អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ព្យាយាម​ចាប់​ផ្សឹក​ព្រះ​សង្ឃ​២​អង្គ​ពី​បទ​បរិហារ​កេរ្តិ៍

អ្នក​ភូមិ​ជា​ច្រើន​នាក់​​បាន​នាំ​គ្នា​ជម្លៀស​ព្រះ​សង្ឃ ២​អង្គ បន្ទាប់​ពី​ដឹង​ថា សមត្ថកិច្ច និង​មន្ត្រី​សង្ឃ​ប្រចាំ​ខេត្ត​កំពង់ស្ពឺ​ចង់​ទៅ​ផ្សឹក និង​បណ្ដេញ​អាចារ្យ​ម្នាក់​ចេញ​ពី​វត្ត ដោយ​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍ ទាក់ទិន​នឹង​បញ្ហា​បច្ច័យ​ប្រមូល​បាន​ពី​បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា។
ដោយ ខែ សុណង
2010-05-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះ​សង្ឃ​និមន្ត​បិណ្ឌ​បាត្រ​តាម​ដង​ផ្លូវ​ជាតិ​លេខ​២១ ក្នុង​ខេត្ត​កណ្ដាល នា​ថ្ងៃ​ទី​៥ ខែ​សីហា ២០០៩។
ព្រះ​សង្ឃ​និមន្ត​បិណ្ឌ​បាត្រ​តាម​ដង​ផ្លូវ​ជាតិ​លេខ​២១ ក្នុង​ខេត្ត​កណ្ដាល នា​ថ្ងៃ​ទី​៥ ខែ​សីហា ២០០៩។
RFA/Mean Riddh

ក្រុម​ប្រជា​ពលរដ្ឋ​ចំនួន ៥​ភូមិ​នៅ​ក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បាន​នាំ​គ្នា​រារាំង​ក្រុម​មន្ត្រី​មាន​សមត្ថកិច្ច និង​ព្រះ​សង្ឃ​មួយ​ចំនួន​មក​ពី​វត្ត​ដំណាក់ត្រាច ដែល​មាន​បំណង​ទៅ​ផ្សឹក​ព្រះ​សង្ឃ​ចំនួន ២​អង្គ និង​អាចារ្យ​នៅ​វត្ត​ភ្នំ​ពេជ្រនិល នៅ​ថ្ងៃ​១៨ ឧសភា​នេះ ដោយ​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍ តាម​សេចក្ដី​សម្រេច​របស់​គណៈ​សង្ឃ។

អ្នក​ស្រី ចាន់ នី ឧបាសិកា​ចំណុះ​ជើង​វត្ត​ភ្នំ​ពេជ្រនិល រស់​នៅ​ក្នុង​ភូមិ​ត្រល់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​មាន​គ្នា​ប្រហែល​ជិត ២០០​នាក់ បាន​ព្យាយាម​ហាម​ឃាត់​មិន​ឲ្យ​ក្រុម​មន្ត្រី​មាន​សមត្ថកិច្ច​ឃុំ ស្រុក ខេត្ត ដែល​បាន​ចុះ​ទៅ​វត្ត​ភ្នំ​ពេជ្រនិល ក្នុង​បំណង​ផ្សឹក​ព្រះ​សង្ឃ ដោយ​ពុំ​មាន​ការ​បង្ហាញ​លិខិត​ស្នាម​នោះ។ អ្នក​ស្រី​បន្ត​ថា ប្រជា​ពលរដ្ឋ​បាន​ជម្លៀស​ព្រះ​សង្ឃ​ចំនួន ២​អង្គ ដើម្បី​លាក់​ព្រះ​កាយ​មិន​ឲ្យ​មាន​ការ​ចាប់​ផ្សឹក ជាមួយ​គ្នា​នោះ​ពួក​គាត់​ក៏​បាន​បង្ហាញ​លិខិត​មួយ បោះត្រា​ពី​មេ​គណ​ខេត្ត​ដែល​ផ្អាក​ការ​ផ្សឹក និង​ធ្វើ​ការ​ដោះស្រាយ​គ្នា​សិន។

ការ​ផ្ទុះ​ឡើង​នូវ​ការ​រារាំង​របស់​ក្រុម​អ្នក​ភូមិ​ខាង​លើ​នេះ អ្នក​ភូមិ​បាន​អះអាង​ថា បាន​កើត​ឡើង​រយៈពេល ៣​ថ្ងៃ​មក​ហើយ ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែ​ឧសភា​នេះ ក្រុម​អ្នក​ភូមិ​បាន​លើក​គ្នា​មក​រារាំង​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ទាក់ទង​ទៅ​នឹង​បញ្ហា​បច្ច័យ​ដែល​បាន​ពី​ការ​ធ្វើ​បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា ដោយ​វត្ត​ភ្នំ​ពេជ្រនិល កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ​កន្លង​ទៅ។

អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ទៀត​ថា អនុ​គណ​ស្រុក​ភ្នំ​ស្រួច​ប្រមូល​បាន​យក​លុយ​ទៅ​រាប់ និង​ចាត់ចែង ដោយ​ពុំ​ឲ្យ​គណៈកម្មការ​វត្ត​ភ្នំ​ពេជ្រនិល​បាន​ដឹង។ បន្ទាប់​មក​ភាគី​ចៅ​អធិការ​វត្ត និង​គណៈកម្មការ​វត្ត​ភ្នំ​ពេជ្រនិល​បាន​ប្ដឹង​ទៅ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ថា​បច្ច័យ​ដែល​ប្រមូល​បាន​មាន​ចំនួន​ប្រហែល​ជាង ៥៦​ម៉ឺន​ដុល្លារ។ ជាមួយ​គ្នា​នោះ​ភាគី​អនុ​គណ​ស្រុក​ភ្នំស្រួច បាន​ប្ដឹង​បក​មក​វិញ និង​មាន​សេចក្ដី​សម្រេច​ផ្សឹក​ពី​ថេរសភា​សង្ឃ ដោយ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ព្រះតេជគុណ កែវ ចន្ថា អនុ​គណ​ស្រុក​ភ្នំស្រួច និង​ជា​ចៅ​អធិការ​វត្ត​ដំណាក់ត្រាច មាន​ថេរ​ដីកា​ថា មិន​មាន​ព្រះ​សង្ឃ​អង្គ​ណា​មួយ​ពី​ខាង​ព្រះ​អង្គ​ទៅ​ចូលរួម​ផ្សឹក​នោះ​ទេ។ ទាក់ទង​ទៅ​នឹង​បញ្ហា​បច្ច័យ​ដែល​បាន​ចំនួន​ជាង ៥០​ម៉ឺន​ដុល្លារ​នោះ ព្រះអង្គ​មាន​ថេរ​ដីកា​ថា ព្រះ​អង្គ​ប្រមូល​បាន​តែ ៤៣​លាន​រៀល​ទេ។

ប្រធាន​នគរបាល​ប៉ុស្តិ៍​ត្រែងត្រយឹង លោក ប្រាក់ ប៊ុនឡៃ បាន​ឆ្លើយ​តប​ថា ក្រុម​មន្ត្រី​មាន​សមត្ថកិច្ច​របស់​លោក​បាន​ចុះ​ទៅ​តាម​ការ​បញ្ជា​របស់​អធិការ​ស្រុក ដើម្បី​ឃ្លាំ​មើល​ក្រុម​ប្រជា​ពលរដ្ឋ ដោយ​ខ្លាច​មាន​អំពើ​ហិង្សា។

លោក ប្រាក់ ប៊ុនឡៃ បាន​បញ្ជាក់​ថា ៖ «ដោយសារ​មាន​លិខិត​មួយ​ចេញ​ពី​អនុ​គណ​ខេត្ត ដល់​មាន​ចេញ​មក​ថា មិន​ឲ្យ​ផ្សឹក​វិញ យើង​បាន​លិខិត​ប៉ុណ្ណឹង កម្លាំង​ខ្ញុំ​ក៏​ត្រឡប់​ទៅ​វិញ!»

អនុ​ប្រធាន​ថេរសភា​ខេត្ត​កំពង់ស្ពឺ ព្រះ​តេជគុណ ឌូ វណ្ណឌឿន មាន​ថេរ​ដីកា​ថា ក្រុម​មន្ត្រី​មាន​សមត្ថកិច្ច និង​មន្ត្រី​សង្ឃ​ខេត្ត កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា​នេះ ពិត​ជា​បាន​ទៅ​វត្ត​ភ្នំ​ពេជ្រនិល ដើម្បី​ផ្សឹក​ចៅ​អធិការ​វត្ត និង​បណ្ដេញ​អាចារ្យ​វត្ត​ចេញ​មែន។ ក៏​ប៉ុន្តែ​ពុំ​បាន​សម្រេច​ឡើយ ដោយសារ​តែ​មេគណ​ខេត្ត​កំពង់ស្ពឺ បាន​ចេញ​លិខិត​ផ្អាក​ការ​ផ្សឹក​នេះ​ទៅ​វិញ តែ​ទោះ​ជា​យ៉ាង​ណា​ព្រះ​អង្គ​មិន​បោះបង់​ការ​ផ្សឹក​នេះ​ទេ។

ព្រះ​តេជគុណ ឌូ វណ្ណឌឿន មាន​ព្រះ​ថេរ​ដីកា​ថា ៖ «ស្រាប់តែ​ទៅ​ដល់ ឃើញ​លិខិត​ផ្អាក​របស់​មេគណ ហើយ​ដែល​សេចក្ដី​សម្រេច​នេះ​បាន​ស៊ីញ៉េ​ពី​មេគណ​ហើយ ប៉ុន្តែ​មេគណ​ហ្នឹង​ស៊ីញ៉េ​ឲ្យ​គេ អី​ឲ្យ​គេ ស្រាប់តែ​បដិសេធ​មិន​ទទួល​ស្គាល់​ខ្លួន​ឯង​ទៅ​វិញ!»

ជំនួយការ​មេគណ​ខេត្ត​កំពង់ស្ពឺ អ្នក​ស្រី ទឹម អ៊ីន មាន​ប្រសាសន៍​ថា ការ​ចុះ​ទៅ​ផ្សឹក​នៅ​ថ្ងៃ​នេះ ពុំ​មាន​លិខិត​ឧទ្ទេសនាម​នោះ​ទេ ៖ «ខេត្ត​ហ្នឹង​គិត​ថា ឥឡូវ​ថ្ងៃ​នេះ​ចង់​ទៅ​រាយ​ការណ៍​ថ្វាយ​សម្ដេច​ព្រះ​សង្ឃ​រាជ នន្ទ ង៉ែត ដើម្បី​ឲ្យ​ជ្រាប​ពី​រឿង​ហ្នឹង​ថា ខេត្ត​កំពង់ស្ពឺ​មាន​បញ្ហា​ហ្នឹង!»

ប្រភព​ពី​ប្រជា​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា តាម​សេចក្ដី​សម្រេច​របស់​ថេរសភា​សង្ឃ បាន​សម្រេច​ផ្សឹក​ព្រះ​តេជគុណ អ៊ុង ជួប ជា​ចៅ​អធិការ​វត្ត, ព្រះ​ភិក្ខុ កែត ឃីន និង​លោក ហង្ស គឿន ជា​អាចារ្យ​វត្ត​ភ្នំ​ពេជ្រនិល ដែល​មាន​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

It is disturbing as those who preach reconciliation, mutual understanding,... act in the contrary.

May 22, 2010 01:34 AM

គេហទំព័រ​ទាំងមូល