កម្ពុជា​មិន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​នៃ​ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម

សន្ធិសញ្ញា​ហាម​ឃាត់​មិន​ឲ្យ​ប្រទេស​នានា​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Cluster Bomb នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ ខែ​សីហា​ខាង​មុខ​នេះ។
ដោយ សុខ សេរី
2010-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រាប់​បែក​ចង្កោម (Cluster Bomb) របស់​អ៊ីស្រាអែល
គ្រាប់​បែក​ចង្កោម (Cluster Bomb) របស់​អ៊ីស្រាអែល
Photo courtesy of wikipedia.org

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា​នេះ​ថា ប្រទេស​កម្ពុជា នៅ​តែ​បន្ត​ប្រកាន់​ជំហរ​មិន​ចុះ​ហត្ថលេខា​លើ​សន្ធិ​សញ្ញា​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​នោះ​ទេ ដោយ​សារ​តែ​កម្ពុជា​ចង់​រក្សា​អាវុធ​ទាំង​នោះ​ដើម្បី​ការ​ពារ​ខ្លួន។

អាវុធ​យុទ្ធភណ្ឌ ឬ​គ្រាប់​បែក​ចង្កោម​នោះ កំពុង​តែ​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង នៅ​ក្នុង​ប្រទេស​កម្ពុជា សល់​តាំង​ពី​សម័យ​សង្គ្រាម​កន្លង​មក។ មន្ត្រី​រដ្ឋាភិបាល​មិន​បាន​ប្រាប់​ឲ្យ​ដឹង​អំពី​ចំនួន​ប៉ុន្មាន ឬ​ប្រភេទ​អ្វី​ខ្លះ​នោះ​ទេ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ច​ការងារ​បញ្ជូន​កង​កម្លាំង​ដោះ​មីន​កម្ពុជា ចូល​រួម​ថែ​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​ជាតិ លោក ប្រាក់ សុខុន និង​ជា​រដ្ឋ​លេខាធិការ​នៃ​ទីស្ដីការ​គណ​រដ្ឋ​មន្ត្រី បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា នៅ​ក្នុង​បន្ទាយ​យោធា​កង​រថ​គ្រោះ ក្នុង​ពិធី​បិទ​វគ្គ​សម​យុទ្ធ​យោធា «ឆ្មាំ​អង្គរ» នៅ​ខេត្ត​កំពង់ស្ពឺ​ថា ៖ «ប្រទេស​វៀតណាម ប្រទេស​ថៃ ដែល​ជាប់​នឹង​យើង ក៏​ជា​ប្រទេស​ដែល​មិន​បាន​ចុះ​ហត្ថលេខា​ផង​ដែរ។ ក្នុង​ឋានៈ​ជា​ប្រទេស ដែល​ធ្លាប់​បាន​រង​គ្រោះ​ដោយ​សារ​គ្រាប់​បែក​ចង្កោម យើង​មាន​ឆន្ទ​ចង់​ចូល​រួម ប៉ុន្តែ​អាស្រ័យ​ដោយ​បច្ចេកទេស​បន្តិច។ ត្រង់​នេះ គឺ​ថា​វា​ពាក់ព័ន្ធ​ក្នុង​សមត្ថភាព​ការ​ពារ​ខ្លួន​របស់​យើង​ផង ហើយ​នឹង​ពាក់ព័ន្ធ​ចំនួន​អាវុធ​នៅ​ក្នុង​ស្តុក​ដែល​យើង​មាន។ ហើយ​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ស្ដី​ពី​គ្រាប់​បែក​ចង្កោម​ហ្នឹង​ផង គឺ​យើង​ទុក​ពេល​វេលា ដើម្បី​សិក្សា​អំពី​ចំនួន​គ្រាប់ ដែល​យើង​មាន​នៅ​ក្នុង​ឃ្លាំង ពី​លទ្ធភាព​ដែល​ផ្លាស់​ប្ដូរ​ជំនួស​គ្រាប់​ទាំង​នោះ ហើយ​នឹង​ពេល​វេលា​ដែល​ត្រូវ​ការ ដើម្បី​យើង​ត្រូវ​ការ​ផ្លាស់​ប្ដូរ​នោះ។ ការ​ផ្លាស់​ប្ដូរ​គ្រាប់​ណា​មួយ​នោះ គឺ​យើង​ត្រូវ​ការ​ទាំង​ពេល​វេលា ទាំង​ថវិកា»

ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នេះ បាន​ធ្វើ​ឡើង​នៅ​គ្រា​ដែល​មាន​សេចក្ដី​រាយការណ៍​ថា អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ លោក បាន គី​មូន (Ban Ki-moon) បាន​សំដែង​ការ​សាទរ​ចំពោះ​សន្ធិ​សញ្ញា​ហាម​ឃាត់​មិន​ឲ្យ​ប្រទេស​នានា​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​នេះ ដែល​នឹង​ចូល​ជា​ធរមាន នៅ​ថៃ្ង​ទី​១ ខែ​សីហា ចុង​សប្ដាហ៍​នេះ។

ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​រង​គ្រោះ​ដោយ​សារ​គ្រាប់​មីន​ជា​ច្រើន​លាន​គ្រាប់​កន្លង​មក​នេះ ដោយ​សារ​សង្គ្រាម កាល​ពី​ទសវត្ស​ឆ្នាំ​១៩៧០​មក។ សេចក្ដី​រាយការណ៍​នានា បាន​ឲ្យ​ដឹង​ថា ប្រទេស​រុស្ស៊ី ប្រទេស​ចិន និង​សហ​រដ្ឋ​អាមេរិក ព្រម​ទាំង​ប្រទេស​មហា​អំណាច​មួយ​ចំនួន​ទៀត ដែល​បាន​ផលិត​គ្រាប់​បែក​ចង្កោម​នោះ មិន​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ហាម​ឃាត់​នោះ​ទេ។

មាន​ប្រទេស​ចំនួន​១០៧​ប្រទេស​ហើយ បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ​កន្លង​មក។ ប្រទេស​ដែល​បាន​រង​គ្រោះ​ដោយ​សារ​គ្រាប់​បែក​ចង្កោម​នោះ​កន្លង​មក នៅ​តំបន់​អាស៊ី មាន​ដូច​ជា​ប្រទេស លាវ កម្ពុជា និង​វៀតណាម​ជា​ដើម ក្នុង​សង្គ្រាម​ឥណ្ឌូចិន​ជាង​៣០​ឆ្នាំ​កន្លង​ទៅ​នេះ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

សំណូមពរ

Dec 08, 2010 10:09 PM

គេហទំព័រ​ទាំងមូល