កម្ពុជា​បញ្ជូន​ប៉ូលិស​ទៅ​ស៊ើប​ករណី​ទាហាន​ថៃ​ដុត​សម្លាប់​ពលរដ្ឋ​ខ្មែរ

មន្ត្រី​ប៉ូលិស​ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា គេ​បាន​បញ្ជូន​មន្ត្រី​ប៉ូលិស​ផ្នែក​ព្រហ្មទណ្ឌ​មួយ​ចំនួន រួម​និង​មន្ត្រី​ប៉ូលិស​ក្រុង​សំរោង​​ផង ទៅ​កាន់​តំបន់​ភូមិ​ក្រូច​សាខន ក្នុង​ឃុំ​កូន​ក្រៀល ដើម្បី​ធ្វើ​កំណត់​ហេតុ​និង​រក​ភស្តុតាង​ឲ្យ​ច្បាស់លាស់ បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថា ក្រុម​ទាហាន​ថៃ បាន​ដុត​សម្លាប់​អ្នក​ភូមិ​ខ្មែរ​ទាំង​រស់ ខណៈ​ដែល​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ ដើម្បី​កាប់​ឈើ​កាល​ពី​ពេល​ថ្មីៗ​នេះ។
ដោយ សាវយុត
2009-09-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្មេង​ប្រុស សាំង រិទ្ធ (រូប​ថត​មុន​ពេល​ស្លាប់)។
ក្មេង​ប្រុស សាំង រិទ្ធ (រូប​ថត​មុន​ពេល​ស្លាប់)។
Photo Supplied

ជំនួយ​ការ​របស់​ស្នងការ​នគរបាល​ខេត្ត​ឧត្តរ​មាន​ជ័យ លោកឡឹក សុខា បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៨ ខែ​កញ្ញា ថា កាល​ពី ២​ថ្ងៃ​មុន ប៉ូលិស​ព្រហ្មទណ្ឌ​របស់​ខេត្ត​និង​​ប៉ូលិស​ក្រុង​សំរោង មួយ​ចំនួន បាន​បញ្ជូន​ទៅ​ដល់​ភូមិ​ខ្មែរ​ដែល​មាន​ម្នាក់​ស្លាប់​និង​ម្នាក់​រង​របួស ដើម្បី​​​ស្វែង​រក​ជួប​ប្រជាពលរដ្ឋ​ចំនួន ១១​នាក់ ដែល​បាន​រត់​រួច​ពី​ការ​បាញ់​រះ​របស់​ទាហាន​ថៃ ដើម្បី​ឲ្យ​ពួក​គេ​បំភ្លឺ​ពី​ហេតុការណ៍​បាន​ឃើញ​ផ្ទាល់​ភ្នែក ថា​តើ​ក្រុម​ទាហាន​ថៃ​មួយ​ក្រុម​ពិត​ជា​បាន​ដុត​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ទាំង​រស់ កាល​ពី​ថ្ងៃ​ទី ១១ ខែ​កញ្ញា កន្លង​មក ឬ​យ៉ាង​ណា?

លោក ឡឹក សុខា មាន​ប្រសាសន៍​ដូច្នេះ ៖ «ក្នុង​ចំណោម​ជន​រង​គ្រោះ ១២​នាក់​ហ្នឹង មាន​ខ្លះ​គាត់​បាន​ឃើញ​ទាហាន​ប៉ារ៉ា​ថៃ បាញ់​សង្កត់​ក​អ្នក​របួស កន្លែង​ដែល​ដុត​ហ្នឹង ប៉ុន្តែ​ត្រង់​ហេតុការណ៍​ដែល​ឃើញ​ថា​ដុត​ផ្ទាល់ គាត់​មិន​បាន​ឃើញ​ផ្ទាល់ ព្រោះ​អី​គាត់​រត់»

អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ លោក ប៉ិច សុខិន បាន​មាន​ប្រសាសន៍​ថា ចំណាត់​ការ​របស់​ប៉ូលិស​នោះ គឺ​ជា​ការ​ប្រមូល​ឯកសារ​ទុក ហើយ​ឯកសារ​ទាំង​ឡាយ​ពិបាក​ប្រមូល ដោយសារ​មិន​បាន​ជុំ ពី​ព្រោះ​កន្លែង​កើត​ហេតុ​បាន​នៅ​ក្នុង​ទឹក​ដី​ថៃ ប៉ុន្តែ​ទោះ​យ៉ាង​ណា​សមត្ថកិច្ច​​ខេត្ត​នេះ​នៅ​តែ​ប្រឹងប្រែង​ ប្រមូល​រក​ឯកសារ​ទៅ​ទៀត។

លោក ប៉ិច សុខិន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ព័ត៌មាន​ខ្លះ​យើង​ពិបាក វា​នៅ​ទឹក​ដី​របស់​ថៃ ហើយ​យើង​អាច​ដឹង​បាន​ពី​សាក្សី​ដឹង​ឮ បាន​ឃើញ​ផ្ទាល់​ពិបាក​ដែរ»

អាជ្ញាធរ​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា ពេល​ណា​ឯកសារ​និង​ភស្តុតាង​ជុំ​វិញ​ការ​បាញ់​រះ​របស់​ទាហាន​ថៃ មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​ប្រមូល​រួច​រាល់ គេ​នឹង​ដាក់​ជូន​ទៅ​រដ្ឋាភិបាល។

សូម​បញ្ជាក់​ថា​ការ​ចាប់​ផ្តើម​ស៊ើប​អង្កេត​ទៅ​លើ​ហេតុការណ៍​ទាហាន​ថៃ​បាញ់​រះ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់ និង​មា្នក់​ទៀត​រង​របួស​នេះ បាន​ចាប់​ផ្តើម​ឡើង​បន្ទាប់​ពី​សប្តាហ៍​មុន ដែល​មន្ត្រី​​ ការ​បរទេស​ថៃ បាន​ផ្ញើ​កំណត់​ហេតុ​ការ​ទូត​​ឆ្លើយ​តប​ជា​ផ្លូវ​ការ​មក​ក្រសួង​ការ​បរទេស​ខ្មែរ​វិញ ដោយ​បដិសេធ​ថា​ទាហាន​ថៃ​មិន​បាន​ធ្វើ​ប្រតិបត្តិ​ការ​នៅ​ទី​នោះ​ទេ​នា​ថ្ងៃ​កើត​ហេតុ ហើយ​ក្រសួង​ការ​បរទេស​ខ្មែរ​នៅ​តែ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ឧត្តរ​មាន​ជ័យ និង​ស្ថាន​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ខេត្ត​សុរិន្ទ​របស់​ថៃ ប្រឹង​ប្រែង​រក​ភស្តុតាង​និង​ឯកសារ​បន្ថែម​ទៀត​នោះ។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា កន្លង​មក ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១២​នាក់ នៅ​ភូមិ​ក្រូច​សាខន និង​ភូមិ​ស្រះ​​​ព្រិច បាន​នាំ​គ្នា​ឆ្លង​ចូល​ព្រំដែន​ថៃ ដើម្បី​កាប់​ឈើ​គ្រញូង​មក​លក់​ដូរ ហើយ​ទាហាន​ថៃ​មួយ​ក្រុម​នៃ​ខេត្ត​សុរិន្ទ បាន​បាញ់​រះ​បណ្តាល​ឲ្យ​អ្នក​ភូមិ​ខ្មែរ​ម្នាក់​រង​របួស និង​ម្នាក់​ទៀត​ស្លាប់​ដោយ​មាន​ការ​ដុត​ឆេះ ដែល​គេ​ចោទ​ប្រកាន់​ថា​ទាហាន​ថៃ​បាន​ដុត​សម្លាប់​ជន​ស៊ីវិល​ខ្មែរ​ទាំង​រស់។

មេ​បញ្ជាការ​យោធភូមិ​ភាគ​ទី​២ របស់​ថៃ លោក វិប៊ុន សក្តិនីផាន បាន​បដិសេធ​ចោល​បញ្ហា​នេះ​កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា កន្លង​មក៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល