ក្មេង​ស្រី​រងគ្រោះ​នៅ​អង្គការ ARM ត្រូវ​ការ​ជំនួយ​ផ្នែក​ច្បាប់

អតីត​បុគ្គលិក​អង្គ​ការ អេ អា អិម (ARM) អន្តរ​ជាតិ ចំនួន​បី​នាក់​បាន​អំពាវ​នាវ​សុំ​ឲ្យ​អង្គការ​ជាតិ និង​អន្តរ​ជាតិ​ធ្វើ​កិច្ច​អន្តរាគមន៍ និង​ផ្ដល់​សេវា​ច្បាប់​ជួយ​ការ​ពារ​ក្ដី​ឲ្យ​ក្មេង​ស្រី​រង​គ្រោះ​ជា​ច្រើន​នាក់។
ដោយ សួន សុផល មុន្នី
2012.01.08

អតីត​អ្នក​ប្រឹក្សា​យោបល់​បី​នាក់ បាន​ចោទ​អ្នក​គ្រប់​គ្រង​អង្គការ អេ អ អិម អន្តរ​ជាតិ (American Rehabilitation Ministries International) ថា​បាន​គំរាម​កំហែង​ពួក​គាត់​ឲ្យ​ដក​ពាក្យ​បណ្ដឹង​ពី​តុលា​ការ​ខេត្ត​បាត់ដំបង ដើម្បី​បញ្ចប់​សំណុំ​រឿង​បៀតបៀន​កេរ្តិ៍​ខ្មាស​ទៅ​លើ​ក្មេង​ស្រី ៥​នាក់ នៅ​ក្នុង​មណ្ឌល​របស់​អង្គការ អេ អ អិម អន្តរ​ជាតិ ដែល​កើត​មាន​ឡើង​កាល​ពី​ឆ្នាំ​២០១១។

លោក​ស្រី យ៉ាត លោក​ស្រី សាខុម និង លោក​ស្រី វ័រ ឡាវី អតីត​ជា​អ្នក​ប្រឹក្សា​យោបល់​របស់​អង្គការ អេ អា អិម អន្តរ​ជាតិ មាន​ទីស្នាក់ការ​ធំ​នៅ​ខេត្ត​បាត់​ដំបង។ លោក​ស្រី​បាន​ថ្លែង​ឲ្យ​ដឹង​ថ្ងៃ​ទី៧​មករា ឆ្នាំ​២០១២ ថា កាល​ពី​ថ្ងៃ​ទី៣ ខែ​មករា ពួក​គាត់​ទាំង​បី​នាក់​ត្រូវ បាន​អ្នក​គ្រប់​គ្រង​អង្គការ អេ អ អិម កោះ​ហៅ​ឲ្យ​ទៅ​បើក​ប្រាក់​ខែ និង​ប្រាក់​បំណាច់​ការ​ងារ។ ប៉ុន្តែ នៅ​ពេល​បើក​បាន​ប្រាក់​ខែ​បាន​ហើយ អង្គ​ការ​នេះ បាន​គំរាម​ឲ្យ​អ្នក​ទាំង​បី​នាក់ ដក​ពាក្យ​បណ្ដឹង​ចេញ​ពី​តុលា​ការ ៖ «បើ​សិន​ជា​ខ្ញុំ​ចង់​បាន​លុយ​ហ្នឹង​គឺ​ត្រូវ តែ​ទៅ​ដក​ពាក្យ​បណ្ដឹង ពី​តុលា​ការ ទី២​ឲ្យ​ខ្ញុំ​បក​ស្រាយ​បំភ្លឺ​នៅ​អាស៊ី​សេរី និង ទី៣​ទៀត​គាត់​និយាយ​ថា វា​គ្មាន​ហេតុ​ផល​អី​ចំណេញ​ទេ បើ​សិន​ជា​ទៅ​ដល់​តុ​លា​ការ​នោះ គឺ​មាន​តែ​ការ​អស់​លុយ​ទាំង​សង​ខាង ដូច្នេះ ខ្ញុំ​សុំ​អំពាវ​នាវ ទៅ​ដល់​អង្គការ​ជាតិ​អន្តរ​ជាតិ​សូម​មេត្តា​ជួយ​តាម​ដាន និង រក​ភាព​យុត្តិ​ធម៌ នាង​ខ្ញុំ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​កុមារី​នៅ​ក្នុង​មណ្ឌល»

កាល​ពី​ថ្ងៃ​ទី២៣ ខែ​ធ្នូ ឆ្នាំ​២០១២ អតីត​បុគ្គលិក​អង្គការ អេ អ អិម ទាំង​បី​នាក់ បាន​ដាក់​លិខិត​មួយ​ប្ដឹង​ទៅ​ព្រះ​រាជ​អាជ្ញា​តុលា​ការ​ខេត្ត​បាត់​ដំបង។ លិខិត​នោះ បាន​រាយការណ៍​ពី​ការ​រំលោភ​បំពាន​របស់​លោក ឌា សឿម នាយក​អង្គការ អេ អ អិម ទៅ​លើ​ក្មេង​ស្រី​ចំនួន ៥​នាក់ កាល​ពី​អំឡុង​ឆ្នាំ​២០១១។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១១ អតីត​បុគ្គលិក​ទាំង​បី​នាក់ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​មន្ទីរ​ការ​ងារ ប្ដឹង​ឲ្យ​អង្គការ អេ អ អិម បើក​ប្រាក់​ជូន​ដំណឹង ប្រាក់​អតីត​ភាព​ការ​ងារ ប្រាក់​បំណាច់​កិច្ច​សន្យា និង​ប្រាក់​ជំងឺ​ចិត្ត ដែល​អង្គការ​នេះ​បាន​បញ្ចប់​កិច្ច​ការ​ងារ​ពួក​គាត់ ដោយ​ពុំ​ត្រឹម​ត្រូវ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១១។

លោក ស្រី យ៉ាត ស្រី​សា​ខុម បាន​បញ្ជាក់​បន្ថែម​ថា ការ​បញ្ចប់​ការ​ងារ​ដោយ​សា​តែ​ពួក​គាត់​ទាំង​បី​នាក់ បាន​ដឹង​រឿង​អាស្រូវ​របស់​នាយក​អង្គការ​ដែល​បាន​បៀតបៀន​លើ​ក្មេង​ស្រី ៥​នាក់ នៅ​ក្នុង​មណ្ឌល​កាល​ពី​ឆ្នាំ​២០១១ ៖ «បែរ​ជា​ចោទ​ប្រកាន់​មក​លើ​ពួក​ខ្ញុំ ថា​ពួក​ខ្ញុំ​ជំរិត​ក្មេង​យក​ទៅ​ឲ្យ​ប៉ូលិស ដែល​ជា​ការ​ខុស​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​អង្គការ អេ អ អិម។ មួយ​ទៀត​នោះ​ពួក​ខ្ញុំ​បាន​បំភ្លឺ​រឿង​អស់​ហ្នឹង​ទៅ​ឲ្យ​អង្គការ​ដទៃ ហើយ​និង​ទៅ​ឲ្យ​ខាង​សង្គម​កិច្ច​ហ្នឹង​ជា​រឿង​ខុស​ច្បាប់​របស់​គាត់ ដែល​យើង​មិន​លាក់ មិន​លាក់​រឿង​ហ្នឹង​ទៅ​តាម​គោលការណ៍​គាត់ បាន​ជា​យើង​មាន​កំហុស​ហ្នឹង»

លោក ឌា សឿម នាយក​អង្គការ អេ អ អឹម អន្តរ​ជាតិ​ធ្លាប់​បាន​បញ្ជាក់​ថា ការ​បញ្ចប់​ការ​ងារ​បុគ្គលិក​ស្ត្រី​ទាំង​បី​នាក់ គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​ម្ចាស់​ជំនួយ​ពី​ក្រៅ​ប្រទេស។ ទាក់​ទិន​ការ​ចោទ​ប្រកាន់​រឿង​បៀតបៀន​កេរ្តិ៍​ខ្មាស​លើ​ក្មេង​ស្រី ៥​នាក់​នៅ​ក្នុង​មណ្ឌល​នោះ។ លោក ឌា សឿម បាន​អះអាង​បញ្ជាក់​ថា រឿង​នេះ​ទុក​ឲ្យ​ច្បាប់​ជា​អ្នក​សម្រេច។

ទាក់​ទិន​រឿង​បៀតបៀន​កេរ្តិ៍​ខ្មាស​លើ​ក្មេង​ស្រី​នេះ​ដែរ ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្ថាប័ន​ប៉ូលិស និង​កង​រាជ​អាវុធ​ហត្ថ តុលាការ ឲ្យ​ជួយ​រក​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់។ ប្រភព​បាន​ឲ្យដឹង​ថា មាន​អង្គ​ការ​ជា​ច្រើន ដែល​មាន​បេសកកម្ម​ឃ្លាំ​មើល​លើ​សិទ្ធិ​កុមារ កំពុង​យក​ចិត្ត​ទុក​ដាក់​ស៊ើប​អង្កេត ហើយ​អង្គការ​ខ្លះ​ទៀត​កំពុង​ធ្វើ​ការ​ទាក់​ទង​ទៅ​កាន់​ម្ចាស់​ជំនួយ​នៅ​ក្រៅ​ប្រទេស ដើម្បី​ជជីក​សួរ​នាំ​ពី​រឿង​អាស្រូវ ដែល​កើត​មាន​នៅ​ក្នុង​អង្គ​ការ អេ អា អិម អន្តរ​ជាតិ​នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jan 08, 2012 11:54 AM

ក្នុងនាមខ្ញុំជាបុគលឹកអង្កការសិទ្ធិមនុស្សម្នាក់សូមធ្វើកាអំពាវនាវដ់ស្ថាប៍នពាក់ពន្ធទាំងឡាយមេត្តាស៊ើបអង្កេតរឿងនេះឧយបានច្បាស់លាស់បំផុតជាពិសេសតុលាកាបើរកឃើញជននេះបានប្រព្រិតអំពើបែបនេះលើក្មេងស្រីទាំងនេះមែនសូមមេត្តាដាក់ទោសគាត់ក្នុងកំរិតអតិបរមា។មនុស្សបែបនេះគួស្ងប់ខ្ពើមណាស់។

Anonymous
Jan 07, 2012 11:44 PM

តើ វិទ្យុអាស៊ីសេរី សរសេរនេះ មានអ្វីជាសំអាងដែរ ឬទេ? ខ្ញុំធ្លាប់ជាអ្នកគាំទ្រ វិទ្យុនេះ ហើយធ្លាប់គិតថា ព៌ត៌មានដែលចេញ គឺសុក្រិតពិតអាចជឿទុកចិត្តបាន ។ តែករណីនេះ ខ្ញុំបានតាមដាន ហើយគឺខាងអាស៊ីសេរី លើកយក ភាគីម្ខាងមកនិយាយ ធ្វើដូច្នេះអត់ត្រូវទេ ហេតុអី្វបានជា មិនយកសំដីទាំងសងខាងមកនិយាយ ។ ធ្វើបែបនេះហាក់មិនយុត្តិធម៌ទេ នេះឬអាស៊ីសេរ? ខ្ញុំអស់ជំនឿហើយ ។