អាកាសចរណ៍​តំបន់​អឺរ៉ុប​ហោះ​ហើរ​ផ្ទាល់​មក​កម្ពុជា​នៅ​ឆ្នាំ​២០១១

មន្ត្រី​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​បាន​រំពឹង​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេស​នៃ​តំបន់​អឺរ៉ុប​មក​ទស្សនា​ប្រទេស​កម្ពុជា​នឹង​ កើន​ឡើង​ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ។
ដោយ ហង្ស សាវយុត
2010-11-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យន្តហោះ​នៃ​អាកាស​ចរណ៍​បារាំង អ៊ែរ័ហ្វ្រង់ (Air France)
យន្តហោះ​នៃ​អាកាស​ចរណ៍​បារាំង អ៊ែរ័ហ្វ្រង់ (Air France)
Photo courtesy of superfuture.com

លោក សុខ អាន ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ការដ្ឋាន​ជួសជុល​ប្រាសាទ​តាកែវ នៅ​ខេត្ត​សៀមរាប កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​វិច្ឆិកា​ថា ខេត្ត​សៀមរាប ដែល​ជា​តំបន់​ទេសចរណ៍​វប្បធម៌​របស់​កម្ពុជា​នឹង​ទទួល​ស្វាគមន៍​ជើង​ហោះ​ហើរ​ផ្ទាល់​នៃ​អាកាស​ចរណ៍​ប្រទេស​បារាំង និង​អាល្លឺម៉ង់​ជា​លើក​ដំបូង នៅ​ឆ្នាំ​២០១១​ខាង​មុខ​នេះ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ក្រុម​ហ៊ុន​អាកាស​ចរណ៍​របស់​ប្រទេស​បារាំង និង​អាល្លឺម៉ង់ បាន​មក​ជួប​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​រួច​ហើយ ដើម្បី​បំពេញ​ឯកសារ​ផ្លូវ​ច្បាប់ សម្រាប់​ធ្វើ​អាជីវកម្ម​ហោះ​ហើរ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ពី​តំបន់​អឺរ៉ុប មក​ចុះ​ចត​ផ្ទាល់​នៅ​ខេត្ត​សៀមរាប កម្ពុជា ៖ «ចាប់​ពី​ឆ្នាំ​២០១១ ទៅ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នឹង​ទទួល​បាន​នូវ​ជើង​ហោះ​ហើរ​ផ្ទាល់​ពី​ប្រទេស​បារាំង តាម​រយៈ​អាកាស​ចរណ៍​អ៊ែរ័ហ្វ្រង់ (Air France) ហើយ​ក៏​ដូច​ជា​អាកាស​ចរណ៍​របស់​អាល្លឺម៉ង់»

លោក សយ សុខាន់ អនុ​រដ្ឋ​លេខាធិការ​អាកាសចរណ៍​ស៊ីវិល បាន​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​អាកាស​ចរណ៍​បារាំង គឺ​បាន​បំពេញ​ឯកសារ​នានា​ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់​បាន​រួច​រាល់​អស់​ហើយ គឺ​បាន​ទាំង​កិច្ច​ព្រមព្រៀង​ផ្លូវ​អាកាស និង​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា។ ដូច្នេះ​បើ​និយាយ​ផ្លូវ​ច្បាប់ គឺ​គ្រប់គ្រាន់ នៅ​រង់ចាំ​តែ​ការ​ហោះ​ហើរ​ប៉ុណ្ណោះ។ ចំណែក​អាកាសចរណ៍​អាល្លឺម៉ង់​វិញ ទើប​តែ​មាន​អនុស្សរណៈ​នៃ​កិច្ច​សហការ​រវាង​ប្រទេស​ទាំង​ពីរ រីឯ​កិច្ច​ព្រមព្រៀង​ស្ដីពី​សេវាកម្ម​កំពុង​តែ​ពិភាក្សា​លើ​ការ​ងារ​បច្ចេកទេស ប៉ុន្តែ​ជា​គោល​ការណ៍​អាច​ហោះ​ហើរ ប្រតិបត្តិការ​ធ្វើ​អាជីវកម្ម​រវាង​ប្រទេស​ទាំង​ពីរ​បាន​ហើយ ដោយ​បញ្ហា​សេសសល់ គឺ​អាច​បន្ត​ចរចា​នៅ​ពេល​ក្រោយ​ទៀត​ក៏​បាន ៖ «ពី​អាល្លឺម៉ង់​មក មិន​ទាន់​កំណត់​ថា​មក​ពី​ទីក្រុង​ណា​ទេ ដោយ​គ្រាន់​ថា​ចេញ​អាល្លឺម៉ង់ មក​កម្ពុជា ហើយ​បារាំង​ចេញ​ពី​ទីក្រុង​ប៉ារីស មក​កម្ពុជា។ សម្រាប់​បារាំង​នៅ​ខែ​មិនា ឆ្នាំ​២០១១ ចំ​ពោះ​អាល្លឺម៉ង់ គ្រោង​នៅ​ឆ្នាំ​ក្រោយ​ហ្នឹង​ដែរ»

មន្ត្រី​ក្រសួង​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នោះ​គឺ​ជា​ការ​ហោះ​ហើរ​ផ្ទាល់​ជា​លើក​ដំបូង​ចេញ​ពី​តំបន់​អឺរ៉ុប មក​កាន់​ខេត្ត​សៀមរាប​ប្រទេស​កម្ពុជា ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ទេ។

លោក សូ ម៉ារ៉ា រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​បាន​រំពឹង​ថា ចំនួន​អ្នក​ទេសចរណ៍​មក​ពី​តំបន់​អឺរ៉ុប​នឹង​កើន​ឡើង​នៅ​ពេល​ដែល​ការ​ហោះ​ហើរ​ផ្ទាល់​ពី​ប្រទេស​បារាំង និង​អាល្លឺម៉ង់ ចាប់​ផ្ដើម​នៅ​ឆ្នាំ​ក្រោយ​នេះ។

មន្ត្រី​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​មុន​តួលេខ​ភ្ញៀវ​ទេសចរណ៍​តំបន់​អឺរ៉ុប មាន​ប្រមាណ​១៣% នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​សរុប​ជាង ២​លាន​នាក់ ដែល​បាន​មក​ទស្សនា​កម្ពុជា៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល