នរវិទូ​ខ្មែរ​ ១ ​រូប​ ទទួល​បាន​ពានរង្វាន់​ឆ្នើម​ ហ៊្វូគូអូកា ពី​​ប្រទេស​ជប៉ុន

នៅ​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ ​តែង​បាន​ធ្វើ​នូវ​អ្វី​ដែល​ជា​ប្រយោជន៍​សម្រាប់​ផ្ទាល់​ខ្លួន​ និង​ជា​ប្រយោជន៍​សម្រាប់​សង្គម ​ឬ​មនុស្ស​ផង​ទាំងពួង ទោះ​តិច​ឬ​ច្រើន។ ​កាល​បើ​នរណា​ម្នាក់​បាន​លះបង់ ​ឬ​ធ្វើ​បាន​ច្រើន ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​ទូទៅ មិន​យូរ​មិន​ឆាប់ អ្នក​នោះ​នឹង​ទទួល​បាន​នូវ​ការ​គោរព​សរសើរ​ពី​អ្នក​ដទៃ។
ដោយ អ៊ួន ឈិន
2011-08-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ស្រាវជ្រាវ និង​​ជា​សាស្ត្រាចារ្យ​ផ្នែក​សិលាចារឹក​បុរាណ​ខ្មែរ​នៅ​មហាវិទ្យាល័យ​បុរាណ​វិទ្យា លោក​បណ្ឌិត អាំង ជូលាន
អ្នក​ស្រាវជ្រាវ និង​​ជា​សាស្ត្រាចារ្យ​ផ្នែក​សិលាចារឹក​បុរាណ​ខ្មែរ​នៅ​មហាវិទ្យាល័យ​បុរាណ​វិទ្យា លោក​បណ្ឌិត អាំង ជូលាន
Photo Supplied

យ៉ាង​ណា​មិញ តាម​រយៈ​ការ​ខិតខំ​ព្យាយាម​និង​ពុះពារ​ក្នុង​វិជ្ជាជីវៈ​នរវិទូ ឬ​អ្នក​សិក្សា​វិជ្ជា​ទាក់ទង​នឹង​វិវត្តន៍​នៃ​មនុស្ស ​ខ្មែរ​មួយ​រូប​ទទួល​បាន​ពាន់​រង្វាន់​ឆ្នើម (Grand Prize) ពី​ប្រទេស​ជប៉ុន ក្នុង​ការ​ស្រាវជ្រាវ។

នរវិទូ​ ឬ​អ្នក​សិក្សា​វិជ្ជា​ទាក់ទង​នឹង​ការ​វិវត្តន៍​នៃ​មនុស្ស ដែល​កំពុង​តែ​ផ្ទេរ​ចំណេះដឹង​ដល់​កូន​ខ្មែរ​និង​កំពុង​តែ​បន្ត​ធ្វើ​ការ​ស្រាវជ្រាវ​ផ្នែក​វប្បធម៌​ខ្មែរ បាន​ឈ្នះ​ជា​ជ័យ​លាភី​ពានរង្វាន់​ឆ្នើម ក្នុង​ចំណោម​ជ័យ​លាភី​ពានរង្វាន់ ៣​រូប ​ដែល​ត្រូវ​បាន​គេ​ជ្រើស​ចេញ​ពី​បេក្ខភាព​ចំនួន​ជាង ២០០ នាក់ នោះ​គឺ​លោក បណ្ឌិត អាំង ជូលាន។

លោក អាំង ជូលាន បច្ចុប្បន្ន​ជា​អ្នកស្រាវជ្រាវ​ផង ​និង​​ជា​សាស្ត្រាចារ្យ​ផ្នែក​សិលាចារឹក​បុរាណ​ខ្មែរ​នៅ​មហាវិទ្យាល័យ​បុរាណ​វិទ្យា​ផង។

លោក​បាន​ឈ្នះ​ពាន់​រង្វាន់​លំដាប់ថ្នាក់​លេខ​១ (Grand Prize) ផ្នែក​ស្រាវជ្រាវ ក្នុង​ចំណោម​ជយលាភី ៣​រូប ដោយ​ពានរង្វាន់​ពីរ​ទៀត​បាន​ទៅ​ជនជាតិ​កូរ៉េ​ខាង​ត្បូង​និង​ជនជាតិ​អាល្លឺម៉ង់ ហើយ​ជយលាភី​ទាំង​បី​ត្រូវ​បាន​គេ​ជ្រើសរើស​ចេញ​ពី​ក្នុង​ចំណោម​បេក្ខជន​ជាង ២៥០​នាក់ ៖ «គេ​សម្លឹង​មើល​មក អា​នេះ​ខ្ញុំ​និយាយ​តាម​សុន្ទរកថា​គេ​និយាយ​អំពី​ខ្ញុំ​ទេ​ដែល​ខ្ញុំ​និយាយ​នេះ​ណា៎ គឺ​ថា ការងារ​ដែល​ខ្ញុំ​បាន​ធ្វើ​មក​វា​លើស​ពី ដូច​ថា​វា​មិនមែន​សំឡេង​មក​លើ​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ។ ឧទាហរណ៍​ថា​អាជ្ញាធរ​អប្សរា ដែល​មាន​នាទី​គ្រប់គ្រង​តំបន់​អង្គរ​អី​នេះ គឺ​កើត​ឡើង​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​១៩៩៥។ ណា៎ អា​ហ្នឹង​អាជ្ញាធរ​អប្សរា ប៉ុន្តែ​ចំណែក​ខ្ញុំ​នេះ​មក​ជួយ​រៀបចំ​អាជ្ញាធរ​អប្សរា​តាំង​ពី​មិន​ទាន់​មាន តាំង​ពី​ប្រហែល​ឆ្នាំ​១៩៩៣​មក ហើយ​ដល់​ឆ្នាំ​៩៥​កើត​មាន​ឡើង​ក៏​ខ្ញុំ​ជួយ​ធ្វើ​ការ​អី បំពេញ​ការងារ​នៅ​ក្នុង​ហ្នឹង​បាន​ច្រើន​ឆ្នាំ​ដែរ» ។
 
លោក បណ្ឌិត អាំង ជូលាន កើត​នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​១៩៤៩ នៅ​ភូមិ​កំពង់ឃ្លាំង ឃុំ​កំពង់ឃ្លាំង ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប ។ លោក បណ្ឌិត អាំង ជូលាន មាន​ប្រសាសន៍​ថា ឪពុក​របស់​លោក​ដែល​ជា​អ្នក​ចេះ​ដឹង​ម្នាក់ បាន​បម្រើ​ការងារ​រាជការ​ខ្លះ​ ហើយ​ប្រកបរបរ​ទទួល​ទាន​ជា​លក្ខណៈ​ឯកជន​ច្រើន​ជាង។ រីឯ​ម្ដាយ​របស់​លោក​ជា​ស្ត្រី​មេផ្ទះ។ ពេល​លោក​មាន​អាយុ ៦​ឆ្នាំ ប្រហែល​ក្នុង​ចន្លោះ​ឆ្នាំ​១៩៥៥-១៩៥៦ ក្រុម​គ្រួសារ​ឪពុក​ម្ដាយ​របស់​លោក​បាន​ផ្លាស់​មក​រស់​នៅ​រាជធានី​ភ្នំពេញ។
 
លោក អាំង ជូលាន បាន​បញ្ចប់​មធ្យមសិក្សា​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​និង​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​បុរាណវិទ្យា​កាល​ពី​ឆ្នាំ​១៩៧៤ ហើយ​លោក​ក៏​ទទួល​បាន​អាហារូបករណ៍​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង ៖ «ខ្ញុំ​បាន​ជាប់​បរិញ្ញាបត្រ​ខាង​បុរាណវិទ្យា​នៅ​ពេល​ហ្នឹង​ទៅ​​រដ្ឋាភិបាល​បារាំង​ឆ្នាំ​ហ្នឹង​គេ​ឲ្យ​អាហារូបករណ៍​មក​ស្រុក​ខ្មែរ ដូច​តែ​ពីរ​ទេ ហើយ​ក្នុង​ហ្នឹង​មាន​ខ្ញុំ​មួយ ហើយ​ក៏​ខ្ញុំ​ទៅ​រៀន​នៅ ប្រទេស​បារាំង​ទៅ​ណា៎ ហើយ​ពេល​ដែល​ខ្ញុំ​ទៅ​បាន​ប្រហែល​កន្លះ​ឆ្នាំ​ហ្នឹង ជាង​កន្លះ​ឆ្នាំ​ហ្នឹង​ក៏​ស្រុក​យើង​ធ្លាក់​ទៅ ឆ្នាំ​៧៥​ហ្នឹង»។

