អ្នក​កាសែត​ម្នាក់​នៅ​ខេត្ត​ព្រះវិហារ​បារម្ភ​ខ្លាច​តុលាការ​ចោទ​ប្រកាន់​និង​ដាក់​ទោស

តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះវិហារ កំពុង​តែ​ពិចារណា​អំពី​ការ​ចោទ​ប្រកាន់​ទៅ​លើ​ភ្នាក់ងារ​សារព័ត៌មាន​ក្នុង​ស្រុក​ម្នាក់ ពី​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​នៅ​ក្នុង​ក្រុម​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ។
ដោយ ហង្ស សាវយុត
2012.12.22

ការ​ពិចារណា​របស់​តុលាការ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សមាគម​ជន​ពិការ​ក្រៅ​រដ្ឋាភិបាល បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ។ ពាក្យ​បណ្ដឹង​នោះ បាន​ចោទ​ប្រកាន់ ទៅ​លើ​ភ្នាក់ងារ​កាសែត ថា​មាន​ការ​ផ្សាយ​ព័ត៌មាន​​មិន​ពិត និង​បទ​បរិហារកេរ្តិ៍​តាម​សារព័ត៌មាន​ជាដើម។

ភ្នាក់ងារ​សារព័ត៌មាន​ក្នុង​ស្រុក​ម្នាក់ ប្រចាំ​នៅ​ខេត្ត​ព្រះវិហារ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់ និង​ដាក់​ទោស​រូប​គាត់ ដោយ​សារ​តែ​ការ​សរសេរ​សេចក្តី​រាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត កាល​ពី​ពេល​ថ្មីៗ។ ការ​ព្រួយ​បារម្ភ​នេះ បន្ទាប់​ពី​តុលាការ​បាន​ចេញ​ដីកា​កោះ​ហៅ​រូប​គាត់​ឱ្យ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​កាល​ពី ៣​ថ្ងៃ​មុន។

លោក មាស សាមឿន គឺ​ភ្នាក់ងារ​របស់​កាសែត​ជាតិ ប្រចាំ​នៅ​ក្នុង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២២ ខែ​ធ្នូ ថា តុលាការ​បាន​កោះ​ហៅ​រូប​លោក​ទៅ​សាក​សួរ កាល​ពី​ថ្ងៃ​ទី១៩ ខែ​ធ្នូ កន្លង​ទៅ។ បុរស​ដដែល​បាន​មាន​ប្រសាសន៍​ថា ការ​កោះ​ហៅ​នោះ បន្ទាប់​ពី​កាសែត​របស់​លោក​បាន​ចុះ​ផ្សាយ​រិះគន់​ប្រធាន​សមាគម​ជន​ពិការ​ក្រៅ​រដ្ឋាភិបាល​មួយ ដែល​មាន​ទីតាំង​នៅ​ភូមិ​ស្នាផ្អែក ឃុំ​ស្រយង់ ស្រុក​គូលែន ថា​បាន​ឆបោក​យក​លុយ​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន ដោយ​សន្យា​ថា​នឹង​ចែក​ដីធ្លី ក៏ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បែរ​ជា​មិន​មាន​ដី​ចែក ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លះ​នាំ​គ្នា​យំ​ស្រែក។ ដោយ​សារ​តែ​កាសែត​បាន​ចេញ​ផ្សាយ​ដូច្នេះ ប្រធាន​សមាគម​ជន​ពិការ​ក្រៅ​រដ្ឋាភិបាល​នោះ ក៏​បាន​ធ្វើ​ពាក្យ​ប្ដឹង​រូប​លោក​ទៅ​តុលាការ។

លោក មាស សាមឿន៖ «តុង ថា កាសែត​ជាតិ​ដែរ គាត់​ចុះ​ផ្សាយ​តាម​ឯកសារ​ប្រជាពលរដ្ឋ​ដែល​ប្ដឹង។ តា​ហ្នឹង​ស្មាន​តែ​ខ្ញុំ គាត់​ទៅ​ប្ដឹង​តុលាការ​ថា​ខ្ញុំ។ គេ​ថា​ខ្ញុំ​ចុះ​កាសែត​ហ្នឹង​មិន​ពិត ប៉ះពាល់​គេ។ ខ្ញុំ​ព្រួយ​បារម្ភ​ដែរ ខ្លាច​តុលាការ​ឃុបឃិត​គ្នា​អី យក​ទោស​យក​ពៃ​ខ្ញុំ។ ប៉ុន្តែ​ខ្ញុំ​សំអាង​ទៅ​លើ​ឯកសារ​ប្រជាពលរដ្ឋ​ដែល​ផ្ដិត​មេ​ដៃ​ប្រធាន​សមាគម​ជន​ពិការ​ក្រៅ​រដ្ឋាភិបាល​នោះ​មែន»

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែង​រក​លេខ​ទូរស័ព្ទ​ដើម្បី​ទាក់​ទង​លោក ចាន់ គឹមសាន ហៅ តា​រំដួល ដែល​ជា​ប្រធាន​សមាគម​ជន​ពិការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ធ្វើ​ការ​ពន្យល់​បញ្ហា​នោះ​បាន​នៅ​ឡើយ​ទេ។

ចំណែក​លោក ស្រេង វុទ្ធា ព្រះរាជ​អាជ្ញា​រង និង​ជា​តំណាង​អយ្យការ​នៃ​សំណុំ​រឿង​ក្តី​នោះ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​ប្រធាន​សមាគម​ជន​ពិការ​ក្រៅ​រដ្ឋាភិបាល​នោះ គឺ​បាន​ចោទ​ប្រកាន់​ទៅ​លើ​ភ្នាក់ងារ​សារព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន ដូច​ជា​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​ក្នុង​ក្រុម និង​បទ​បរិហារកេរ្តិ៍​តាម​សារព័ត៌មាន​ជាដើម។

លោក​ព្រះរាជ​អាជ្ញា​រង បាន​បញ្ជាក់​ថា នៅ​ក្នុង​បណ្ដឹង​ដែល​បាន​ចោទ​ប្រកាន់​ជាច្រើន​ករណី តុលាការ​អាច​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​អ្នក​កាសែត​ម្នាក់​នោះ​ជុំវិញ​ករណី​ខ្លះ ដើម្បី​ឱ្យ​ចៅ​ក្រម​ស៊ើបសួរ​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ត៖ «បើ​សារព័ត៌មាន​គាត់​មាន​ឯកសារ​សំអាង​ត្រឹមត្រូវ​ទាំង​អស់ ប៉ុន្តែ​ចង់​ចោទ​ពី​បទ​ញុះញង់​វិញ វា​នេះ​ជាង»

លោក ម៉ាណូរិន ជា​ចាងហ្វាង​កាសែត​ជាតិ បាន​មាន​ប្រសាសន៍​ថា លោក​មិន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​តុលាការ​ដែល​កោះ​ហៅ​ភ្នាក់ងារ​របស់​លោក​ទៅ​សាកសួរ​នោះ​ទេ ពីព្រោះ​តែ​លោក​មាន​ឯកសារ​សំអាង​គ្រប់គ្រាន់ ហើយ​លោក​ក៏​កំពុង​រៀប​ចំ​ពាក្យ​បណ្ដឹង ដើម្បី​ប្ដឹង​ប្រធាន​សមាគម​ជន​ពិការ​ក្រៅ​រដ្ឋាភិបាល​នោះ​វិញ​ដែរ ពី​បទ​រំលោភ​ទៅ​លើ​លក្ខន្តិកៈ​របស់​សមាគម​ក្រៅ​រដ្ឋាភិបាល។

ទោះ​យ៉ាង​ណា មន្ត្រី​តុលាការ​ខេត្ត​ព្រះវិហារ បាន​ឱ្យ​ដឹង​ថា ភ្នាក់ងារ​សារព័ត៌មាន​ក្នុង​ស្រុក​ម្នាក់​នោះ មិន​មែន​មាន​តែ​ពាក្យ​បណ្ដឹង​មួយ​ដាក់​ចូល​ទៅ​តុលាការ​ប៉ុណ្ណោះ​ទេ គឺ​មាន​ពាក្យ​បណ្ដឹង​ទាំង​អស់​ចំនួន​៣ ដែល​តុលាការ​កំពុង​មាន​នៅ​ក្នុង​ដៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។