អាជ្ញាធរ​ខែត្រ​រតនគិរី​គ្រោង​បង្ក្រាប​ទីតាំង​រុករក​រ៉ែ​មាស​៣​កន្លែង

មន្ត្រី​ខេត្ត​រតនគិរី​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​សីហា ឆ្នាំ​២០១០ ថា ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ៣​កន្លែង នឹង​ត្រូវ​ធ្វើ​ការ​បង្ក្រាប​ចាប់​ពី​ចុង​សប្ដាហ៍​នេះ​ត​ទៅ។
ដោយ រដ្ឋា វីសាល
2010-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រធាន​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល ខេត្ត​រតនគិរី លោក ហែម វណ្ណថន មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​មន្ត្រី​ជំនាញ​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន នឹង​ចាប់ផ្ដើម​ធ្វើ​ការងារ​នេះ ក៏​ប៉ុន្តែ​លោក​មិន​បញ្ជាក់​ពិស្ដារ​ពី​វិធានការ​បង្ក្រាប​នោះ​ធ្វើ​ឡើង​តាម​របៀប​ណា​ទេ។

លោក ហែម វណ្ណថន បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​ធ្វើ​នៅ​ភូមិ​ពាក់​មុន បញ្ចប់​នៅ​ភូមិ​ពាក់​ហើយ​បាន​ខ្ញុំ​ចុះ​បន្ត​ទៅ​ទៀត ប៉ុន្តែ​រឿង​កំណត់​ថ្ងៃ​ខែ ឲ្យ​ខ្ញុំ​ប្រាប់​តែម្ដង ខ្ញុំ​អត់​អាច​ប្រាប់​បាន​ទេ! ព្រោះ​អា​ហ្នឹង​កិច្ចការ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​មិន​អាច​ធ្វើ​ចំហ​បាន​ទេ!»

សេចក្ដី​រាយ​ការណ៍​ពី​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច នៅ​ស្រុក​អូរយ៉ាដាវ និង​ស្រុក​អណ្ដូង​មាស ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់​នៅ​តំបន់​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ មួយ​ទីតាំង និង ពីរ​ទីតាំង​ទៀត​នៅ​តំបន់​ព្រំ​ប្រទល់​ឃុំ​ញ៉ាង ស្រុក​អណ្ដូង​មាស និង​ឃុំ​សេសាន ស្រុក​​អូរយ៉ាដាវ។

មេ​ឃុំ​យ៉ាទុង លោក យឿន ជូ មាន​ប្រសាសន៍​ថា ទីតាំង​រុករក​រ៉ែ​មាស​អនាធិបតេយ្យ​នៅ​ភូមិ​ពាក់ ឋិត​នៅ​តាម​មាត់​អូរ​ចិន​ត្រាយ ចម្ងាយ​ប្រមាណ ២​គីឡូ​ម៉ែត្រ​ពី​ខាង​ត្បូង​ភូមិ។ លោក​បន្ត​ថា ទីតាំង​នេះ​អាជ្ញាធរ​បង្ក្រាប​ច្រើន​លើក​ហើយ តែ​មិន​មាន​ប្រសិទ្ធភាព​ទេ។

លោក យឿន ជូ បាន​អះអាង​ថា ៖ «អត់​មាន​អ្នក​ភូមិ​ធ្វើ​ទេ គ្នា​គ្មាន​លទ្ធភាព​ធ្វើ! មិន​ដឹង​ពួក​មក​ពី​ណា គេ​ធ្វើ​សាក​មើល​ពេញ​តែ​ព្រៃ​ហ្នឹង!»

ចំណែក​មេ​ឃុំ​សេសាន លោក សេវ ស្វែន បញ្ជាក់​ដែរ​ថា ទីតាំង​ធ្វើ​រ៉ែ​មាស​អនាធិបតេយ្យ​នៅ​ភូមិ​ប៉ាដល និង​ភូមិ​ចាស់​ក្នុង​មូលដ្ឋាន​លោក​ក៏​ដូច​គ្នា ហើយ​ក្រុម​ឈ្មួញ​នៅតែ​នាំ​គ្រឿង​ម៉ាស៊ីន​ចូល ដើម្បី​ធ្វើ​អាជីវកម្ម​រែង​រ៉ែ​មាស​នៅ​ទី​នោះ ៖ «គេ​អត់​រុះ​រើ​ផង​ហ្នឹង អា​កន្លែង​ដដែល​ហ្នឹង​មាន​ពីរ​បី​បួន​គ្រឿង»

កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា​កន្លង​ទៅ​នេះ អភិបាល​ខេត្ត​រតនគិរី លោក ប៉ាវ ហមផាន បាន​ដាក់​បទបញ្ជា​ថ្មី​បន្ថែម​ឲ្យ​មន្ទីរ​ឧស្សាហកម្ម រ៉ែ និង​ថាមពល​ខេត្ត ចាត់​វិធានការ​ចុះ​ស្រង់​ឈ្មោះ​ម្ចាស់​ម៉ាស៊ីន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់ ដើម្បី​ចាត់​វិធានការ​បង្ក​សំណុំរឿង​តាម​ផ្លូវ​តុលាការ។

អ្នក​ស៊ើប​អង្កេត​សមាគម អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី សម្ដែង​ទុទ្ទិដ្ឋិនិយម​មិន​មាន​ជំនឿ​ថា ការ​បង្ក្រាប​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​លុប​បំបាត់​ការ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​នោះ​ទេ។ លោក​បន្ត​ថា មាន​ផល​ប៉ះពាល់​បរិស្ថាន​ធម្មជាតិ និង​សុខភាព​អ្នក​ភូមិ​ដែល​ប្រើប្រាស់​ទឹក​មាន​សារធាតុ​គីមី ដែល​អាជីវកម្ម​រ៉ែ​មាស​បង្ហូរ​ចូល​ទៅ​ក្នុង​ទឹក​អូរ និង​ទន្លេ។

លោក ឆាយ ធី បាន​អះអាង​ថា ៖ «ការ​លាយ​ឡំ​សារធាតុ​គីមី​នោះ កុំ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​សុខភាព និង​បរិស្ថាន​របស់​ប្រជា​ពលរដ្ឋ ទាំង​សត្វ។ អ៊ីចឹង​ធំ​បំផុត​គឺ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង​ហើយ កុំ​ឲ្យ​មាន​ការ​ពាក់ព័ន្ធ​អំពី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន»

អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​រស់​នៅ​ជិត​តំបន់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នោះ ឲ្យ​ដឹង​ថា ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​អ្នក​ភូមិ និង​ធនធាន​ធម្មជាតិ ដោយសារ​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​នេះ។ អ្នក​ភូមិ​អំពាវនាវ​ឲ្យ​ក្រុម​អាជ្ញាធរ បញ្ឈប់​សកម្មភាព​រុករក​រ៉ែ​មាស​អនាធិបតេយ្យ​នេះ​ឲ្យ​បាន កុំ​ឲ្យ​កើត​មាន​ត​ទៅ​ទៀត៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល