អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងនាថ្ងៃទី២២ មិថុនា ថា ប្រទេសកម្ពុជាកំពុងរង់ចាំភាគីប្រទេសចិនផ្តល់នូវភស្តុតាងជាក់លាក់ និងគ្រប់គ្រាន់ថា ជនជាតិបារាំងរូបនេះនឹងប្រព្រឹត្តអំពើឧក្រិដ្ឋកម្មនៅក្នុងប្រទេសចិនមែន គឺកម្ពុជានឹងសម្រេចចិត្តថា នឹងបញ្ជូនទៅ ឬក៏យ៉ាងណា។
លោកបន្តទៀតថា ដោយប្រទេសកម្ពុជាមានកិច្ចព្រមព្រៀងច្បាប់បត្យាប័នជាមួយប្រទេសចិន ទើបខាងភាគីប្រទេសចិនស្នើសុំឲ្យមានការចាប់ខ្លួនលោក ប៉ាទ្រិក ឌឺវីល័រ (Patrick Devillers) ដែលអាចជាប់ពាក់ព័ន្ធទៅនឹងករណីឃាតកម្មទៅអ្នកជំនួញសញ្ជាតិអង់គ្លេសម្នាក់ ដែលជាដៃគូរបស់លោក។
លោក ខៀវ សុភ័គ៖ «ចាំមើលភស្តុតាងជាក់ស្តែងប្រាកដ ដែលមិនអាចប្រកែកបានពីភាគីចិន យើងនឹងរង់ចាំរយៈពេល ៦០ថ្ងៃតាមកិច្ចព្រមព្រៀងបត្យាប័នហ្នឹង យើងឃុំខ្លួនមែន មិនមែនឃុំខ្លួនក្នុងពន្ធនាគារទេ គឺស្ថិតក្រោមការឃុំក្រងរបស់នាយកដ្ឋានអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា»។
ស្របពេលដែលលោក ខៀវ សុភ័គ ផ្តល់កិច្ចសម្ភាសន៍នេះដែរ លោកបានរិះគន់ចំពោះយកព័ត៌មានថា បានយកចិត្តទុកដាក់ចំពោះតែជនជាតិដទៃ ជាជាងជនជាតិខ្លួនឯង។
លោក ខៀវ សុភ័គ៖ «កន្លងមកពូឃើញទាំងអាស៊ីសេរី វីអូអេ ទាំងវិទ្យុផ្សេងៗ យកចិត្តទុកដាក់ណាស់ជាមួយជនជាតិបារាំងម្នាក់ហ្នឹង។ ប៉ុន្តែពូមានចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ចុះហេតុអីពលរដ្ឋខ្មែរទៅប្រទេសជិតខាង គេចាប់កោរត្រងោល ចាប់ដាក់គុក ដោយសារទៅធ្វើការនៅនឹងគេ អត់ឃើញមានសំណួរមួយហ្នឹងសោះ។ អ្នកកាសែតកម្ពុជារបស់យើងយកចិត្តទុកដាក់តែជនជាតិបរទេស គួរតែមើលមកជនជាតិខ្មែរយើងផង»។
នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុក សំអឿន មានប្រសាសន៍ថា នៅក្នុងច្បាប់បត្យាប័នទូទៅភាគច្រើនគេសំដៅទៅលើអ្នកដែលស្នើសុំ គឺជាជនជាតិខ្លួនឯងតែប៉ុណ្ណោះ។ ប៉ុន្តែលោកថា ច្បាប់នេះក៏មិនហាមដែរថា មិនអោយធ្វើទៅលើជនជាតិដទៃ។
លោកបន្តទៀតថា ការសម្រេចប្រជុំបត្យាប័ននៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ មិនមែនជាការសម្រេចរបស់រាជរដ្ឋាភិបាលទេ ត្រូវតែឆ្លងកាត់តាមរយៈតុលាការ សភាស៊ើបសួរសាលាឧទ្ធរណ៍សិន៖ «ដើម្បីពិចារណាបញ្ជូនបត្យាប័នហ្នឹង ទៅតាមក្រមព្រហ្មទណ្ឌ ប៉ុន្តែអាចលើកលែងពីច្បាប់ពិសេស ដែលយើងបានធ្វើកិច្ចព្រមព្រៀងគ្នាបត្យាប័នជាមួយប្រទេសនិមួយៗ មានលក្ខណៈពិសេស ហើយអាចរដ្ឋាភិបាលបញ្ជូន direct (ទៅតែម្ដង) ហើយជនជាប់ចោទអាចមានជ្រកកោនបានដែរ»។
លោក ប៉ាទ្រិក ឌឺវីល័រ ដែលជាស្ថាបត្យករ អាយុ ៥១ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែមិថុនា។ ការឃាត់ខ្លួននេះដែរ ត្រូវបានព័ត៌មានបរទេសនានា ផ្សព្វផ្សាយថា ធ្វើឡើងតាមការស្នើសុំរបស់រដ្ឋាភិបាលចិន។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលបារាំង បានទាមទារយ៉ាងទទូចអោយរាជរដ្ឋាភិបាលកម្ពុជា បង្ហាញពីមូលហេតុជាក់លាក់មួយបញ្ជាក់ពីការឃាត់ខ្លួនពលរដ្ឋរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
