ចាប់​ខ្លួន​ព្រះរាជ​អាជ្ញា​មួយ​រូប​នៅ​ពោធិ៍សាត់

ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កាល​ពី​ព្រឹក​មិញ វេលា​ម៉ោង​ប្រមាណ ៧​និង​៣០​នាទី ថ្ងៃ​ទី​២៩ វិច្ឆិកា​នេះ។
ដោយ មណ្ឌល កែវ
2010.11.29

មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក​ឧត្ដម​សេនីយ៍ អន សុខុន បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​២៩ វិច្ឆិកា​ថា ពិត​ជា​មាន​ការ​ចាប់​ខ្លួន​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់​មែន ប៉ុន្តែ​លោក​ពុំ​បាន​ដឹង​ពី​មូលហេតុ​ដែល​នាំ​ទៅ​ដល់​ការ​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​អយ្យការ​ខេត្ត​រូប​នេះ​ទេ។ លោក​មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​ប្រតិបត្តិការ​របស់​ស្ថាប័ន​ជំនាញ មិន​មែន​ស្ថាប័ន​កង​រាជ​អាវុធ​ហត្ថ​នោះ​ទេ ៖ «ខ្ញុំ​អត់​បាន​ដឹង​ទេ​ពី​មូលហេតុ ព្រោះ​សមត្ថកិច្ច​ដែល​គេ​មក​ចាប់ គឺ​ជា​សមត្ថកិច្ច​ផ្សេង ដែល​ថ្នាក់​លើ​គេ​បាន​អនុវត្ត​ដល់​អ៊ីចឹង ខ្ញុំ​អត់​បាន​ដឹង​អី​ច្បាស់​នោះ​ទេ»

ប្រភព​ពី​មន្ត្រី​តុលាការ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា អង្គភាព​ចម្រុះ​ដែល​រួម​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អធិការ​កិច្ច​នៃ​ក្រសួង​យុត្តិធម៌ និង​អគ្គ​ព្រះ​រាជ​អាជ្ញា បាន​អនុវត្ត​ការ​ចាប់​ខ្លួន​នេះ។ ប្រភព​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា អង្គរក្ស​២​រូប និង​ភរិយា​លោក​ព្រះ​រាជ​អាជ្ញា ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ។ វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​រាជ​រដ្ឋាភិបាល គឺ​លោក ឱម យិន​ទៀង បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៩ វិច្ឆិកា ដោយ​លោក​មាន​ប្រសាសន៍​ថា លោក​កំពុង​ជាប់​រវល់។

ចំណែក​អ្នក​នាំ​ពាក្យ​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ គឺ​លោក កែវ រ៉េមី មាន​ប្រសាសន៍​ថា​លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ​ទេ ក្នុង​បញ្ហា​ការ​ចាប់​ខ្លួន​នេះ។ ហេតុ​នេះ​លោក​ពុំ​ទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ។ យ៉ាង​ណា​ក៏​ដោយ ព័ត៌មាន​ស្ដីពី​ការ​ចាប់​ខ្លួន​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក តុប ច័ន្ទ​សិរី​វុធ បាន​បណ្ដាល​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​នានា​ក្នុង​ទូទាំង​ខេត្ត​ពោធិ៍សាត់។

ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា បើ​ការ​ចាប់​ខ្លួន​នេះ គឺ​មាន​គោល​ដៅ​បង្ក្រាប​អំពើ​ពុក​រលួយ​មួយ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ខេត្ត​នេះ​ពិត​មែន​នោះ គឺ​ជា​ការ​ល្អ​ហើយ។

មន្ត្រី​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ក្នុង​ខេត្ត​ពោធិ៍សាត់ ក៏​បាន​គាំទ្រ​ចំពោះ​ចំណាត់​ការ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នេះ​ដែរ ប្រសិន​បើ​ធ្វើ​ឡើង​តាម​នីតិ​វិធី​ត្រឹម​ត្រូវ និង​ជា​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​ពិត​មែន​នោះ។ មន្ត្រី​អង្កេត​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក ស៊ឺន សែន​ករុណា មាន​ប្រសាសន៍​ថា នេះ​ជា​សញ្ញា​ល្អ​មួយ។ លោក​ថា ការ​បង្ក្រាប​បែប​នេះ​អាច​ជួយ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ខ្លះៗ ដែល​កំពុង​រីក​រាល​ដាល​ស្ទើរ​គ្រប់​ស្ថាប័ន​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Nov 30, 2010 06:57 PM

លោក​ ឪម​ យីមទៀង ជាទីព្រឹក្សាររបស់លោក ហ៊ុន សែន។​ ចុះបើលោក ហ៊ុន សែន រួមទាំងមន្ត្រីជាន់ខ្ពស់បានប្រព្រឹតបទពុករលួយ តើឪម​ យីមទៀង អាចធើ្វតាមចំនាត់ការរបស់ខ្លួនបានដែរឬទេ?​ បើសូមបីតែប្រធានតុលាការ មេបញ្ជាការ សុទ្ធតែជាកូនចៅរបស់គាត់!!! សូមជួយបំភ្លី។ ខ្ញុំសង្ឃឹមថា វេតិការអ្នកស្តាប់វិទ្យុអាសីសេរី​ និងអញ្ជើញវាគ្មិនល្អៗបកស្រាយចំងល់ទាំងនេះ

Anonymous
Nov 29, 2010 11:17 AM

មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ ។ ការដែលចាប់ខ្លួនដូច លោកច័ន្រ្ទសិរីវុធ ឬដកដំណែងនានារបស់មន្ត្រីមួយចំនួន
ក្នុងរដ្ឋាភិបាល គ្រាន់តែជាការព្រមានបែបពុករលួយក្នុង
សង្គមខ្មែរប៉ុណ្ណោះ ឬវប្បធម៌ចែករម្លែក ។