កសិករ​ខេត្ត​ប៉ៃលិន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​សម្រាប់​ដំឡូងមី

ប្រជា​កសិករ​នៅ​ខេត្ត​ប៉ៃលិន កំពុង​ជួប​ប្រទះ​បញ្ហា​ទីផ្សារ​ដំឡូងមី នៅ​ពេល​ដែល​រដូវ​ប្រមូល​ផល​បាន​ចូល​មក​ដល់។ ទន្ទឹម​គ្នា​នេះ ពួក​គាត់​បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​រាជ​រដ្ឋាភិបាល ជួយ​រក​ទីផ្សារ​លក់​កសិផល​ដំឡូងមី​ជូន​ពួក​គាត់។
ដោយ សួន សុផលមុន្នី
2012.12.22
ដំឡូង​មី បាត់ដំបង ៣០៥ កសិករ​កាប់​បំបែក​ដំឡូង​មី នៅ​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១១។
RFA/Soun Sophalmony

ផល​ដំឡូងមី ដែល​ប្រជាពលរដ្ឋ​ភាគ​ច្រើន​នាំ​គ្នា​ដាំដុះ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន នៅ​ឆ្នាំ​នេះ កំពុង​ជួប​នឹង​វិបត្តិ​អត់​ទីផ្សារ ឬ​លក់​បាន​តម្លៃ​ទាប។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​កសិករ​ជាច្រើន​ព្រួយ​បារម្ភ​ចំពោះ​ការ​ខាត​បង់​ដើម​ទុន និង​មាន​ការ​ជំពាក់​បំណុល​ធនាគារ​ច្រើន។

សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន មក​ពី​គណបក្ស សម រង្ស៊ី លោកស្រី វ៉ែន ដារ៉ា បាន​ថ្លែង​នៅ​ថ្ងៃ​ទី២២ ខែ​ធ្នូ ថា ប្រជាពលរដ្ឋ​ជាង​៩០% នៅ​ខេត្ត​ប៉ៃលិន បាន​នាំ​គ្នា​ខ្ចី​លុយ​ពី​ធនាគារ​យក​ទៅ​ប្រើប្រាស់​ធ្វើ​ជា​ដើម​ទុន​សម្រាប់​បង្កបង្កើន​ផល​កាល​ពី​ដើម​រដូវ។ នៅ​ពេល​រដូវ​ប្រមូល​ផល​ចូល​មក​ដល់ តម្លៃ​ដំឡូងមី​ចុះ​ថោក៖ «ដំឡូង​វា​ថោក អ៊ីចឹង​ចង់​អោយ​រាជ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ ព្រោះ​ប្រទេស​ថៃ ឥឡូវ​នេះ​អោយ​ដឹក​ចូល​តែ​ទម្ងន់​ក្នុង​មួយ​ឡាន ៥​តោន​ទេ ដូច​ថា សៃឡូ​មួយ​អ៊ីចឹង ដឹក​បាន​មួយ​ឡាន ៥​តោន​ទេ ទោះ​ឡាន​ប៉ុន្មាន​ក៏​អោយ​យក​ប៉ុណ្ណឹង​ដែរ។ កាល​មុន​ដឹក​ពេញ​ឡាន​យីឌុប ឥឡូវ​ធ្វើ​ដំឡូង​ហ្នឹង​ចុះ​ថោក»

ដំឡូងមី​ស្រស់​ក្នុង​១​គីឡូ​ក្រាម​មាន​តម្លៃ ១បាត ស្មើ​មួយ​រយ​ប្រាក់​រៀល។ តម្លៃ​នេះ​ចុះ​ថោក​ជាង​បណ្ដា​ឆ្នាំ​កន្លង​ទៅ ដូច្នេះ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ប្រឈម​ទៅ​ការ​ខាត​បង់​ដើម​ទុន ជំពាក់​បំណុល​ធនាគារ​ច្រើន។ បច្ចុប្បន្ន ទីផ្សារ​ដំឡូងមី​របស់​កសិករ​នៅ​ខេត្ត​ប៉ៃលិន ត្រូវ​បាន​ឈ្មួញ​កណ្ដាល​ដើរ​ទិញ​ពី​ប្រជាពលរដ្ឋ បន្ទាប់​មក​ដឹក​ឆ្លង​កាត់​ច្រក​អន្តរជាតិ​ព្រំ យក​ទៅ​លក់​ក្នុង​ប្រទេស​ថៃ៖ «ដក​លើ​គេ កម្មករ​លើក​គេ​ហើយ​គេ​ដឹក​ដល់​សៃឡូ​បាន​៤ បាន​កន្លះ​ទេ ហើយ​អ្នក​ម្ចាស់​ចម្ការ​បាន​តែ ១​បាត​ទេ ការ​ទូទាត់​ទៅ​វា​អត់​ចំណេញ​អត់។ ប្រជាពលរដ្ឋ​ធ្វើ​ការ​យូរៗ​ទៅ​លក់​ដី​សង​គេ ហើយ​អ៊ីចឹង​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ហ្នឹង​គិតគូរ​បញ្ហា​ហ្នឹង ព្រោះ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន ៩៥% គឺ​ប្លង់​ដី​នៅ​ធនាគារ»

មេ​ឃុំ​ស្ទឹងត្រង់ លោក វល្លិ៍ រួម បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន មាន​ចំនួន​តិច​តូច​បំផុត​ដែល​មាន​ដើម​ទុន​លុយ​ផ្ទាល់​ខ្លួន ប្រើប្រាស់​សម្រាប់​ការ​ដាំ​ដុះ​ដំឡូងមី កាល​ពី​ដើម​រដូវ ក្រៅ​ពី​នេះ កសិករ​ភាគ​ច្រើន​លើសលប់​បាន​ខ្ចី​បុល​ចង​ការ​ប្រាក់​ធនាគារ​យក​ទៅ​ធ្វើ​ដើម​ទុន។ ពួក​គាត់​កំពុង​ព្រួយ​បារម្ភ​ ដោយ​សារ​តម្លៃ​ដំឡូងមី​នៅ​ឆ្នាំ​នេះ​កំពុង​បន្ត​ចុះ​ថោក៖ «ឈ្មួញ​កណ្ដាល​ទិញ​បន្ត​ពី​កសិករ​ទៅ យក​ទៅ​ឆ្លង​ប្រទេស​ដែរ​ហ្នឹង ទី១។ ទី២ ភាគ​ច្រើន​គាត់​បាន​ដាក់​លុយ​ឲ្យ​កសិករ ដល់​ពេល​ប្រមូល​ផល​ក៏​លក់​អោយ​គាត់​អ៊ីចឹង​ទៅ ការ​លក់​ក៏​តាម​តម្លៃ​ហាង​ឆេង​ដែរ បើ​ឈ្មួញ​ខ្លះ​អាង​តែ​ពូជ​គាត់ អាង​តែ​លុយ​គាត់ គាត់​បំពាន​កសិករ»

លាន​ហាល​សម្ងួត​ដំឡូងមី​នៅ​ខេត្ត​ប៉ៃលិន ទាំង​តូច​ទាំង​ធំ​មាន​ចំនួន​ជាង ៥០​កន្លែង។ កន្លែង​ទាំង​នោះ​គ្រប់គ្រង​ដោយ​ឈ្មួញ​កណ្ដាល។ ពួក​គេ​បាន​នាំ​គ្នា​ដើរ​ទិញ​ដំឡូង​ពី​កសិករ រួច​បន្ត​ដឹក​ទៅ​លក់​នៅ​ប្រទេស​ថៃ។

លោក អ៊ី ឈាន អភិបាល​ខេត្ត​ប៉ៃលិន បាន​ថ្លែង​ថា តម្លៃ​ដំឡូងមី​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ពិត​ជា​មាន​តម្លៃ​ទាប​ដូច​ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ។ បញ្ហា​នេះ អាជ្ញាធរ​ខេត្ត​កំពុង​គិតគូរ​រក​ទីផ្សារ ដោយ​បាន​ធ្វើ​ការ​ទំនាក់ទំនង​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ថៃ ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​របស់​ប្រទេស​កូរ៉េ មួយ​ចំនួន​ទៀត៖ «អ៊ីចឹង​បាន​ជា​ខ្ញុំ​រាល់​ថ្ងៃ​កំពុង​ទំនាក់​ទំនង​ជាមួយ​ខាង​ចិន ក្តី ខាង​កូរ៉េ ក្តី ដើម្បី​ឲ្យ​មក​ធ្វើ​ឡ​សម្ងួត​នៅ​ក្នុង​មូលដ្ឋាន​យើង​នេះ អោយ​បាន។ ឥឡូវ​យើង​បាន​គួរ​សម​ហើយ ប៉ុន្តែ​ខ្លះ​វា​ដំណើរ​ការ​បាន​ល្អ ប៉ុន្តែ​ខ្លះ​មិន​ទាន់​ដំណើរ​ការ​បាន​ល្អ ប៉ុន្តែ​ខ្ញុំ​យល់​ថា មួយ​ឆ្នាំ​ពីរ​ឆ្នាំ​ទៀត ទីផ្សារ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ពិត​ជា​ល្អ»

បច្ចុប្បន្ន ម្ចាស់​ដំឡូងមី​មួយ​ចំនួន​បាន​ផ្អាក​ការ​ប្រមូល​ផល​មួយ​រយៈ​សិន រង់ចាំ​មើល​តម្លៃ​ដំឡូងមី​រើប​ឡើង​វិញ។ ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន ជាង ៩០% បាន​នាំ​គ្នា​សម្រុក​ដាំ​ដំឡូងមី ក្រៅ​ពី​នោះ​មាន​ពោត សណ្ដែក និង​ដំណាំ​ហូប​ផ្លែ​បូក​ផ្សំ​មួយ​ចំនួន​ផ្សេង​ទៀត។ ការ​ធ្វើ​ចម្ការ​របស់​កសិករ​ភាគ​ច្រើន​នៅ​ខេត្ត​ប៉ៃលិន គឺ​ពួក​គាត់​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​យក​ទៅ​ធ្វើ​ដើម​ទុន​កាល​ពី​ដើម​រដូវ​បង្កបង្កើន​ផល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។