យុទ្ធនាការ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់​នៅ​ខេត្ត​ព្រះវិហារ

ក្រសួង​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ជំងឺ​គ្រុនចាញ់ ដែល​មាន​ប្រជា​ពលរដ្ឋ​ សិស្សានុសិស្ស និង​កង​ទាហាន​ចូល​រួម​ដង្ហែ​ក្បួន​ប្រមាណ​ជិត ១០០០​នាក់ នៅ​ភូមិ​ស្រអែម ស្រុក​ជាំខ្សាន្ត ចម្ងាយ​ប្រមាណ​ជាង ២០​គីឡូ​ម៉ែត្រ​ភាគ​ខាង​កើត​នៃ​ប្រាសាទ​ព្រះវិហារ​ កាល​ពី​ថ្ងៃ​ទី២៤​ ខែ​មេសា។
ដោយ ហង្ស សាវយុត
2010-04-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូប​ភាព​ឯកសារ​នៃ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ៃលិន​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ក្រុង​ប៉ៃលិន។
រូប​ភាព​ឯកសារ​នៃ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ៃលិន​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ក្រុង​ប៉ៃលិន។
AFP File

មន្ត្រី​មន្ទីរ​សុខាភិបាល​​ប្រចាំ​ខេត្ត​ព្រះ​វិហារ បាន​ឲ្យ​ដឹង​ថា ចំនួន​​អ្នក​កើត​ជំងឺ​គ្រុន​ចាញ់​នៅ​ខេត្ត​​ព្រះ​វិហារ បាន​កើន​ឡើង​​ប្រមាណ​ពី ៨០០-៩០០​នាក់ បើ​ប្រៀប​ធៀប​តួ​លេខ​ឆ្នាំ​២០០៩ ទៅ​នឹង​ឆ្នាំ​២០០៨ កន្លង​មក។

ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ព្រះវិហារ អ្នក​ស្រី ខូយ ប៊ុនថាន្នី បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​​អាទិត្យ​ទី២៥ ខែ​មេសា​ថា កាល​ពី​ថ្ងៃ​ថ្ងៃ​សៅរ៍​ទី​២៤ ខែ​មេសា មន្ត្រី​ក្រសួង​សុខាភិបាល និង​មន្ទីរ​សុខាភិបាល​ប្រចាំ​ខេត្ត​ព្រះ​វិហារ បាន​ធ្វើ​យុទ្ធនាការ​​នៅ​ភូមិ​ស្រអែម ឃុំ​ជាំខ្សាន្ត ដោយ​មាន​ប្រជា​ពលរដ្ឋ​សិស្ស​សាលា និង​កង​ទាហាន​ប្រមាណ​ជិត ១០០០​នាក់ បាន​ចូល​រួម​​ដើម្បី​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់ និង​ទទួល​ការ​អប់រំ​ឲ្យ​យល់​ដឹង​អំពី​កិច្ច​ការពារ​​ព្រម​ទាំង​ណែ​នាំ​ឲ្យ​ស្គាល់​​ពី​កន្លែង​ព្យាបាល​នៅ​ពេល​កើត​មាន​ជំងឺ​គ្រុន​ចាញ់​នោះ​ផង​ដែរ។

អ្នក​ស្រី ខូយ ប៊ុនថាន្នី មានប្រសាសន៍ ៖ «យុទ្ធនាការ​ហ្នឹង​យើង​ហែ​ក្បួន​ យើង​ឲ្យ​ប្រជា​ពលរដ្ឋ ឲ្យ​កង​ទ័ព ឲ្យ​សិស្ស​អី ធ្វើ​យ៉ាង​ណា​ការ​ពារ​ជំងឺ​គ្រុន​ចាញ់ ការ​សម្រាក​ក្នុង​មុង បើ​ឈឺ​ហើយ​ទៅ​ព្យាបាល​នៅ​ទីណា? គោល​បំណង​យើង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​គេ​ដឹង​ឲ្យ​ខ្លាំង​ពី​រឿង​ហ្នឹង។ ឆ្នាំ​នេះ​យើង​មាន​មោទនភាព​ណាស់ ដោយ​រដ្ឋមន្ត្រី​សុខាភិបាល​លោក​ចូល ហើយ​រដ្ឋមន្ត្រី លោក​បាន​ផ្ដល់​អំណោយ ៤៥០​មុង​ដល់​កងទ័ព និង​ប្រជាជន។ មាន​ការ​ផ្ដល់​ថ្នាំ​គ្រុន​ចាញ់​ដល់​មណ្ឌល​សុខភាព២ មណ្ឌល​សុខភាព​ស្រអែម​១ ហើយ​មណ្ឌល​សុខ​ភាព​សម្ដេច​អគ្គធម្ម​ពោធិសាល​ជា​ស៊ីម​មួយ»

មន្ត្រី​​មន្ទីរ​សុខាភិបាល ខេត្ត​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា នៅ​តំបន់​ជាប់​ព្រំដែន​ជិត​ប្រាសាទ​ព្រះ​វិហារ គឺ​ជំងឺ​គ្រុន​ចាញ់​មាន​ការ​កើន​ឡើង ដោយសារ​តែ​តំបន់​នោះ​កំពុង​ចាប់​ផ្ដើម​អភិវឌ្ឍ ហើយ​មាន​​ប្រជា​ពលរដ្ឋ និង​គ្រួសារ​ទាហាន​បាន​ចូល​ទៅ​រស់​នៅ​ថ្មី​ជា​ច្រើន​​។

កាល​ពី​ឆ្នាំ​២០០៨​កន្លង​មក ស្ថិតិ​នៃ​អ្នក​ជំងឺ​គ្រុន​ចាញ់​នៅ​ទូទាំង​ខេត្ត​ព្រះវិហារ មាន​ប្រមាណ​ជាង​៥០០០​នាក់ ហើយ​តួ​លេខ​​ឆ្នាំ​២០០៩ គឺ​បាន​កើន​ឡើង​ប្រមាណ​ពី ៨០០​ទៅ​៩០០​នាក់។
ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ចាញ់​​ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណកសាស្ត្រ លោក វេជ្ជបណ្ឌិត ដួង សុជាតិ បាន​មាន​ប្រសាសន៍​ថា នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ជំងឺ​គ្រុន​ចាញ់​បាន​កើត​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​មួយ​ចំនួន​ដដែលៗ​។ លោក​ទទួល​ស្គាល់​ថា ក្នុង​ឆ្នាំ​២០០៩ ចំនួន​អ្នក​កើត​ជំងឺ​គ្រុន​ចាញ់​មាន​ការ​កើន​ឡើង ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​តួ​លេខ​ដែល​កើន​ឡើង​ប៉ុន្មាន​ទេ។

វេជ្ជបណ្ឌិត ដួង សុជាតិ ៖ «នៅ​តំបន់​ដដែលៗ នៅ​ឆ្នាំ​២០០៩ មាន​ចំនួន ៨៣០០០​នាក់ គឺ​វា​កើន វា​កើន​ជាង»

មន្ត្រី​ក្រសួង​សុខាភិបាល​​របស់​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា កាល​ពី​ពេល​ថ្មី​ៗ គេ​បាន​បង្កើត​ស្ថានីយ​មួយ​នៅ​ក្នុង​ភូមិ​​ធម្មជាតិ​សម្ដេច​​តេជោ ជិត​តំបន់​ប្រាសាទ​ព្រះវិហារ ដើម្បី​ធ្វើការ​​ស្រាវជ្រាវ​ជំងឺ​គ្រុន​ចាញ់ ធ្វើ​ការ​អប់រំ​ឲ្យ​យល់​ដឹង​វិធី​ការពារ និង​ព្យាបាល​ជំងឺ​គ្រុន​ចាញ់​នៅ​តាម​តំបន់​ព្រំដែន​ទី​នោះ​ផង​ដែរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល