លោក សុន ឆ័យ គ្រោង​កោះ​ហៅ​មន្ត្រី​តុលាការ​ខេត្ត​ស្វាយរៀង​ឲ្យ​បំភ្លឺ​នៅ​រដ្ឋ​សភា

បន្ទាប់​ពី​កោះ​ហៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​ក្នុង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម រួច​មក តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង គ្រោង​កោះ​ហៅ​មន្ត្រី​តុលាការ និង​រដ្ឋមន្ត្រី​មួយ​ចំនួន ឲ្យ​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​រដ្ឋសភា​នៅ​ពេល​ខាង​មុខ​នេះ​ទៀត។
ដោយ វណ្ណ វិចារ
2012.12.25
សុន​ឆ័យ​៣០៥ តំណាង​រាស្រ្ដ​គណបក្ស​ សម រង្ស៊ី លោក សុន ឆ័យ
RFA/Den Ayuthyea

ការ​កោះ​ហៅ​នេះ ធ្វើ​ឡើង​ដើម្បី​ពន្យល់​លើ​បញ្ហា​មួយ​ចំនួន ដូច​ជា​ឯករាជ​ភាព​របស់​តុលាការ ការ​គ្រប់គ្រង​ធនធាន​រ៉ែ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច ការ​ផ្តល់​លិខិត​ឆ្លង​ដែន និង​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ។

ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៉ី លោក សុន ឆ័យ នឹង​ដាក់​លិខិត​កោះ​ហៅ​ប្រធាន​តុលាការ​ខេត្ត​ស្វាយរៀង ព្រម​ទាំង​រដ្ឋមន្ត្រី​ចំនួន ៣​នាក់​ផ្សេង​ទៀត មក​កាន់​រដ្ឋសភា ដើម្បី​បំភ្លឺ​ពី​ករណី​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​ដើម​ឆ្នាំ​២០១៣ ខាង​មុខ។

ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៉ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា តំណាង​រាស្ត្រ​ត្រូវ​តែ​ជំរុញ​ឲ្យ​តុលាការ និង​មន្ត្រី​រដ្ឋាភិបាល ស្រាយ​បំភ្លឺ និង​ទទួល​ខុស​ត្រូវ​រាល់​កិច្ចការ​ដែល​ពួក​គេ​បំពេញ​ក្នុង​នាម​ជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា មាន​ចំណុច​អវិជ្ជមាន​ជាច្រើន​ដែល​ពលរដ្ឋ​មិន​អាច​ទទួល​យក​បាន ដូច​ជា​តុលាការ​អយុត្តិធម៌ និង​ការ​បាត់​បង់​ចំណូល​ធនធាន​ធម្មជាតិ​យ៉ាង​សម្បើម បណ្ដាល​មក​ពី​ការ​គ្រប់គ្រង​ពុក​រលួយ​របស់​មន្ត្រី​រដ្ឋាភិបាល។

លោក សុន ឆ័យ បញ្ជាក់​ថា តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​តែង​ស្នើសុំ​ការ​បកស្រាយ​ពី​មន្ត្រី​តុលាការ និង​មន្ត្រី​រដ្ឋាភិបាល ប៉ុន្តែ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ចាំ​តែ​ហៃអើ​តាម​មន្ត្រី​រដ្ឋាភិបាល​ប៉ុណ្ណោះ៖ «កម្មវិធី​ដែល​ត្រូវ​ធ្វើ ខ្ញុំ​មិន​ជឿ​ថា​នឹង​មាន​ការ​សួរ​ហ្នឹង​មុន​បំណាច់​ឆ្នាំ​នេះ​ទេ បើ​សិន​ជា​ប្រធាន​សភា​មាន​ការ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ត្រឹមត្រូវ ប្រហែល​ជា​នៅ​ខែ​មករា ឆ្នាំ​២០១៣ នេះ ប្រធាន​តុលាការ​ខេត្ត​ស្វាយរៀង នឹង​មក​បំភ្លឺ​មុន​គេ​ហើយ»

លោក សុន ឆ័យ បន្ត​ថា កន្លង​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន តែង​តែ​បង្ក​ការ​លំបាក​ចំពោះ​សមាជិក​សភា ដោយ​មិន​ឲ្យ​សមាជិក​សភា​បាន​សួរ​ផ្ទាល់​មាត់​ត​ទល់​នឹង​មន្ត្រី​រដ្ឋាភិបាល​ទេ។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ស្មាន ទៀត ពន្យល់​ថា សមាជិក​សភា​មាន​សិទ្ធិ​ក្នុង​ការ​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល និង​តុលាការ​មក​បំភ្លឺ​នៅ​ចំពោះ​មុខ​រដ្ឋសភា។ លោក​បន្ត​ថា ប្រធាន​រដ្ឋសភា​មិន​ធ្លាប់​បាន​កាត់​សម្ដី​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​ផ្ទុយ​ពី​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា​ឡើយ។ លោក ស្មាន ទៀត បញ្ជាក់​ថា តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន បាន​ធ្វើ​ការងារ​ច្រើន​ណាស់​ដើម្បី​ប្រទេស​ជាតិ មិន​ដូច​ការ​លើក​ឡើង​របស់​លោក សុន ឆ័យ នោះ​ទេ។

លោក ស្មាន ទៀត៖ «ខ្ញុំ​គិត​ថា គាត់​អ្នក​ប្រឆាំង បើ​មិន​ប្រឆាំង គិត​ថា​គាត់​មិន​មាន​សំឡេង​ទេ។ រដ្ឋាភិបាល​ជា​អ្នក​អនុវត្ត សភា​ជា​អ្នក​តាម​ដាន​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល មាន​ការងារ​ណា​ឆ្ងល់ សភា​គណបក្ស​ប្រជាជន អាច​ទូរស័ព្ទ​សួរ​ទៅ ហើយ​ដោះស្រាយ​តាម​ច្បាប់​ទៅ»

លោក ស្មាន ទៀត បន្ត​ថា កន្លង​ទៅ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​តែង​តែ​ឃ្លាំ​មើល​រាល់​ដំណើរ​ការ​របស់​តុលាការ​ដែរ ហើយ​បើ​ឃើញ​សកម្មភាព​មិន​ស្រប​ច្បាប់​ណា​មួយ នឹង​រាយការណ៍​ជូន​ប្រធាន​រដ្ឋសភា។

បើ​តាម​លោក សុន ឆ័យ តុលាការ​ខេត្ត​ស្វាយរៀង នឹង​ត្រូវ​ហៅ​មក​បំភ្លឺ​ជុំវិញ​ករណី​ដោះ​លែង​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដែល​ជា​បញ្ហា​អយុត្តិធម៌​បំផុត​មិន​ធ្លាប់​មាន។ ទន្ទឹម​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ស៊ុយ សែម នឹង​ត្រូវ​ឆ្លើយ​សំណួរ​ទាក់​ទង​នឹង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​រុករក​រ៉ែ និង​គ្រប់គ្រង​ការ​រុករក​រ៉ែ​យ៉ាង​អនាធិបតេយ្យ​នៅ​ទូទាំង​ប្រទេស។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ចាន់ សារុន នឹង​ត្រូវ​ឆ្លើយ​ពី​ការ​ផ្តល់​ដី​សម្បទាន​រយៈពេល ៩៩​ឆ្នាំ ដែល​មាន​ចំនួន​ជាង ២​លាន ៥​សែន​ហិកតារ នៅ​ទូទាំង​ប្រទេស ហើយ​បាត់​បង់​ចំណូល​ជាតិ​យ៉ាង​សន្ធឹក​សន្ធាប់។ ចំណែក​ឯ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នឹង​ត្រូវ​ឆ្លើយ​លើ​បញ្ហា​ការ​ផ្តល់​លិខិត​ឆ្លង​ដែន និង​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ ដោយ​សារ​តែ​ពលរដ្ឋ​នៅ​តែ​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន ដើម្បី​ទទួល​បាន​លិខិត​ផ្លូវ​ការ​ទាំង​ពីរ​នេះ។

ទាក់​ទង​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា កាលៈទេសៈ​បច្ចុប្បន្ន គឺ​ដល់​ពេល​ដែល​អ្នក​តំណាង​រាស្ត្រ​ត្រូវ​គិតគូរ​ដើម្បី​ទាម​ទារ​ផល​ប្រយោជន៍​ជូន​ពលរដ្ឋ​ហើយ។ លោក​បន្ត​ថា ករណី​ដោះ​លែង​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត គួរ​ណាស់​តែ​ក្លាយ​ជា​ចំណោទ​សម្រាប់​អ្នក​តំណាង​រាស្ត្រ​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​រដ្ឋសភា ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត។

លោក អ៊ូ វីរៈ៖ «បើ​សិន​លោក សុន ឆ័យ មាន​ការ​គាំទ្រ​ពី​គណបក្ស​ប្រឆាំង​ហ្នឹង ប្រធាន​សភា​ត្រូវ​តែ​បញ្ជូន​ករណី​ហ្នឹង កោះ​ហៅ​បាន។ រឿង ឈូក បណ្ឌិត ជា​រឿង​និទ្ទណ្ឌភាព​មួយ ជា​រឿង​មួយ​នយោបាយ  ដោយ​សារ​លោក ឈូក បណ្ឌិត ហ្នឹង មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​មាន​អំណាច ដូច​នេះ​ជា​ការ​ចាំបាច់​បំផុត​ត្រូវ​មាន​ការ​ជំរុញ​ពី​សភា»

ទាក់​ទង​នឹង​ការ​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​សភា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ឆ្លើយ​នឹង​សំណួរ​របស់​លោក សុន ឆ័យ ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង ដើម្បី​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០១២។ ប៉ុន្តែ​អ្នក​ដែល​ចូល​រួម​ឆ្លើយ​សំណួរ​របស់​អ្នក​តំណាង​រាស្ត្រ​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​តែ​ឥស្សរជន​រដ្ឋាភិបាល ២​រូប​ផ្សេង​ទៀត​ប៉ុណ្ណោះ ក្នុង​នោះ​មាន​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំ​ដែន និង​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​ការងារ ហើយ​រាល់​ការ​ឆ្លើយ​សំណួរ​ទាំង​នេះ មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សាកសួរ​ផ្ទាល់​មាត់​ពី​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​នោះ​ទេ។

ទោះ​យ៉ាង​ណា​ក្តី លោក សុន ឆ័យ នៅ​តែ​បង្ហាញ​ជំហរ​វិជ្ជមាន​ថា មន្ត្រី​រដ្ឋាភិបាល និង​តុលាការ​ខេត្ត​ស្វាយរៀង នឹង​ចូល​រួម​មក​ឆ្លើយ​សំណួរ​នៅ​ពេល​ខាង​មុខ។ លោក​បន្ត​ថា បើ​សិន​ជា​មន្ត្រី​ទាំង​នោះ​មិន​ចូល​ខ្លួន​មក​បំភ្លឺ​ទេ បាន​ន័យ​ថា​ពួក​គេ​ទាំង​នោះ​រំលោភ​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា។

លោក សុន ឆ័យ បញ្ជាក់​ថា ការងារ​ដែល​សំខាន់ គឺ​ប្រធាន​សភា​ត្រូវ​តែ​បំពេញ​តួនាទី​ជា​ប្រធាន​សភា ដើម្បី​បម្រើ​ពលរដ្ឋ មិន​មែន​ប្រធាន​សភា​បក្ស​នោះ​ឡើយ៖ «ជំរុញ​រដ្ឋាភិបាល​គោរព​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ចាប់​ផ្ដើម​សួរ​នាំ​មន្ត្រី ដើម្បី​ឲ្យ​ពួក​ទាំង​នេះ​ចាប់​ផ្ដើម​ទទួល​ខុស​ត្រូវ​ចំពោះ​តួនាទី​របស់​មន្ត្រី​បម្រើ​ជាតិ​នោះ គេ​មិន​មក​មិន​មែន​ជា​កំហុស​របស់​សមាជិក​សភា​នេះ ជា​កំហុស​របស់​មន្ត្រី​របស់​រដ្ឋាភិបាល ហើយ​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​នេះ​ជា​អំពើ​ធ្ងន់ធ្ងរ​ណាស់»

តាម​ការ​កត់​សម្គាល់​របស់​អ្នក​តំណាង​រាស្ត្រ ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១២ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ចូល​រួម​ឆ្លើយ​សំណួរ​របស់​អ្នក​តំណាង​រាស្ត្រ​បាន​ចំនួន​ក្រោម ៣០% ដោយ​ភាគ​ច្រើន ការ​ឆ្លើយ​សំណួរ​តាម​រយៈ​លិខិត។ តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា មន្ត្រី​រដ្ឋាភិបាល​មាន​តួនាទី​ឆ្លើយ​តប​រាល់​សំណួរ​របស់​អ្នក​តំណាង​រាស្ត្រ​ជា​លាយលក្ខណ៍​អក្សរ ឬ​ឆ្លើយ​ផ្ទាល់​មាត់ ប៉ុន្តែ​កន្លង​មក មន្ត្រី​រដ្ឋាភិបាល​កម្ពុជា មួយ​ចំនួន មិន​បាន​ឆ្លើយ​បំភ្លឺ​សំណួរ​អ្នក​តំណាង​រាស្ត្រ​តាម​រដ្ឋធម្មនុញ្ញ​នោះ​ទេ ហើយ​ក៏​មិន​មាន​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​ដែរ បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្ដេជ្ញា​កម្ចាត់​អ្នក​មិន​គោរព​រដ្ឋធម្មនុញ្ញ​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។