សមត្ថកិច្ច​ចម្រុះ​ចុះ​ឆែកឆេរ​កន្លែង​ស្តុក​ឈើ​របស់​ឧកញ៉ា​២​រូប

សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ធ្វើការ​ឆែកឆេរ និង​ត្រួត​ពិនិត្យ​កន្លែង​ស្តុក​ឈើ​របស់​លោក​ឧកញ៉ា សុខ គង់ និង​លោក​ឧកញ៉ា ឡៅ ម៉េងឃីន នៅ​ក្នុង​ក្រុង​សៀមរាប ដោយ​បាន​រក​ឃើញ​ឈើ​ប្រណីត​ជាង ២០០​ម៉ែត្រ​គូប។
ដោយ ហង្សា សាវយុត
2010-03-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ស្ថាប័ន​ចម្រុះ​មាន​មន្ត្រី​តុលាការ​សាលា​ដំបូង​ខេត្ត​សៀមរាប មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ និង​ប៉ូលិស បាន​ចុះ​ធ្វើ​ការ​ឆែកឆេរ និង​ពិនិត្យ​កន្លែង​ស្តុក​ឈើ​របស់​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​២​រូប គឺ​លោក​ឧកញ៉ា សុខ គង់ ម្ចាស់​ក្រុមហ៊ុន សូគីម៉ិច និង​លោក​ឧកញ៉ា ឡៅ ម៉េងឃីន ម្ចាស់​ក្រុមហ៊ុន​ស៊ូកាគូ ដោយ​បាន​រក​ឃើញ​ឈើ​ប្រណីត​ជាង ២០០​ម៉ែត្រ​គូប នៅ​ក្នុង​ទីក្រុង​សៀមរាប កាល​ពី​រសៀល​ថ្ងៃ​២៤ ខែ​មីនា។

មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ឈើ​ប្រណីត​ជាង ១០០​ម៉ែត្រ​គូប​នៅ​កន្លែង​ស្តុក​ឈើ​ក្នុង​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ គឺ​ជា​របស់​លោក​ឧកញ៉ា សុខ គង់ ហើយ​ឈើ​ជាង ១០០​ម៉ែត្រ​គូប​ផ្សេង​ទៀត​នៅ​កន្លែង​ស្តុក​ឈើ​ក្នុង​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ជា​របស់​លោក​ឧកញ៉ា ឡៅ ម៉េងឃីន។

ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សៀមរាប លោក ទី សុវិនថាល់ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ថា គេ​មិន​ទាន់​ដឹង​ថា ឈើ​ទាំង​នោះ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ ហើយ​តុលាការ​នៅ​រង់ចាំ​មើល​លទ្ធផល​នៃ​សំណុំ​រឿង​ដែល​កំពុង​កសាង​ដោយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​សិន។

លោក ទី សុវិនថាល់ បាន​បញ្ជាក់​ថា ៖ «មាន​វត្ថុ​តាង​តើ! ឈើ​ជាង ១០០​ម៉ែត្រ​គូប។ ចាំ​មើល​មើល៍ តើ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ឬ​អត់! បើ​ខុស អា​ហ្នឹង​ខុស​ច្បាប់​ហើយ។ ឥឡូវ​ចាំ​គេ​កសាង​សំណុំរឿង​មក។ ចាំ​មើល​លទ្ធផល​នៃ​សំណុំរឿង ពីព្រោះ​ឆែក​ហើយ ប្រគល់​ភារកិច្ច​ទៅ​រដ្ឋបាល​ព្រៃ​ឈើ​ដើម្បី​កសាង​ជូន​មក​តុលាការ។ ដក​ហូត គ្មាន​ទីតាំង​កន្លែង​ណា​ដាក់​ផង ដូច្នេះ​មាន​តែ​ធ្វើ​កំណត់​ហេតុ​ប្រគល់​ឲ្យ​អ្នក​ដែល​នៅ​ទី​ហ្នឹង ថែ​រក្សា​ជា​បណ្ដោះ​អាសន្ន រង់ចាំ​សេចក្ដី​សម្រេច​ពី​តុលាការ»

បច្ចុប្បន្ន​គំនរ​ឈើ​ប្រណីត​ដែល​គេ​រក​ឃើញ​នោះ នៅ​មិន​ទាន់​ប្រមូល​ចេញ​យក​ទៅ​ទុក​នៅ​កន្លែង​អាជ្ញាធរ​ទេ ដោយ​មន្ត្រី​អាជ្ញាធរ​និយាយ​ថា គេ​ពុំ​មាន​កន្លែង​ដាក់ ហើយ​គ្រាន់តែ​បាន​ធ្វើ​កំណត់​ហេតុ​អំពី​ចំនួន​ឈើ និង​ប្រគល់​ឲ្យ​កន្លែង​ដើម​ទទួល​ខុស​ត្រូវ​រក្សា​ទុក​ជា​បណ្ដោះ​អាសន្ន​​​​សិន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល