សម្តេច​ព្រះ​សង្ឃរាជ ទេព វង្ស ប្រតិកម្ម​ចំពោះ​ល្ខោន​អូប៉េរ៉ា​រឿង​ទី​ដំរី​យំ

ល្ខោន​អូប៉េរ៉ា​រឿង​ទី​ដំរី​យំ​ដែល​ក្រុម​អ្នក​ដឹកនាំ​សម្តែង​ធ្លាប់​អះអាង​ថា​ទទួល​បាន​ជោគជ័យ​លើស​ពី​ការស្មាន​នោះ បាន​ទទួល​រង​ប្រតិកម្ម​ជំទាស់​ពី​ស្តេច​សង្ឃ​នៃ​ប្រទេស​កម្ពុជា គឺ​សម្តេច​ព្រះ​សង្ឃរាជ ទេព វង្ស។
ដោយ ហ៊ុយ វណ្ណៈ
2009-01-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ការជំទាស់​របស់​សម្តេច​ព្រះ​សង្ឃរាជ ទេព វង្ស រហូត​ដល់​មាន​សរសេរ​លិខិត​ប្តឹង​ទៅ​ក្រសួង​វប្បធម៌​ខ្មែរ​ឲ្យ​បិទ​ឈប់​ឲ្យ​មាន​ការសម្តែង​ល្ខោន​អូប៉េរ៉ា​ត​ទៅ​ទៀត​ផង​នោះ គឺ​ដោយ​សំអាង​ថា ឈុត​ខ្លះ​នៃ​សាច់​រឿង​ទី​ដំរី​យំ​បាន​ធ្វើ​ខូច​កិត្តិយស​និង​តម្លៃ​ព្រះ​សង្ឃ​ជាង​៥​ម៉ឺន​អង្គ និង​ពុទ្ធសាសនា​នៅ​កម្ពុជា។

ល្ខោន​អូប៉េរ៉ា​រឿង​ទី​ដំរី​យំ​បាន​សម្តែង​នៅ​ក្រុង​ភ្នំពេញ​កាលពី​ដើម​ខែ​វិច្ឆិកា​និង​ខែ​ធ្នូ ឆ្នាំ​២០០៨​កន្លង​ទៅ​នេះ។ នៅ​ក្នុង​ខ្លឹមសារ​រឿង​ទី​ដំរី​យំ​មាន​ឈុត​មួយ​គឺ​មាន​តួ​អង្គ​សង្ឃ​មួយ​អង្គ​បាន​ចាប់​ចិត្ត​ស្រឡាញ់​នារី​ខ្មែរ​មួយ​រូប​គឺ​នាង​បុប្ផា។

ដោយសារ​ឈុត​ឆាក​ខាង​លើ​នេះ នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​៣០ ធ្នូ ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ សម្តេច​សង្ឃរាជ ទេព វង្ស គឺ​បាន​ទាមទារ​ឲ្យ​អ្នក​ដឹកនាំ​រឿង អ្នក​សរសេរ​រឿង រួម​ទាំង​តួ​សម្តែង​ធ្វើការ​សុំ​ទោស។

លោក អៀង ស៊ីធុល ជា​តារា​សម្តែង​មួយ​រូប​នៅ​ក្នុង​ល្ខោន​អូប៉េរ៉ា​នៃ​រឿង​ទី​ដំរី​យំ​បាន​ថ្លែង​ថា នឹង​មាន​កិច្ចប្រជុំ​មួយ​ចំពោះ​ប្រតិកម្ម​របស់​សម្តេច​សង្ឃរាជ ទេព វង្ស ដើម្បី​នាំ​ឲ្យ​មាន​ការយល់​គ្នា​ចំពោះ​ខ្លឹមសារ​នៃ​សិល្បៈ​និង​ការសម្តែង​នោះ។

នៅ​ពេល​ដែល​សួរ​ថា​តើ​លោក​ឆ្លើយ​បំភ្លឺ​យ៉ាង​ដូចម្តេច​ចំពោះ​ប្រតិកម្ម​របស់​សម្តេច​ព្រះ​សង្ឃរាជ ទេព វង្ស លោក អៀង ស៊ីធុល មិន​មាន​ប្រសាសន៍​សុំ​ទោស​ទេ ក៏​ប៉ុន្តែ​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា ៖ «និយាយ​ថា​ទស្សនិកជន​ទៅ​លោក​(សង្ឃ)មិន​មែន​ទស្សនិក​ជន​ទេ ប៉ុន្តែ​គ្រាន់​ថា បើ​មាន​ការប្រតិកម្ម​ចេញ​ពី​មជ្ឈដ្ឋាន​ណា​ក៏​ដោយ​វា​រមែង​តែ​មាន​ធាតុ​សកម្ម​និង​អសកម្ម។ ហើយ​ចំពោះ​បំណង​នៃ​ការសម្ដែង​ដែល​ជា​វណ្ណកម្ម​ថ្មី​ដែល​យើង​គិត​ថា និយាយ​មួយ​ម៉ាត់​ថា​ជា​ល្ខោន​អូប៉េរ៉ា ទី​ដំរី​យំ​នេះ យើង​មិន​ប្រកែក​ប្រណាំង​អី​ទេ ប៉ុន្តែ​អូប៉េរ៉ា​ល្ខោន​ច្រៀង​ដែល​ជា​ល្ខោន​សម័យ​ថ្មី​មួយ​ដែល​យើង​កំពុង​តែ​ចាប់ផ្ដើម​បណ្តុះ​នៅ​ក្នុង​សង្គម​ជាតិ​យើង ហើយ​ចំពោះ​រឿង​ដែល​ទាក់ទង​នឹង​អក្សរ​សាស្ត្រ អក្សរ​សិល្ប៍​ដែល​មាន​និយាយ​នៅ​ក្នុង​រឿង​ទី​ដំរី​យំ​នេះ វា​មិន​ខុស​ពី​រឿង​ដែល​យើង​មាន​កន្លង​មក ដូច​ជា​រឿង​ទុំទាវ តួ​ទុំ តួ​ពេជ និង​តួ​សង្ឃ​ដទៃ​ទៀត​ដែល​ជាប់​ជំពាក់​នៅ​ក្នុង​ជីវិត​ជា​សង្ឃ ហើយ​ពេល​នោះ​ក៏​មាន​សេចក្ដី​ស្នេហា​ជាមួយ​នឹង​ស្រី​ឬ​នាង​ទាវ»

លោក អៀង ស៊ីធុល មាន​ប្រសាសន៍​បន្ថែម​ខ្លឹមសារ​សម្តែង​នោះ​គឺ​ដើម្បី​ជា​ការឆ្លុះ​បញ្ចាំង​តថភាព​នៃ​សង្គម​មនុស្ស​ប៉ុណ្ណោះ ៖ «យើង​ដឹង​ថា​ក៏​មាន​សង្ឃ​ល្អ សង្ឃ​ត្រឹមត្រូវ សង្ឃ​ប្រកប​ដោយ​គុណធម៌ ហើយ​ក៏​មាន​សង្ឃ​ដែល​ប្រកប​ដោយ​អ​គុណធម៌​និង​មិន​ត្រឹមត្រូវ​ជា​វិន័យ​សង្ឃ...។ មុន​នឹង​ចាក់​មួយ​ថ្ងៃ​ខ្ញុំ​ក៏​ឮ​សម្ដេច​អគ្គ​សេនាបតី​តេជោ ហ៊ុន សែន ពេល​សន្និបាត​សង្ឃ​លោក​មាន​ប្រសាសន៍ មាន​វត្ត​ខ្លះ​ពេល​ធ្វើ​បុណ្យ​ហើយ​សួរ​ថា​យក​លុយ​ទៅ​ណា? ថា យក​ទៅ​ទិញ​ឡាន​ជិះ​អស់​ហើយ ប៉ុន្តែ​បំណង​ល្អ​របស់​អ្នក​និពន្ធ​ឬ​ក៏​អ្នក​សម្ដែង​គឺ​ចង់​ឲ្យ​គុណធម៌​សង្ឃ​ខ្ពស់ ឲ្យ​សង្ឃ​ដែល​គ្រប​ដោយ​ស្បង់ចីវរ​នោះ​គឺ​ជា​សង្ឃ​ល្អ»

លោក អៀង ស៊ីធុល បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ល្ខោន​អូប៉េរ៉ា​រឿង​ទី​ដំរី​យំ​ដែល​មាន​អ្នក​សម្ដែង​ជា​ខ្មែរ​និង​បរទេស​សរុប​ជាង​៣០​នាក់​រំពឹង​ថា នឹង​បន្ត​សម្តែង​នៅ​ប្រទេស​មួយចំនួន​ដូច​ជា​ប្រទេស​កូរ៉េ​ខាង​ត្បូង សឹង្ហបុរី ហុងកុង ជប៉ុន និង​សហរដ្ឋ​អាមេរិក ហើយ​ក៏​គ្រោង​នឹង​សម្តែង​នៅ​ក្រុង​សៀមរាប​នា​ចុង​ឆ្នាំ​នេះ​ឬ​ដើម​ឆ្នាំ​២០១០​ផងដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល