មន្ត្រី​យោធា​អាស៊ាន​ចុះ​ហត្ថលេខា​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​អន្តរជាតិ

មន្ត្រី​យោធា​ជាន់​ខ្ពស់​នៃ​ប្រទេស​សមាជិក​អាស៊ាន បាន​ឯកភាព​គ្នា​ជា​លាយលក្ខណ៍អក្សរ​ដើម្បី​ពង្រឹង​សន្តិសុខ និង​សន្តិភាព​នៅ​តំបន់​អាស៊ាន​ទាំង​មូល។
ដោយ សុខ សេរី
2012.03.29
យោធា អាស៊ាន ៣០៥ ២៩-មីនា-២០១២៖ អគ្គ​មេបញ្ជាការ​កងទ័ព​អាស៊ាន ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រួម​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​អន្តរជាតិ នា​រាជធានី​ភ្នំពេញ។
RFA/Sok Serey

ការ​ឯកភាព​គ្នា​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​នៃ​ប្រទេស​ជា​រដ្ឋ​សមាជិក​អាស៊ាន បាន​សន្យា​ថា នឹង​បង្កើត​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥ ខាង​មុខ។

អគ្គ​មេបញ្ជាការ​កង​ទ័ព​នៃ​ប្រទេស​សមាជិក​អាស៊ាន ចំនួន ១០ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១២ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រួម​គ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដូចជា ការ​ជួញដូរ​គ្រឿង​ញៀន ការ​ជួញដូរ​មនុស្ស និង​ការ​ជួញដូរ​អាវុធ​ខុស​ច្បាប់​ជាដើម។

ឯកសារ​ដែល​បាន​ចុះ​ហត្ថលេខា​នោះ ត្រូវ​បាន​គេ​រក្សា​ទុក​ជា​ឯកសារ​សំងាត់ គឺ​មិន​ចែកចាយ​ឲ្យ​អ្នក​កាសែត​ផ្សព្វផ្សាយ​ទេ។ ចំណែក​ឯ​បញ្ហា​ជំលោះ​ព្រំដែន​រវាង​ថៃ និង​កម្ពុជា និង​បញ្ហា​ជំលោះ​ដណ្ដើម​កោះ​ស្ព្រាតលី (Spratly) នៅ​សមុទ្រ​ចិន ខាង​ត្បូង រវាង​ប្រទេស​ចិន និង​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន ក៏​មិន​ត្រូវ​បាន​យក​មក​ពិភាក្សា​ដែរ។

អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា លោក​នាយ​ឧត្ដមសេនីយ៍ ប៉ុល សារឿន និង​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ អគ្គ​មេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី​៩ បាន​មាន​ប្រសាសន៍​ថា ជា​រួម​កិច្ច​ប្រជុំ​នេះ​បាន​ផ្ដល់​លទ្ធផល​ជោគជ័យ៖ «ការ​រួប​រួម​ដើម្បី​សហគមន៍​ពោរពេញ​ដោយ​សន្តិសុខ និង​សុខដុមរមនា និង​អ្នក​ចូល​រួម​ក្នុង​វេទិកា​ទាំង​អស់​ផ្ដោត​សំខាន់​លើ​ចំណង​មិត្តភាព​រវាង​ស្ថាប័ន​យោធា​របស់​រដ្ឋ​ដែល​ជា​សមាជិក។ អ្នក​ចូល​រួម​ក្នុង​វេទិកា​ទាំង​អស់ ផ្ដោត​សំខាន់​លើ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ជំនួយ​មនុស្សធម៌ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ ក៏​ដូច​ជា​បញ្ហា​ប្រឆាំង​អំពើ​ភេរវកម្ម​ផង​ដែរ»

អគ្គ​មេបញ្ជាការ​កង​ទ័ព​មក​ពី​ប្រទេស​ម៉ាឡេស៊ី (Malaysia) លោក ហ្ស៊ុល គីហ្វីលី (Zulkifeli) បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ក្រោយ​សន្និសីទ​កាសែត​នោះ​ថា កិច្ច​ប្រជុំ​នេះ​បាន​ផ្ដល់​លទ្ធផល​ល្អ ហើយ​លោក​ពេញ​ចិត្ត ប៉ុន្តែ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ជុំវិញ​រឿង​ជំលោះ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​នោះ។

នៅ​ពេល​ដែល​អ្នក​កាសែត​បាន​ចោទ​សួរ​លោក​ថា តើ​លោក​មាន​ការ​ព្រួយ​បារម្ភ​ទេ​ជុំវិញ​រឿង​ជំលោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ? លោក​បាន​ឆ្លើយ​ថា នេះ​ជា​ការ​ព្រួយ​បារម្ភ​មួយ ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ៖ «យើង​ត្រូវ​តែ​បង្កើត​ឲ្យ​មាន​កម្មវិធី​ដោះស្រាយ​ល្អ​ប្រសើរ​មួយ ដូចជា​ការ​បង្កើត​វិធានការ​ឲ្យ​ជឿ​ទុក​ចិត្ត​គ្នា»

នៅ​មុន​កិច្ច​ប្រជុំ​នៃ​អគ្គ​មេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី​៩ ដែល​បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា  ឆ្នាំ​២០១២ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​បញ្ជាក់​នៅ​សប្ដាហ៍​កន្លង​ទៅ​នេះ​ថា ក្នុង​នាម​កម្ពុជា ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០១២​នេះ នឹង​មិន​លើក​យក​បញ្ហា​ជំលោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​មក​ពិភាក្សា និង​ដោះស្រាយ​ទេ ពីព្រោះ​កម្ពុជា មិន​ចង់​ឲ្យ​ធ្វើ​អន្តរជាតិ​ភាវូបនីយកម្ម ឬ​ក្លាយ​ជា​បញ្ហា​អន្តរជាតិ​លើ​បញ្ហា​នេះ។

ប្រទេស​ជា​សមាជិក​អាស៊ាន ដែល​មាន​ជំលោះ​ជាមួយ​ប្រទេស​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ  មាន​ដូច​ជា​ប្រទេស​វៀតណាម (Vietnam) ហ្វីលីពីន (Philippines) ប្រទេស​ប្រ៊ុយណេ (Brunei) និង​ម៉ាឡេស៊ី (Malaysia) ជាដើម។

នៅ​មុន​ការ​បិទ​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវការ អគ្គ​មេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី​៩ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១២ នេះ អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក​នាយ​ឧត្ដមសេនីយ៍ ប៉ុល សារឿន បាន​ប្រកាស​ផ្ទេរ​សិទ្ធិ​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​នេះ​ទៅ​ឲ្យ​អគ្គ​មេបញ្ជាការ​កងទ័ព​នៃ​ប្រទេស​ប្រ៊ុយណេ ជា​ប្រធាន ដើម្បី​រៀបចំ​កិច្ច​ប្រជុំ​នេះ​លើក​ទី​១០ នៅ​ឆ្នាំ​២០១៣ ខាង​មុខ។

កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ អគ្គ​មេបញ្ជាការ​កងទ័ព​អាស៊ាន ត្រូវ​បាន​ផ្ដួច​ផ្ដើម​ដោយ​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ឆ្នាំ​២០០១ ក្រោយ​ពី​ក្រុម​ភេរវជន​បាន​បើក​យន្តហោះ​បុក​អគារ​ភ្លោះ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ទីក្រុង​ញីវយ៉ក (New York) សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១ កន្លង​ទៅ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Mar 29, 2012 02:32 AM

Look at the picture back ground! I do not know whether Cambodian gvt want to eliminate or to promote sex slave?

Anonymous
Mar 30, 2012 07:48 AM

ចុះហត្ថលេខារួចនាំគ្នាទៅឯណាដែរ?បឹងស្នោឬក៍អារ៉ក់?

Anonymous
Mar 29, 2012 05:30 AM

You can't even protect your own country from others. How do you expect yourself to protect other region? Loo......robbing happens every single day thorugh out the country........people get killed and more serious stuffs.....no one realry do anything efficient to protect the security in the country....it is so ironic.