គម្រោង​ធារាសាស្ត្រ ADB នៅ​បាត់ដំបង មាន​បញ្ហា

ក្រោយ​ពី​អ្នក​ភូមិ​ជា​កសិករ​បាន​ត្អូញត្អែរ​ពី​ផល​ប៉ះ​ពាល់​ដោយ​សារ​ការ​ ស្ថាបនា​ប្រឡាយ​មួយ​ខ្សែ ប្រវែង ៧​គីឡូ​ម៉ែត្រ នៅ​ខេត្ត​បាត់ដំបង ក្រោម​កម្ចី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​រួច​មក ក្រុម​ការ​ងារ​ចម្រុះ​របស់​គម្រោង បាន​ចុះ​ទៅ​សិក្សា​ផ្ទាល់​ពី​ផល​ប៉ះ​ពាល់​ខាង​លើ​នេះ។
ដោយ សួន សុផល មុន្នី
2010.05.27
បាត់ដំបង​៣០៣ រូប​សំណាក​តា​ដំបង​គ្រញូង​នៅ​ក្នុង​ទីរួម​ខែត្រ​បាត់ដំបង។
Photo: RFA

មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​អ្នក​បច្ចេកទេស​បរទេស រួម​ទាំង​កសិករ​ជា​ច្រើន​នាក់​ផង នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​ឧសភា​នេះ បាន​ចុះ​ទៅ​ពិនិត្យ​ផល​ប៉ះ​ពាល់​នានា ដែល​នាំ​ទៅ​រក​ការ​ជន់​លិច​លំនៅឋាន​អ្នក​ភូមិ និង​ធ្វើ​ឲ្យ​ដី​ស្រែ​ស្កក​ទឹក ដោយសារ​ការ​កសាង​ប្រឡាយ​ទឹក​មួយ​ខ្សែ ប្រវែង ៧​គីឡូ​ម៉ែត្រ ជា​ជំនួយ​ប្រាក់​កម្ចី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី នៅ​ក្នុង​ខេត្ត​បាត់ដំបង។

មន្ត្រី​គម្រោង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដឹក​នាំ​ការ​ជីក​ប្រឡាយ លោក ព្រំ វី រដ្ឋា បាន​មាន​ប្រសាសន៍​ថា ៖ «ការណ៍​ដែល​ចុះ​មក គឺ​ខ្ញុំ​ទទួល​ស្គាល់​ការ​បិត​ប្រឡាយ​ចាស់ៗ របស់​គេ​ហ្នឹង គឺ​វា​ពិត​ជា​មិន​ត្រឹម​ត្រូវ​មែន លក្ខណៈ​បច្ចេកទេស ក៏​ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​ដោះ​ស្រាយ​តាម​លទ្ធភាព​ថវិកា​ដែល​នៅ​សល់ បើ​សិន​ជា​ថវិកា​យើង​មាន​កម្រិត បើ​សិន​អត់​មាន​កម្រិត​ទេ យើង​ធ្វើ​ទាំង​អស់​វា​ចប់​តែ​ម្ដង»

លោក​បន្ត​ថា លទ្ធផល​ផ្លូវ​ការ​ជុំវិញ​បញ្ហា​ជីក​ប្រឡាយ​ថ្មី និង​បិទ​ប្រឡាយ​ចាស់​មួយ​ចំនួន​នេះ និង​ធ្វើ​ការ​សម្រេច​នៅ​សប្ដាហ៍​ក្រោយ​នេះ។

ថ្មីៗនេះ ក្រុម​អ្នក​ភូមិ​បាន​ព្រួយ​បារម្ភ​ថា ការ​កសាង​ប្រព័ន្ធ​ស្រោច​ស្រព​ប្រឡាយ​ស្វាយ​អា គឺ​បាន​ធ្វើ​ឡើង​បិត​មុខ​ទឹក​ប្រឡាយ​ចាស់ ជាង​១០​កន្លែង ដែល​អាច​ឲ្យ​ដី​ស្រែ ២៥០​ហិកតារ​ក្រៅ​ប្រព័ន្ធ​ស្កក​ទឹក។ ក្រៅ​ពី​នេះ ក៏​មាន​ផ្ទះ​អ្នក​ភូមិ​ជា​ច្រើន​ខ្នង សាលារៀន និង​ផ្លូវ​ក្នុង​ភូមិ ប្រឈម​ទៅ​នឹង​ការ​លិច​លង់​នា​រដូវ​វស្សា ដោយសារ​តែ​មុខ​ប្រឡាយ​រំដោះ​ទឹក​ចេញ​ពី​ភូមិ ត្រូវ​បាន​គេ​បិត​ដែរ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា បាន​មាន​ប្រសាសន៍​ថា ការ​កសាង​ប្រឡាយ​ខាង​លើ​នេះ មាន​ការ​សិក្សា​ច្បាស់​លាស់ មាន​អ្នក​ជំនាញ​ការ​បរទេស សហ​ការ​ជា​មួយ​អ្នក​ជំនាញ​ការ​ខ្មែរ។

គាត់​បាន​បន្ត​ថា ៖ «អ៊ីចឹង​អ្វី​ដែល​គេ​បាន​ធ្វើ គឺ​វា​ត្រឹម​ត្រូវ ត្រង់​តែ​គាត់​ដែល​មិន​ដឹង​រឿង​គាត់​អង្គុយ​ចាំ​ស្រែក អា​នេះ​ម្យ៉ាង​ទៀត​នៅ​ពេល​អនុវត្ត​គម្រោង លោក​ដឹង​ស្រាប់​ហើយ គម្រោង​ស្ថិត​នៅ​ក្នុង​កំណាត់​កាល​ដែល​កំពុង​អនុវត្ត​គម្រោង អ៊ីចឹង​ពេល​ដែល​គម្រោង​មិន​ទាន់​រួច គឺ​វា​មាន​បញ្ហា​នេះ បញ្ហា​នោះ​កើត​ឡើង​ហើយ»

ទោះ​យ៉ាង​ណា ប្រធាន​សហគមន៍​ប្រើ​ប្រាស់​ទឹក ប្រព័ន្ធ​ប្រឡាយ​ស្វាយអា លោក ពាក្យ បឿន បាន​បញ្ជាក់​ថា ក្រុម​អ្នក​ភូមិ​ស្នើ​សុំ​កុំ​ឲ្យ​មាន​ការ​ប៉ះ​ពាល់ ៖ «និយាយ​រួម ពួក​គាត់​ចង់​បាន​ប្រឡាយ​បង្ហូរ​ទឹក​ចេញ ហើយ​និង​ស្រោច​ស្រព​របស់​គាត់​ឲ្យ​បាន​ស្រួល​ហ្នឹង​ឯង ហើយ​អា​កន្លែង​ប៉ះ​ពាល់​ធ្ងន់ធ្ងរ សុំ​ឲ្យ​ដឹក​ដី​ចាក់​ប៉ុណ្ណឹង​ឯង»

ប្រព័ន្ធ​ស្រោច​ស្រព​ប្រឡាយ​ស្វាយអា ដែល​កំពុង​ស្ថាបនា​ឡើង​នេះ មាន​ប្រវែង ៧​គីឡូ​ម៉ែត្រ អាច​ទាញ​ទឹក​ស្រោច​ស្រព​ដី​ស្រែ​ក្នុង​ប្រព័ន្ធ​បាន ១៦០​ហិកតារ ស្ថិត​នៅ​ក្នុង​ស្រុក​ថ្មគោល និង​ស្រុក​បវេល ខេត្ត​បាត់ដំបង ចាប់​ផ្ដើម​ធ្វើ​ឡើង​កាល​ពី​ដើម​ឆ្នាំ​២០១០ ក្រោម​ជំនួយ​ប្រាក់​កម្ចី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ចំនួន ១​លាន ៥​សែន​ដុល្លារ។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា ADB បាន​ផ្ដល់​ប្រាក់​កម្ចី​ដែល​មាន​ការ​ប្រាក់​ទាប (កម្ចី​សម្បទា) ដល់​រដ្ឋាភិបាល​ខ្មែរ ប្រហែល ២០​លាន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រឡាយ​ស្រោច​ស្រព ចំនួន ១១​គម្រោង នៅ​ក្នុង​ខេត្ត​ចំនួន​៤ គឺ ខេត្ត​ពោធិ៍សាត់ ខេត្ត​សៀមរាប ខេត្ត​បន្ទាយ​មានជ័យ និង​ខេត្ត​បាត់ដំបង។

ចំណែក​នៅ​ខេត្ត​បាត់ដំបង មាន​គម្រោង​កសាង​ប្រឡាយ​ចំនួន​២ ដែល​មាន​ឈ្មោះ​ថា ដូនឪ និង​កាណាល់វន្ត (១) ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ជិត ៤​លាន​ដុល្លារ​អាមេរិក។ ក្រុម​ការ​ងារ​បច្ចេកទេស​របស់​គម្រោង​កសាង​ប្រឡាយ​ស្វាយអា បាន​ឲ្យ​ដឹង​ថា គេ​នឹង​ធ្វើ​សេចក្ដី​សម្រេច​ជុំវិញ​ផល​ប៉ះ​ពាល់ ដែល​ក្រុម​អ្នក​ភូមិ​បាន​លើក​ឡើង នៅ​សប្ដាហ៍​ក្រោយ​នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។