លោក បណ្ឌិត អាំង ជូលាន បញ្ជាក់​ថា អាហារូបករណ៍​ដែល​លោក​ទទួល​បាន​នោះ មាន​រយៈ​ពេល តែ ៣៣​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​នោះ លោក​ត្រូវ​រក​មធ្យោបាយ​ដើម្បី​បន្ត​ការ​សិក្សា​ដោយ​ផ្ទាល់ខ្លួន ៖ «ដូច្នេះ​ទៅ​ខ្ញុំ​អស់​អាហារូបករណ៍​ហ្នឹង​ដូច​ជា​ឆ្នាំ​៧៧​មិន​ដឹង បាទ​៧៧​អី​ហ្នឹង​ណា៎ ខែ​ណា​ខ្ញុំ​ភ្លេច​ហើយ ​ ប៉ុន្តែ​ថា ផុត​ពី​ហ្នឹង​ទៅ​ខ្ញុំ​ក៏​ទៅ​រៀន​បណ្ដើរ ធ្វើ​ការ​កំប៉ិកកំប៉ុក​បណ្ដើរ ដើម្បី​នឹង​ចិញ្ចឹម​ជីវិត​ផង​ដើម្បី​នឹង​បាន​រៀន​ផង ។ ដូច្នេះ​ទៅ​សញ្ញាប័ត្រ​បណ្ឌិត​នោះ ដែល​ខ្ញុំ​គួរ​តែ​បាន​ប្រហែល​នៅ​ឆ្នាំ​៨០​អី​ហ្នឹង​ខ្ញុំ​ប្រហែល​ឆ្នាំ​៨២​ទាល់​តែ​ឆ្នាំ​៨២ ព្រោះ​ខ្ញុំ​វា​រវល់​ធ្វើ​ការ​រក​លុយ​ផង​អី​ផង​ណា៎​បាទ!»។

នៅ​ពេល​ដែល​កម្ពុជា​បាន​ធ្វើ​កំណែ​ទម្រង់​នយោបាយ​បើក​ចំហ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០ លោក អាំង ជួលាន បាន​វិល​ត្រឡប់​មក​មាតុភូមិ​វិញ ដោយ​នាំ​មក​ជាមួយ​នូវ​ធនធាន​ចំណេះដឹង​ដែល​លោក​មាន ៖ «ហើយ​ទៅ ទាល់​តែ​ប្រទេស​យើង​ដូច​ថា​ចាប់​ផ្ដើម​បើក​ទ្វារ​តិចៗ​ហើយ មិនទាន់​បោះឆ្នោត​មិន​ទាន់​អី​ទេ ខ្ញុំ​ក៏​ទៅ​ប្រទេស​ញឹកញាប់ ហើយ​ទៅ​នៅ​រហូត​តាំង​ពី​ឆ្នាំ​នែ៎​១៩៩៣​មក នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​វិញ​បាទ!»។

ជ័យ​លាភី​ពានរង្វាន់​ឆ្នើម (Grand Prize) លោក បណ្ឌិត អាំង ជូលាន មាន​ប្រសាសន៍​ថា អ្វី​ដែល​លោក​ទទួល​បាន​គឺ​ជា​ការ​មើល​ឃើញ​និង​ការ​ឲ្យ​តម្លៃ​ពី​ខាង​ក្រៅ ដោយ​រូប​លោក​មិន​បាន​ស្វះស្វែង​ដាក់​ពាក្យ​សុំ​ចូលរួម​ប្រកួតប្រជែង​ឬ​ស្នើ​សុំ​បេក្ខភាព​អ្វី​ឡើយ ហើយ​លោក​ក៏​មិន​អះអាង​ថា រូប​លោក​មាន​គុណសម្បត្តិ​កម្រិត​ណា​នោះ​ដែរ ដោយ​លោក​គ្រាន់​តែ​អះអាង​​ថា រូប​លោក​បាន​ខិតខំ​ពុះពារ​នៅ​ក្នុង​អាជីព ដើម្បី​សង្គម​ខ្មែរ​និង​មនុស្សជាតិ​ទូទៅ ៖ «សព្វ​ថ្ងៃ​នេះ​ខ្ញុំ​បង្រៀន​វិជ្ជា​នែ៎​សិលាចារឹក​ខ្មែរ​បុរាណ​នៅ​មហាវិទ្យាល័យ​បុរាណ​វិទ្យា​ណា៎ ។ ដូច​ជា​រឿង​អស់ហ្នឹង​ជា​ដើម​វា​មិន​មែន​ជា​រឿង​អី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​វា​គ្មាន​ទាំង​ក្របខ័ណ្ឌ​រដ្ឋបាល​នឹង​គេ​ផង បើ​និយាយ​តាម​ពិត​ណា៎ ! ដូច្នេះ​ទៅ​ខ្ញុំ​វា​គ្មាន​ផល​ប្រយោជន៍​នឹង នឹង​ត្រូវ​ទៅ​ពិបាក​អ៊ីចឹង ក៏​ប៉ុន្តែ​ខ្ញុំ​ធ្វើ»។

បន្ថែម​ពី​លើ​ការ​បង្ហាត់​បង្រៀន​ដល់​ក្រុម​និស្សិត​នៅ​មហាវិទ្យាល័យ ក្នុង​បំណង​ផ្ទេរ​ឬ​ចែក​រំលែក​ជូន​ចំពោះ​មនុស្ស​ផង​ទាំងពួង​នូវ​ព័ត៌មាន​និង​ចំណេះដឹង​ដែល​លោក​និង​ក្រុម​ការងារ​របស់​លោក​មាន លោក អាំង ជូលាន បាន​បង្កើត​គេហទំព័រ​មួយ​បាន​ ៦​​ឆ្នាំ​កន្លង​ទៅ​ហើយ ហើយ​គេហទំព័រ​នោះ​ឈ្មោះ​ថា បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ ៖ «ឈ្មោះ​ខ្មែរ​រ៉ឺនេសង់ស៍ (www.khmerenaissance.info)។ ខ្ញុំ​ធ្វើ​ជាមួយ​សហសេវឹក​ក្មេង​ៗ​ជាង​ខ្ញុំ ជួយ​ជ្រោមជ្រែង​គ្នា ការងារ​ហ្នឹង​វា​ត្រូវ​ការ​ពេល​វេលា​ច្រើន​ដែរ​ក្នុង​មួយ​អាទិត្យ​មួយ​អាទិត្យ​ៗ​នោះ។ ធ្វើ​ចេញ​ជា​ស្អី​អ៊ីចឹង​ៗ​ទៅ​សុទ្ធ​តែ​រឿង​ដែល​វា​អត់​មាន​បាន​ជា ជា​កម្រៃ​ជា​អី​មក​ផ្ទាល់​ខ្លួន​យើង​ខ្ញុំ​ម្នាក់​ៗ​នេះ​ទេ គឺ​ថា​ធ្វើ​ដោយ ដោយ​យល់​ថា​វា​មាន​ប្រយោជន៍​ដល់​អ្ហឺ ដល់​វប្បធម៌​ខ្មែរ​ដល់​អី​នោះ ព្រោះ​វ៉ឹបសាយ​ហ្នឹង​ជា​វ៉ឹបសាយ​វប្បធម៌​សុទ្ធ អត់​មាន​រឿង​អី​ក្រៅ​ពី​វប្បធម៌​ទេ ហើយ​ខ្មែរ ហើយ​ជា​ពិសេស​ខ្មែរ។ អា​អ៊ីចឹង​ៗ​បើ​គេ​យក​ទៅ​បូក​សរុប​ទៅ បាន​ជា​គេ​ឲ្យ​រង្វាន់​ហ្នឹង​មក​ខ្ញុំ​នោះ។ បាទ! មិន​មែន​ដូច​ថា​ខ្ញុំ​ហ្នឹង​វា​អស្ចារ្យ​ឯណា​ខាង​ចំណេះ​វិជ្ជា​សម្បើម​លើស​គេ​លើស​ឯង​ហ្នឹង​អត់​ទេ មិន​មែន​អ៊ីចឹង​ទេ បាទ !»។

ដើម្បី​ជា​ជំនួយ​គំនិត​ចំពោះ អ្នក​ជំនាន់​ក្រោយ លោក បណ្ឌិត អាំង ជូលាន ធ្វើ​ការ​ផ្ដាំ​ផ្ញើ​ខ្លះ​ៗ ដូចតទៅ៖ «បើ​យក​ទៅ​គិត​ពិចារណា គិត​ពិចារណា​ទៅ​ថា យើង​ធ្វើ​អី​ម្នាក់​ៗ ជា​ការ​ធម្មតា​ទេ ​ដែល​យើង​សម្លឹង​ឃើញ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ណា៎ បើ​មិន​អ៊ីចឹង​យើង​រស់​ម៉េច​នឹង​កើត ។ ជា​ការ​ធម្មតា​ទេ ប៉ុន្តែ​បើ​សិន​ជា​យើង​បាន​ធ្វើ​អី​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​ដទៃ អា​ហ្នឹង​យើង​ធ្វើ​បាន​ត្រឹម​ណា យើង​វា​គួរ​តែ​ធ្វើ​អ៊ីចឹង​ទៅ​ណា៎ ព្រោះ​ភ្នែក​គេ​ពី​ក្រៅ​គេ​មើល​មក​វា​ឃើញ​អ៊ីចឹង ហើយ​ប្រទេស​ជាតិ​ក៏​វា​ត្រូវ​ការ​របៀប​ហ្នឹង»។

លោក បណ្ឌិត អាំង ជូលាន មាន​ប្រសាសន៍​បន្ថែម​ថា លទ្ធផល​ជ័យ​លាភី ដែល​លោក​ទទួល ត្រូវ​បាន​គេ​ប្រកាស​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១១។ នៅ​ក្នុង​ពិធី​មួយ​នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១១ លោក​បាន​ទទួល​លិខិត​បញ្ជាក់​ពី​ប្រទេស​ជប៉ុន​ស្ដី​ពី​ការ​ទទួល​បាន​ពានរង្វាន់ ហើយ​លោក​នឹង​ត្រូវ​អញ្ជើញ​ទៅ​ទទួល​ពានរង្វាន់​ក្នុង​ពិធី​ប្រទាន​ជា​ផ្លូវ​ការ​នៅ​ទីក្រុង ហ៊្វូគូអូកា (Fukuoka) ពី​ព្រះរាជបុត្រ​នៃ​ព្រះចៅអធិរាជ​ជប៉ុន​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១១៕

ព័ត៌មាន (12)
Share

អ្នក​អាន​អនាមិក

Great sound expressed. It is a useful and wonderful idea would be paying deeply in the spirit of Khmer new generation need to be memberized, and thought about how to do favor for the nation too.

Sep 12, 2011 09:42 PM

អ្នក​អាន​អនាមិក

Congratulations!!! You so rightly deserve the credit.
Saw your website for the first time. Love everything in it. Thanks to all members of your staff. Hope it develops into a social engineering arena to influence Khmer attitudes and social behaviors on a large scale. Many of the topics deserve to be in school textbooks across the country. They are examples of actions-facts-experiences student ought to have to become a desirable adult member he or she ought to become in modern khmer society.

Aug 11, 2011 02:42 PM

អ្នក​អាន​អនាមិក

អស្ចារ្យណាស់! <a href="http://www.howtostopthat.com/how-to-say-i-love-you-in-spanish">Say I live you in Spanish

Aug 11, 2011 09:27 AM

អ្នក​អាន​អនាមិក

Website: khmerenaissance.info​ សម្រាប់តែប៉ុន្មាននាក់ប៉ុណ្ណោះ ដោយអ្នកផ្សេងៗពិបាកsubmit ពោលគឺសម្រាប់គ្នាគាត់​សឹងតែទាំងអស់។

Aug 11, 2011 08:48 AM

អ្នក​អាន​អនាមិក

ខ្ញុំបានមើល Website: khmerenaissance.info​ រួចហើយ​ ពិតជាល្អណាស់។ នរវិទូ​​ អាំង ជូលាន ពិតជាអ្នកប្រាជ្ញខ្មែរមែន។​​

Aug 11, 2011 01:50 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល