លោក អ៊ិន ភិរុណ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល និងឈ្មោះ ជី ធុល ត្រូវបានឃុំខ្លួននៅរសៀលថ្ងៃពុធ ។
លោក ភាព ផល បានថ្លែងថាលោក អ៊ិន ភិរុណ ត្រូវបានអាជ្ញាធរចាប់វាយខ្នោះភ្លាមៗ ចំណែកឯរូបលោកត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយមានការធានាពីឪពុកម្តាយ និងហេតុផលប្រពន្ធជិតឆ្លងទន្លេ ។
លោក ភាព ផល បានឲ្យដឹងថា ៖ «មានការខកចិត្តខ្លាំងណាស់ដោយគេចាប់លោក អ៊ិន ភិរុណហ្នឹង ដោយគាត់មិនបានធ្វើអ្វីលើគេទេបាទ» ។
តុលាការខេត្តបាត់ដំបងកាលពីខែមីនា ឆ្នាំ២០០៨នេះ បានចេញដីកាចោទប្រកាន់បុរស៤នាក់មានឈ្មោះ អ៊ិន ភិរុណ ឈ្មោះ ភាព សុផល ឈ្មោះ ផន កាន់ និងឈ្មោះ ជី ធុល រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
អ្នកទាំង៤ត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងប៉ុនប៉ងធ្វើមនុស្សឃាត ។
លោក គី ឫទ្ធី ចៅក្រមសាកសួរតុលាការខេត្តបាត់ដំបងបានថ្លែងថា បុរសទាំង៤អ្នកត្រូវបានចោទប្រកាន់តាមមាត្រា២៥៣នៃច្បាប់ភូមិបាល និងមាត្រា៣ នៃច្បាប់ស្តីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ ។
លោក ភាព សុផល ដែលត្រូវបានតុលាការដោះលែងនៅក្រៅឃុំបណ្តោះអាសន្នបានថ្លែងថា ពួកគេទាំងបួននាក់ រួមទាំងប្រជាពលរដ្ឋ២២គ្រួសារ មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់ភាគីលោក ឯម សារូ នោះទេ ។ ប៉ុន្តែការពិតនៅថ្ងៃកើតហេតុ គឺកូនប្រុសរបស់លោក អែម សារូ បានយកត្រាក់ទ័រទៅឈូសកម្ទេចរបងនិងចម្ការដំណាំរបស់អ្នកភូមិទាំង២២គ្រួសារទេ ហើយពួកគេបានព្យាយាមទម្លាក់កំហុសមកលើអ្នកភូមិ ។
លោក ភាព សុផល បានមានប្រសាសន៍ថា ៖ «ភ្ជួរបំផ្លាញរបស់ខ្ញុំហើយ ឲ្យពួកខ្ញុំដេញឃាត់ត្រាក់ទ័រអ៊ីចឹង ហើយគេបានចោទថាពួកខ្ញុំដេញគប់ដេញវាយគេ ។ បានថតរូបពួកខ្ញុំនៅហ្នឹង ដោយពួកខ្ញុំមិនដឹងថាគេមានគម្រោងការអ៊ីចឹង» ។
ទោះជាយ៉ាងណាវិទ្យុអាស៊ីសេរីមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីលោក ឯម សារូ បានទេ ប៉ុន្តែលោក រស់ លឹមសឺន អធិការរងស្រុករតនៈមណ្ឌលបានថ្លែងថា នៅថ្ងៃកើតហេតុនគរបាលស្រុកបានចុះអន្តរាគមន៍ ប៉ុន្តែលោកមិនឃើញមានហេតុការណ៍កើតឡើងដូចការចោទប្រកាន់នោះទេ ។
លោក យិន ម៉េងលី មន្ត្រីសម្របសម្រួលរបស់អង្គការការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបាត់ដំបងបានថ្លែងថា បញ្ហានេះគឺបានបង្កឡើងដោយមន្ត្រីនគរបាលយុត្តិធម៌និងតុលាការ ប៉ុន្តែតុលាការមានចំណាត់ការលឿនចំពោះបណ្តឹងអ្នកមានអំណាចនិងអ្នកមានលុយ ។
លោក យិន ម៉េងលី បានបញ្ជាក់ថា ៖ «ការចាប់ខ្លួននេះសូមឲ្យលោកចៅក្រមប្រើសតិសម្បជញ្ញៈផង ទោះបីជាលោកមានឆន្ទានុសិទ្ធិតាមផ្លូវច្បាប់ក៏ដោយ» ។
លោក ប៊ុន ឫទ្ធី មេធាវីការពារក្តីឲ្យពលរដ្ឋទាំង៤នាក់បានថ្លែងថា លោកនឹងដាក់ពាក្យសុំទៅឲ្យតុលាការខេត្តបាត់ដំបង ដើម្បីស្នើសុំឲ្យដោះលែងនៅក្រៅឃុំបណ្តោះអាសន្នតាមផ្លូវច្បាប់ ៕
