ក្រុម​បញ្ញវ័ន្ត​ខ្មែរ​ទាមទារ​ឲ្យ​ថៃ​ដក​ទ័ព​ចេញ​ពី​ទឹក​ដី​ខ្មែរ

ក្រុម​បញ្ញវ័ន្ត​ខ្មែរ​មួយចំនួន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៩ ខែ​កក្កដា បាន​ស្រែក​ទាមទារ​ឲ្យ​កង​ទាហាន​ថៃ​ទាំងអស់​ដែល​កំពុង​ចូល​លុកលុយ​ទឹក​ដី​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ត្រូវ​ដក​កងទ័ព​ចេញ​ដើម្បី​បញ្ឈប់​ការឈ្លានពាន​មក​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹក​ដី ។
ដោយ សាវយុត
2008.07.29
ព្រះវិហារ ទាហាន​ខ្មែរ​ដើរ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ព្រះវិហារ នៅ​លើ​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​២១ កក្កដា ២០០៨ ។
AFP Photo

កាលពី​ព្រឹក​មិញ​ក្រុម​បញ្ញវ័ន្ត​ខ្មែរ​មួយ​ក្រុម​មក​ពី​រាជបណ្ឌិតសភា​កម្ពុជា​ដែល​មាន​គ្នា​ប្រមាណ​២០​នាក់ បាន​មក​ដល់​ក្នុង​វត្ត​កែវសិក្ខាគិរីស្វារៈ នៃ​តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​ទាហាន​ឈុត​ខ្មៅ​ថៃ​កំពុង​កាន់កាប់ ។

ក្រុម​បញ្ញវ័ន្ត​ទាំង​នោះ​បាន​ដាក់​បដា​ពាក្យស្លោក​ជា​ភាសា​អង់គ្លេស​មាន​ន័យ​ថា ថៃ​ត្រូវតែ​ដក​កងទ័ព​ចេញ​ពី​ទឹក​ដី​ខ្មែរ ព្រមទាំង​បាន​ដាក់​តាំង​សាលក្រម​តុលាការ​អន្តរជាតិ ខែ​មិថុនា ឆ្នាំ​១៩៦២ ក្នុង​បំណង​បញ្ជាក់​ថា កងទ័ព​ថៃ​កំពុង​បំពាន​ខុស​ច្បាប់​ចូល​លុកលុយ​ទឹក​ដី​ខ្មែរ​ផង ។

អនុ​ប្រធាន​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិតសភា​កម្ពុជា លោក សុខ ទូច បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ធ្លាប់​ឆ្លងកាត់​សង្រ្គាម​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិន​ចង់​ធ្វើ​សង្រ្គាម​ទៀត​ទេ ក៏ប៉ុន្តែ​កង​ទាហាន​ថៃ​ត្រូវតែ​ដក​ចេញ​ពី​ទឹក​ដី​ខ្មែរ ។

លោក សុខ ទូច បាន​មាន​ប្រសាសន៍​ថា ៖ «អ្វី​ដែល​ថៃ​ធ្វើ​ពេល​នេះ ខ្ញុំ​ជឿជាក់​ថា កម្ពុជា​អាច​តប​គ្រប់​ពេល​វេលា ប៉ុន្តែ​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​ដែល​មាន​វប្បធម៌​ខ្ពស់ ស្អប់ខ្ពើម​សង្រ្គាម ។ ថៃ​ទេ​មិន​ដែល​ធ្វើ​សង្រ្គាម អ៊ីចឹង​សូម​ឲ្យ​ថៃ​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន ដោយ​គោរព​នូវ​បូរណភាព​ទឹក​ដី​របស់​កម្ពុជា»

ទោះ​យ៉ាង​ណា​អនុ​សេនីយ៍​ឯក​មេបញ្ជាការ​ទាហាន​ឈុត​ខ្មៅ​ថៃ​មួយ​រូប​ដែល​កំពុងតែ​គ្រប់គ្រង​កងទ័ព​ជុំវិញ​បរិវេណ​វត្ត​ខ្មែរ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ មិន​បាន​បង្ហាញ​ប្រតិកម្ម​ចំពោះ​ការទាមទារ​នោះ​ទេ ដោយ​គ្រាន់តែ​មាន​ប្រសាសន៍​ថា​មិន​អាច​អធិប្បាយ​បាន ។

សូម​រំឭក​ថា​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ស្រប​ពេល​ដែល​មន្រ្តី​ការ​បរទេស​ខ្មែរ​ថៃ​កំពុង​ជួប​ចរចា​គ្នា​ពី​បញ្ហា​វិបត្តិ​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ឯ​ខេត្ត​សៀមរាប នៅ​ឯ​ច្រក​ព្រំដែន​តាថាវ ចម្ងាយ​ប្រមាណ ៦​គីឡូម៉ែត្រ​ពី​ភ្នំ​ព្រះវិហារ មាន​សេចក្ដី​រាយការណ៍​ថា​ទាហាន​ប៉ារ៉ា​ថៃ​ប្រមាណ​២០​នាក់​បាន​ចូល​លុកលុយ​ក្នុង​ព្រំដែន​ខ្មែរ​ថែម​ទៀត ។

មេបញ្ជាការ​រង​ប៉ូលិស​ព្រំដែន​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​ថា ទាហាន​ប៉ារ៉ា​ថៃ​បាន​ចូល​មក​ជីក​លេណដ្ឋាន​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ក្នុង​ទឹក​ដី​ខ្មែរ ៖ «ទាហាន​ប៉ារ៉ា ទាហាន​ខ្មៅ​ហ្នឹង វា​ចូល​មក​ដល់​ចំណុច​ច្រក​តា​ថៅ ហួស​មក​ចូល​ដី​ខ្មែរ​ប្រហែល​៥០០​ម៉ែត្រ ម៉ោង ៧ ទៅ​ម៉ោង ៨ យើង​ដេញ​វា​ទៅ​វិញ វា​ថា​មេ​វា​ឲ្យ​មក»

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ​នៅ​ឯ​បរិវេណ​វត្ត​ខ្មែរ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ កង​ទាហាន​ឈុត​ខ្មៅ​ថៃ​នៅតែ​មាន​វត្តមាន​នៅ​ឡើយ ហើយ​នៅ​តាម​ខ្សែ​ត្រៀម​ទី​មួយ​នៃ​ព្រំដែន​តំបន់​នោះ​ទាហាន​ខ្មែរ​និង​ទាហាន​ប៉ារ៉ា​ថៃ​នៅតែ​ប្រឈមមុខ​ដាក់​គ្នា បើទោះបី​ជា​លទ្ធផល​ការចរចា​រវាង​មន្រ្តី​រដ្ឋាភិបាល​ខ្មែរ​ថៃ​បាន​ព្រមព្រៀង​លើ​ចំណុច​ឲ្យ​មាន​ការដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​ហើយ​ក៏​ដោយ ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។