កម្ពុជា​និង​ថៃ​ព្រមព្រៀង​គ្នា​ដក​ទ័ព​ចេញ​ពី​តំបន់​ជម្លោះ

មន្រ្តី​ខ្មែរ​និង​ថៃ​បាន​សុខចិត្ត​ព្រមព្រៀង​គ្នា​ដក​កម្លាំង​ទ័ព​របស់​ខ្លួន​រៀងៗ​ខ្លួន​ចេញ​ពី​តំបន់​ប្រាសាទ​ខ្មែរ ឈ្មោះ តាមាន់ធំ ដែល​កងទ័ព​ប្រទេស​ទាំង​ពីរ​ប្រឈម​មុខ​គ្នា​កាលពី​ប្រមាណ​ជិត​មួយ​សប្តាហ៍​មក​នេះ ។
ដោយ ហាស់ សាន
2008.08.06
ទាហានខ្មែរថៃ ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២០ កក្កដា ២០០៨ ។
RFA Photo/Savyouth

នាយ​ទាហាន​នៃ​អង្គភាព​ការពារ​ព្រំដែន វរសេនីយ៍ត្រី ស៊ិម សុខា បាន​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​នានា​ដឹង​ថា ស្ថានការណ៍​នៅ​តំបន់​នោះ​បាន​ធូរ​ស្រាល​ឡើង​វិញ​ហើយ ហើយ​ថា​ទាហាន​ខ្មែរ​ប្រមាណ​៥០​នាក់ និង​ទាហាន​ថៃ​ប្រមាណ​៧០​នាក់ បាន​ដក​ថយ​ទៅ​កាន់​ទីតាំង​របស់​ខ្លួន​ហើយ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៣០០​ម៉ែត្រ​ពី​ប្រាសាទ​តូច​នោះ ។

តាម​ការអះអាង​របស់​វរសេនីយ៍​ត្រី ហូ ប៊ុនធី មេ​បញ្ជាការ​ប្រចាំការ​នៅ​តំបន់​ព្រំដែន​នោះ​ថា កិច្ចប្រជុំ​រវាង​ភាគី​ខ្មែរ​និង​ថៃ​ធ្វើ​នៅ​ទីប្រជុំជន​អូរស្មាច់​ក្នុង​ខេត្ត​ឧត្តរមានជ័យ​កាលពី​ថ្ងៃ​អង្គារ ។

ចំណែក​វិវាទ​ជុំវិញ​ប្រាសាទ​ព្រះវិហារ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក​រដ្ឋមន្រ្តី​ការពារ​ជាតិ ទៀ បាញ់ មាន​ប្រសាសន៍​ថា​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ទាហាន​ថៃ​បាន​ចូល​ទៅ​កាន់​ប្រាសាទ ហើយ​ហាម​មិន​ឲ្យ​ទាហាន​ខ្មែរ​ចូល​ទៅ​ទី​នោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​ថា​ភាគី​ទាំង​ពីរ​បាន​ដោះស្រាយ​បញ្ហា​នោះ​ជាមួយ​គ្នា​ហើយ ហើយ​ថា​ទាហាន​ទាំង​សងខាង​ត្រូវ​ដក​ទៅ​កាន់​កន្លែង​រៀងៗ​ខ្លួន ។

ក្នុង​បញ្ហា​វិវាទ​រឿង​ខ្មែរ​ថា​ប្រាសាទ​ទាំង​នោះ​ជា​របស់​ខ្មែរ ហើយ​ថៃ​ថា​ជា​របស់​ថៃ​នោះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន រើស​យក​មាគ៌ា​ដោះស្រាយ​តាម​សន្តិវិធី ។

លោក​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​នេះ​ទំនង​ជា​ដាក់​កំហុស​ថា ភាព​មិន​ច្បាស់លាស់​នេះ​បណ្តាល​មក​ពី​គ្មាន​អ្វី​សម្គាល់​តាម​ព្រំដែន​ប្រមាណ​១​សតវត្សរ៍​មក​នេះ ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ៖ «ការដោះស្រាយ​ទ្វេ​ភាគី​យើង​អាច​ដោះស្រាយ​បាន ថ្ងៃ​១៨​ខាង​មុខ​នេះ នឹង​មាន​ការជួប​រដ្ឋមន្ត្រី​ការ​បរទេស​លើក​ទី​២ ដែល​ម្សិលមិញ​ទទួល​ព័ត៌មាន​មក​ថា ឯកឧត្ដម ហោ ណាំហុង ជួប​នៅ​ហួហិន ហើយ​បន្ទាប់ពី​ការជួប​នោះ​ឯកឧត្ដម ហោ ណាំហុង នឹង​ចូល​គាល់​ព្រះ​មហាក្សត្រ​ថៃ​តែម្ដង អ៊ីចឹង​ទេ​នេះ​ក៏​ជា​ការល្អ​ដែរ ។ ឥឡូវ​អាច​នឹង​សម្រួល​ទ័ព​ទាំង​សងខាង​ឲ្យ​ថយ ហើយ​ទុក​វត្ត ទុក​លោក​សង្ឃ ទុក​យាយជី រួច​ហើយ​ចាប់​ដោះ​មីន​ព្រោះ​មីន​នៅ​ច្រើន​ណាស់ ភាគី​ទាំង​ពីរ​សហការ​គ្នា​ដោះ​មីន ។ រួច​ហើយ​វាស់វែង​ព្រំដែន បោះ​បង្គោល​ទៅ ព្រោះ​ជាយដែន​បង្គោល​មាន​តែ​ប៉ុន្មាន​សិប​បង្គោល​ហ្នឹង ប៉ុន្មាន​រយ​គីឡូ ៨០០​គីឡូ​ប្លាយ​មានតែ​ចិតសិប​ប៉ុន្មាន​បង្គោល ហើយ​បង្គោល​ខ្លះ​មិន​ដឹង​បាត់​ទៅ​ណា ? ហើយ​ដី​១០០​ឆ្នាំ​ហើយ...»

ជា​មួយ​គ្នា​នេះ​កាសែត​ថៃ ឈ្មោះ The Nation ផ្សាយ​ថ្ងៃ​ពុធ​នេះ​ថា​រដ្ឋមន្រ្តី​ការ​បរទេស​ថៃ តិក ប៊ុណ្ណៈ  និង​រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា ហោ ណាំហុង បាន​ព្រមព្រៀង​គ្នា​កាលពី​អាទិត្យ​មុន​ថា ភាគី​ទាំង​សងខាង​នឹង​ដក​កម្លាំង​ទ័ព​ចេញ​ពី​វត្ត​កែវសិក្ខាគិរីស្វារៈ ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ​នោះ ដើម្បី​បន្ធូរ​ភាព​តានតឹង​ផ្លូវ​យោធា ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។