អង្គការ​លើកលែង​ទោស​អន្តរជាតិសុំ​ឱ្យ​​រដ្ឋ​បញ្ឈប់​បណ្ដេញ​ពល​រដ្ឋដោយ​បង្ខំ

អង្គការ​លើកលែង​ទោស​អន្តរជាតិ ឬ​អែមណេស្ទី អ៊ីនធើណេស្សឹនណល (Amnesty International) ធ្វើ​សន្និសីទ​កាសែត​មួយ នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ ដើម្បី​បង្ហាញ​នូវ​របាយការណ៍​ស្រាវជ្រាវ​មួយ​ស្ដីពី​ការ​ជម្លៀស​ប្រជា​ពល​រដ្ឋ​ដោយ​បង្ខំ នៅ​តំបន់​បឹង​កក់ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់ នៅ​ខេត្ត​កំពង់ធំ​នៅ។
ដោយ សុខ សេរី
2011-11-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​ពលរដ្ឋ​បឹង​កក់​ អ្នកស្រី ទេព វន្នី ថ្លែង​ក្នុង​សន្និសីទ​កាសែត​របស់​អង្គការ Amnesty International នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ឆ្នាំ​២០១១។
តំណាង​ពលរដ្ឋ​បឹង​កក់​ អ្នកស្រី ទេព វន្នី ថ្លែង​ក្នុង​សន្និសីទ​កាសែត​របស់​អង្គការ Amnesty International នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ឆ្នាំ​២០១១។
RFA/Sok Serey

ក្នុង​ឱកាស​នោះ​ដែរ ក៏​មាន​ដាក់​បញ្ចាំង​ភាពយន្ត​ឯកសារ ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ទាំង​នេះ​ដែរ។

ការ​បញ្ចាំង​ភាពយន្ត​ឯកសារ​នេះ គឺ​ដើម្បី​ទាក់ទាញ​មហាជន​ឲ្យ​បាន​ដឹង​ឮ អំពី​ទុក្ខសោក​របស់​ប្រជា​ពលរដ្ឋ​រងគ្រោះ​ទាំង​នោះ។ អ្នក​ចូលរួម​ស្ដាប់ និង​ទស្សនា​ភាពយន្ត​នេះ​មួយ​ចំនួន បាន​សម្រក់​ទឹក​ភ្នែក សំដែង​ភាព​សោកសៅ និង​អាណិតអាសូរ​ដល់​គ្រួសារ​ជន​រងគ្រោះ។

អង្គការ​លើកលែង​ទោស​អន្តរជាតិ ឬ​អែមណេស្ទី អ៊ីនធើណេស្សឹនណល ព្រម​ទាំង​តំណាង​ប្រជា​ពលរដ្ឋ​នៅ​បឹង​កក់ និង​នៅ​ព្រៃ​ឡង់ នៅ​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ឆ្នាំ ២០១១ បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ជម្លៀស​ប្រជា​ពលរដ្ឋ​ដោយ​បង្ខំ​ពី​ផ្ទះ​សំបែង និង​ដី​ធ្លី និង​សុំ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បន្ត​កាប់​បំផ្លាញ​ព្រៃ​ឡង់។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ​នេះ បាន​ផ្ញើ​ឯកសារ និង​របាយការណ៍​នេះ ជូន​ក្រសួង​កិច្ចការ​នារី​រួច​ហើយ​នៅ​ពេល​ថ្មីៗ នេះ ដោយសារ​តែ​អ្នក​តវ៉ា​ដីធ្លី និង​ព្រៃ​ឈើ​កន្លង​មក គឺ​ជា​ស្ត្រី​ភេទ ដែល​ត្រូវ​អាជ្ញាធរ និង​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​អាជ្ញាធរ​មូលដ្ឋាន​ចាប់​ខ្លួន និង​ប្រើ​អំពើ​ហិង្សា​បង្ក្រាប។

អនុ​ប្រធាន​នៃ​អង្គការ​លើកលែង​ទោស​អន្តរជាតិ អ្នកស្រី ដូណា ហ្គេស (Donna Guest) ប្រចាំ​ការ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក (Asia Pacific) មាន​ប្រសាសន៍​ថា ការ​ជម្លៀស​ប្រជា​ពលរដ្ឋ​ដោយ​បង្ខំ​កន្លង​មក គឺ​ជា​ការ​រីក​រាលដាល​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​បញ្ហា​នេះ វា​បាន​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ នៅ​ជន​បទ និង​ជាយ​ទី​ក្រុង។

អ្នកស្រី ដូណា ហ្គេស៖ «ការ​ជម្លៀស​ប្រជា​ពលរដ្ឋ​ដោយ​បង្ខំ គឺ​ជា​ការ​បណ្ដេញ​ពួក​គាត់​ប្រឆាំង​នឹង​ឆន្ទៈ​របស់​គាត់​ពី​ផ្ទះ​សំបែង និង​ដីធ្លី ដោយ​គ្មាន​ការពារ​ពួក​គាត់​តាម​ផ្លូវ​ច្បាប់ និង​គ្មាន​សុវត្ថិភាព​ឡើយ។ រដ្ឋាភិបាល​កម្ពុជា មាន​កាតព្វកិច្ច​ការពារ​ប្រជា​ពលរដ្ឋ​ទាំង​នោះ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បែរ​ជា​បិទ​ភ្នែក​ធ្វើ​មិន​ដឹង​មិន​ឮ​អំពី​ទុក្ខសោក​របស់​ពួក​គាត់​ទៅ​វិញ»។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​ការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ប្រតិកម្ម​ថា សកម្មភាព​នេះ គឺ​រដ្ឋាភិបាល​មិន​អាច​ទទួល​យក​បាន​ទេ ដោយសារ​តែ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​នេះ មិន​បាន​យល់​ដឹង​អំពី​វិធានការណ៍​របស់​រដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​កន្លង​មក។

លោក ផៃ ស៊ីផាន៖ «ហើយ​ដឹង​ហើយ​ថា រាជ​រដ្ឋាភិបាល បាន​ធ្វើ​គ្រប់​បែប​យ៉ាង ទាំង​ជំហរ​ក៏​ដូច​ជា​ការ​ដោះស្រាយ​នូវ​បញ្ហា​ទាំង​អស់​នោះ​រួច​ស្រេច​ទៅ​ហើយ។ អ្វី​ដែល​យើង​យល់​ឃើញ លោក​ស្រី​កំពុង​តែ​ធ្វើ​ហ្នឹង គ្រាន់​តែ​ការ​រៀបចំ​ធ្វើ​ការ​ញុះញង់​ធ្វើ​កើត​មាន​អ្វី ដែល​គេ​បង្កើត​ជា​ថ្នាល​នៃ​បដិវត្តន៍​ផ្កា​ម្លិះ ផ្កា​ត្រកួន ដែល​លោកស្រី​ចង់​ធ្វើ។ អា​នេះ​ជា​ការ​លូកលាន់»។

តំណាង​ប្រជា​ពលរដ្ឋ​នៅ​បឹង​កក់ អ្នកស្រី ទេព វន្នី ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត ដោយ​សម្រក់​ទឹក​ភ្នែក​ថា គម្រោង​អភិវឌ្ឍន៍​នៅ​បឹង​កក់​ដោយ​ក្រុមហ៊ុន ស៊ូកាគូ (Sukaku In) បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​ទី​នោះ រង​ទុក្ខ​វេទនា​ឥត​ស្រាកស្រាន្ត។

អ្នកស្រី ទេព វន្នី៖ «ស្ត្រី​ដែល​រង​គ្រោះ​ទាំង​អស់ ដូច​ជា យើង​ខ្ញុំ​នៅ​តំបន់​បឹង​កក់ ក៏​ដូច​ជា នៅ​ប្រទេស​កម្ពុជា ហើយ​ក៏​ដូច​ជា​ស្ត្រី នៅ​ទូទាំង​ពិភព​លោក ក៏​មិន​អាច​ទទួល​យក​បាន​ដែរ នូវ​ការ​ព្រងើយ​កន្តើយ​របស់​រដ្ឋាភិបាល ក៏​ដូចជា មន្ត្រី​អាជ្ញាធរ​ថ្នាក់​ក្រោម ដែល​ឃុបឃិត​ជាមួយ​នឹង​ក្រុមហ៊ុន​មាន​អំណាច»។

តំណាង​ជនជាតិ​ភាគ​តិច គួយ មក​ពី​ខេត្ត​ព្រះវិហារ និង​ជា​សកម្មជន​ការពារ​ព្រៃ​ឡង់ បាន​ថ្លែង​ដែរ​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់ គឺ​ជា​ការ​បំផ្លាញ​ជីវិត​របស់​ជន​ជាតិ​ភាគ​តិច ដែល​រស់​នៅ​ពឹង​ផ្អែក​លើ​អនុ​ផល​ព្រៃ​ឈើ «ប៉ុន្តែ បើ​បាត់បង់​ព្រៃ​ឡង់​ហើយ ពួក​ខ្ញុំ​សង្ឃឹម​លើ​អ្វី​ទៀត ចាស។ អ៊ីចឹង​ហើយ បាន​ជា​ខ្ញុំ​សំណូមពរ​បង​ប្អូន​ទាំង​អស់​គ្នា សហគមន៍ ក៏​ដូចជា អង្គការ​ជាតិ និង​អន្តរជាតិ ឲ្យ​ជួយ​រក​ដំណោះស្រាយ ដើម្បី​ជួយ​គាំទ្រ លើក​ទឹក​ចិត្ត​ដល់​សហគមន៍​ពួក​យើង​ខ្ញុំ​ផង»។

អ្នក​ដែល​បាន​ចូលរួម​ស្ដាប់ និង​តាមដាន​ភាពយន្ត​ឯកសារ និង​របាយការណ៍​នេះ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​រង់ចាំ​ការ​ដោះស្រាយ និង​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​ចំពោះ​សំណូមពរ​នេះ៕

ព័ត៌មាន (7)
Share

អ្នក​អាន​អនាមិក

the a group of evil won't last long. they will pay what they did. I wish that will happen soon.

Nov 26, 2011 09:18 PM

អ្នក​អាន​អនាមិក

រដ្ឋាភិបាលខែ្មរជារដ្ឋាភិបាលកើតឡើងដោយយួន និងគ្រប់គ្រងដោយយួន ដូច្នេះពីថៃ្ងនេះតទៅមុខទៀត សំលាប់ខែ្មរឯងទាល់តែអស់។

Nov 26, 2011 07:39 PM

អ្នក​អាន​អនាមិក

No Answer from Hun sen

Nov 25, 2011 01:38 AM

អ្នក​អាន​អនាមិក

បងប្អូនចាំទេ មេធំប្រាប់មុនហើយថា​នឹងមានការធ្វើបដិវត្តន៏
ដីធ្លីពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅថ្ងៃណាមួយ ឥឡូវមែន,
តើអង្គការលើកលែងទោសឬអង្្គការនានាដែលជួយអ្នក
រងគ្រោះរឿងបាត់បង់ដីធ្លី ផ្ទះសម្បែង គឺជាអ្នកញុះញង់
ជាអ្នកធ្វើឲ្យមានបដិវត្តន៏ផ្កាម្លិះផ្កាត្រកួនដូចផៃស៊ីមានថា
មែនដែរទេ?នរណាជាអ្នកលូកលាន់ហោប៉ៅនរណាហ្ន៎?

Nov 24, 2011 11:54 PM

អ្នក​អាន​អនាមិក

អ្នកស្រី ទេព វន្នី​​ ជាសកម្មជនដ៏ឆ្នើម

Nov 24, 2011 10:30 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល