សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចុះ​រុះរើ​ផ្សារ​សំពៅមាស

អាជ្ញាធរ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១០ បាន​ដាក់​កម្លាំង​បិទ​ផ្សារ​សំពៅមាស ស្ថិត​នៅ​ជាប់​របង​ពហុកីឡាដ្ឋាន​អូឡាំពិក ភាគ​ខាង​កើត ក្នុង​ខណ្ឌ​៧មករា តាម​ការ​ជូន​ដំណឹង​កំណត់​ថ្ងៃ​ឲ្យ​អាជីវករ​រុះរើ​ចុង​ក្រោយ​កាល​ពី​ពីរ​សប្ដាហ៍​មុន​នេះ។
ដោយ សេក បណ្ឌិត
2010.10.22
ប៉ូលិស ៣០៥ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​៧មករា ចុះ​រុះរើ​ផ្សារ​សំពៅមាស ស្ថិត​នៅ​ជាប់​របង​ពហុកីឡាដ្ឋាន​អូឡាំពិក ភាគ​ខាង​កើត នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១០។
RFA/Sek Bandith

ក្រុម​អាជីវករ​ផ្សារ​សំពៅមាស ស្ថិត​នៅ​ទល់​មុខ​សាលា​បឋមសិក្សា​សំពៅមាស ក្រុង​ភ្នំពេញ ជាប់​នឹង​របង​ស្តាត​អូឡាំពិក បាន​រិះគន់​ធ្ងន់ៗ​ទៅ​លើ​អាជ្ញាធរ​ថា បាន​ប្រើ​អំណាច​គាប​សង្កត់​ប្រជាពលរដ្ឋ​ឲ្យ​ចាក​ចេញ​ពី​ផ្សារ​ទាំង​បង្ខំ ដោយ​ពុំ​បាន​គិតគូរ​ពី​សំណង​នៃ​ការ​ខាត​បង់​ដើម​ទុន​របស់​អាជីវករ​ឡើយ។

តំណាង​អាជីវករ អ្នកស្រី ហាក់ គឹមហ៊ាង បាន​សម្ដែង​អារម្មណ៍​ក្រេវក្រោធ​ចំពោះ​អាជ្ញាធរ ដែល​បាន​ចុះ​បង្ខំ​ឲ្យ​អាជីវករ​ចាកចេញ​យ៉ាង​ប្រញាប់ប្រញាល់​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ ទី​២២ ខែ​តុលា ឆ្នាំ​២០១០ ជា​ថ្ងៃ​ដាក់​ឱសានវាទ ឬ​ផុត​​ថ្ងៃ​កំណត់ ដើម្បី​បិទ​ផ្សារ និង​មិន​ឲ្យ​មាន​ការ​តវ៉ា ដោយ​ស្រែក​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ពិនិត្យ​មើល​ភាព​អយុត្តិធម៌​របស់​អាជ្ញាធរ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ មក​លើ​ពលរដ្ឋ​កម្ពុជា។

អ្នកស្រី ហាក់ គឹមហ៊ាង បន្ថែម​ថា ៖ «អង្គការ​សហ​ប្រជាជាតិ​ដែល​ជិត​ចុះ​មក​នេះ ឲ្យ​គេ​ដឹង​ថា ប្រទេស​នេះ​ជា​ប្រទេស​ផ្ដាច់​ការ កុម្មុយនីស្ត សូម្បី​តែ​របស់​ខ្លួន​ឯង​ក៏​គេ​មិន​ឲ្យ​យក​ដែរ»

អាជីវករ​ម្នាក់​ទៀត អ្នកស្រី សុខ ធីតា មាន​ប្រសាសន៍​ដែរ​ថា អាជ្ញាធរ​និយាយ​មិន​ពិត បោកប្រាស់​ពលរដ្ឋ ឲ្យ​ពលរដ្ឋ​សាងសង់​ផ្សារ​តាំង​ពី​ឆ្នាំ​២០០៥ អស់​ប្រាក់​ម្នាក់ៗ​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ ប៉ុន្តែ​ចុង​បញ្ចប់​បង្ខំ​ឲ្យ​ពលរដ្ឋ​ដើរ​ចេញ​តែ​ខ្លួន និង​របស់​របរ​តិចតួច ចំពោះ​តូប​លក់​ដូរ​គេ​មិន​ឲ្យ​រុះ​យក​វិញ​ឡើយ ហើយ​ពាក្យ​ស្នើ​សុំ​របស់​ពលរដ្ឋ​ឲ្យ​សុំ​ពន្យារ​ពេល ២​ឆ្នាំ​ទៀត ដើម្បី​លក់​ស្រង់​ដើម​មក​វិញ​ខ្លះ​ក៏​អាជ្ញាធរ​មិន​យក​មក​ពិចារណា​ដែរ។

អ្នកស្រី សុខ ធីតា បាន​ឲ្យ​ដឹង​ទៀត​ថា ៖ «ឈឺ​ចាប់ ព្រោះ​ថ្នាក់​ដឹកនាំ​មិន​គួរ​មាន​ចៅហ្វាយ​ខណ្ឌ​ពុករលួយ គាត់​ជា​អ្នក​បំផ្លាញ​សន្លឹក​ឆ្នោត​ដោយ​ខ្លួន​ឯង។ កាន់​សុទ្ធ​តែ​ដំបង ខែល បណ្ដេញ​ពួក​ខ្ញុំ»

តំណាង​អាជីវករ អ្នកស្រី ហាក់ គឹមហ៊ាង បាន​ឲ្យ​ដឹង​ទៀត​ថា សមត្ថកិច្ច​បាន​បង្ខំ​ឲ្យ​រើ​អីវ៉ាន់​ចេញ​មុន​ថ្ងៃ​កំណត់​មួយ​ថ្ងៃ តែ​អាជីវករ​រើ​មិន​ទាន់ ហើយ​សល់​មួយ​ថ្ងៃ​ចុង​ក្រោយ​សមត្ថកិច្ច​មិន​ទុក​ពេល​ឲ្យ​ដែរ ដោយ​បង្ខំ​បិទ​ផ្សារ​មិន​ឲ្យ​ចេញ​ចូល​ទាំង​ព្រឹក​ព្រលឹម គឺ​បណ្ដេញ​ចេញ​ទាំង​តក់ក្រហល់ ៖ «មួយ​ថ្ងៃ​ចុង​ក្រោយ​នេះ បើ​ទុក​ឲ្យ​យក​អីវ៉ាន់​ចេញ​តាម​សម្រួល​ក៏​បាន​ដែរ តែ​នេះ​គេ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​តែម្តង»

​ក្រុម​មន្ត្រី​អាជ្ញាធរ​ខណ្ឌ​៧មករា ដែល​ចុះ​ដឹក​នាំ​កម្លាំង​សមត្ថកិច្ច​រុះ​ផ្សារ​សំពៅមាស មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​វែង​ឆ្ងាយ​ឡើយ ដោយ​គ្រាន់​តែ​បញ្ជាក់​ខ្លី​ថា នេះ​ជា​ការ​អនុវត្ត​តាម​សេចក្ដី​ប្រកាស​របស់​សាលាក្រុង និង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ ចុះ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១០ បាន​ឲ្យ​ដឹង​ថា កន្លង​មក​រដ្ឋាភិបាល​បាន​អនុគ្រោះ​ឲ្យ​អាជីវករ​ចំនួន ៣​លើក​មក​ហើយ ទី​មួយ​នៅ​ខែ​ឧសភា ឆ្នាំ​២០០៣ ទី​២ បាន​ទុក​រយៈ​ពេល ៦​ខែ គឺ​ពី​ខែ​កក្កដា ដល់​ខែ​ធ្នូ ឆ្នាំ​២០០៧ និង​លើក​ទី​៣​នេះ ទុក​រយៈ​ពេល ៣​ខែ គឺ​ចាប់​ពី​ខែ​ឧសភា ឆ្នាំ​២០១០ មក ហើយ​ថែម​ទាំង​បាន​ពន្យារ​ពេល ១៥​ថ្ងៃ​ចុង​ក្រោយ​មុន​ថ្ងៃ​រុះរើ​នេះ​ទៀត។

ក្រុម​អាជីវករ​និយាយ​ថា ផ្សារ​សំពៅមាស​ទើប​នឹង​កើត​នៅ​ឆ្នាំ​២០០៥​ទេ ដែល​មាន​ជាង ៤០០​តូប សាង​សង់​ឡើង​ដោយ​ក្រុម​អាជីវករ និង​មាន​ការ​អនុញ្ញាត​ពី​សាលា​ក្រុង​ភ្នំពេញ ដូច្នេះ​ការ​ដែល​ក្រសួង​អប់រំ​ថា មាន​ការ​អនុគ្រោះ​តាំង​ពី​ឆ្នាំ​២០០៣ មក​នោះ ជា​ការ​មិន​ពិត។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ក្រុម​អាជីវករ​ផ្សារ​សំពៅមាស ប្រមាណ ១០០​នាក់ តំណាង​ឲ្យ​អាជីវករ​ជាង ៤០០​តូប ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧មករា បាន​នាំ​គ្នា​តវ៉ា​នៅ​មុន​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​ពន្យារ​ពេល​ឲ្យ​ពួក​គាត់​ប្រកប​របរ​លក​ដូរ​លើ​ទី​តាំង​នោះ ២​ឆ្នាំ​បន្ត​ទៀត ប៉ុន្តែ​ការ​តវ៉ា​នេះ​ពុំ​បាន​ផល​ឡើយ។

អភិបាល​រង​ខណ្ឌ​៧មករា លោក លីម សុភា បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា​ថា រដ្ឋាភិបាល​បាន​យក​ដី​ផ្នែក​ខាង​កើត​ស្តាត​អូឡាំពិក​ទំហំ​ប្រមាណ ១​ម៉ឺន​ម៉ែត្រ​ក្រឡា ប្រគល់​ទៅ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​អភិវឌ្ឍន៍​លើ​វិស័យ​កីឡា​ជាតិ៕

Slideshow

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។