សព​មន្ត្រី​ជលផល​កម្ពុជា​ត្រូវ​បាន​ធ្វើ​មាតុភូមិ​និវត្តន៍

សាកសព​របស់​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ប្រចាំ​ខេត្ត​កំពត​និង​ក្រុង​កែប លោក ផាត់ សារឿន ត្រូវ​បាន​បញ្ជូន​ត្រឡប់​ពី​កោះ​ត្រល់​មក​ដល់​គេហដ្ឋាន​ក្នុង​ទីរួមខេត្ត​កំពត​វិញ នៅ​វេលា​ម៉ោង​១០:១៥​នាទី នា​រាត្រី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០០៨​កន្លង​ទៅ​នេះ ក្រោម​សម្រែក​ទ្រហ៊ោ​យំ​នៃ​ប្រពន្ធ​កូន បង​ប្អូន​ញាតិ​មិត្ត ដ៏​សែន​ខ្លោចផ្សា​ជាមួយនឹង​ការដាក់​បណ្ដាសា​ពី​សំណាក់​ប្រពន្ធ​របស់​លោក ផាត់ សារឿន គឺ​អ្នកស្រី ណុប លីណា ចំពោះ​ទង្វើ​មក​លើ​ប្ដី​អ្នកស្រី ។
ដោយ អ៊ួន ឈិន
2008.07.19

តាម​ការអះអាង​របស់​មន្ត្រី​ជលផល​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ហើយ​ដែល​បាន​ចូល​រួម​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ គឺ​ទូក​អូស​គូ​វៀតណាម​នៅ​វេលា​ម៉ោង​១១​និង​១៦​នាទី​យប់​ថ្ងៃ​ទី​ ១៦ ខែ​កក្កដា ឆ្នាំ​២០០៨ បាន​ឲ្យ​ដឹង​ថា​ទូក​ល្មើស​នេសាទ​វៀតណាម​ពិត​ជា​បាន​ចូល​មក​ក្នុង​ដែន​ទឹក​កម្ពុជា​ប្រាកដ​មែន នៅ​ចំណុច​គ្រលុក​កាម៉យ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ចន្លោះ​ឃុំ​ត្រើយកោះ ស្រុក​កំពង់​បាយ និង​ឃុំ​កោះ​តូច ស្រុក​កំពត ខេត្ត​កំពត ។ នៅ​ពេល​ដែល​មន្ត្រី​រង​គ្រោះ​និង​សហការី​ម្នាក់​ទៀត​ដែល​ជា​សមាជិក​សហគមន៍​នេសាទ គឺ​លោក ជា សារ៉ន បាន​ឡើង​ទៅ​លើ​ទូក​នេសាទ​ល្មើស​ច្បាប់​វៀតណាម​ដើម្បី​នាំ​ទូក​នោះ​មក​ឆ្នេរ​ ខណៈ​នោះ​នាវា​កងទ័ព​ជើង​ទឹក​វៀតណាម​មួយ​គ្រឿង​ក៏​បាន​មក​ដល់ ហើយ​ធ្វើការ​បាញ់​រះ​រំដោះ​យក​ទូក​នេសាទ​វៀតណាម​តែ​ម្ដង រួច​នាំ​ឆ្ពោះ​ទៅ​កោះ​ត្រល់​ដោយ​នាំ​ទាំង​មន្ត្រី​ជលផល​កម្ពុជា​ទាំង​ពីរ​នាក់​ទៅ​ជាមួយ​ដែរ ។ ចំណែក​ឯ​មន្ត្រី​ខាងលើ​ព្រម​ទាំង​មន្ត្រី​ជលផល​ពីរ​នាក់​ទៀត​បាន​ព្យាយាម​គេច​ផុត​ពី​ការ​បាញ់​រះ​របស់​កង​នាវា​ជើង​ទឹក​វៀតណាម ។

លោក ជា សារ៉ន ដែល​ត្រូវ​បាន​កងកម្លាំង​ជើង​ទឹក​វៀតណាម​ចាប់​ខ្លួន​ហើយ​ដែល​ត្រូវ​បាន​មន្ត្រី​កម្ពុជា​នាំ​ត្រឡប់​មក​វិញ​ជាមួយ​នឹង​សាកសព​លោក ផាត់ សារឿន ដែរ​នោះ បាន​មាន​ប្រសាសន៍​ប្រកប​ដោយ​ភាពភិតភ័យ​នៅ​ឡើយ​ថា លោក​មិន​បាន​ដឹង​អ្វី​ច្រើន​ទេ​អំពី​ព្រឹត្តិការណ៍​នេះ ។

លោក ជា សារ៉ន បាន​មាន​ប្រសាសន៍​ថា ៖ «អត់​ដឹង​ច្បាស់ មិន​ដឹង​ថា​ពេល​ណាៗ​ទេ ខ្ញុំ​អត់​បាន​ដឹង​ច្បាស់​ទេ ។ ដល់​រួច​ហើយ​គេ​ចាប់​ខ្ញុំ​យក​ដាក់​លើ​កប៉ាល់ បែក​គ្នា​ត្រឹម​ហ្នឹង ទាល់តែ​ស្អែក​ឡើង​ទៅ ។ រឿងរ៉ាវ​ខ្ញុំ​អត់​ដឹង​ត​ទៅ​ទៀត​ទេ បាន​តែ​ប៉ុណ្ណឹង»

វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​សុំ​ការបំភ្លឺ​ពី​ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ប្រចាំ​ខេត្ត​កំពត និង​ ក្រុង​កែប លោក ស សារិន ជុំវិញ​ករណី​នេះ​តែ​មិន​បាន​សម្រេច​ដោយ​ម្ដង​លោក​មាន​ប្រសាសន៍​ថា​លោក​កំពុង​មាន​ធុរៈ ៖ «ឥឡូវ​ខ្ញុំ​ជាប់​បន្តិច​អត់​ទាន់​ចប់​កម្មវិធី»

អ្នក​សម្រប​សម្រួល​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពត​និង​ក្រុង​កែប អ្នកស្រី ទ្រី ឈូន បាន​មាន​ប្រសាសន៍​ថា ការរំលោភ​លើ​ដែន​ទឹក​កម្ពុជា​បាន​កើត​មាន​ជា​ប្រចាំ ។

អ្នកស្រី ទ្រី ឈូន បាន​ឲ្យ​ដឹង​ថា ៖ «បញ្ហា​ដែល​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រទេស​វៀតណាម​សម្លាប់​ពលរដ្ឋ​ខ្មែរ​មាន​ពីរ​លើក​មក​ហើយ​នៅ​ប៉ុន្មាន​ឆ្នាំ​នេះ ហើយ​ការសម្លាប់​នេះ​គឺ​ពាក់ព័ន្ធ​លើ​បញ្ហា​នេសាទ​និង​បញ្ហា​ដែន​ទឹក ។ ទង្វើ​នេះ​បាន​កើតឡើង ប៉ុន្តែ​មិន​មាន​កិច្ច​សហប្រតិបត្តិការ​ណា​មួយ​រវាង​ប្រទេស​ទាំង​ពីរ​ធ្វើ​ដំណោះស្រាយ​លើ​បញ្ហា​នេះ​ទេ ។ មាន​ន័យ​ថា​ការឈ្លានពាន​ព្រំដែន​ទឹក​កម្ពុជា​នៅ​តែ​មាន ប្រជាពលរដ្ឋ​ខ្មែរ​នៅតែ​ស្លាប់»

សូម​ជម្រាប​ផង​ដែរ​ថា​ភាគី​វៀតណាម​បាន​ផ្ញើ​មក​ជាមួយ​នូវ​ប្រាក់​សម្រាប់​ចូល​បុណ្យ​សព​លោក ផាត់ សារឿន ចំនួន​៥​លាន​ដុង ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។