អាជ្ញាធរ​ខេត្ត​បាត់ដំបង​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដី​នៅ​ឃុំ​ក្ដុល​តាហែន

អាជ្ញាធរ​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ពុធ ទី​២៤ ខែ​មីនា បាន​ចុះ​បោះ​បង្គោល​កំណត់​ព្រំ​ដី​ពុះ​ចែក​គ្នា​តាម​រូបមន្ត ៥០ បូក​នឹង ៥០ ជា​ពីរ​ចំណែក ដើម្បី​បញ្ចប់​ជម្លោះ​ការ​ដណ្ដើម​គ្នា​កាន់កាប់ រវាង​អ្នក​ភូមិ​បឹង​សង្កែ និង​អ្នក​ភូមិ​ទួល​ស្នួល ក្នុង​ឃុំ​ក្ដុល​តាហែន ស្រុក​បវេល ខេត្ត​បាត់ដំបង។
ដោយ សួន សុផលមុន្នី
2010.03.25
បាត់ដំបង​៣០៣ រូប​សំណាក​តា​ដំបង​គ្រញូង​នៅ​ក្នុង​ទីរួម​ខែត្រ​បាត់ដំបង។
Photo: RFA

លោក ទឹម ដារ៉េត អភិបាល​ស្រុក​បវេល បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ​មីនា ថា អ្នក​ភូមិ​ទួល​ស្នួល និង​អ្នក​ភូមិ​បឹង​សង្កែ បាន​ផ្តិត​មេដៃ​ទទួល​យក​ដី​តាម​ការ​បែកចែក​របស់​អាជ្ញាធរ​ហើយ។

លោក ទឹម ដារ៉េត បាន​បញ្ជាក់​ថា ៖ «វា​តាម​ស្មារតី​កំណត់ហេតុ​ឆ្នាំ​២០០៤ បណ្ដោយ ១.៤១៣​ម៉ែត្រ ទទឹង ៨៩០​ម៉ែត្រ យើង​ពុះ ៥០%​ទៅ។ នៅ​ក្នុង​កិច្ច​ប្រជុំ​សម្រុះ​សម្រួល​ហ្នឹង គឺ​គាត់​បាន​ផ្តិត​មេដៃ​លើ​ឯកសារ គាត់​ឯកភាព​ហើយ​ពី​ម្សិលមិញ បន្ទាប់​ពី​យើង​សម្រុះ​សម្រួល​ក្នុង​អង្គ​ប្រជុំ យើង​បន្ត​ចុះ​ទៅ​ដល់​ដី​ជាក់ស្ដែង។ យើង​បាន​ដំណើរការ​បោះ​បង្គោល យើង​បាន​កំណត់​ចំណុច​បែងចែក ៥០%​រួច​ហើយ។ យើង​នៅតែ​ចុះ​ទៅ​បញ្ជាក់​ទទឹង​ដី​ទេ»

លោក អ៊ិន ប៊ុនម៉ាត់ នាយ​រង​ក្រុម​អធិការ​កិច្ច​សាលា​ខេត្ត​បាត់ដំបង បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ឃុំ​នៅ​បន្ត​ចុះ​បោះ​បង្គោល​កំណត់​ព្រំ​ប្រទល់​ដី​រវាង​ភូមិ​ទាំង​ពីរ គឺ​ភូមិ​ទួល​ស្នួល និង​អ្នក​ភូមិ​បឹង​សង្កែ ឲ្យ​ចប់​នៅ​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ។

លោក អ៊ិន ប៊ុនម៉ាត់ បាន​អះអាង​ថា ៖ «យើង​ចាត់​ទុក​ថា ជោគ​ជ័យ ១០០%​ហើយ ព្រោះ​ភាគី​ទាំង​សងខាង​បាន​ឯកភាព​គ្នា​យក​តាម​កំណត់ហេតុ​ចាស់ ដែល​ចែក​គ្នា ៥០។ ឆ្នាំ​ចាស់​គឺ​ឆ្នាំ​២០០៤ ដែល​ភាគី​ទាំង​សងខាង​ឯកភាព​គ្នា​យក ៥០%​ម្នាក់»

អ្នក​ភូមិ​បឹង​សង្កែ​បាន​សម្ដែង​ការ​សប្បាយ​ចិត្ត ប៉ុន្តែ​មាន​អារម្មណ៍​ស្ទាក់ស្ទើរ​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ ដោយសារ​តែ​អាជ្ញាធរ​មិន​ទាន់​បែងចែក​ដី​ដល់​ដៃ​បុគ្គល​នីមួយៗ។

លោក យិន ម៉េងលី មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម អាដហុក បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ការ​រីក​ចំរើន​មួយ ដែល​លោក​មើល​ឃើញ​ថា អាជ្ញាធរ​មាន​ការ​ខិតខំ​ប្រឹងប្រែង​ខ្លះ បន្ទាប់​ពី​មាន​បាតុភាព​មួយ​ចំនួន​កើត​ឡើង​ទាក់ទង​បញ្ហា​លុយ​កាក់។

លោក យិន ម៉េងលី បាន​ស្នើ​ឲ្យ​គណៈកម្មការ​ខេត្ត​បន្ត​ការ​បែងចែក​ដី ចេញ​ជា​ប្លង់​កម្មសិទ្ធិ​ដល់​បុគ្គល​នីមួយៗ​ថែម​ទៀត ៖ «អ៊ីចឹង​ខ្ញុំ​សូម​ឲ្យ​គណៈកម្មការ​បន្ត​ចែក​ឲ្យ​ដល់​ដៃ​បុគ្គល​នីមួយៗ​ហ្នឹង ដើម្បី​កុំ​ឲ្យ​វា​មាន​ជម្លោះ​គ្នា ហើយ​បន្ត​តាម​នីតិ​វិធី មាន​ន័យ​ថា ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ពួក​គាត់​ទៅ​តាម​គោលការណ៍​ច្បាប់ ដោយ​អត់​មាន​បង់​ប្រាក់​អី​ទេ!»

អ្នក​ភូមិ​បឹង​សង្កែ​បាន​អះអាង​ថា ដី​ទំហំ ២៦០​ហិកតា​ស្ថិត​នៅ​ឃុំ​ក្ដុល​តាហែន ស្រុក​បវេល ខេត្ត​បាត់ដំបង ដែល​អ្នក​ភូមិ​បឹង​សង្កែ ៦៣​គ្រួសារ​អះអាង​ថា​ជា​ដី​របស់​ខ្លួន បាន​កើត​មាន​ទំនាស់​ជាមួយ​ភូមិ​ទួល​ស្នួល​តាំង​ពី​ឆ្នាំ​១៩៩៩ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។

ចំណែក​ដី​ដែល​អាជ្ញាធរ​ចុះ​បោះ​ព្រំ​ប្រទល់​ចែក​គ្នា​ជា​ពីរ គឺ​អ្នក​ភូមិ​បឹង​សង្កែ​បាន ៥០% និង​អ្នក​ភូមិ​ទួល​ស្នួល​បាន ៥០%​ដូច​គ្នា គឺ​មាន​ផ្ទៃ​សរុប​ជាង ១២៥​ហិកតា​ប៉ុណ្ណោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។