ក្រុមហ៊ុន​ស៊ូកាគូ​ពន្លឿន​ការ​បូម​ខ្សាច់​ពន្លិច​ផ្ទះ​អ្នក​ភូមិ​បឹងកក់

អ្នក​ភូមិ​រស់​នៅ​តំបន់​បឹងកក់ បាន​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​មិន​មាន​ដំណោះ​ស្រាយ​ចំពោះ​ការ​ដេញ​អ្នក​ភូមិ​ចេញ​ដើម្បី​យក​​ដី​ដោយ​ក្រុមហ៊ុន​សូកាគូ​ឡើយ។
ដោយ អ៊ុក សាវបូរី
2010-11-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
RFA/Ouk Savborey
រូប​ថត​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១០៖ កុមារា កុមារី ដែល​ជា​កូន​អ្នក​ភូមិ​បឹងកក់

ប្រធាន​ក្រុម​៨ ភូមិ​១ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ លោក ផន គឹម​សាន្ត បាន​អះអាង​ថា តាំង​ពី​យប់​ថ្ងៃ​២៦ វិច្ឆិកា រហូត​មក​ដល់​ថ្ងៃ​២៧ វិច្ឆិកា ក្រុមហ៊ុន​ស៊ូកាគូ បាន​បូម​ខ្សាច់​មក​ពន្លិច​ផ្ទះ​អ្នក​ភូមិ​ក្នុង​ក្រុម​៨ អស់​៦​ខ្នង ក្រោយ​ពី​អាជ្ញាធរ​ក្រុង បាន​ជូន​ដំណឹង​ចុង​ក្រោយ​ឲ្យ​អ្នក​ភូមិ​បឹងកក់ ក្រុម​ដទៃ​ទៀត​ចេញ​ពី​ផ្ទះ។

លោក​បាន​បញ្ជាក់​ថា ក្រុម​៨ ក្នុង​ភូមិ​១ នៅ​បឹងកក់ មិន​ទាន់​បាន​ទទួល​លិខិត​ជូន​ដំណឹង​ឲ្យ​ចេញ​ពី​ផ្ទះ​ទេ។ តែ​បែរ​ជា​ក្រុមហ៊ុន​ស៊ូកាគូ​បែរ​ទុយយោ​ខ្សាច់​បូម​មក​ពន្លិច​ផ្ទះ​អ្នក​ភូមិ។ លោក​ថា​ក្រុម​៨ មិន​បាន​តវ៉ា​ទេ គឺ​រង់ចាំ​តែ​ទទួល​ប្រាក់ ៨​ពាន់ និង​២​លាន​រៀល ប៉ុន្តែ​គ្មាន​សំណង គ្មាន​ការ​ចរចា គេ​បូម​ពន្លិច​យក​តែ​ម្ដង ៖ «ខ្សាច់ ប្រហែល​ជា​កន្លះ​ជង្គង់​ហើយ​នៅ​ក្នុង​ផ្ទះ​ហ្នឹង។ អា​ផ្ទះ​ដែល​លិច​ៗ ហ្នឹង​សុទ្ធ​តែ​កូន​ក្មេង​តូចៗ ទាំង​អស់។ ឥឡូវ​វា​រក​លំបាក​តែ​រក​កន្លែង​ដេក យប់​ហ្នឹង​វា​ពិបាក​រក​កន្លែង​ដេក មួយៗ​សុទ្ធ​តែ​រើ​ឡើង​មក​លើ ឥឡូវ​ខ្លាច​តែ​ភ្លៀង ឬ​មួយ​ខ្លាច​ពួក​ខាង​អា​ទេះ​ភ្លើង គេ​មិន​ឲ្យ​ដេក​លើ​ផ្លូវ​អា​ទេះ​ភ្លើង​គេ​ហ្នឹង​ទៀត»

ក្រុម​កុមារ​បាន​ឲ្យ​ដឹង​ថា គេ​ភ័យ​ខ្លាំង​ព្រោះ​ទឹក​លិច​ផ្ទះ​នៅ​ពេល​យប់ គេ​កំពុង​សម្រាក។ កុមារា អឹម កាន់​ថន អាយុ​១០​ឆ្នាំ រៀន​សាលា​បឋម​សិក្សា​ពញាក្រែក ជិត​ទួល​សង្កែ​បាន​ឲ្យ​ដឹង​ថា ៖ «លិច​ខោអាវ លិច​កាតាប ហើយ​រាល់​ថ្ងៃ​មិន​ដឹង​ទៅ​សម្រាន្ត​ឯណា បើ​ទឹក​លិច​អស់​ចឹង​ហើយ»

កុមារា​ឈ្មោះ បញ្ញា អាយុ​៦​ឆ្នាំ រៀន​សាលា​ភាសា​ញ៉ូតុន​ធីឡាយ ឲ្យ​ដឹង​ថា ៖ «ភ័យ​ខ្លាច​រត់​អត់​ទាន់ ហើយ​អណ្ដែត​ចាន​ឆ្នាំង​អស់»

កុមារី ស្រី មាន ឲ្យ​ដឹង​ថា លិច​ផ្ទះ​ប៉ា​ម៉ាក់​អស់​ហើយ គេ​មិន​បាន​សម្រាក​ទេ ៖ «លិច​អា​លីង​ហើយ យប់​មិញ​ខ្ញុំ​ដេក​អត់​លក់​ទេ ព្រោះ​ខ្លាច​ខ្សាច់​លិច​ផ្ទះ»

លោក លឹម សាមឿន អ្នក​រស់​នៅ​ភូមិ​១ ក្រុម​៨ ជាប់​ផ្លូវ​រថភ្លើង​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​មាន​ការ​បូម​ពន្លិច​ផ្ទះ​អ្នក​ជិត​ខាង ពួក​គាត់​ឡើង​តវ៉ា ក្រុមហ៊ុន​ស៊ូកាគូ គេ​ថា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​លំនៅឋាន​ពួក​គាត់​ទេ តែ​ឥឡូវ​គេ​បូម​ខ្សាច់​ពន្លិច វាត​យក​ដី​តែ​ម្ដង ៖ «ក្រុមហ៊ុន​ស៊ូកាគូ​អ៊ីន គាត់​បាន​ថា មិន​ប៉ះពាល់​ដល់​ផ្ទះ​របស់​យើង​ខ្ញុំ​ទេ ថា​ហ្នឹង​ទុក​ដោះ​ស្រាយ​ជា​មួយ​ក្រុមហ៊ុន​ថូល។ ក៏​ប៉ុន្តែ​ឥឡូវ​នេះ យប់​មិញ​នេះ ម៉ោង​ប្រហែល​ជា ៤​កន្លះ គឺ​មាន​ការ​បូម​ខ្សាច់​មក​លិច​ដល់​ផ្ទះ​ប្រជា​ពល​រដ្ឋ ផ្ទះ​បង​ប្អូន​លិច​អស់​តែ​ម្ដង រួម​ទាំង​ផ្ទះ​ខ្ញុំ​ផង លិច​ចូល​ខ្សាច់​កន្លះៗ​ផ្ទះ កូន​ដេក​អត់​បាន​ទេ ងើប​ឡើង​យំ​ប្រសេច​ប្រសាច​ទាំង​យប់។ ដូច​បង​ឃើញ​ហើយ មាន​រើ​ឥវ៉ាន់​ចេញ​ក្រៅ​ផ្ទះ​ពេញ​ទាំង​អស់ អណ្ដែត​នេះ​ឃើញ​មាន​ប្រឡាក់​ភក់ ប្រឡូក​ប្រឡាក់​ប៉ាក់​ពេញ​ទាំង​អស់​ហ្នឹង»

បុរស​ម្នាក់​ទៀត​បន្ថែម​ថា ផ្ទះ​គាត់​បាន​វាស់​ចែក​ឲ្យ​ក្រុមហ៊ុន​រថ​ភ្លើង​សង និង​ក្រុមហ៊ុន​ស៊ូកាគូ​សង​ដែរ ប៉ុន្តែ​គាត់​មិន​ទាន់​បាន​សំណង​អ្វី​ទាំង​អស់ បែរ​ជា​ក្រុមហ៊ុន​ស៊ូកាគូ​បូម​ខ្សាច់​ពន្លិច​តែ​ម្ដង ៖ «ដល់​ពេល​ខ្ញុំ​ទៅ​ក្រុមហ៊ុន​ហ្នឹង ក្រុមហ៊ុន​គេ​ថា គេ​មិន​ដឹង គេ​អត់​ដោះ​ស្រាយ​ឲ្យ​ឥឡូវ»

ចៅ​សង្កាត់​ស្រះចក លោក ឆាយ ធិរិទ្ធ មាន​ប្រសាសន៍​ថា លោក​ធ្វើ​សំណើ​ជូន​ទៅ​សាលា​ក្រុង​ដើម្បី​ដោះ​ស្រាយ។ ប៉ុន្តែ​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ បាន​ធ្វើ​ឲ្យ​ការ​ឆ្លើយ​តប​ពី​សាលា​ក្រុង​មិន​ទាន់​មាន។

អ្នក​ស្រី ហង្ស សេង មន្ត្រី​មន្ទីរ​ពេទ្យ​គន្ធបុប្ផា បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២៧ វិច្ឆិកា​ថា គាត់​កំពុង​រើ​ផ្ទះ​ ដែល​កប់​ក្នុង​ខ្សាច់ និង​ព្រម​យក​ប្រាក់ ៨​ពាន់​ដុល្លារ និង​២​លាន​រៀល​ហើយ ដោយ​គាត់​មិន​អាច​ទ្រាំ​បាន​ត​ទៅ​ទៀត។

ក្រុមហ៊ុន​ស៊ូកាគូ​បាន​ជួល​ដី​ពី​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​វិនិយោគ​ទីក្រុង ក្នុង​រយៈ​ពេល ៩៩​ឆ្នាំ ក្នុង​តម្លៃ ៧៩​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក លើ​ផ្ទៃ​ដី​ប្រមាណ​ជាង ១៣៣​ហិកតារ។ បច្ចុប្បន្ន​បាន​កាត់​វិហារ​ឥស្លាម​នៅ​ក្នុង​នោះ​ចេញ នៅ​សល់​ផ្ទៃ​ដី​វិនិយោគ​តែ​ជាង ១២៦​ហិកតារ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល