អំពើ​ហិង្សា​ក្នុង​គ្រួសារ​កើន​ឡើង​នៅ​តំបន់​ជនបទ​ដាច់​ស្រយាល​ក្នុង​ខេត្ត​ពោធិ៍សាត់

អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ដែល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិ​ស្ត្រី និង​កុមារ ក្នុង​ខេត្ត​ពោធិ៍សាត់ បាន​កត់​សម្គាល់​ប្រហាក់​ប្រហែល​គ្នា​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​គ្រប់​រូបភាព​ក្នុង​ទូទាំង​ខេត្ត​នេះ មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​មុនៗ។
ដោយ មណ្ឌល កែវ
2013.01.01
អំពើ​ហិង្សា​ក្នុង​គ្រួសារ ៣០៥ ៣១-ធ្នូ-២០១២៖ អ្នកនាង មោក គន្ធា មន្ត្រី​កម្មវិធី​សិទ្ធិ​ស្ត្រី​អង្គការ​សហគមន៍​អភិវឌ្ឍន៍​មិត្ត​ជនបទ ប្រចាំ​ខេត្ត​ពោធិ៍សាត់ ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ី​សេរី។
RFA/Mondul Keo

ប៉ុន្តែ​អំពើ​ហិង្សា​នេះ បែរ​ជា​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​ឯ​ទី​តំបន់​ជនបទ​ដាច់​ស្រយាល​នានា​ក្នុង​ខេត្ត​នេះ​ទៅ​វិញ។

តើ​ហេតុ​អ្វី​ដែល​នាំ​ឲ្យ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មាន​ការ​កើន​ឡើង​នៅ​តំបន់​ជនបទ​ដាច់​ស្រយាល​ដូច្នេះ?

អង្គការ​សហគមន៍​អភិវឌ្ឍន៍​មិត្ត​ជនបទ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​មាន​គោល​ដៅ​ជួយ​អភិវឌ្ឍ​ផ្នែក​សិទ្ធិ​ស្ត្រី និង​កុមារ​តំបន់​ជនបទ​ដាច់​ស្រយាល ក្នុង​ខេត្ត​ពោធិ៍សាត់ និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​នេះ បាន​កត់​សម្គាល់​ឃើញ​ថា នៅ​ទី​ជនបទ​ដាច់​ស្រយាល​ជាច្រើន​ក្នុង​ខេត្ត​នេះ បាន​កើត​មាន​អំពើ​ហិង្សា​គួរ​ឲ្យ​ព្រួយ​បារម្ភ។

កញ្ញា មិត្ត សាមួន មន្ត្រី​ផ្នែក​អង្កេត​អង្គការ​លីកាដូ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៣១ ធ្នូ ថា របាយការណ៍​សរុប​ឆ្នាំ​២០១២ របស់​អង្គការ​លីកាដូ បង្ហាញ​ថា ជា​ទូទៅ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ក្នុង​ទូទាំង​ខេត្ត មាន​ការ​ថយ​ចុះ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១។ ប៉ុន្តែ មន្ត្រី​ផ្នែក​អង្កេត​អង្គការ​លីកាដូ រូប​នេះ​បាន​កត់​សម្គាល់​ថា បើ​គិត​ពី​ទីតាំង​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​វិញ ក្នុង​ឆ្នាំ​នេះ​នៅ​ឯ​ទី​ជនបទ​ដាច់​ស្រយាល អំពើ​ហិង្សា​ក្នុង​គ្រួសារ​គ្រប់​រូបភាព​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។

កញ្ញា មិត្ត សាមួន៖ «យើង​មាន​យុទ្ធនាការ ១៦​ថ្ងៃ ដើម្បី​បំបាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មែន តែ​ខ្ញុំ​គិត​ថា​យើង​ធ្វើ​នេះ​មិន​ចំ​គោល​ដៅ​ដែល​កើត​មាន​អំពើ​ហិង្សា ព្រោះ​យើង​ធ្វើ​តែ​នៅ​តំបន់​ជិត​ទី​ប្រជុំ​ជន។ ខ្ញុំ​ចង់​ឲ្យ​មាន​យុទ្ធនាការ​បែប​នេះ​នៅ​ទី​ជនបទ​ដាច់​ស្រយាល»

ប្រហែល​គ្នា​នេះ​ដែរ មន្ត្រី​កម្មវិធី​សិទ្ធិ​ស្ត្រី នៃ​អង្គការ​សហគមន៍​អភិវឌ្ឍន៍​មិត្ត​ជនបទ អ្នកស្រី មោក គន្ធា ថ្លែង​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​កំពុង​កើត​មាន​ស្ទើរ​តែ​ជា​ប្រចាំ​ដោយ​មាន​ទប់ស្កាត់​តិចតួច​ពី​អាជ្ញាធរ​នៅ​ឯ​ទី​ជនបទ​ដាច់​ស្រយាល​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ៖ «អំពើ​ហិង្សា​ដូច​ដែល​គាត់​លើក​ឡើង​អ៊ីចឹង​បាន​ន័យ​ថា អាជ្ញាធរ​នៅ​ឆ្ងាយ​ពី​គាត់​ណាស់ ប៉ូលិស​អី​ធ្វើ​ឲ្យ​គាត់​ពិបាក​ណាស់ ដូច​ជា​នៅ​កំពង់ប្រាក់ ពេល​មាន​អំពើ​ហិង្សា​កើត គាត់​មិន​ដឹង​ជា​បាន​នរណា​ជួយ​អន្តរាគមន៍​ទេ មាន​តែ​ខាង​អង្គការ​ចុះ​ទៅ​ជួយ»

នៅ​ឯ​ភូមិ​កំពង់ប្រាក់ អំពើ​ហិង្សា​ក្នុង​គ្រួសារ​កំពុង​ក្លាយ​ជា​ក្ដី​កង្វល់​សម្រាប់​អ្នក​ភូមិ នៅ​ឯ​ទី​ជនបទ​ដាច់​ស្រយាល​មួយ​នេះ។ កុមារី ៣​រូប កំពុង​រស់នៅ​ទាំង​ក្ដី​ភ័យ​ខ្លាច​ដោយ​ឪពុក​ពួក​គេ​បាន​ផឹក​ស្រា​ស្រវឹង ហើយ​ប្រព្រឹត្ត​អំពើ​ហិង្សា​មក​លើ​ពួក​គេ​ស្ទើរ​រៀង​រាល់​ថ្ងៃ។ កុមារី​ឈ្មោះ ជឹម មុំ អាយុ ៨​ឆ្នាំ និយាយ​ទាំង​ទឹក​មុខ​ភ័យ​ខ្លាច​ថា នាង​ចង់​ឲ្យ​អង្គការ​ជួយ​អប់រំ​ឪពុក​នាង​ឲ្យ​ឈប់​ផឹក​ស្រា និង​ឈប់​ប្រើ​អំពើ​ហិង្សា​មក​លើ​បង​ប្អូន​នាង​ទាំង ៣​នាក់៖ «ខ្ញុំ​ខ្លាច​ណាស់! ពេល​ពុក​គាត់​ផឹក​ស្រា គាត់​វាយ​ខ្ញុំៗ​ជួន​កាល​រត់​ចូល​បន្ទប់​ពួន ហើយ​ជួន​កាល​លោត​ទៅ​ក្នុង​ទឹក​គេច​ខ្លួន​ពី​ការ​វាយ»

អធិការ​រង​ស្រុក​ក្រគរ លោក ម៉ោល សុទ្ធ មាន​ប្រសាសន៍​ថា ដោយ​តំបន់​ដែល​កើត​មាន​អំពើ​ហិង្សា​នេះ ភាគ​ច្រើន​នៅ​ដាច់​ឆ្ងាយ​ពី​ប៉ុស្តិ៍​ប៉ូលិស និង​មាន​ស្ថានភាព​ភូមិសាស្ត្រ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ជួយ​អន្តរាគមន៍។ យ៉ាង​នេះ​ក្ដី លោក​សំណូម​ពរ​ឲ្យ​ផ្តល់​ដំណឹង​ទៅ​សមត្ថកិច្ច​ជា​បន្ទាន់ តាម​មធ្យោបាយ​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​ប៉ូលិស​ចុះ​ទៅ​ជួយ​អន្តរាគមន៍៖ «បើ​បទ​ស្រវឹង​ជាក់​ស្ដែង យើង​ចាប់​ដាក់​ឃុំ​មួយ​យប់។ បើ​នៅ​តវ៉ា​សូម​ទៅ​ប្ដឹង​អាជ្ញាធរ​ភូមិ ឃុំ ឬ​ប៉ូលិស ចាប់​ឃុំ​ពី​បទ​ស្រវឹង​ជាក់​ស្ដែង»

របាយការណ៍​របស់​អង្គការ​សហគមន៍​អភិវឌ្ឍន៍​មិត្ត​ជនបទ បាន​បង្ហាញ​ថា ភូមិ​គោល​ដៅ​ចំនួន​១៣ នៃ​ឃុំ​ចំនួន​៦ ដែល​អង្គការ​ចុះ​ធ្វើ​សកម្មភាព​នៅ​ឆ្នាំ​២០១២ អំពើ​ហិង្សា​គ្រប់​រូបភាព​ដែល​អង្គការ​កត់ត្រា​បាន​មាន​ចំនួន​ជាង ៣០​ករណី ក្នុង​នោះ​ភូមិ​កំពង់ប្រាក់ គឺ​ជា​គោលដៅ​មួយ​ដែល​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ជាង​គេ។ លោក កែវ ផល នាយក​ប្រតិបត្តិ​អង្គការ​សហគមន៍​អភិវឌ្ឍន៍​មិត្ត​ជនបទ សំណូម​ពរ​ឲ្យ​អាជ្ញាធរ​ដែន​ដី​ជួយ​ធ្វើ​ការ​ទប់ស្កាត់​ជា​បន្ទាន់ ដើម្បី​ចៀសវាង​សភាពការណ៍​ធ្លាក់​ដុន​ដាប​ជាង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។