កម្មករ​ឈរ​រាំង​ផ្លូវ​មិន​ឲ្យ​ថៅកែ​ដឹក​ម៉ាស៊ីន​ចេញ​ពី​រោងចក្រ​ដេរ​កាបូប​នៅ​ខេត្ត​កំពង់ស្ពឺ

កម្មករ​កម្មការិនី​នៃ​រោងចក្រ​ដេរ​កាបូប​មួយ ដែល​មាន​ទីតាំង​នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ជាង ៧០០​នាក់ បាន​ធ្វើ​កូដកម្ម​មិន​ឲ្យ​ថៅកែ​បើក​រថយន្ត​ដឹក​សម្ភារៈ​ចេញ​ពី​រោងចក្រ។
ដោយ ខែ សុណង
2013.01.08

អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​ចុះ​ធ្វើ​អន្តរាគមន៍ និង​ឃ្លាំ​មើល​មិន​ឲ្យ​ផ្ទុះ​អំពើ​ហិង្សា​ឡើយ នៅ​ថ្ងៃ​ទី​អង្គារ ទី​៨ មករា។ ទាក់​ទង​បញ្ហា​នេះ មន្ត្រី​សហជីព​សេរី​កម្មករ អំពាវនាវ​ឲ្យ​ភាគី​រោងចក្រ​ឆាប់​ដោះស្រាយ​ជា​បន្ទាន់។

កម្មករ​រោងចក្រ​ហ្វេបប្រីក អាត (Febric Art) ស្ថិត​នៅ​ភូមិ​ភ្នៅ ឃុំ​ត្រពាំងគង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​នាំ​គ្នា​ឈរ​រាំង​ផ្លូវ​មិន​ឲ្យ​ថៅកែ​ដឹក​ម៉ាស៊ីន​ចេញ​ពី​រោងចក្រ ហើយ​ទាម​ទារ​ឲ្យ​ទូទាត់​ប្រាក់​បៀវត្ស​ឲ្យ​ពួក​គេ​ទៅ​តាម​ច្បាប់​ការងារ។

កម្មករ​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​ជាង ៧០០​នាក់ លោក អ៊ុក សារ៉ាត់ បាន​ថ្លែង​នៅ​ថ្ងៃ​ទី៨ មករា ថា ថៅកែ​បាន​ព្យាយាម​លួច​ដឹក​សម្ភារៈ​ក្នុង​រោងចក្រ ជា​ពិសេស​ម៉ាស៊ីន​ដេរ​កាបូប​ចេញ​ពី​រោងចក្រ​អស់​ជា​ច្រើន​គ្រឿង តាំង​ពី​ថ្ងៃ​អាទិត្យ ទី៦ និង​ថ្ងៃ​ច័ន្ទ ទី៧ មករា ដែល​ជា​ថ្ងៃ​ឈប់​សម្រាក ទើប​កម្មករ​ផ្អើល​នាំ​គ្នា​មក​យាម​ចាប់​តាំង​ពី​ល្ងាច​ថ្ងៃ​ទី៧ មក។ បុរស​ដដែល​បញ្ជាក់​ថា កម្មករ​ទាំង​អស់ សុំ​ឲ្យ​ថៅកែ​បើក​ប្រាក់​ចំនួន ៦​ចំណុច​ឲ្យ​ពួក​គេ គឺ​ប្រាក់​ខែ​ចុង​ក្រោយ ខែ​ធ្នូ​ឆ្នាំ​២០១២ ប្រាក់​បំណាច់​ឆ្នាំ ប្រាក់​អតីត​ភាព​ការងារ ប្រាក់ ៥% នៃ​ប្រាក់​ខែ ប្រាក់​បណ្ដេញ​ចេញ និង​ប្រាក់​ជំងឺ​ចិត្ត។

ទាក់​ទង​បញ្ហា​នេះ រដ្ឋបាល​នៃ​រោងចក្រ​ហ្វេបប្រីក អាត លោក វ៉ាន់ ថាវរិទ្ធ បាន​ឆ្លើយ​តប​ថា កម្មករ​បាន​បំភ្លៃ​ការ​ពិត​ថា​រោងចក្រ​ដឹក​សម្ភារៈ​ចេញ​ពី​រោងចក្រ គេចវេះ​មិន​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ។ លោក​ថា កម្មករ​ចំនួន ៦២៥​នាក់ ក្នុង​ចំណោម​កម្មករ ៩៨០​នាក់ ត្រូវ​បញ្ចប់​កិច្ចសន្យា​ការងារ ហើយ​កម្មករ​បាន​ជូន​ដំណឹង​ថា​ឲ្យ​មក​បើក​ប្រាក់​ឈ្នួល​នៅ​រសៀល​ថ្ងៃ​ទី៩ មករា។

ពាក់ព័ន្ធ​បញ្ហា​នេះ អគ្គលេខាធិការ​រង​នៃ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ថន ថុល បាន​ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ ពុំ​ទាន់​មាន​ការ​បញ្ជាក់​ជា​លាយលក្ខណ៍​អក្សរ​អំពី​ការ​ទូទាត់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ជា​ការ​ទូទាត់​រោងចក្រ​ត្រូវ​បិទ ឬ​យ៉ាង​ណា​នោះ​ទេ។ លោក​បន្ត​ថា សហជីព​បាន​ព្យាយាម​សុំ​ជួប​ចរចា​ជាមួយ​ភាគី​រោងចក្រ​ដែរ តែ​មិន​បាន​សម្រេច។

កម្មករ​កម្មការិនី​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ម៉ោង​ប្រមាណ ៥​ល្ងាច​ថ្ងៃ​ដដែល ភាគី​រោងចក្រ​បាន​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ ប៉ុន្តែ​ពួក​គេ​មិន​ទទួល​យក​នោះ​ទេ ដោយ​សារ​ពុំ​ដូច​ការ​ទាម​ទារ​របស់​កម្មករ។ ពួក​គេ​បាន​បន្ត​ឃ្លាំ​មើល​នៅ​ខាង​មុខ​រោងចក្រ មិន​ឲ្យ​ថៅកែ​ដឹក​សម្ភារៈ​ចេញ​ពី​រោងចក្រ​ឡើយ ហើយ​រង់ចាំ​ចរចា​នៅ​ថ្ងៃ​ទី៩ មករា ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។