​មន្ត្រី​រាជការ និង​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​កំពុង​មាន​ជីវភាព​ខ្វះខាត។

របាយការណ៍​របស់​ធនាគារ​ពិភពលោក (World Bank) ក៏​ធ្លាប់​បាន​អះអាង​ថា នៅ​ប្រទេស​កម្ពុជា ក្នុង​ចំណោម​អ្នក​ដែល​មាន​ដី​ច្រើន​ដល់ ៥០០​ហិកតារ គឺ​៣១% ជា​អ្នក​ប្រកប​អាជីវកម្ម ២៣% ជា​មន្ត្រី​មាន​ឋានៈ​ខ្ពស់ ដែល​មាន​ងារ​ជា​ឯកឧត្ដម ២៣% ជា​ឧកញ៉ា ១៥% ជា​មន្ត្រី​យោធា​ដែល​គេ​ហៅ​ថា​ឧត្ដមសេនីយ៍ និង ៨% ជា​សមាជិក​រដ្ឋសភា។ ក្នុង​នោះ​ដែរ គ្រួសារ​ជនបទ​មួយ​ចំនួន​ធំ​ប្រមាណ ៤៦% មាន​ដី​តិច​ជាង​កន្លះ​ហិកតារ និង​គ្មាន​ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

សម្តេចចេះគិតហើយ! ក្រុមដែលឲ្យជំនូនដល់ក្រុមសម្តេចធំធាត់រាល់ថ្ងៃគឺអ្នកមានដីច្រើន។ ថាធ្វើល្អសំរាប់បានការគាំទ្រអំណាចយូរ។ រដ្ឋអត់លុយខ្ចីគេ ៉ បពា្ចាំ ប្រទេស ៉ ។ មានអំណាចមានចំណូលផ្ទាល់ខ្លួន វាអីចឹង តើអ្នកដឹងទេ?

Jan 03, 2013 11:12 PM

ធារ៉ា

ពី Phnom Penh

លោក ហ៊ុន សែន មិនដែលខ្វល់ពីប្រយោជន៍ជាតិទេ ធ្វើយ៉ាងម៉េចឲ្យតែឈ្នះឆ្នោតដើម្បីយកដំណែងការពារទ្រព្យសម្បត្តិដ៍ស្តុកស្តម្ភរបស់ខ្លួន និងបក្ខពួក។

Jan 03, 2013 03:23 PM

អ្នក​អាន​អនាមិក

Taxe on farmer's land: they will not be able to pay if you make one law to raise taxe. and i thingk the real benefits of not taking take on farm land are mainly for those okgna land lord amoung the CPP.

Jan 03, 2013 05:14 AM

គេហទំព័រ​ទាំងមូល