អ្នក​កាសែត រស់ សុឃិត ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ

លោក រស់ សុឃិត អ្នក​កាសែត​ជើង​ចាស់​មួយ​រូប​នៅ​កម្ពុជា ដែល​ជាប់​ឃុំ​ចំនួន ១​ឆ្នាំ ដោយ​សារ​ផ្ញើ​សារ​ជា​អក្សរ​តាម​ទូរស័ព្ទ​ចោទ​សួរ​អ្នក​កាសែត​ដូច​គ្នា ពី​បទ​ជំរិត​យក​ប្រាក់ និង​បញ្ហា​ដីធ្លី បាន​រួច​ពី​មន្ទីរ​ឃុំ​ឃាំង​ហើយ។
ដោយ អ៊ុក សាវបូរី
2010-10-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​កាសែត រស់ សុឃិត ជាប់​ពន្ធនាគារ​ព្រៃស ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហារកេរ្តិ៍
អ្នក​កាសែត រស់ សុឃិត ជាប់​ពន្ធនាគារ​ព្រៃស ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហារកេរ្តិ៍
Photo courtesy of kmsdaily.blogspot.com

លោក រស់ សុឃិត អតីត​អ្នក​កាសែត​មួយ​រូប បាន​ត្រូវ​សាលាឧទ្ធរណ៍​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ នៅ​ថ្ងៃ​ត្រង់ ថ្ងៃ​សុក្រ ទី​២៩ ខែ​តុលា ចំ​ថ្ងៃ​ព្រះ​រាជ​ពិធី​បុណ្យ​ខួប​លើក​ទី​៦ នៃ​ការ​ឡើង​គ្រង​រាជ្យ​របស់​ព្រះ​មហា​ក្សត្រ​ខ្មែរ ព្រះ​បាទ នរោត្តម សីហមុនី។

លោក រស់ សុឃិត នៅ​ពេល​ចាក​ចេញ​ពី​ពន្ធនាគារ នៅ​ម៉ោង​១១ និង​១០​នាទី ព្រឹក​ថ្ងៃ​សុក្រ ថ្លែង​ថា​លោក​នឹង​ប្ដឹង​ទៅ​តុលាការ​កំពូល ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​លោក។ លោក​បដិសេធ​សាលក្រម​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាត់​ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ពី​បទ​បរិហារកេរ្តិ៍ និង​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។ លោក​ក៏​បដិសេធ​ដែរ​ថា ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ តុលា ដែល​កំណត់​ឲ្យ​ជាប់​គុក​ចំនួន​១​ឆ្នាំ មិន​រក​ហេតុ​ផល និង​មិន​ផ្ដល់​យុត្តិធម៌​ឲ្យ​លោក​ដែរ ៖ «ពេល​ដែល​ខ្ញុំ​ដាក់​ទៅ​ឧទ្ធរណ៍​ហ្នឹង មិន​មែន​ខ្ញុំ​ដាក់​ឲ្យ​កាត់​ទោស​ខ្ញុំ​ត្រឹម​១​ឆ្នាំ​ទេ ខ្ញុំ​សុំ​ឲ្យ​គេ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ អ៊ីចឹង​គេ​អត់​បាន​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ទេ ដូច្នេះ​ខ្ញុំ​នឹង​បន្ត​រឿង​ក្ដី​នេះ​ទៅ​មុខ​ទៀត ទៅ​តុលាការ​កំពូល​ទៀត ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ខ្ញុំ​នឹង​រៀបចំ​ពាក្យ​បណ្ដឹង​ហើយ»

លោក រស់ សុឃិត អះអាង​ថា មុន​ជាប់​ពន្ធនាគារ លោក​ធ្វើ​ការ​ឋានៈ​អគ្គ​និពន្ធ​នាយក​នៃ​ការ​សែត​សេរីភាព​ថ្មី និង​សរសេរ​អត្ថបទ​ឲ្យ​ទស្សនាវដ្ដី​បរទេស​ឈ្មោះ សៅអីស អេហ្សីយាគ្លប (South Asia Globe)។ លោក​ថា គិត​ពី​ថ្ងៃ​ចាប់​ខ្លួន ២៨​តុលា ឆ្នាំ​២០០៩ មក​ដល់​ថ្ងៃ​ដោះ​លែង គាត់​ជាប់​ពន្ធនាគារ​រយៈ​ពេល ១​ឆ្នាំ​គត់ ដែល​គាត់​រង​នូវ​ភាព​អយុត្តិធម៌ ដេក​ក្នុង​គុក​ក្រោម​បទ​ចោទ​បរិហារកេរ្តិ៍ និង​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​លោក​បាន​ផ្ញើ​សារ​សាក​សួរ​ព័ត៌មាន​ទៅ​លោក សយ សុភាព ពី​អំពើ​ពុក​រលួយ។ លោក​បន្ត​ថា ៖ «ដោយ​សារ​តែ​សារ​ខ្ញុំ​ផ្ញើ​ទៅ​នោះ ជា​សំណេរ​សុទ្ធសាធ ដែល​របៀប​ដូច​ខ្ញុំ​សម្ភាសន៍​គេ​អ៊ីចឹង។ អ៊ីចឹង​ខ្ញុំ​ជា​អ្នក​កាសែត​ហ្នឹង ខ្ញុំ​មាន​សិទ្ធិ​សម្ភាសន៍​អ្នក​ណា​ក៏​ដោយ នៅ​ពេល​ដែល​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ថា បុគ្គល​នោះ​បាន​ប្រព្រឹត្ត​អ្វី​មួយ ដែល​មិន​ត្រឹម​ត្រូវ ហើយ​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។ ដូច្នេះ​ខ្ញុំ​គ្រាន់​តែ​ផ្ញើ​សារ​សាក​សួរ​តែ​ប៉ុណ្ណោះ មិន​មាន​ការ​គំរាម​អី​ទេ»

លោក សយ សុភាព អតីត​អគ្គ​នាយក​វិទ្យុ​ដើម​អំពិល ជា​ដើម​បណ្ដឹង​លើ​ករណី​លោក រស់ សុឃិត បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​៤ ខែ​តុលា​ថា លោក​មិន​បាន​ប្ដឹង​អ្នក​កាសែត​ណា​ម្នាក់​ទេ។ លោក​គ្រាន់​តែ​ឲ្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ជួយ​វែក​មុខ​បុគ្គល​ណា​ដែល​ផ្ញើ​សារ​គំរាម​លោក។

ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​លោក ប៉ែន សមិទ្ធិ មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ​សាលាឧទ្ធរណ៍​ដោះ​លែង​លោក រស់ សុឃិត អ្នក​សារព័ត៌មាន​ម្នាក់​នេះ ឲ្យ​មាន​សេរីភាព​វិញ។ លោក​បន្ត​ថា ៖ «ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​លោក រស់ សុឃិត ធ្វើ​សកម្មភាព​ដើម្បី​សេរីភាព និង​ដើម្បី​បញ្ជាក់​ថា គាត់​ហ្នឹង​ជា​មនុស្ស​ដែល​មិន​មាន​ទោស ឬ​មួយ​អី​យ៉ាង​ម៉េច នៅ​ពេល​ក្រោយ ដោយ​ប្រើ​នីតិ​វិធី​ច្បាប់​ត្រឹម​ត្រូវ»

សាលាឧទ្ធរណ៍​បាន​លើក​យក​ករណី​ប្ដឹង​ជំទាស់​របស់​លោក រស់ សុឃិត មក​កាត់​សេចក្ដី​នៅ​ថ្ងៃ​ទី​១៩ តុលា កន្លង​ទៅ។ ទើប​ប្រកាស​សាលក្រម នៅ​ថ្ងៃ​២៨​តុលា សម្រេច​ឲ្យ​លោក រស់ សុឃិត ជាប់​គុក ១​ឆ្នាំ។

ចៅក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​កាត់​ទោស​លោក រស់ សុឃិត កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៩ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។

លោក រស់ សុឃិត បាន​បង្ហាញ​ជំហរ​ក្រោយ​ពី​ការ​ចេញ​ពី​ពន្ធនាគារ​មិន​បាន​ប៉ុន្មាន​នាទី​ផង​ថា លោក​នឹង​បង្កើត​កាសែត​ដោយ​ខ្លួន​ឯង​មួយ ឈ្មោះ ស និង​ខ្មៅ ដែល​លោក​នឹង​សុំ​ច្បាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ឲ្យ​មាន​ការ​អនុញ្ញាត​បោះ​ពុម្ព​ផ្សាយ​នា​ពេល​ឆាប់ៗ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល