សមត្ថកិច្ច​នឹង​បង្ក្រាប​សកម្មភាព​ចែក​បន្ត​រូប​ភាព​ស្ត្រី​ងូត​ទឹក​មន្ត​អាក្រាត​កាយ

អភិបាល​ខណ្ឌ​ដូនពេញ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​១២ កក្កដា​ថា សមត្ថកិច្ច​នឹង​មាន​វិធានការ​ចាប់​ខ្លួន​ជន​ណា​ដែល​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​រូប​ភាព​ស្ត្រី​ងូត​ទឹក​មន្ត​អាក្រាត​កាយ តាម​រយៈ​ទូរស័ព្ទ​ដៃ ឬ​ដោយ​មធ្យោបាយ​ផ្សេងៗ​ទៀត ដែល​លួច​ថត​ដោយ​អតីត​សង្ឃ នេត ខៃ នៅ​វត្ត​ស្រះចក ហើយ​អំពាវនាវ​ឲ្យ​លុប​រូប​ភាព​ទាំង​នោះ​ចោល​ជា​បន្ទាន់។
ដោយ ទីន ហ្សាការីយ៉ា
2010.07.13
វត្ត​ស្រះចក ៣០៥ ៥-កក្កដា-២០១០: ទិដ្ឋភាព​​នៅ​ក្នុង​បរិវេណ​វត្ត​ស្រះចក ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ
RFA/គឹម ពៅ

លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​គណៈ​មេ​បញ្ជាការ​អង្គភាព បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​នឹង​ចុះ​បង្ក្រាប​នៅ​តាម​ទី​កន្លែង​សាធារណៈ ហើយ​បើ​សិន​ជា​ឃើញ​បុគ្គល​ណា​មួយ​មាន​រូបភាព​អាក្រាត​នៅ​វត្ត​ស្រះចក អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស។

លោក សុខ សម្បត្តិ មាន​ប្រសាសន៍​ដូច្នេះ ៖ «ករណី​មាន​ការ​លប​លួច​បញ្ចូល​រូបភាព​តាម​កន្លែង​ទូរស័ព្ទ ឬ​កន្លែង​ផ្សេងៗ​ទៀត យើង​នឹង​មាន​វិធានការ ហើយ​អាច​ថា មាន​កម្រិត​ទោស​ប្រហាក់​ប្រហែល​គ្នា។ ព្រោះ​ដឹង​ហើយ ឮ​ហើយ នៅ​បន្ត​ធ្វើ​សកម្មភាព​បែប​នេះ យើង​មិន​អាច​អនុគ្រោះ​បាន​ទេ»

លោក សុខ សម្បត្តិ បាន​បន្ថែម​ថា អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​រក​ឃើញ​ភស្តុតាង​ផ្សេង​ទៀត​ក្នុង​ចំណោម​ស្ត្រី​ងូត​ទឹក​មន្ត​ស្រាត​ទាំង​នោះ គឺ​មាន​អនីតិ​ជន​ផង​ដែរ ដែល​ជា​ភស្តុតាង​ដើម្បី​ដាក់​បន្ទុក​លើ​អន្ទិត នេត ខៃ ទៀត ដែល​គេ​អាច​ជាប់​ទោស​ពី ៥​ឆ្នាំ​ទៅ ៨​ឆ្នាំ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​មាន​វិធានការ​បង្ក្រាប​ផង និង​អប់រំ​ផង ប៉ុន្តែ​លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់ ឲ្យ​រួម​គ្នា​លុប​បំបាត់​រូប​ភាព​អាសអាភាស​នេះ ព្រោះ​វា​ប៉ះ​ពាល់​កិត្តិយស​ស្ត្រី​អ្នក​រង​គ្រោះ និង​តម្លៃ​ស្ត្រី​ខ្មែរ​ជា​ទូទៅ។

លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ៖ «យើង​ទាំង​អស់​គ្នា​រួម​គ្នា​ដើម្បី​លុប​បំបាត់​បញ្ហា​ហ្នឹង។ ឧទាហរណ៍​ថា យើង​មាន​រូប​មាន​អី​ហ្នឹង ចុះ​កូន​យើង​កូន​គេ បង​ប្អូន​យើង បង​ប្អូន​គេ​អី​ទាំង​អស់​គ្នា​ហ្នឹង»

អនុ​ប្រធាន​ផ្នែក​ស្ត្រី​នៃ​សមាគម​សិទ្ធិ​មនុស្ស អាដហុក លោកស្រី លឹម មុន្នី បាន​លើក​ឡើង​ថា រដ្ឋាភិបាល និង​ក្រសួង​ធម្មការ​និង​កិច្ចការ​សាសនា ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ករណី​នេះ ដែល​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ព្រះ​ពុទ្ធ​សាសនា។

លោកស្រី លឹម មុន្នី មាន​ប្រសាសន៍​ដូច្នេះ ៖ «ទី​១ ពាក់ព័ន្ធ​ដល់​បញ្ហា​សាសនា។ ឥទ្ធិពល​សាសនា​ដទៃ​កំពុង​តែ​ជ្រាប​ចូល​មក​នៅ​កម្ពុជា​យើង​ហ្នឹង ​វា​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ខ្លាំង​ណាស់​ទៅ​លើ​ព្រះ​ពុទ្ធ​សាសនា​យើង។ ទី​២ វា​ជា​បញ្ហា​កិត្តិយស​នៃ​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូច​ជា​ក្រសួង​ធម្មការ វា​ជា​បញ្ហា​មួយ​ខ្លាំង​ណាស់ និយាយ​ឲ្យ​ចំ​ទៅ​រដ្ឋាភិបាល​ខ្មែរ​តែម្ដង»

វត្ត​ស្រះ​ចក​បាន​ផ្ទុះ​រឿង​អាស្រូវ ដោយសារ​តែ​អតីត​សង្ឃ​ព្រះ​នាម នេត ខៃ ដែល​ចេះ​មន្ត​អាគម​អូមអាម បាន​ដាក់​ម៉ាស៊ីន​ថត លួច​ថត​ស្រីៗ​ប្រមាណ ៦០០​នាក់​នៅ​គ្រា​ដែល​ស្រ្តីៗ​ទាំង​នោះ បាន​ទៅ​រក​អតីត​ព្រះ​សង្ឃ​រូប​នេះ​ឲ្យ​ជួយ​ធ្វើ​មន្ត​អាគម​ផ្សេងៗ។

លោក សុខ សម្បត្តិ បាន​បញ្ជាក់​ថា ការ​ផ្ទុះ​រឿង​អាស្រូវ​នេះ បន្ទាប់​ពី​ស្ត្រី​ជា​ម្ដាយ​ស្ត្រី​រង​គ្រោះ​មួយ​រួប បាន​ដាក់​ពាក្យ​បណ្ដឹង​មក​សមត្ថកិច្ច​កាល​ពី​ចុង​ខែ​មិថុនា កន្លង​ទៅ ហើយ​រហូត​មក​ទល់​ពេល​នេះ គ្មាន​ស្ត្រី​រង​គ្រោះ​ផ្សេង​ទៀត​មក​ដាក់​ពាក្យ​បណ្ដឹង​បន្ថែម​ទេ ដោយសារ​តែ​ស្ត្រី​រង​គ្រោះ​ទាំង​នោះ​មាន​ការ​ខ្មាស​អៀន។

កាល​ពី​ថ្ងៃ​ទី​៣ កក្កដា ព្រះ​សង្ឃ​ ដូន​ជី តា​អាចារ្យ សិស្ស​និស្សិត​ជា​ច្រើន​រយ​នាក់ ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​វត្ត​ស្រះ​ចក ហើយ​បាន​បិទ​វត្ត​នេះ​មិន​ឲ្យ​មាន​ការ​គោរព​បូជា​ទេ ដើម្បី​រៀបចំ​ការ​គ្រប់គ្រង​វត្ត​នេះ​ឡើង​វិញ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។