លំហាត់​យោធា​ពហុ​សាសន៍​នៅ​កម្ពុជា​ចប់​ជា​ស្ថាពរ

ក្រសួង​ការពារ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​៣០ កក្កដា​នេះ បាន​ប្រកាស​បិទ​ជា​ផ្លូវការ​នូវ​លំហាត់​យោធា​ពហុ​សាសន៍ ដោយ​បញ្ជាក់​ថា កម្ពុជា​បាន​យល់​ដឹង និង​បាន​បង្កើន​សមត្ថភាព​ក្នុង​ការ​ថែ​រក្សា​សន្តិភាព​ក្នុង​តំបន់ និង​ពិភពលោក ហើយ​កម្ពុជា​បន្ត​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​នានា​ក្នុង​តំបន់ និង​សហរដ្ឋ​អាមេរិក​ជាដើម។
ដោយ សុខ សេរី
2010-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
៣០-កក្កដា-២០១០: យោធា​សហរដ្ឋ​អាមេរិក​ដើរ​ជា​ក្បួន នៅ​ក្នុង​ពិធី​បិទ​លំហាត់​យោធា​ពហុ​សាសន៍ នៅ​​បន្ទាយ​យោធា​កង​រថក្រោះ A.C.O ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។
៣០-កក្កដា-២០១០: យោធា​សហរដ្ឋ​អាមេរិក​ដើរ​ជា​ក្បួន នៅ​ក្នុង​ពិធី​បិទ​លំហាត់​យោធា​ពហុ​សាសន៍ នៅ​​បន្ទាយ​យោធា​កង​រថក្រោះ A.C.O ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។
RFA/Sok Serey

ទន្ទឹម​ពេល​នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​បាន​សន្យា​ថា កម្ពុជា និង​សហរដ្ឋ​អាមេរិក​បន្ត​សហការ​គ្នា​រៀបចំ​លំហាត់​យោធា​ដូច​គ្នា​នេះ​ក្នុង​ទ្រង់ទ្រាយ​តូច​នៅ​ឆ្នាំ​២០១១ ម្ដង​ទៀត នៅ​ទី​កន្លែង​ដដែល គឺ​នៅ​ក្នុង​បន្ទាយ​យោធា​កង​រថក្រោះ A.C.O នៅ​ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

នៅ​ក្នុង​ពិធី​បិទ​វគ្គ​ជា​ផ្លូវការ​នោះ គេ​ឃើញ​មាន​ការ​ចូលរួម​ដោយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា លោកស្រី ខារ៉ល រ៉ដលី (Carol Rodley) លោក ដូក្លាស ប្រូដឺរិក (Douglas Broderick) តំណាង​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​ការពារ​ជាតិ និង​មេ​បញ្ជាការ​យោធា​នៃ​កង​យោធពល​ខេមរភូមិន្ទ​ជា​ច្រើន​រូប។

លំហាត់​យោធា​ពហុ​សាសន៍​នេះ បាន​ចាប់ផ្ដើម​ដំណើរការ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៣០ ខែ​កក្កដា​នេះ ដោយ​មាន​ការ​ចូលរួម​ហ្វឹកហាត់ ដោយ​យោធា​ចំនួន ១.០៣៤​នាក់ មក​ពី​ប្រទេស​ចំនួន ២៦ រាប់​ទាំង​កម្ពុជា សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​ផង​ដែរ។

លោក​ឧត្ដម​សេនីយ៍​ត្រី ចន ស៊្វដ (John Seward) ដែល​បាន​ដឹកនាំ​កង​យោធា​សហរដ្ឋ​អាមេរិក​មក​ចូលរួម​នៅ​ក្នុង​លំហាត់​យោធា​ក្នុង​ប្រទេស​កម្ពុជា​នេះ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​សូម​អរគុណ​ជា​ពិសេស​ដល់​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​លំហាត់​យោធា​ពហុ​សាសន៍ ឬ​ឆ្មាំ​អង្គរ​ឆ្នាំ​២០១០​នេះ និង​កង​យោធពល​ខេមរភូមិន្ទ ដែល​កំពុង​តែ​បន្ត​គាំទ្រ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក ប្រទេស​ស៊ូដង់ ប្រទេស​ឆាត និង​ប្រទេស​មួយ​ចំនួន​ទៀត។ កិច្ច​ប្រឹងប្រែង​នេះ គឺ​រក្សា និង​ធានា​សន្តិសុខ​នៅ​ក្នុង​តំបន់ និង​ពិភពលោក»

ប្រទេស​កម្ពុជា​ធ្លាប់​ជា​ប្រទេស​ទទួល​កង​ទ័ព​រក្សា​សន្តិភាព​ពី​ប្រទេស​នានា កាល​ពី​ទសវត្ស​ឆ្នាំ​១៩៩០​កន្លង​ទៅ នៅ​គ្រា​ដែល​កម្ពុជា​បាន​រៀបចំ​ការ​បោះ​ឆ្នោត​លើក​ដំបូង​កាល​ពី​ឆ្នាំ​១៩៩៣ រៀបចំ​ឡើង​ដោយ​អ៊ុនតាក់ (UNTAC)៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល