សង្គម​ស៊ីវិល​ដាក់​មន្ទិល​សង្ស័យ​ជុំវិញ​ការចូល​គាល់​ស្ដេច​ថៃ​របស់​ប្រតិភូ​ខ្មែរ

ក្រុម​ប្រតិភូ​ខ្មែរ​ដែល​បាន​ចូល​គាល់​ព្រះ​មហាក្សត្រ​ថៃ ភូមិបុល អាឌុល យ៉ាដេត នៅ​ក្រុង​ហួហ៊ីន បាន​ញ៉ាំង​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដាក់​ក្តី​មន្ទិល​សង្ស័យ​ថា តើ​ការចូល​គាល់​នោះ​គឺ​ក្នុង​ន័យ​ទទួល​ព្រះរាជ​តម្រិះ ឬ​ក៏​ជា​ការចូល​គាល់​គួរសម​ព្រះ​មហាក្សត្រ​ថៃ​តាម​វិធី​ការទូត ។
ដោយ ហ៊ុយ វណ្ណៈ
2008.08.20
ហោណាំហុង រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ លោក ហោ ណាំហុង (ស្ដាំ) ក្នុង​ឱកាស​ចូល​គាល់​ព្រះ​មហាក្សត្រ​ថៃ នា​ថ្ងៃ​ទី​១៩ សីហា ២០០៨ នៅ​ក្នុង​ប្រទេស​ថៃ។
RFA Photo/Pong Khemerak

ប្រធាន​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ គឺ​លោក មឿង សុន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «បើ​យើង​ទៅ​គ្រាន់តែ​ឋានៈ​ជា​ភ្ញៀវ​ទៅ​សម្ដែង​ការគួរសម​ជា​មិត្តភាព​ប្រទេស​ជិតខាង​បាន ។ តែ​បើ​យើង​ទៅ​និយាយ​រឿង​ព្រំដែន​ឲ្យ​ស្ដេច​ថៃ​ធ្វើ​អន្តរាគមន៍ ហ្នឹង​គឺ​ខុស​ទាំងស្រុង​តែម្ដង គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​របស់​ព្រះរាជាណាចក្រ​យើង ពិសេស​គឺ​មហាក្សត្រ​យើង ហើយ​និង​រាជ​រដ្ឋាភិបាល​យើង​ដែល​ដឹកនាំ​ដោយ​សម្ដេច ហ៊ុន សែន ។ តែ​សំខាន់​ជាង​ហ្នឹង​ទៀត យើង​មាន​ការបារម្ភ​មួយ​ដោយសារ​តែ​យើង​អត់​បាន​ដឹង​ការជជែក​ចរចា​គ្នា​ហ្នឹង តើ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ ?»

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ បាន​ថ្លែង​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្រោយ​ពេល​ត្រឡប់​មក​ពី​កិច្ច​ចរចា​ជាមួយ​សមភាគី​ថៃ​ពី​បញ្ហា​ព្រំដែន​និង​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ ថា គេ​មិន​អាច​បកស្រាយ​ជា​សាធារណៈ​អំពី​ការចូល​គាល់​ព្រះ​មហាក្សត្រ​ថៃ​នោះ​ឡើយ ។

លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង បាន​ថ្លែង​បន្ថែម​យ៉ាង​ដូច្នេះ​ថា ៖ «ជា​ទម្លាប់​របស់​ថៃ គេ​បាន​ប្រាប់​ខ្ញុំ​ថា ការចូល​គាល់​ព្រះ​មហាក្សត្រ​នេះ យើង​មិន​អាច​យក​ទៅ​បកស្រាយ​ជា​សាធារណៈ​បាន​ទេ ។ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​អាច​ជម្រាប​បាន​ថា ព្រះ​មហាក្សត្រ​ថៃ ខ្ញុំ​បាន​ធ្វើ​របាយការណ៍​ថ្វាយ​លោក អំពី​ជោគជ័យ​នៃ​ការពិភាក្សា​គ្នា​បន្ត​បន្ទាប់ តាំងពី​សៀមរាប​រហូត​មក​ដល់​ថ្ងៃ​ម្សិលមិញ​នេះ»

សូម​ជម្រាប​ថា​ក្រុម​ប្រតិភូ​ខ្មែរ​រួម​ទាំង​មន្ត្រី​ថៃ​ផង​បាន​ចូល​គាល់​ព្រះ​មហាក្សត្រ​ថៃ នៅ​ថ្ងៃ​ទី​១៩ សីហា បន្ទាប់ពី​កិច្ច​ចរចា​ដំណើរការ​ជាង​៧​ម៉ោង ។

លោក វ៉ា គឹមហុង មន្ត្រី​ខ្មែរ​ផ្នែក​កិច្ចការ​ព្រំដែន​ដែល​បាន​ចូលគាល់​ព្រះ​មហាក្សត្រ​ថៃ​ដែរ​នោះ បាន​ថ្លែង​បញ្ជាក់​អំពី​ការ​មិន​ធ្វើ​អធិប្បាយ​នោះ​ថា ៖ «ជា​ធម្មតា... លោក​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ដែល​ស្ដេច​ពិចារណា ស្ដេច​ថៃ​លោក​មាន​បន្ទូល​យ៉ាង​ម៉េច​ទេ យើង​មិន​ដែល​ធ្វើ​អត្ថាធិប្បាយ​លើ​ហ្នឹង​ទេ ហ្នឹង​ជា​ពិធីការ​ដែល​គេ​តែងតែ​គោរព​តាំងពី​ដើម​មក»

សូម​ជម្រាប​បន្ថែម​ថា រយៈពេល​ពីរ​ថ្ងៃ​មុន​កិច្ច​ប្រជុំ​នៅ​ក្រុង​ហួហ៊ីន​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ចូល​គាល់​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ដើម្បី​ទូល​ថ្វាយ​អំពី​ស្ថានភាព​បញ្ហា​នៅ​ព្រំដែន​នោះ​ផងដែរ ។

យោង​តាម​ប្រសាសន៍​លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​លើក​ទី​២ នៅ​ក្រុង​ហួហ៊ីន​នោះ គឺ​មិន​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ផ្លូវការ​លើ​បញ្ហា​ព្រំដែន​នោះ​ឡើយ ក៏ប៉ុន្តែ​ថា​នឹង​មាន​កិច្ច​ប្រជុំ​បន្ត​ទៀត​នៅ​ក្រុង​សៀមរាប នា​ថ្ងៃ​ទី​២៩ ខែ​សីហា ដើម្បី​ជជែក​អំពី​ការដក​កងទ័ព​នៅ​តំបន់​ដែល​មាន​ជម្លោះ​នោះ ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។