អាជ្ញាធរ​អប្សរា​ច្រាន​ចោល​ការ​ចោទ​របស់​តំណាង​រាស្ត្រ​ហ៊្វុនស៊ិនប៉ិច

មន្ត្រី​អាជ្ញាធរ​អប្សរា ទទួល​បន្ទុក​ការពារ​ថែ​រក្សា​ប្រាសាទ​បូរាណ និង​រមណីយដ្ឋាន​អង្គរ នៅ​ខេត្ត​សៀមរាប បាន​ប្រតិកម្ម​ជា​លាយលក្ខណ៍អក្សរ ចំពោះ​ការ​ចោទ​របស់​អ្នក​តំណាង​រាស្ត្រ​មួយ​រូប​។
ដោយ ហង្ស សាវយុត
2010-05-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​អាជ្ញាធរ​អប្សរា​ចម្រុះ​ចុះ​ធ្វើ​សកម្មភាព​រុះ​រើ​ផ្ទះ​ប្រជាពលរដ្ឋ ​មួយ​ខ្នង​នៅ​ភូមិ​គោកត្នោត សង្កាត់​ស្រះចក ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ២០១០។
មន្ត្រី​អាជ្ញាធរ​អប្សរា​ចម្រុះ​ចុះ​ធ្វើ​សកម្មភាព​រុះ​រើ​ផ្ទះ​ប្រជាពលរដ្ឋ ​មួយ​ខ្នង​នៅ​ភូមិ​គោកត្នោត សង្កាត់​ស្រះចក ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ២០១០។
Apsara Authorities' Photo

មន្ត្រី​ជាន់​ខ្ពស់​របស់​អាជ្ញាធរ​អប្សរា បាន​ប្រតិកម្ម​ជា​លាយលក្ខណ៍អក្សរ ច្រាន​ចោល​ការ​អះអាង​របស់​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​មួយ​រូប ដែល​ថា អាជ្ញាធរ​បាន​ហាម​ឃាត់​ប្រជា​ពលរដ្ឋ​នៅ​តាម​ភូមិ នៃ​តំបន់​ការពារ​អង្គរ មិន​ឲ្យ​ធ្វើ​ទ្រុង​មាន់​ទ្រុង​ជ្រូក ដើម្បី​អភិវឌ្ឍ​គ្រួសារ​ទេ ប៉ុន្តែ​បែរ​ជា​កន្លែង​ខ្លះ​ត្រូវ​បាន​គេ​ជួល​ឲ្យ​ឯកជន​ធ្វើ​ហាង និង​ភោជនីយដ្ឋាន​បាន​នោះ គឺ​ជា​ការ​មិន​ពិត​ទេ។

អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ប៊ុន ណារិទ្ធិ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​ឧសភា ថា ការ​អះអាង​របស់​អ្នក​តំណាង​រាស្ត្រ​រូប​នោះ គឺ​ពុំ​មាន​មូលដ្ឋាន​ច្បាស់​លាស់ ដែល​មាន​ចរិត​មួល​បង្កាច់ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​របស់​អង្គភាព​អាជ្ញាធរ​អប្សរា​ទាំង​មូល។

លោក ប៊ុន ណារិទ្ធិ មាន​ប្រសាសន៍​បន្ត​ថា ៖ «ទៅ​មើល​នៅ​ក្នុង​អង្គរ​ហ្នឹង កន្លែង​ណា​អប្សរា​មាន​តូប​មាន​ហាង​ជួល​ឲ្យ​គេ​។ ខ្ញុំ​ធ្វើ​ការ​នេះ ១០​ឆ្នាំ​ហើយ មិន​ដែល​ទៅ​ជួល​ឯណា​បាន ១​រៀល​។ ចេះ​តែ​និយាយ​ៗ​ទៅ យ៉ាង​ម៉េច​ខ្ញុំ​មិន​យល់​។ បង​ប្អូន​ទាំង​អស់​ស្ដាប់​មើល​ទៅ វា​សម​ទេ​ទៅ​និយាយ​អីចឹង​ៗ​។ និយាយ​ដូច​លើ​គោក​ខ្មៅ​ទៅ​ជា​ស​ៗ ទៅ​ជា​ខ្មៅ វា​អត់​មាន​សោះ​ហើយ ទៅ​និយាយ​អ៊ីចឹង​ៗ វា​មិន​សម​សោះ​»

កាល​ពី​ថ្ងៃ ទី​១២ ខែ​ឧសភា កន្លង​ទៅ​ថ្មី​ៗ លោក ប៊ុន ណារិទ្ធិ បាន​សរសេរ​លិខិត​បក​ស្រាយ​មួយ ដោយ​ប្រតិកម្ម​ថា អ្នក​តំណាង​រាស្ត្រ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច លោក គុជ ម៉ូលី ដែល​លើក​ឡើង​បញ្ហា​នេះ នៅ​ក្នុង​វេទិកា​សាធារណ​មួយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល គឺ​ជា​ការ​កេង​យក​ចំណេញ​ខាង​នយោបាយ ដោយ​មិន​គិត​ពី​ការ​អភិវឌ្ឍ និង​អភិរក្ស​តំបន់​រមណីយដ្ឋាន បេតិកភណ្ឌ​ពិភព​លោក​ដ៏​មាន​តម្លៃ មិន​អាច​កាត់​ថ្លៃ​បាន​របស់​ជាតិ​ខ្មែរ​ទេ។

ទោះ​យ៉ាង​ណា លោក គុជ ម៉ូលី អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់​ធំ បាន​មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​លោក នៅ​ក្នុង​ចំណោម​សាធារណជន​នោះ គឺ​ពុំ​មែន​ជា​ការ​កេង​ចំណេញ​ខាង​នយោបាយ​ណា​មួយ​ទេ គ្រាន់​តែ​លោក​ចង់​បាន​យុត្តិធម៌​សម្រាប់​ប្រជា​ពលរដ្ឋ​តែ​ប៉ុណ្ណោះ​។

លោក​បន្ត​ថា ៖ «ខ្ញុំ​ចុះ​ទៅ​នេះ​ខ្ញុំ​អត់​មាន​យក​ភាព​នយោបាយ មក​ឡូកឡំ​ជា​មួយ​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​កៅអី​តែ ២​អាសនៈ​ទេ ហើយ​មួយ​ទៀត ខ្ញុំ​ក៏​ជា​តំណាង​រាស្ត្រ​ដៃ​គូ​របស់​គណបក្ស​ប្រជាជន​ដែរ។ បើ​អស់​លោក​គាត់​ចង់​ដឹង​ថា ខ្ញុំ​ថា​ជួល​ឲ្យ​ភោជនីយដ្ឋាន​ជួល​អី ឥឡូវ​បើ​អស់​លោក​មិន​នេះ ខ្ញុំ​ប្រាប់ ខ្ញុំ​នឹង​បង្ហា​ញ។ ខ្ញុំ​អត់​មាន​វាយ​ប្រហារ​ដៃ​គូ​របស់​ខ្ញុំ​ទេ ខ្ញុំ​និយាយ​រឿង​ភាព​យុត្តិធម៌»

ប្រតិកម្ម​របស់​អាជ្ញាធរ​អប្សរា បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា កន្លង​មក បន្ទាប់​ពី​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច លោក គុជ ម៉ូលី បាន​ធ្វើ​ការ​រិះ​គន់​ខ្លាំង​ៗ នៅ​ក្នុង​វេទិកា​សាធារណ​មួយ ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ឃុំ​លាង​ដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប ដោយ​លោក​មាន​ប្រសាសន៍​ថា អាជ្ញាធរ​អប្សរា បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ការពារ​អង្គរ​ធ្វើ​ទ្រុង​មាន់​ទ្រុង​ជ្រូក​ដើម្បី​អភិវឌ្ឍន៍​ជីវភាព​គ្រួសារ​បាន​ទេ ប៉ុន្តែ​កន្លែង​ខ្លះ​ត្រូវ​បាន​គេ​ជួល​ឲ្យ​ឯកជន​ធ្វើ​ហាង និង​ភោជនីយដ្ឋាន​បាន​ដោយ​មិន​មាន​បញ្ហា​ទេ​នោះ​។

អាជ្ញាធរ​អប្សរា បាន​បញ្ជាក់​ថា ក្នុង​សេចក្ដី​សម្រេច​លេខ ៧០​សសរ ចុះ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០០៤ បាន​ចែង​ថា ដី​ធ្លី​ទាំង​អស់ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​១ និង​តំបន់​២ របស់​រមណីយដ្ឋាន​សៀម​រាប អង្គរ គឺ​ជា​ទ្រព្យ​សម្បត្តិ​សាធារណ​របស់​រដ្ឋ ដែល​អាជ្ញាធរ​អប្សរា មាន​ភារកិច្ច កាតព្វកិច្ច​គ្រប់​គ្រង​ថែ​រក្សា និង​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព។ ប្រជា​ពលរដ្ឋ​ដែល​មាន​លំនៅឋាន​ជា​យូរ​មក​ហើយ អាច​បន្ត​រស​នៅ​ទៀត​បាន ដោយ​មិន​មាន​ការ​បណ្ដេញ​ទេ។

ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រង និង​ចាត់​ចែង​ដីធ្លី តាម​រូប​ភាព​ផ្ទេរ​មត៌ក​ទៅ​ឲ្យ​ញាតិ​សន្តាន ឬ​លក់​ឲ្យ​អ្នក​ភូមិ​ដើម្បី​ដោះ​ស្រាយ​ជីវភាព ប៉ុន្តែ​ហាម​ឃាត់​លើ​សកម្មភាព​ទិញ​លក់​របស់​ឈ្មួញ ក្នុង​គោល​ដៅ​ធ្វើ​អាជីវកម្ម​យក​ចំណេញ​សម្រាប់​ក្រុមហ៊ុន ឬ​បុគ្គល​យក​ទៅ​សង់​សណ្ឋាគារ, ភោជនីយដ្ឋាន ឬ​ខារ៉ាអូខេ​ជា​ដើម។

ប្រជា​ពលរដ្ឋ​អាច​រុះ​រើ​ជួស​ជុល​លំនៅឋាន​ចាស់​ទ្រុឌ​ទ្រោម ឬ​សង់​ថ្មី​នៅ​កន្លែង​ដដែល ដោយ​គ្រាន់​តែ​សុំ​អនុញ្ញាត​ពី​សមត្ថកិច្ច​អាជ្ញាធរ​អប្សរា ប៉ុន្តែ​សម្រាប់​គូស្រករ​ដែល​រៀប​ការ​ថ្មី ចង់​សាង​សង់​ផ្ទះ​បន្ថែម​ទៀត​នោះ គឺ​អាជ្ញាធរ​នៅ​តែ​បដិសេធ ដោយ​អាជ្ញាធរ​ចង់​អភិរក្ស​តំបន់​វប្បធម៌​បេតិកភណ្ឌ​ពិភព​លោក ឲ្យ​នៅ​មាន​ទេសភាព​ល្អ ហើយ​បាន​រៀបចំ​ទីតាំង​ថ្មី សម្រាប់​អ្នក​រៀប​ការ​ជំនាន់​ក្រោយ ឲ្យ​ទៅ​រស់​នៅ​តំបន់​រុនតាឯក៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល