មន្ត្រី​ជលផល​ខ្មែរ​ម្នាក់​នៅ​កំពត​ត្រូវ​ទាហាន​វៀតណាម​បាញ់​សម្លាប់

ប្រភព​ពី​ប្រជា​នេសាទ​នៅ​ខែត្រ​កំពត​បាន​ឲ្យ​ដឹង​ថា មន្ត្រី​នៃ​មន្ទីរ​ជលផល​ខែត្រ​កំពត​ម្នាក់​ត្រូវ​បាន​កង​កម្លាំង​ទាហាន​ជើង​ទឹក​វៀតណាម​បាញ់​ស្លាប់ កាលពី​យប់​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ ។
ដោយ អ៊ួន ឈិន
2008.07.17

ប្រជា​នេសាទ​រស់​នៅ​ភូមិ​ដូន​តោក ឃុំ​ត្រើយ​កោះ ស្រុក​កំពង់​បាយ ខែត្រ​កំពត បាន​ឲ្យ​ដឹង​ថា​មន្ត្រី​ជលផល​ម្នាក់​ត្រូវ​បាន​កង​កម្លាំង​ទាហាន​ជើង​ទឹក​វៀតណាម​បាញ់​ស្លាប់ ខណៈពេល​ដែល​មន្ត្រី​រូប​នោះ​រួម​ជាមួយ​សហការី​ដទៃ​ទៀត​កំពុងតែ​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ គឺ​ទូក​អូសគូ​វៀតណាម​ក្នុង​ដែន​សមុទ្រ​កម្ពុជា នៅ​វេលា​ម៉ោង​១១​និង​១៦​នាទី​យប់​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០០៨​កន្លង​ទៅ​នេះ នៅ​ចំណុច​គ្រលុក​កាម៉យ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ចន្លោះ​ឃុំ​ត្រើយ​កោះ ស្រុក​កំពង់​បាយ និង​ឃុំ​កោះ​តូច ស្រុក​កំពត ខែត្រ​កំពត ។

នៅ​ពេល​ដែល​មន្ត្រី​រងគ្រោះ​និង​សហការី​ម្នាក់​ទៀត​បាន​ឡើង​ទៅ​លើ​ទូក​នេសាទ​ល្មើស​ច្បាប់​វៀតណាម​នោះ នាវា​ជើង​ទឹក​វៀតណាម​មួយ​គ្រឿង​ក៏​បាន​មក​ដល់​ហើយ​ធ្វើការ​បាញ់​រះ​រំដោះ​យក​ទូក​នេសាទ​វៀតណាម​តែម្ដង រួច​នាំ​ឆ្ពោះ​ទៅ​កោះ​ត្រល់​ដោយ​នាំ​ទាំង​មន្ត្រី​ជលផល​កម្ពុជា​ទាំង​ពីរ​រូប​ទៅ​ជាមួយ​ដែរ ។

អ្នកស្រី ណុប លីណា ជា​ភរិយា​របស់​លោក ផាត់ សារឿន ម្នាក់​ក្នុង​ចំណោម​មន្ត្រី​ទាំង​ពីរ​ដែល​ត្រូវ​បាន​កងកម្លាំង​ជើង​ទឹក​វៀតណាម​នាំ​យក​ទៅ​នោះ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ក្ដី​សោក​សង្រេង ។

តំណាង​ប្រជា​នេសាទ​នៅ​ភូមិ​ត្រើយ​កោះ លោក នាក់ សេន បាន​សម្ដែង​នូវ​ការខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ឧបទ្ទវហេតុនេះ ។

លោក នាក់ សេន បាន​ឲ្យ​ដឹង​ថា ៖ «ពេល​ដែល​ស្លាប់​នេះ​វៀតណាម​ហៅ​ឲ្យ​ទៅ​យក​ខ្មោច ដោយសារ​រៀល​កៃ បើ​តាម​ប្រជា​នេសាទ​ពួក​ខ្ញុំ​សង្កេត​ថា​មិន​អាច​រៀល​កៃ​ទេ កាំភ្លើង​វា​មិន​ដែល​អា​ណា​ដាក់​ចុង​សំដៅ​មក​ខ្លួនឯង​បាន​ទេ»

ប្រធាន​ខណ្ឌ​រដ្ឋបាល​ជលផល​ប្រចាំ​ខែត្រ​កំពត​និង​ក្រុង​កែប លោក ស សារិន បាន​មាន​ប្រសាសន៍​ថា​គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​ថា​យ៉ាង​ណាៗ​នៅ​ឡើយ​ទេ អំពី​បញ្ហា​ដែន​ទឹក​នៃ​ប្រទេស​ទាំង​ពីរ ដោយ​លោក​កំពុងតែ​ជួប​ជាមួយ​ប្រទេស​វៀតណាម ។

ទោះ​យ៉ាងណា​លោក​បាន​អះអាង​ថា អ្នក​ដែល​ស្លាប់​គឺ​មន្ត្រី​ជលផល លោក ផាត់ សារឿន ចំណែក​ឯ​អ្នក​ដែល​ត្រូវ​បាន​កងកម្លាំង​ជើង​ទឹក​វៀតណាម​ចាប់​ខ្លួន​នោះ គឺ​ជា​សមាជិក​នៃ​សហគមន៍​នេសាទ​មិនមែន​ជា​មន្ត្រី​ជលផល​ឡើយ ។

លោក ស សារិន បាន​មាន​ប្រសាសន៍​ថា ៖ «ឥឡូវ​នេះ​យើង​កំពុងតែ​ធ្វើការ​រួម​គ្នា​មួយ យើង​អត់​អាច​កំណត់​ព្រំ​កន្លែង​ណា​បាន​ទេ ។ យើង​មិន​អាច​កំណត់​ថា អាប់ស៊ីស​ប៉ុន្មាន ? អរដោនេ​ប៉ុន្មាន ? នៅ​កន្លែង​ណា ? ចំណុច​ណា ? គឺ​សុំ​សំណូមពរ​ថា​កុំ​ឲ្យ​ដាក់ បើ​កាលណា​ដាក់​គេ​ទាញ​យក​ត្រូវ​រៀងខ្លួន ។ អ៊ីចឹង​មក​នេះ​គឺ​គោលបំណង​ដើម្បី​ដោះស្រាយ​យក​សព​ហើយ​និង​មនុស្ស​ដែល​ឃាត់​ខ្លួន​ម្នាក់​ហ្នឹង​គឺ​យើង​យក​ត្រឡប់​ទៅ​វិញ...»

សូម​ជម្រាប​ថា​ឧបទ្ទវហេតុ​នេះ​បាន​កើតឡើង​ក្នុង​អំឡុងពេល​នៃ​ទិវា​មច្ឆាជាតិ ខែ​កក្កដា ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។