កម្ពុជា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​បើ​ប្រទេស​ថៃ​ឈ្លានពាន

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​សា​ជា​ថ្មី​ថា ប្រទេស​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ប្រសិន​ណា​បើ​មាន​ការឈ្លានពាន​ពី​សំណាក់​ប្រទេស​ថៃ​មក​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹក​ដី​ខ្មែរ​ក្នុង​ខណៈ​ដែល​ស្ថានភាព​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​នៅ​ទ្រឹង​នោះ។
ដោយ ជា មករា
2008-12-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទាហាន​ខ្មែរ​ឈរ​ជជែក​គ្នា​លេង​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ព្រះវិហារ ក្នុង​ខែត្រ​ព្រះវិហារ កាលពី​ថ្ងៃ​១៤ វិច្ឆិកា ២០០៨។
ទាហាន​ខ្មែរ​ឈរ​ជជែក​គ្នា​លេង​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ព្រះវិហារ ក្នុង​ខែត្រ​ព្រះវិហារ កាលពី​ថ្ងៃ​១៤ វិច្ឆិកា ២០០៨។
RFA Photo/Savyouth

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និង​ជា​មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​វេលា​ព្រឹក​ថ្ងៃ​សៅរ៍​យ៉ាង​ដូច្នេះ​ថា ៖ «បើសិន​ថៃ​វ៉ៃ​ចូល​ក៏​មិន​មែន​ឲ្យ​ថៃ​ចូល​ដោយ​ងាយ​បាន​ទេ។ យើង​បាន​ត្រៀម​រៀបចំ​ថា ពិត​មែន​តែ​ថៃ​មាន​កប៉ាល់​ហោះ​មាន​អី​មែន ប៉ុន្តែ​នៅ​ក្នុង​សង្គ្រាម​វា​មិន​មែន​សំខាន់​នៅ​លើ​កប៉ាល់​ហោះ​ឬ​មិន​កប៉ាល់​ទេ នៅ​ពេល​វ៉ៃ​លុក​ដំបូង​អ្នក​ណា​ដែល​ខូតខាត​ធ្ងន់​ដែល​ត្រូវ​គិត​ដែរ។ អ៊ីចឹង​ក៏​មិន​មែន​ជា​ការងាយស្រួល​ដល់​ថៃ​ដែរ»

មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា បើ​សិន​ជា​មាន​ការផ្ទុះ​អាវុធ​ដាក់​គ្នា​នៅ​តាម​បណ្ដោយ​ព្រំដែន​ប្រទេស​កម្ពុជា​ត្រូវការ​កងទ័ព​យ៉ាង​តិច​ពី​១៧០០០​នាក់​ទៅ​២០០០០​នាក់។

លោក ខៀវ កាញារីទ្ធ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ការប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​យោធា រដ្ឋាភិបាល​ខ្មែរ​បាន​សង្កេត​មើល​សេណារីយ៉ូ​ចំនួន​បី​សំខាន់ៗ គឺ​ទី​មួយ គឺ​ភាគី​ថៃ​និង​កម្ពុជា​ត្រូវ​ដោះស្រាយ​បញ្ហា​ព្រំដែន​ទាំងអស់​ដែល​មាន ទី​ពីរ​គឺ​សភាពការណ៍​មាន​ការប្រឈម​មុខ​ដាក់​គ្នា ប៉ុន្តែ​មិន​មាន​ការផ្ទុះ​អាវុធ ហើយ​ទី​បី​គឺ​ការផ្ទុះ​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​នៅ​តាម​បណ្ដោយ​ព្រំដែន។

លោក ខៀវ កាញារីទ្ធ បាន​បន្ត​ថា រដ្ឋាភិបាល​បាន​ជ្រើសរើស​យក​សេណារីយ៉ូ​ទី​ពីរ​គឺ​ការបញ្ចៀស​ការផ្ទុះ​អាវុធ​ដាក់​គ្នា និង​ធ្វើការ​ចរចា​ទ្វេ​ភាគី​ដោយ​សន្តិវិធី​បន្ត​ទៀត ហើយ​ថា​រដ្ឋាភិបាល​អាច​ធ្វើការ​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ​លុះ​ត្រា​ណា​តែ​ប្រទេស​ថៃ​ធ្វើការ​វាយ​លុយ​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ។

គួរ​ជម្រាប​ថា បញ្ហា​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​បាន​ផ្ទុះ​ឡើង​បន្ទាប់ពី​ប្រទេស​កម្ពុជា​សម្រេច​បាន​នូវ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​រួច​មក​កាលពី​ដើម​ខែ​កក្កដា​កន្លង​ទៅ​នេះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល