អាជ្ញាធរ​​ឃាត់​ខ្លួន​អ្នក​ចែក​ខិត្តប័ណ្ណ​ការពារ​ព្រៃឡង់​ប្រមាណ​១០០​នាក់

ពលរដ្ឋ​សមាជិក​សហគមន៍​ព្រៃ​ឡង់​ប្រមាណ ១០០​នាក់ ត្រូវ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១១ នៅ​ពេល​ដែល​ក្រុម​ប្រជា​សហគមន៍​ទាំង​នោះ​ចែក​ខិត្តប័ណ្ណ​ដែល​មាន​ខ្លឹមសារ​ការពារ​ព្រៃឡង់ និង​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នោះ។
ដោយ មុំ សុផុន
2011-08-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១៨-សីហា-២០១១៖ អាជ្ញាធរ​ខណ្ឌ​ទួលគោក រារាំង​ប្រជា​សហគមន៍​ព្រៃឡង់ មិន​ឲ្យ​ចែក​ខិត្តប័ណ្ណ​ការពារ​ព្រៃឡង់ នៅ​ស្តុប​ទួលគោក រាជធានី​ភ្នំពេញ។
១៨-សីហា-២០១១៖ អាជ្ញាធរ​ខណ្ឌ​ទួលគោក រារាំង​ប្រជា​សហគមន៍​ព្រៃឡង់ មិន​ឲ្យ​ចែក​ខិត្តប័ណ្ណ​ការពារ​ព្រៃឡង់ នៅ​ស្តុប​ទួលគោក រាជធានី​ភ្នំពេញ។
RFA/Uon Chhin

ការ​ចាប់​ខ្លួន​ប្រជា​សហគមន៍​ទាំង​នោះ ក្រោយ​ពេល​ដែល​ក្រុម​សហគមន៍​ព្រៃ​ឡង់ ប្រមាណ​ជាង ២០០​នាក់ តំណាង​ប្រជាពលរដ្ឋ​ចំនួន ១១៩​សហគមន៍ មក​ពី​ខេត្ត​ក្រុង​ចំនួន ១៩ ក្នុង​ប្រទេស​បាន​មក​ប្រជុំ​គ្នា​នៅ​ព្រះអង្គ​ដងកើ ក្បែរ​ព្រះបរមរាជវាំង​ដើម្បី​បួងសួង​សុំ​ឲ្យ​មាន​ការ​គាំទ្រ និង​ថែ​រក្សា​ព្រៃ​ឡង់ ព្រម​ទាំង​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការ​ចែក​ខិត្តប័ណ្ណ​នោះ គឺ​បាន​ធ្វើ​ឡើង​នៅ​តាម​ភ្លើង​ស្តុប ១០​កន្លែង​ផ្សេងៗ​គ្នា​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។

ព្រះតេជគុណ លួន សាវ៉ាត ដែល​បាន​ចូល​រួម​ចែក​ខិត្តប័ណ្ណ​ជា​មួយ​ប្រជាពលរដ្ឋ​សហគមន៍​ព្រៃ​ឡង់ ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់​ព្រះ​កាយ​នោះ ​មាន​ថេរដីកា​ថា អំពើ​របស់​សមត្ថកិច្ច​មិន​សម​ទាល់​តែ​សោះ​ដែល​ឃាត់​ខ្លួន​ប្រជាពលរដ្ឋ​ធ្វើ​សកម្មភាព​ដើម្បី​អំពាវនាវ​ឲ្យ​មាន​កិច្ច​ការពារ​បរិស្ថាន និង​ព្រៃឈើ ដោយ​មិន​ប៉ះពាល់​ដល់​កិច្ចការ​នយោបាយ ឬ​ប៉ះពាល់​ដល់​សន្តិសុខ​ផង​នោះ។

ព្រះ​តេជគុណ​បន្ត​ថា ៖ «ការពារ ថែរក្សា​ទឹក​ដី​ប្រទេស​កម្ពុជា មិន​គួរ​ណា​អាជ្ញាធរ​មក​ហាម​ឃាត់ មក​ទប់ស្កាត់​អ៊ីចឹង​សោះ! គួរ​តែ​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ដោយ​សេរី។ គ្រាន់តែ​ចែក​ខិត្តប័ណ្ណ​មួយ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​អាជ្ញាធរ​លែង​បាន​ដេក​ពួន។ អាត្មា​គិត​ថា មិន​គួរ។ នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ដ៏​ធ្ងន់ធ្ងរ»

អ្នកស្រី ខា ស្រស់ ជនជាតិ​កួយ រស់​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ថ្លែង​ថា ការ​កាប់​ព្រៃ​ឡង់​នោះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ និង​ប្រកប​របរ​ទទួល​ទាន​របស់​ពួក​គាត់​យ៉ាង​ខ្លាំង រាប់​ទាំង​ការ​ធ្វើ​ស្រែ​ចម្ការ និង​រក​អនុផល​ព្រៃឈើ​ជា​ដើម។

អ្នកស្រី​ឲ្យ​ដឹង​បន្ថែម​ដូច្នេះ ៖ «ពួក​ខ្ញុំ​មក​បន់​ព្រះអង្គ​នេះ សូម​ឲ្យ​ព្រះអង្គ​ទៅ​ជួយ​បន្ទន់​ចិត្ត​ឪ ម៉ែ ដែល​អ្នក​គ្រប់គ្រង​រាល់​ថ្ងៃ​ហ្នឹង ឲ្យ​គាត់​នឹក​ឃើញ​កូន​ចៅ​ផង ព្រោះ​កូន​ចៅ​សព្វថ្ងៃ​រស់​នៅ​តែ​ក្នុង​ព្រៃ បើ​បាត់បង់​ព្រៃ​ទៅ​មិន​ដឹង​ទៅ​នៅ​ឯ​ណា​ទេ...។ ពួក​ជនជាតិ​ពួក​ខ្ញុំ​ហ្នឹង​មិន​ដឹង​ពឹង​ពាក់​អី​ទេ ពឹង​ពាក់​តែ​លើ​ព្រៃឈើ បើ​អស់​ព្រៃ​ឈើ អស់​ដី ពួក​ខ្ញុំ​មិន​ដឹង​ទៅ​នៅ​ឯ​ណា​ទេ»

ក្រុម​ប្រជាពលរដ្ឋ​សហគមន៍​ព្រៃ​ឡង់​បាន​ថ្លែង​ថា ព្រៃ​ឡង់​ទំហំ ៣.៦០០​គីឡូ​ម៉ែត្រ​ក្រឡា ហ៊ុមព័ទ្ធ​ខេត្ត​៤ គឺ​ខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង គឺ​ជា​ប្រភព​ធនធាន​ធម្មជាតិ​ដ៏​សម្បូរ​បែប ដែល​មិន​អាច​កាត់​ថ្លៃ​បាន ប៉ុន្តែ​សព្វថ្ងៃ​បាន​ហិនហោច​បន្តិច​ម្ដងៗ​ដោយ​សារ​តែ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ហើយ​ជា​ពិសេស​ការ​អភិវឌ្ឍ​ដោយ​ផ្ដល់​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដាំ​ដើម​កៅស៊ូ៕

ព័ត៌មាន (12)
Share

អ្នក​អាន​អនាមិក

It's no reason to keep one more eye for Hun Xen. Take two eyes of CPP DamNang Reash Nhuon Nhel & his relative who is also DamReansh because they never see Reash Kdao KraHaay anayways.

Aug 21, 2011 09:57 PM

អ្នក​អាន​អនាមិក

ការពារព្រៃជាតួនាទីរបស់ខ្មែរទាំងអស់គ្នាអ្នកដែលមិនបានការពារគួរតែកុំរារាំង-កូនចៅខ្មែរជំនាន់ក្រោយពិតជាមិនស្គាល់អ្វីដែលហៅថាព្រៃនោះទេ

Aug 19, 2011 06:25 AM

អ្នក​អាន​អនាមិក

សូមកោតសរសើដោយស្មោះ ចំពោះប្រជាពលរដ្ឋ អង់អាចក្លាហាន ហ៊ានពុះពារគ្រប់ឧបសគ្គដើម្បីប្រយោជន៍ជាតិ

Aug 19, 2011 05:58 AM

អ្នក​អាន​អនាមិក

បើមិនអោយកាប់ តើអស់លោកហ្នឹង​ មានឈើឯណាលក់ មានសត្វព្រៃឯណាឆាក្តៅ ខ្លែមស្រា។

Aug 19, 2011 04:47 AM

អ្នក​អាន​អនាមិក

ហេតុអ្វីចែកខិតប័ណ្ណផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន ពេញស្តុបមិនដែលចាប់? ឥឡូវគ្រាន់​តែចែកខិតប័ណ្ណឱ្យជួយការពារព្រៃ ការពារបរិស្ថានសម្រាប់យើងទាំងអស់គ្នា ក៏ចាប់ពួកគាត់ដែរ ។
ប្រសិនបើខ្ញុំឃើញពួកគាត់ ខ្ញុំនឹងសម្តែងការគោរព និងកោតសរសើរពួកគាត់ ។

Aug 19, 2011 04:39 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល