យុទ្ធនាការ​បង្ការ​ជំងឺ​គោ​ក្របី

នៅ​ដើម​រដូវ​វស្សា​ឆ្នាំ​២០១០ នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កំពុង​តែ​ចាត់​វិធានការណ៍​មួយ​ចំនួន ក្នុង​ការ​បង្ការ​មិន​ឲ្យ​សត្វ​ពាហនៈ​កើត​ជំងឺ​ផ្សេងៗ។
ដោយ សុខ សេរី
2010-06-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កសិករ​ភ្ជួរ​ដី​សម្រាប់​ការដាំ​ដុះ​ដំណាំ​ស្រូវ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។
កសិករ​ភ្ជួរ​ដី​សម្រាប់​ការដាំ​ដុះ​ដំណាំ​ស្រូវ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ។
RFA file photo

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ប្រទេស​កម្ពុជា កំពុង​តែ​បន្ត​បើក​យុទ្ធនាការ​នៅ​ទូទាំង​ប្រទេស ក្នុង​ការ​ចាក់​ថ្នាំ​បង្ការ​មិន​ឲ្យ​សត្វ​គោ និង​ក្របី កើត​ជំងឺ​សារទិក​បាន​ចំនួន ៧០%​ហើយ គឺ​ស្មើ​នឹង​ជាង ១​លាន​ក្បាល នៅ​ក្នុង​ចំណោម​សត្វ​គោ និង​ក្របី​សរុប​ចំនួន​ជិត ២​លាន​ក្បាល នៅ​កម្ពុជា ដែល​សត្វ​ពាហនៈ​ទាំង​នោះ ជា​កម្លាំង​អូស​ទាញ​យ៉ាង​សំខាន់ សម្រាប់​ការងារ​កសិកម្ម។

យុទ្ធនាការ​ដ៏​ធំ​នេះ បាន​ចាប់​ផ្ដើម​តាំង​ពី​ដើម​ខែ​មិថុនា​ថ្មីៗ នេះ ហើយ​គ្រោង​និង​បញ្ចប់​នៅ​ចុង​ខែ​កក្កដា​ខាង​មុខ​នេះ នៅ​ក្នុង​រដូវ​ភ្លៀង​ធ្លាក់ ដែល​បណ្ដាល​ឲ្យ​សត្វ​គោ នឹង​ក្របី កើត​ជំងឺ​សារទិក ជំងឺ​រាករូស ហៀរ​សម្បុរ ហើម​ពោះ ហើម​ក នឹង​ឡើង​កម្ដៅ ដែល​នាំ​ឲ្យ​ស្ទះ​ដង្ហើម​ស្លាប់​ភ្លាមៗ។

មន្ត្រី​បសុពេទ្យ​បញ្ជាក់​ថា ការ​ចាក់​ថ្នាំ​បង្ការ ដែល​មាន​ឈ្មោះ ប៉ាសស្ទូរីទ្បូ ម៉ូតូស៊ីដា នេះ គឺ​មិន​យក​កម្រៃ​ទេ។ ហើយ​យុទ្ធនាការ​នេះ កំពុង​តែ​ប្រព្រឹត្តិ​ទៅ​នៅ​មុន​ពេល​កសិករ​ចាប់​ផ្ដើម​ការងារ​ភ្ជួរ​រាស់ ធ្វើ​ស្រែ​ចម្ការ នៅ​ដើម​រដូវ​វស្សា​នេះ។

ប្រធាន​នាយកដ្ឋាន​ផលិតកម្ម និង​បសុពេទ្យ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក កៅ ផល បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ពុធ​ទី​៣០ ខែ​មិថុនា​នេះ​ថា ក្រសួង​កសិកម្ម​បាន​រៀបចំ​មន្ត្រី​ជំនាញ​នៅ​តាម​មូលដ្ឋាន​ចំនួន​ជាង ១៤.០០០​នាក់ ដើម្បី​ចូល​រួម​សហការ​ក្នុង​យុទ្ធនាការ​នេះ។

លោក កៅ ផល មាន​ប្រសាសន៍​ដូច្នេះ ៖ «ចំពោះ​គោ ក្របី ដែល​លែង ភាគ​ច្រើន គឺ​ថា​ទទួល​រង​បញ្ហា​ហ្នឹង​ច្រើន​ជាង​គេ។ ទី១ គឺ​ថា ធ្វើ​ឲ្យ​គាត់ (កសិករ) កែ​ទម្លាប់​ពី​ការ​ចិញ្ចឹម​លែង​មក​ដាក់​ទ្រុង ហើយ​ត្រូវ​កែ​លម្អ​នៃ​ចំណី​សត្វ​នេះ​ជា​បញ្ហា​មួយ។ បញ្ហា​ទី​២​ទៀត គឺ​ធ្វើ​ឲ្យ​គាត់ (កសិករ) ថែ​ទាំ​យក​ចិត្ត​ទុក​ដាក់​មែនទែន ពី​ព្រោះ​គាត់ (កសិករ) ត្រូវ​ផ្ដល់​ចំណី ផ្ដល់​ទឹក។ បើ​សិន​ជា​យើង​មិន​បាន​ថែ​ទាំ​ទេ។ គោ​ក្របី​របស់​យើង​ហ្នឹង អាច​នឹង​ស្គម ងាយ​ទទួល​ជំងឺ»

លោក​បាន​បញ្ជាក់​ទៀត​ថា បើ​សិន​កសិករ​ណា មាន​ការ​សង្ស័យ​ថា មាន​សត្វ​គោ និង​ក្របី​ណា​កើត​ជំងឺ​សារទិក សូម​ប្រញាប់​ទាក់​ទង​ទៅ​មន្ត្រី​កសិកម្ម​នៅ​មូលដ្ឋាន ឬ​ទាក់​ទង​មក​លេខ​ទូរស័ព្ទ​សង្គ្រោះ​បន្ទាន់​ចំនួន ២​លេខ គឺ ០១២-៨៣៣-៧៩៥ ឬ​លេខ ០១២-២១៤-៩៧០។

ប្រជា​ពលរដ្ឋ​ម្នាក់ នៅ​ក្នុង​ឃុំ​ទំនប់ ស្រុក​បាធាយ ខេត្ត​កំពង់ចាម បាន​ថ្លែង​ថា គ្រួសារ​កសិករ​ជា​ច្រើន រាប់​ទាំង​គ្រួសារ​គាត់​ផង បាន​ទទួល​ការ​ចាក់​ថ្នាំ ឲ្យ​គោ និង​ក្របី​ថ្មីៗ​នេះ ៖ «គេ​ហៅ​ថា ភ្នាក់​ងារ​ពេទ្យ​សត្វ​ភូមិ​ហ្នឹង គឺ​ថា បាន​មក​ធ្វើ​វ៉ាក់សាំង​ជូន​ដល់​ប្រជា​ពលរដ្ឋ​ហ្នឹង គឺ​ចាក់​វ៉ាក់សាំង​រួច​ហើយ។ ហើយ​រហូត​មក​ដល់​ឥឡូវ​នេះ យើង​អត់​ទាន់​មាន​ផ្ទុះ​ជំងឺ​សារទិក​ដល់​គោ​ក្របី​ហ្នឹង​ទេ»

មន្ត្រី​នាយកដ្ឋាន​ផលិតកម្ម និង​បសុពេទ្យ មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​អំពី​តួ​លេខ​សរុប​នៃ​ចំនួន​សត្វ​គោ នឹង​ក្របី ដែល​បាន​ស្លាប់​ក្នុង​មួយ​ឆ្នាំ​ៗ ដោយសារ​ជំងឺ​សារទិក​នេះ ថា​មាន​ចំនួន​ប៉ុន្មាន​នៅ​ឡើយ​ទេ។

ខេត្ត​ដែល​មាន​សត្វ​គោ នឹង​ក្របី​ច្រើន​ជាង​គេ មាន​នៅ​ក្នុង​ខេត្ត​កំពង់ចាម ខេត្ត​កណ្ដាល ខេត្ត​បាត់ដំបង ខេត្ត​តាកែវ និង​ខេត្ត​មួយ​ចំនួន​ផ្សេង​ទៀត៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល