ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម​នៅតែ​បន្ត​ស្វែងរក​ក្រុម​គ្រួសារ

រយៈពេល​ជាង​៣​ទសវត្សរ៍​បាន​កន្លង​ផុត​ទៅ​ហើយ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​នៅតែ​ព្យាយាម​ស្វែងរក​សមាជិក​ក្រុម​គ្រួសារ​ដែល​បាត់​ខ្លួន​ពី​របប​ខ្មែរ​ក្រហម​ក្នុង​ក្តី​សង្ឃឹម​រំពឹង​ថា អាច​នឹង​រក​ឃើញ​ឪពុក​ម្តាយ បង​ប្អូន សាច់សាលោហិត​ទាំង​នោះ​វិញ​នា​ថ្ងៃ​ណា​មួយ ។
ដោយ កេសរណ្ណីយ្យា
2008-08-06
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​ថត​គ្រួសារ នង សោភ័ណ្ណា នៅ​ប្រទេស​ហ្វ៊ីលីពិន នាឆ្នាំ​១៩៨២ ដោយ​គ្មាន​វត្តមាន​ប្អូន​ស្រី​បន្ទាប់​ពៅ។
រូប​ថត​គ្រួសារ នង សោភ័ណ្ណា នៅ​ប្រទេស​ហ្វ៊ីលីពិន នាឆ្នាំ​១៩៨២ ដោយ​គ្មាន​វត្តមាន​ប្អូន​ស្រី​បន្ទាប់​ពៅ។
Photo: Courtesy Valerie Nong

នាង នង សោភ័ណ្ណា អាយុ​៣៦​ឆ្នាំ បច្ចុប្បន្ន​ជា​ជំនួយការ​ផ្នែក​ច្បាប់​នៃ​សាលា​ក្រុង Los Angeles រដ្ឋ California មាន​កំណើត​កើត​ជា​នៅ​ខណ្ឌ​ទួលគោក ក្រុង​ភ្នំពេញ កំពុងតែ​ស្វះស្វែង​រក​ប្អូន​ស្រី​ម្នាក់​ដែល​បាន​វង្វេង​បាត់ គ្រា​ដែល​យោធា​អាវ​ខ្មៅ​ខ្មែរ​ក្រហម​បាន​បង្ខំ​ពលរដ្ឋ​ឲ្យ​ចាកចេញ​ពី​ក្រុង​ភ្នំពេញ  នា​ឆ្នាំ​១៩៧៥ ។

សោភ័ណ្ណា ដែល​ឈ្មោះ​ក្រៅ​ហៅ ស្រី​ណាង បាន​រំឭក​អំពី​ដំណើរ​នៃ​ការបែក​គ្នា​របស់​ក្រុម​គ្រួសារ តាំងពី​ជាង​៣០​ឆ្នាំ​មុន​នោះ ៖ «ប្អូន​ខ្ញុំ នង វឌ្ឍនា ដែល​រក​ហ្នឹង ហៅ​ក្រៅ​ថា​ស្រី​ណុច ពេល​បែក​ចេញ​ហ្នឹង បែក​គ្នា​បាន​ទៅ​ជាមួយ​លោក​យាយ​ខ្ញុំ ហើយ​លោក​ពូ​ខ្ញុំ ។ យាយ​ឈ្មោះ មាស គឹមអ៊ន ហៅ​ថា លោក​ម៉ា ហើយ​លោក​ពូ​ខ្ញុំ ឈ្មោះ កង ភារុន ហៅ​ថា ពូ​ប៉ម ។ ពេល​ដែល​បែក​ហ្នឹង ប្អូន​ប្រហែល​២​-​៣​ឆ្នាំ ។ ពេល​ដែល ប៉ុល ពត ចូល​មក យើង​ត្រូវ​ជម្លៀស​ចេញ ហើយ​ពេល​ហ្នឹង​មនុស្ស​ច្រើន ចង្អៀត​គ្នា​នោះ ហើយ​ទៅ​ពេល​ដែល​បែក​គ្នា​ហ្នឹង ឡាន​បែក​កង់​នៅ​កន្លែង គីឡូម៉ែត្រ​លេខ​៦ នៅ​ទល់​មុខ​រោងចក្រ​កូកាកូឡា ហើយ​ពេល​ហ្នឹង​មនុស្ស​ច្រើន​ចង្អៀត​គ្នា ក៏​បាត់​វា​ពេល​ហ្នឹង​ទៅ»

នាង នង សោភ័ណ្ណា បាន​ឲ្យ​ដឹង​បន្ថែម​ថា​បន្ទាប់ពី​នោះ​មក រូប​នាង​រួម​ជាមួយ ម្តាយ បង​ប្អូន​ស្រី​៣​នាក់​ទៀត ហើយ​និង​ជីតា​បាន​ត្រូវ​ខ្មែរ​ក្រហម​ជម្លៀស​ទៅ​នៅ​ក្នុង​ភូមិ​បាក់ខាម ឃុំ​ស្វាយ​ភ្លើង ស្រុក​តាំងគោក ខេត្ត​កំពង់ធំ ដែល​នៅ​ទី​នោះ​ប្អូន​ស្រី​ពៅ​និង​ជីតា​របស់​នាង​បាន​ស្លាប់​ដោយ​ជំងឺ ។ ក្រោយពី​របប​ខ្មែរ​ក្រហម​បាន​ត្រូវ​ផ្តួល​រំលំ​ទៅ​នា​ដើម​ឆ្នាំ​១៩៧៩ សោភ័ណ្ណា ម្តាយ និង​បង​ស្រី​២​នាក់​ទៀត ដែល​បាន​រួច​ជីវិត​ពី​របប ប៉ុល ពត ក៏​បាន​វិល​មក​កាន់​ស្រុក​កំណើត​ឯ​ក្រុង​ភ្នំពេញ​វិញ ។

ចាប់​ពី​ពេល​នោះ​មក​គ្រួសារ​របស់​នាង​បាន​ព្យាយាម​ស៊ើប​រក​ប្អូន​ស្រី​ឈ្មោះ នង វត្តនា ហៅ​ស្រី​ណុច ដែល​បែក​គ្នា​នោះ តាម​រយៈ​មិត្តភក្តិ សាច់​ញាតិ​បង​ប្អូន និង​អង្គការ​កាកបាទក្រហម​អាមេរិកាំង​ផងដែរ ប៉ុន្តែ​គ្មាន​ឮ​ដំណឹង​អ្វី​ទាល់តែ​សោះ ។

ប៉ុន្តែ​នាង សោភ័ណ្ណា បាន​ឲ្យ​ដឹង​ថា​នាង​បាន​ប្រទះឃើញ​ឈ្មោះ​ឱពុក​របស់​នាង​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ខ្មែរ​ក្រហម​បាន​សម្លាប់​នៅ​ក្នុង​មន្ទីរ ស-២១ ឬ​គុក​ទួលស្លែង ។

នាង សោភ័ណ្ណា បាន​ឲ្យ​ដឹង​ថា ៖ «ប៉ា​ខ្ញុំ​ឈ្មោះ នង គិរី គាត់​បង្រៀន​ច្បាប់​ផង ចៅក្រម​ផង ។ គាត់​ទៅ​ម្នាក់ឯង គាត់​ទៅ​លេង​ស្រុក​បារាំង ។ ពេល​មក​វិញ​អត់​ដឹង​ស្រុក​យើង​មាន​សង្រ្គាម ចូល​រក​គ្រួសារ​វិញ​គេ​ចាប់​គាត់ ។ ខ្ញុំ​មក ប៉ុល ពត វិញ ទៅ​មើល​គុក​ទួលស្លែង ឃើញ​តែ​ឈ្មោះ​គាត់ អត់​ឃើញ​រូបថត​អី​ផង ព្រោះ​ខ្ញុំ​ឃើញ​អ្នក​ផ្សេងៗ​មាន​រូបថត​មាន​អី»

នាង នង សោភ័ណ្ណា បាន​រៀបរាប់​បន្ត​ថា​បី​ឆ្នាំ​ក្រោយ​មក​គ្រួសារ​របស់​នាង​ក៏​បាន​នាំគ្នា​ចាកចេញ​ពី​ស្រុក​ខ្មែរ​ឆ្លង​ដែន​មក​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន ខាវអ៊ីដាង ក្នុង​ទឹក​ដី​ថៃ និង​បន្ត​ទៅ​ស្នាក់នៅ​មួយ​រយៈ​ទៀត​ក្នុង​ប្រទេស​ហ្វីលីពីន មុន​នឹង​បាន​មក​ដល់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​១៩៨២ ។ តាំងពី​គ្រា​នោះ​មក​គ្រួសារ​របស់​នាង​ពុំ​បាន​ព្យាយាម​ណាស់​ណា​ទេ​ក្នុង​ការស្វែងរក​ប្អូន​ស្រី​ដែល​បាត់​នោះ ដោយសារតែ​ហាក់​ដូច​ជា​អស់​សង្ឃឹម​ទៅ​ហើយ​ផង និង​ម៉្យាងទៀត​ដោយសារតែ​ជាប់​ប្រឹងប្រែង​ធ្វើ​ការងារ​រៀនសូត្រ​ដើម្បី​កសាង​ជីវិត​ថ្មី​លើ​ទឹក​ដី​អាមេរិក​នេះ​ផង ។

ប៉ុន្តែ​នៅ​ពេល​ដែល​សាកសួរ​ថា ហេតុអ្វី​បាន​ជា​នាង​ទើបតែ​នឹក​ភ្នក​ចាប់ផ្តើម​រក​ប្អូន​ស្រី​ឡើង​វិញ នា​ពេល​ថ្មីៗ​នេះ ? នាង នង សោភ័ណ្ណា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ ៖ «ឥឡូវ​ខ្ញុំ​នឹក​អាណិត​ប្អូន ចង់​រក​ប្អូន ពេល​ណា​នឹក​ឃើញ​ទៅ​ចង់​យំ អាណិត​ប្អូន អ៊ីចឹង​បាន​ខ្ញុំ​ខំ​ខ្នះខ្នែង​រក ។ ...ដូច​យើង​អត់​បាយ​មួយ​ថ្ងៃ យើង​បន់​ព្រះ​ទៅ​ឲ្យ​ដឹង​សំណួរ​ថា ប្អូន​ស្រី​ខ្ញុំ​ហ្នឹង​នៅ​រស់​អត់ ? ខ្ញុំ​ចង់​រក ព្រោះ​ឥឡូវ​ខ្ញុំ​មាន​ចិត្ត​ចង់​ស្វែងរក​ព្រោះ​ខ្ញុំ​ជំនឿ​ថា ព្រះ​នឹង​ជួយ​អ៊ីចឹង ។ ឥឡូវ​មាន​សង្ឃឹម​ថា​មាន​រស់​ហើយ ព្រោះ​ដូច​មាន​ចម្លើយ​ព្រះ​ឲ្យ​យើង​ពេល​ទៅ​បន់ស្រន់ ។ ឥឡូវ​ខ្ញុំ​ដាក់​ចិត្ត​សួរ​រក​បង​ប្អូន​ខ្ញុំ​តែម្ដង»

សោភ័ណ្ណា បាន​ឲ្យ​ដឹង​ទៀត​ថា​ឥឡូវ​នេះ​នាង​បាន​ផ្សព្វផ្សាយ​ដំណឹង​រក​ប្អូន​ស្រី​ឈ្មោះ នង វត្តនា ហៅ​ស្រី​ណុច តាមរយៈ​គេហទំព័រ​កាសែត​នៅ​អាមេរិក​ផង ហើយ​គ្រោង​នឹង​ផ្ញើ​ទៅ​ផ្សព្វផ្សាយ​តាមរយៈ​វិទ្យុ​ទូរទស្សន៍​នានា​នៅ​ក្នុង​ប្រទេស​ខ្មែរ​ផងដែរ ជាមួយ​នឹង​សេចក្តី​សង្ឃឹម​ដ៏​មាំ​ថា​នឹង​អាច​រក​ឃើញ​ប្អូន​ស្រី​របស់​នាង​វិញ ។

ដូច​ជា​នាង នង សោភ័ណ្ណា ដែរ ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ទៀត​ដែល​រងគ្រោះ​និង​រួច​រស់​ជីវិត​ពី​វាល​ពិឃាត​នៃ​របប​ខ្មែរ​ក្រហម​មក​នោះ ក៏​បាន​ចិញ្ចឹម​ចិត្ត​សង្ឃឹម​រំពឹង​ថា​នឹង​អាច​រក​ឃើញ​ឪពុក​ម្តាយ បង​ប្អូន កូន​ចៅ មីង​មា និង​សាច់​ញាតិ​ជិត​ឆ្ងាយ ដែល​បាន​បែក​គ្នា​បាត់​ដំណឹង​អស់​រយៈ​ពេល​ជាង ៣០​ឆ្នាំ​មក​ហើយ​នោះ ។

ក្រៅពី​ស៊ើបសួរ​ដំណឹង​តាម​មធ្យោបាយ​ផ្សេងៗ​មាន​ពលរដ្ឋ​មួយចំនួន​ក៏​បាន​សរសេរ​លិខិត​ផ្ញើ​ទៅ​គម្រោង​កម្មវិធី ស្វែងរក​គ្រួសារ របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ផង និង​តាមរយៈ​ទស្សនាវដ្តី ស្វែងរក​ការ​ពិត ផង ។

លោក វ៉ាន់ថាន់ ពៅដារ៉ា នាយក​រង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ បាន​បញ្ជាក់​អំពី​គោលការណ៍​ទទួល​និង​ផ្សព្វផ្សាយ​សំបុត្រ​ស្វែងរក​គ្រួសារ​ចំនួន​ជាង​២០០​ច្បាប់ ដែល​បាន​ទទួល​ពី​ពលរដ្ឋ​ខ្មែរ​ក្នុង​និង​ក្រៅ​ប្រទេស ។

លោក វ៉ាន់ថាន់ ពៅដារ៉ា បាន​មាន​ប្រសាសន៍​ថា ៖ «តាម​ពិត​យើង​អត់​មាន​តម្រូវ​ឲ្យ​មាន​ជា​នីតិវិធី បែបបទ​អី​ស្មុគស្មាញ​នោះ​ទេ សរសេរ​លិខិត​ហ្នឹង គឺ​ដូច​ថា​គាត់​សរសេរ​រៀបរាប់​ធម្មតា​ថា មាន​បង​ប្អូន​ឈ្មោះ​នេះ​បាត់​ខ្លួន​តាំងពី​ជំនាន់​ណា ហើយ​សាច់រឿង​នៃ​ការបាត់ខ្លួន​អី​អ៊ីចឹង​ទៅ បើសិន​ជា​មិន​ច្បាស់លាស់​អី គាត់​មាន​អាសយដ្ឋាន​ទំនាក់​ទំនង​អ៊ីចឹង យើង​ត្រឡប់​ទៅ​ភូមិ ឃុំ ឬ​មួយ​មាន​លេខ​ទូរស័ព្ទ យើង​ទូរស័ព្ទ​ដើម្បី​បញ្ជាក់​បន្ថែម​ឲ្យ​បាន​ច្បាស់លាស់ ថា​មាន​ព័ត៌មាន​គ្រប់គ្រាន់ ហើយ​ជួនកាល​ទៀត​ទៅ ពូ មីង កាត់​មក​ពី​ខេត្ត​ឆ្ងាយៗ គាត់​មក​ភ្នំពេញ​ផ្ទាល់​តែម្ដង»

លោក វ៉ាន់ថាន់ ពៅដារ៉ា បាន​ឲ្យ​ដឹង​ថា​គម្រោង​កម្មវិធី​ស្វែងរក​គ្រួសារ​នេះ បាន​ចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ​១៩៩៥ ហើយ​ដំណើរ​ដោយ​បុគ្គលិក​ស្ម័គ្រចិត្ត​ខ្មែរ​និង​បរទេស​ចំនួន​ជាង​២​ពាន់​នាក់ ។ នៅ​ឆ្នាំ​២០០៩ ខាង​មុខ​នេះ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​គ្រោង​នឹង​ប្រមូល​ចងក្រង​លិខិត​ស្វែងរក​គ្រួសារ​ដែល​ទទួល​បាន​ទាំង​ប៉ុន្មាន រួម​ជាមួយ​នឹង​ឯកសារ​នានា​នៃ​ការបាត់​ខ្លួន​ជន​រងគ្រោះ​ដែល​សរុប​មាន​ចំនួន​ប្រមាណ​ជិត​មួយ​លាន​នាក់ បោះពុម្ព​ជា​សៀវភៅ​ដាក់​ផ្សព្វផ្សាយ​នៅ​តាម​ការិយាល័យ​ឃុំ​សង្កាត់​ទូទាំង​ប្រទេស ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល