របាយការណ៍ Amnesty International ស្ដី​ពី​ការ​បណ្ដេញ​ពលរដ្ឋ​នៅ​កម្ពុជា

អង្គការ​លើកលែង​ទោស​អន្តរជាតិ Amnesty International បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១០ បង្ហាញ​ថា ករណី​បណ្ដេញ​ប្រជា​ពលរដ្ឋ​យ៉ាង​បង្ខំ​ចេញ​ពី​លំនៅ​ក្នុង​ប្រទេស​កម្ពុជា ពី​ខែ​មករា ដល់​ខែ​ធ្នូ ឆ្នាំ​២០០៩ មាន​ចំនួន ២៦​ករណី ដែល​បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ប្រមាណ ២ម៉ឺន ៧​ពាន់​នាក់ បាត់​បង់​លំនៅ។
ដោយ តាំង សារ៉ាដា
2010-05-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ក្រុម​៧៨​ប្រមូល​របស់​របរ​ចេញ​ពី​លំនៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចម្ការមន ក្រុង​ភ្នំពេញ នា​ថ្ងៃ​១៦ កក្កដា ២០០៩។
ពលរដ្ឋ​ក្រុម​៧៨​ប្រមូល​របស់​របរ​ចេញ​ពី​លំនៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចម្ការមន ក្រុង​ភ្នំពេញ នា​ថ្ងៃ​១៦ កក្កដា ២០០៩។
RFA Photo

ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​និយាយ​ថា ការ​បាត់​បង់​លំនៅ​ឋាន​ច្រើន​បែប​នេះ គឺ​បណ្ដាល​មក​ពី​ការ​រំលោភ​យក​ពី​សំណាក់​អ្នក​មាន​អំណាច និង​ដោយសារ​គោលការណ៍​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា ទំនាស់​ដី​ធ្លី​នៅ​កម្ពុជា​ត្រូវ​បាន​ដោះស្រាយ​ដោយ​ច្បាប់ មួយ​ករណី​ម្ដង​ៗ។ លោក​ថ្លែង​ថា តួលេខ​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ ជា​តួលេខ​មិន​មាន​ប្រភព​ច្បាស់លាស់។

លោក ខៀវ កាញារីទ្ធ បាន​បញ្ជាក់​ថា ៖ «បញ្ហា​នេះ​មិន​មែន​ដូច​បូក​សរុប​ដូច Amnesty និយាយ​ទេ។ ក្រុម Amnesty និយាយ គាត់​មិន​ដឹង​អ្នក​ណា​ជា​អ្នក​ណា​ផង​ទេ! បញ្ហា​របស់​រដ្ឋាភិបាល គឺ​បញ្ហា​ទាំង​អស់​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់! បើ​និយាយ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ គឺ​មាន​តែ​ប៉ុណ្ណឹង​ទេ! មាន​តែ​ដោះស្រាយ​មួយ​ករណី តាម​មួយ​ករណី។ យើង​យក​ច្បាប់​ជា​គោលការណ៍​ធំ»

ប៉ុន្តែ​អង្គការ Global Witness ធ្លាប់​បាន​រាយការណ៍​កាល​ពី​ឆ្នាំ​២០០៨ ថា ផ្ទៃ​ដី​របស់​ប្រទេស​កម្ពុជា​ចំនួន ៤៥% កំពុង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន និង​ពី​សំណាក់​ក្រុម​មន្ត្រី​មាន​អំណាច។

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក យេង វីរៈ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ផ្អាក​ការ​ផ្ដល់​ដី​សម្បទាន​ដែល​មាន​ទំហំ​ដ៏​ធំ និង​មាន​រយៈ​ពេល​យូរ ដែល​បាន​គ្រប​ដណ្តប់​លើ​ដី​សែ្រ ដី​ចម្ការ​របស់​ប្រជា​ពលរដ្ឋ។

លោក យេង វីរៈ បាន​អះអាង​ថា ៖ «ការ​ដែល​ត្រូវតែ​ផ្អាក​នូវ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ជា​រឿង​ចាំបាច់ ហើយ​ត្រូវតែ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​កិច្ច​សន្យា​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំង​ឡាយ​ណា ដែល​បាន​ឲ្យ​កន្លង​មក​ហ្នឹង»

របាយការណ៍​របស់​ក្រសួង​កសិកម្ម​សម្រាប់​ឆ្នាំ​២០០៩ បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០៩ រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​ទំហំ ១​លាន ៣​សែន​ហិកតារ ដល់​ក្រុមហ៊ុន​ឯកជន​នៅ​កម្ពុជា។ របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា មក​ទល់​នឹង​ពេល​នេះ​រដ្ឋាភិបាល​បាន​លុប​ចោល​កិច្ច​សន្យា​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ចំនួន ៤១ ដែល​មាន​ផ្ទៃ​ដី​ទំហំ ៣៧៩.០៣៤​ហិកតារ បន្ទាប់​ពី​ក្រុមហ៊ុន​ទាំង​នោះ​យក​ដី​ទុក​មិន​បាន​អភិវឌ្ឍ។

ក្រុម​អ្នក​ឃ្លាំ​មើល​បញ្ហា​ដី​ធ្លី​និយាយ​ថា បញ្ហា​រំលោភ​ដី​ធ្លី​ដ៏​ច្រើន​បែប​នេះ​កើត​ឡើង ដោយសារ​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​មិន​មាន​ប័ណ្ណ​កម្មសិទ្ធិ​គ្រប់គ្រង​ដី​ធ្លី។

របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ បាន​ឲ្យ​ដឹង​ទៀត​ថា កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០០៩ រដ្ឋាភិបាល​ខ្មែរ​បាន​លុប​ចោល​កិច្ច​សន្យា​របស់​ធនាគារ​ពិភពលោក ក្នុង​ការ​ជួយ​ចុះ​វាស់វែង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​តំបន់​ក្រីក្រ និង​តាម​តំបន់​ងាយ​រង​គ្រោះ។ ក្រុម​នេះ​បាន​ព្រួយ​បារម្ភ​ថា ការ​គ្មាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​អាច​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​កាន់​កាប់​ដី​ធ្លី​របស់​ពលរដ្ឋ​ក្រីក្រ។

ជុំវិញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​តាម​រយៈ​ការ​រំលោភ​ដី​ធ្លី​នេះ លោក ឱម យ៉ិនទៀង ដែល​ធ្លាប់​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល មិន​អាច​ធ្វើ​ការ​បំភ្លឺ​បាន​ទេ​កាល​ពី​ថ្ងៃ​សុក្រ។

ប៉ុន្តែ​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ថា ការ​ដែល​រដ្ឋាភិបាល​លុប​កិច្ច​សន្យា​របស់​ខ្លួន​ជាមួយ​ធនាគារ​ពិភពលោក ក្នុង​ការ​ចុះ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជា​ពលរដ្ឋ​កន្លង​មក ដោយសារ​រដ្ឋាភិបាល​អាច​គ្រោង​បណ្ដេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​តំបន់​ណា​មួយ​ថែម​ទៀត ដែល​រដ្ឋាភិបាល​អាច​មាន​ចំណែក​ក្នុង​នោះ។

លោក កឹម សុខា បាន​ថ្លែង​ថា ៖ «ទោះ​បី​ជា​យើង​មិន​ឃើញ​មាន​ភស្តុតាង​ច្បាស់​លាស់ ក៏​យើង​ឃើញ​សភាព​សព្វ​ថ្ងៃ​នេះ​មាន​ការ​ដើរ​ដេញ​ប្រជា​ពលរដ្ឋ​នៅ​បឹង​កក់​នេះ ដែល​គេ​មក​នៅ មាន​ផ្ទះ​ថ្ម គេ​រស់​នៅ​បួន​ដប់​ឆ្នាំ មាន​កូន មាន​ចៅ​ហើយ នៅតែ​ដេញ​គេ​ទៀត! អា​នេះ​ជា​រឿង​មួយ​អសីលធម៌​ខ្លាំង​ណាស់!»

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៩ ក្រុម​ប្រទេស​អ្នក​ផ្ដល់​ជំនួយ​អន្តរជាតិ​មួយ​ចំនួន បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​ការ​បណ្ដេញ​ប្រជា​ពលរដ្ឋ​យ៉ាង​បង្ខំ ចេញ​ពី​លំនៅ​ឋាន រហូត​ដល់​មាន​ការ​ផ្ដល់​ទី​ជម្រក​ឲ្យ​បាន​សមរម្យ និង​យន្តការ​តម្លាភាព ដើម្បី​ដោះស្រាយ​បញ្ហា​ដី​នេះ។

កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​ឧសភា​នេះ អង្គការ​ឃ្លាំមើល​បរិស្ថាន​អន្តរជាតិ Global Witness ក៏​បាន​ទទូច​សុំ​ឲ្យ​តំណាង​ប្រទេស​ម្ចាស់​ជំនួយ​អន្តរជាតិ​នានា ធ្វើ​អន្តរាគមន៍ រក​ដំណោះស្រាយ​បញ្ហា​អំពើ​ពុក​រលួយ និង​ការ​ចាត់ចែង​មិន​ល្អ​នៃ​ធនធាន​ធម្មជាតិ នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​គោល​ការណ៍​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ដែល​មាន​ទំហំ​ដី​ជា​ច្រើន​ម៉ឺន​ហិកតារ និង​មាន​រយៈ​ពេល​ជិត​មួយ​រយ​ឆ្នាំ​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល