គណៈ​កម្មការ​វត្ត​នៅ​ប៉ោយប៉ែត​គំរាម​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក

សកម្ម​ជន​អង្គការ​សិទ្ធិ​មនុស្ស​ប្រចាំ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន បន្ទាប់​ពី​ទទួល​រង​ពាក្យ​សំដី​គំរាម​កំហែង ពី​សំណាក់​ប្រធាន​គណៈកម្មការ​វត្ត​ម៉ុង​ចិន។
ដោយ សួន សុផល មុន្នី
2010-07-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គេហទំព័រ​របស់​សមាគម​អាដហុក (www.adhoc-chra.org)
គេហទំព័រ​របស់​សមាគម​អាដហុក (www.adhoc-chra.org)
Screenshot, RFA

សកម្ម​ជន​សិទ្ធិ​មនុស្ស​បាន​ចោទ​ប្រធាន​គណៈ​កម្មការ​វត្ត ម៉ុង ចិន ឈ្មោះ សយ សា​ខន ថា​បាន​ទូរស័ព្ទ​ទៅ​គំរាម​កំហែង​ផ្ដាច់​ផ្ដល់​អាយុ​ជីវិត​របស់​ខ្លួន បន្ទាប់​ពី​លោក​បាន​ចុះ​ទៅ​បំពេញ​បេសកកម្ម​ស៊ើប​អង្កេត​ជុំវិញ​បញ្ហា​ទំនាស់ នៃ​ការ​ឈូស​បំផ្លាញ​ផ្នូរ​កប់​ខ្មោច​បូរាណ​របស់​អ្នក​ភូមិ នៅ​ក្នុង​បរិវេណ​វត្ត ម៉ុង ចិន កាល​ពី​ពេល​ថ្មី​នេះ នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ។

លោក ខៀវ បូរី អាយុ​៣១​ឆ្នាំ ជា​សកម្ម​ជន​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ថ្លែង​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្សត្តិ៍ ទី​១៥ ខែ​កក្កដា​ថា កាល​ពី​ថ្ងៃ ទី​១៣ ខែ​កក្កដា លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ប្ដឹង​បុគ្គល​ឈ្មោះ សយ សា​ខន ជា​ប្រធាន​គណៈ​កម្មការ​វត្ត ម៉ុង ចិន ពី​បទ​គំរាម​កំហែង​អាយុ​ជីវិត​របស់​លោក ៖ «សយ សា​ខន ហ្នឹង គាត់​ថា ឯង​ប្រាប់​អញ​ឲ្យ​ត្រង់​មក អញ​ដឹង​ហើយ​ផ្ទះ​ឯង​នៅ​កន្លែង​ណា ក៏​អញ​ដឹង​ដែរ ឯង​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​អញ ហើយ​ហ្ហែង​មិន​បាច់​គេច​ទេ បើ​ឯង​ចង់​សុខ ហ្ហែង​មក​សារភាព តែ​អញ​ទុក​ឱកាស​ឲ្យ​ហ្ហែង​មួយ​យប់ ដើម្បី​ឲ្យ​ហ្ហែង​ហ្នឹង​ប្រាប់​អ្នក​ណា ដែល​រាយការណ៍​ឲ្យ​ហ្ហែង និង​អត់​ឲ្យ​លុយ​ហ្ហែង​ចាយ អញ​នឹង​ធ្វើ​អ្នក​នុះ​សំងាត់»

លោក​ថា កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ក្នុង​នាម​ខ្លួន​ជា​សកម្ម​ជន​អង្គការ​អាដហុក និង​អ្នក​កាសែត​ពីរ​នាក់ មាន​ឈ្មោះ ប៉ាល់ ហ៊ន ជា​ចាង​ហ្វាង​កាសែត​កម្ពុជា​សច្ចៈ លោក ឆាំ ពេជ្រ ជា​អ្នក​យក​ព័ត៌មាន​ការ​សែត​មាតុភូមិ បាន​ចុះ​ទៅ​កាន់​វត្ត​ម៉ុង​ចិន បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា នៅ​វត្ត​ម៉ុង​ចិន​មាន​ការ​ឈូស​ឆាយ​ផ្នូរ​កប់​ខ្មោច​បូរាណ​របស់​អ្នក​ភូមិ។ ស្រាប់​តែ​នៅ​ថ្ងៃ​ទី​៩ ទី​១០ និង​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១០ លោក សយ សា​ខន និង​ក្រុម​គ្រួសារ​បាន​ទូរស័ព្ទ​ទៅ​គំរាម​ដោយ​ចេតនា​ទុច្ចរិត​ម្ដង ហើយ​ម្ដង​ទៀត​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សន្តិ​សុខ​ផ្ទាល់​ខ្លួន។

ប្រធាន​គណៈ​កម្មការ​វត្ត​ម៉ុង​ចិន លោក សយ សា​ខន រស់​នៅ​ភូមិ​បាលិ​លេយ្យ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មានជ័យ បាន​ថ្លែង​ថា​លោក​ពិត​ជា​បាន​ទូរស័ព្ទ​ទៅ​បង្ខំ​ឲ្យ​លោក ខៀវ បូរី បង្ហាញ​ឈ្មោះ​ប្រភព​ដែល​បាន​ផ្ដល់​ព័ត៌មាន​ជុំវិញ​បញ្ហា​នៃ​ការ​ចុះ​ផ្សព្វ​ផ្សាយ ជុំវិញ​ទំនាស់​ជា​ច្រើន នៅ​វត្ត​ម៉ុង​ចិន ៖ «ខ្ញុំ​មិន​ស្គាល់​ផ្ទះ​គាត់​នៅ​កន្លែង​ណា​ផង រឿង​អី​ដែល​ខ្ញុំ​ទៅ​គំរាម​កំហែង ខ្ញុំ​ទូរស័ព្ទ​ឲ្យ​គាត់​មក​ជួប​ខ្ញុំ​នៅ​វត្ត​ម៉ុង​ចិន បក​ស្រាយ​សំងាត់​ៗ យ៉ាង​ម៉េច»

ព្រះ​រាជ​អាជ្ញា​រង​តុលាការ​ខេត្ត​បន្ទាយ​មានជ័យ លោក ឡុង ញៀប បាន​មាន​ប្រសាសន៍​ថា តុលាការ​បាន​ទទួល​ពាក្យ​បណ្ដឹង និង​បាន​ចេញ​ដីកា​កោះ​ហៅ​ភាគី​ដើម​ចោទ ចុង​ចោទ មក​ធ្វើ​ការ​សាក​សួរ​នា​ពេល​ខាង​មុខ​នេះ ៖ «ខ្ញុំ​បាន​ចេញ​ដីកា​កោះ​ហៅ​ភាគី​ទាំង​ពីរ​ហើយ ចូល​មក​ឆ្លើយ ដីកា​ខ្ញុំ​ចេញ​ម្សិល​មិញ​ដាក់​ទៅ​ស្នង​ការ កោះ​ហៅ​ទាំង​ដើម​បណ្ដឹង និង​ជន​សង្ស័យ»

លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​ដី​ធ្លី នៃ​សមាគម​អាដហុក បាន​ចាត់​ទុក​ថា ការ​គំរាម​ខាង​លើ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស ៖ «ម្យ៉ាង​វិញ​ទៀត ជា​ការ​មួយ​ដែល​ធ្វើ​ឲ្យ​នៅ​កន្លែង​នោះ ហាក់​បី​ដូច​ជា​មិន​មាន​ការ​ទប់​ស្កាត់ ការ​ការ​ពារ​នូវ​បទ​រំលោភ​សិទ្ធិ​មនុស្ស​ទេ ប្រសិន​បើ​អាជ្ញាធរ​លោក​មិន​ព្រម​ចាត់​វិធានការ​ទៅ​លើ​អ្នក​ដែល​គំរាម​កំហែង​មក​សកម្ម​ជន​សិទ្ធិ​មនុស្ស​របស់​យើង»

សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក ជា​មួយ​គ្នា​នេះ​ក៏​បាន​ចេញ​លិខិត​អន្តរាគមន៍​ដាច់​ដោយ​ឡែក​មួយ​ទៀត ដាក់​ទៅ​តុលាការ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ដោយ​ចាត់​ទុក​ថា ករណី​នេះ​ជា​ករណី​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ទាំង​គ្រួសារ ទាំង​ការ​រស់​នៅ ទាំង​សុវត្ថិភាព​ផ្ទាល់​ខ្លួន និង​រំលោភ​សិទ្ធិ​បុគ្គល។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​សកម្ម​ជន​សមាគម​អាដហុក ប្ដឹង​ទៅ​តុលាការ​ខេត្ត​បន្ទាយ​មានជ័យ បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ផ្ដន្ទា​ទោស​លោក សយ សាខន តាម​នីតិ​វិធី​ច្បាប់ និង​បាន​ទាម​ទារ​ការ​បង់​ជំងឺ​ចិត្ត ពី​លោក សយ សា​ខន នូវ​ទឹក​ប្រាក់​ចំនួន ២០.០០០​ដុល្លារ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ខ្ញុំសូមអោយ សិទ្ធិមនុស្សមានភាពបើកទូលាយនៅក្នុងសកលលោក ។សូមអគុណ!!!

Mar 31, 2013 11:37 PM

គេហទំព័រ​ទាំងមូល