មនុស្ស​ប្រមាណ​៤០​នាក់​រង​របួស​ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ​នៅ​ទួលគោក

មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​រវាង​កម្លាំង​សមត្ថកិច្ច​បំបែក​​ហ្វូង​បាតុករ​រោងចក្រ​កាត់ដេរ​យីនចាង ស្ថិត​នៅ​ខណ្ឌ​ទួលគោក នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ មករា​នេះ ដែល​បង្ក​ឲ្យ​កម្មការិនី​រង​របួស​និង​ដួល​សន្លប់​ប្រមាណ​៤០​នាក់។
ដោយ ខែ សុណង
2010-01-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​រោងចក្រ​កាត់ដេរ​និង​កម្មករ​និយោជិត​ពី​វិស័យ​ផ្សេងៗ​ទៀត​ជា​ច្រើន​ពាន់​នាក់​ដើរ​ដង្ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញ​ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ២០០៩។
កម្មករ​រោងចក្រ​កាត់ដេរ​និង​កម្មករ​និយោជិត​ពី​វិស័យ​ផ្សេងៗ​ទៀត​ជា​ច្រើន​ពាន់​នាក់​ដើរ​ដង្ហែ​ក្បួន​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​ភ្នំពេញ​ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ២០០៩។
RFA Photo/Uon Chhin

យ៉ាង​ហោច​ណាស់​មាន​កម្មករ​រោងចក្រ​កាត់ដេរ​យីនចាង​ប្រហែល​៤០​នាក់ បាន​រង​របួស​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​មួយ​ជាមួយ​ក្រុម​ប៉ូលិស​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ មករា​នេះ នៅ​សង្កាត់​បឹងកក់ ខណ្ឌ​ទួលគោក ខណៈ​ដែល​ក្រុម​ប៉ូលិស​ប្រើ​វិធានការ​បង្ក្រាប​ក្រុម​កម្មករ​ដែល​ឈរ​រារាំង​មិន​ឲ្យ​មាន​ការ​ដឹក​សម្ភារៈ​ចេញ​ពី​រោងចក្រ​ដើម្បី​លក់​ឡាយឡុង នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​សិទ្ធិ​មនុស្ស។

កម្មការិនី​ឈ្មោះ វ៉ាង ស៊ីណាត និយាយ​ថា ថៅកែ​រោងចក្រ​យីនចាង បាន​រត់​គេច​មិន​បើក​ប្រាក់​ខែ​ឲ្យ​ពួកគេ​ចំនួន​៣​ខែ​មក​ហើយ ដែល​ជា​មធ្យម​នៅ​ជំពាក់​ប្រាក់​កម្មករ​យ៉ាង​ហោច​ណាស់​៥០​ដុល្លារ​ក្នុង​ម្នាក់ៗ។ នៅ​ថ្ងៃ​សុក្រ ទី​១៥​នេះ ម្ចាស់​ទីតាំង​បាន​បញ្ជា​ឲ្យ​ដឹក​សម្ភារៈ​ក្រុមហ៊ុន​ដើម្បី​លក់​ឡាយឡុង​ទាំង​អស ប៉ុន្តែ​ត្រូវ​បាន​កម្មករ​រារាំង​ដោយ​ទាមទារ​ឲ្យ​រក្សា​ទុក​និង​ធ្វើការ​ដោះស្រាយ​ចំពោះ​ប្រាក់​ខែ​កម្មករ​ឲ្យ​បាន​ស្រេច​បាច់​សិន។

នៅ​គ្រា​បាតុកម្ម​នោះ ក្រុម​ប៉ូលិស​ជា​ច្រើន​នាក់​ប្រដាប់​ដោយ​ដំបង​ឆក់ ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ការ​បង្រ្កាប​វាយ​ដំ រុញ​ច្រាន​កម្មករ​មិន​ឲ្យ​មាន​ការ​តវ៉ា ៖ «សម្លុត​គំរាម​កម្មករ​ដែល​គ្នា​នៅ​កន្លែង​ហ្នឹង ដេក​ចាំ​អីវ៉ាន់​ដែល​គេ​បាតុកម្ម​ហ្នឹង ហើយ​ឥឡូវ​សម្លុត​គំរាម ច្រាន​ទ្វារ បើក​សោ​មិន​បាន​គេ​យក​ខ្យល់​បាញ់​ភ្លើង ហើយ​វាយ​ដំ​កម្មករ​រង​គ្រោះ​គ្រប់​គ្នា ដើម្បី​ទម្លុះ​ទ្វារ​ចូល បើក​ឡាន​មក​យក​អីវ៉ាន់។ កម្មករ​គ្នា​កំពុង​តែ​រង​គ្រោះ​យំ​គ្រប់គ្នា មើល​ទៅ​ដូច​គ្មាន​នរណា​មួយ​ដោះស្រាយ»

ប្រភព​ពី​កម្មករ​ដដែល​បាន​អះអាង​ថា មាន​កម្មករ​ប្រហែល​៥០០​នាក់​បាន​ធ្វើការ​នៅ​ក្នុង​រោងចក្រ​នេះ នៅ​ក្នុង​ប្រាក់​បៀវត្សរ៍​៥០​ដុល្លារ​ជា​មធ្យម​ក្នុង​១​ខែ។ ក្រោយ​ពី​ការ​ផ្អាក​ដំណើរការ កម្មករ​បាន​ទាមទារ​ឲ្យ​មាន​ការ​គិត​គូរ​ប្រាក់​ដំណាច់​បូក​ជាមួយ​នឹង​ប្រាក់​ខែ ប៉ុន្តែ​៣​ខែ​មក​ហើយ​ថៅកែ​មិន​ព្រម​ដោះស្រាយ ទើប​ណ្តាល​ឲ្យ​មាន​បាតុកម្ម​នេះ។

កម្មករ​បាន​អំពាវនាវ​បន្ថែម ៖ «នាង​ខ្ញុំ​សំណូម​ពរ​ធ្វើ​ម៉េច​ឲ្យ​អ្នក​ច្បាប់​មក​ជួយ​ពួកខ្ញុំ ព្រោះ​ពួក​ខ្ញុំ​សុទ្ធ​តែ​ជា​ស្រ្ដី​ទាំង​អស់ ហើយ​គេ​ប្រើ​អំពើ​ហិង្សា។ សូម​ធ្វើ​ម៉េច​កុំ​ឲ្យ​គេ​បំពាន​កម្មករ​ពេក»

មន្រ្តី​សម្រប​សម្រួល​ទទួល​បន្ទុក​តាម​តំបន់​នៃ​សហព័ន្ធ​សហជីព​យុវជន​ខ្មែរ លោក នង សំណាង បាន​ថ្លែង​ថា អ្នកស្រី សុខ ចេង ហៅ សុខ ខឿន ជា​ម្ចាស់​ទីតាំង​រោងចក្រ​យីនចាង​កន្លង​មក បាន​ចេញ​មុខ​ថា​នឹង​ដោះស្រាយ​បើក​ប្រាក់​ខែ​ឲ្យ​កម្មករ។

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​កម្មករ​ប្រមាណ​ជា​ជាង​៤០០​នាក់​បាន​សម្រេច​ចិត្ត​បើក​ប្រាក់​ខែ​នៅ​សាលា​សង្កាត់​បឹងកក់​១ ដោយ​មិន​ដឹង​ប្រាក់​បាន​មក​ពី​ប្រភព​ណា​ច្បាស់​លាស់​នោះ​ឡើយ ៖ «នៅ​ក្នុង​ហ្នឹង​ក៏​មាន​ដីកា​រក្សា​ការពា​មួយ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​យើង​ដែរ ប៉ុន្តែ​អង្គ​សេចក្ដី​មិន​ទាន់​បាន​ដាក់​ចូល ហើយ​ក៏​មិន​ទាន់​មាន​សាលក្រម​ស្ថាពរ​ណា​មួយ​ដែល​ត្រូវ​បាន​លក់​ម៉ាស៊ីន​ហ្នឹង​ទេ ប៉ុន្តែ​ស្រាប់​តែ​ស្ងាត់ៗ​ចេញ​រូបភាព​ប្រកាស​ឲ្យ​បើក​លុយ»

មិន​អាច​ទំនាក់​ទំនង​ពី​អ្នកស្រី សុខ ចេង ហៅ សុខ ខឿន ជា​ម្ចាស់​ទីតាំង​រោងចក្រ​យីនចាង​នោះ​បាន​នៅ​ឡើយ​ទេ​ជុំវិញ​បញ្ហា​នេះ។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​ហៅ​ការ​ប្រើ​កម្លាំង​សមត្ថកិច្ច​បង្រ្កាប​នេះ​ថា ជា​អំពើ​ខុស​ច្បាប់ គួរ​តែ​ចរចា​រក​ដំណោះ​ស្រាយ​សិន​មុន​នឹង​ធ្វើការ​បង្រ្កាប៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

All the police are not Cambodia blood that's why they do like that.

Jan 15, 2010 07:06 PM

គេហទំព័រ​ទាំងមូល